វ៉ាស៊ីនតោន៖ ពលរដ្ឋខ្មែរអាមេរិកាំងទីមួយដែលបានបោះជំហានចូលប្រកួតក្នុងការបោះឆ្នោតសភាតំណាងរាស្ត្រអាមេរិកាំងគឺលោក មាស សែម បានចាញ់ក្នុងការបោះឆ្នោតជុំទីមួយ ប៉ុន្តែលោកបានប្តេជ្ញាបន្តចូលប្រឡូកក្នុងឆាកនយោបាយតទៅទៀតដើម្បីតំណាងឱ្យផលប្រយោជន៍ខ្មែរនៅអាមេរិក។
ជនជាតិខ្មែរអាមេរិកាំងម្នាក់ ដែលបានព្យាយាមបោះជំហានចូលក្នុងឆាកនយោបាយអាមេរិក បានបាត់ឱកាសតំណាងឱ្យផលប្រយោជន៍ជនជាតិខ្មែរតាមការចង់បានរបស់លោក បន្ទាប់ពីទទួលបរាជ័យក្នុងការបោះឆ្នោតបឋមកាលពីថ្ងៃអង្គារ។
លោកមាស សែមត្រូវបានបេក្ខជនមកពីគណបក្សសាធារណរដ្ឋដូចគ្នាគឺលោកJon Golnik ផ្តួលក្នុងការបោះឆ្នោតជ្រើសរើសបេក្ខជនតំណាងរបស់គណបក្សនេះប្រចាំក្នុងតំបន់ទីប្រាំ ក្នុងរដ្ឋម៉ាស្សាឈូសេត។
នេះជាលើកទីមួយហើយដែលលោកមាស សែម អាយុ៣៨ឆ្នាំ និងជាអតីតជនភៀសខ្លួនខ្មែរ បានចូលប្រឡូកក្នុងឆាកនយោបាយអាមេរិកាំង។
“ទៅអនាគត ខ្ញុំនឹងបន្តរឿងនយោបាយតទៅទៀត ព្រោះថា គោលបំណងរបស់ខ្ញុំគឺខ្ញុំចង់ជួយសង្គមយើង ជាពិសេសចង់ជួយសង្គមខ្មែរអាមេរិកាំង។ ខ្ញុំចង់ឱ្យសង្គមខ្មែរអាមេរិកាំងយើងលូតលាស់ពេលខាងមុខ ចង់ឱ្យយើងមានសាមគ្គីជាមួយគ្នា។ ខ្ញុំចង់ឱ្យប្រជាពលរដ្ឋខ្មែរអាមេរិកាំងអនុវត្តសិទ្ធិរបស់យើង ហើយសិទ្ធិនោះគឺយើងទៅបោះឆ្នោត ព្រោះថា សព្វថ្ងៃនេះប្រជាពលរដ្ឋខ្មែរអាមេរិកាំងនៅក្នុងសហរដ្ឋអាមេរិកមានច្រើនដែរ ក៏ប៉ុន្តែភាគច្រើនគាត់អត់ទៅបោះឆ្នោត ដូច្នេះហើយអ្វីៗដែលយើងចង់បាននៅក្នុងសង្គមរបស់យើងវាខាត”។
លោកមាស សែមទទួលបានការគាំទ្រគួរឱ្យភ្ញាក់ផ្អើលពីអ្នកបោះឆ្នោតអាមេរិកាំង ដោយទទួលបានសន្លឹកឆ្នោតលំដាប់ទីពីរក្នុងចំណោមបេក្ខជនបួននាក់នៃគណបក្សសាធារណរដ្ឋនិយម។ ក្នុងក្រុងចំនួនបួននៃក្រុងទាំង២៩របស់តំបន់ទីប្រាំ លោកសែមទទួលបានការគាំទ្រច្រើនជាងបេក្ខជនដទៃ ក្នុងនោះមានក្រុងឡូវ៉ែល ទីដែលមានប្រជាពលរដ្ឋខ្មែររស់នៅច្រើន។
មានបញ្ហាមួយចំនួន ដូចជាការបញ្ចូលពលរដ្ឋខ្មែរអាមេរិកាំងក្នុងការងារនៅមូលដ្ឋាននិងបញ្ហាជនជាតិខ្មែរដែលប្រឈមមុខនឹងការបញ្ជូនត្រឡប់ទៅប្រទេសវិញ បានធ្វើឱ្យលោកមាស សែមសោកស្តាយដែលមិនមានលទ្ធភាពនឹងជួយដោះស្រាយបាន ហើយក្នុងការឃោសនាកន្លងមក លោកបានដាក់ក្តីសង្ឃឹមយ៉ាងខ្លាំងចំពោះពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅទីក្រុងឡូវែលនោះ។
“ខ្ញុំជឿថា នៅពេលដែលខ្ញុំជាប់ឆ្នោត ខ្ញុំអាចជួយកុំឱ្យយកកូនខ្មែរយើងទៅស្រុកខ្មែរវិញបាន។ យើងអាចផ្លាស់ប្តូរច្បាប់បាន។ សព្វថ្ងៃនេះ អ្នកតំណាងរាស្ត្រអាមេរិកាំងគេអត់ខ្វាយខ្វល់នឹងរឿងរបស់យើងអញ្ចឹងទេ ព្រោះថា ទីមួយយើងអត់បោះឆ្នោតឱ្យគេ ដូច្នេះគេអត់ខ្វាយខ្វល់ទេ ព្រោះនេះមិនមែនរឿងរបស់គេទេ។ ខ្ញុំអាណិតខ្មែរ ដូច្នេះនៅពេលដែលខ្ញុំជាប់ឆ្នោត គឺខ្ញុំអាចព្យាយាមធ្វើអញ្ចឹងបាន។ ខ្ញុំស្តាយណាស់ដែលប្រជាពលរដ្ឋនៅក្នុងទីក្រុងឡូវ៉ែល គាត់អត់យល់រឿងអញ្ចឹង”។
បើទោះបីជាមិនបានទទួលជោគជ័យក្នុងការបោះឆ្នោតបឋមលើកនេះ លោកមាស សែមមានផែនការបន្តយុទ្ធនាការជំរុញឱ្យពលរដ្ឋខ្មែរអាមេរិកាំងឈរឈ្មោះសម្រាប់ការបោះឆ្នោតនៅក្នុងក្រុមប្រឹក្សាក្រុងនិងគណៈកម្មការសាលាជាដើម។
បរាជ័យលើកនេះមិនបានធ្វើឱ្យអ្នកគាំទ្ររបស់គាត់បាក់ទឹកចិត្តទេ។ លោកឃុត ខៅលី រស់នៅក្នុងទីក្រុងឡូវែលដែលបានបោះឆ្នោតឱ្យលោកមាស សែម បានដាក់ក្តីសង្ឃឹមថា៖
“លើកនេះគាត់អត់បានជោគជ័យ អត់បានជោគជ័យមែន ប៉ុន្តែខ្ញុំយល់ថា គាត់នៅវ័យក្មេង គាត់កម្លាំងមាន បើសិនគាត់បន្តការព្យាយាម ហើយនឹងអត់ធន់តទៅទៀត លើកក្រោយៗ គាត់នឹងទទួលបានសម្លេងបន្ថែមទៀត។ អញ្ចឹងលើកក្រោយៗ គាត់មុខជាជាប់"។
លោកយ័ប គឹមទឹង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានស្នើសុំឱ្យខ្មែរអាមេរិកាំងរួមគំនិតគ្នា បើមានការបោះឆ្នោតលើកក្រោយទៀត។
“សែមដែលបានឈរឈ្មោះបោះឆ្នោតជាការល្អមួយសម្រាប់ប្រជាជនខ្មែរយើងនៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែបើសិនជាមានការដកពិសោធន៍ទៅមុខទៀត ខ្មែរយើង ជាពិសេសខ្មែរអាមេរិកាំងនៅ សហរដ្ឋអាមេរិក គួរតែជួយថវិកាទៅបេក្ខជនហ្នឹងដើម្បីគ្នាយកទៅប្រណាំងប្រជែង ពីព្រោះពេលណាបេក្ខជនហ្នឹងឈ្នះ អាចធ្វើការងារបម្រើប្រជាជនអាមេរិកាំង ហើយគេក៏មិនភ្លេចពីរឿងខ្មែរយើងដែរ"។
លោកមាស សែមទទួលបានសន្លឹកឆ្នោតសរុប៧.៥៨៨សំឡេង ត្រូវជា២៦ភាគរយ ខណៈពេលដែលគូប្រកួតជាប់លំដាប់ទី១ គឺលោកJon Golnikទទួលបានសន្លឹកឆ្នោត១១.៣៧៧សំឡេងត្រូវជា៣៩ភាគរយ។
លោកJon Golnik នឹងត្រូវចូលប្រកួតដណ្តើមកៅអីពីលោកស្រី Niki Tsongasមកពីខាងគណបក្សប្រជាធិបតេយ្យនិយមក្នុងការបោះឆ្នោតជាតិដែលគ្រោងនឹងធ្វើនៅដើមខែវិច្ឆិកាខាងមុខនេះ៕