ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកភូមិ​ដីក្រហម​មក​តវ៉ា​នៅ​កន្លែង​ចាស់​ចំខួប​២ឆ្នាំ​នៃ​ការ​បណ្តេញ​ចេញ


Supporters of the political and religious party Jamaat-e-Islami hold party flags as they march during a rally to mark Kashmir Solidarity Day in Lahore, Pakistan.
Supporters of the political and religious party Jamaat-e-Islami hold party flags as they march during a rally to mark Kashmir Solidarity Day in Lahore, Pakistan.

ភ្នំពេញ៖ អស់​រយៈ​ពេល​ពីរឆ្នាំ​ ​បន្ទាប់​ពី​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ឲ្យ​ទៅរស់​នៅ​ចម្ងាយ​ប្រមាណ៤០​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ ​ប្រជា​ពលរដ្ឋ​មួយ​ចំនួនបាន​អំពាវនាវ​ឲ្យ​ទម្លាក់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ចេញ​ពី​អំណាច។ ​ការ​អំពាវនាវ​នេះ​បាន​កើត​ឡើង​ក្នុង​ពេល​ដែល​អតីតប្រជា​ពលរដ្ឋ​រស់នៅ​ដំបន់​ដីក្រហម​ប្រមាណ​ជាង​៣០០​នាក់ ​បាន​ប្រារព្ធ​ខួប​ពីរ​ឆ្នាំ​នៃ​ការ​បណ្ដេញ​ចេញ​ដោយ​អាជ្ញាធរ​ក្រុងភ្នំពេញ​ ​ដើម្បី​ផ្ដល់​ទីតាំង​នេះ​ឲ្យ​ក្រុមហ៊ុន​សេវេនអេនជី​ (7NG) ​សម្រាប់​ធ្វើការ​អភិវឌ្ឍ។

អ្នកស្រី ​ឌុល ចន្ថា​ អាយុ​៥៣​ឆ្នាំ​ ​អតីត​ប្រជា​ពលរដ្ឋ​មួយរូប​រស់នៅ​តំបន់​ដីក្រហម​ ​បាន​អំពាវនាវ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​របាយ​ការណ៍​ដើម្បី​ទម្លាក់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ចេញពី​មុខ​តំណែង។

«ខ្ញុំ​សូមប្តឹង​ទៅ​អន្តរជាតិ​ទាំងអស់​ ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ទាំងអស់​ ​សូម​លោក​ធ្វើ​របាយ​ការណ៍​ ​រាយ​ការណ៍​ទម្លាក់​សម្តេច​ហ៊ុន សែន​ចោល​ទៅ។​ ខ្ញុំ​ក្តៅណាស់​ ​ខ្ញុំ​មិន​ចង់​រស់​នៅ​ទេ។​ ​បើ​អ្នកណា​មួយ​ថា​ ​ខ្ញុំ​និយាយ​ក្បត់​ជាតិ​ ​និយាយ​មិន​ស្របច្បាប់​ ​ចាប់ខ្ញុំ​យក​ទៅ​ធ្វើអ្វី​ធ្វើ​ចុះ។​ ខ្ញុំ​អត់​ចង់រស់​នៅ​ទេ»។

ការ​អំពាវនាវ​របស់​អ្នកស្រី​ ឌុល ចន្ថា ​បាន​ធ្វើ​ឡើង​ខណៈដែល​ប្រជា​ពលរដ្ឋ​ ​ដែល​រស់ នៅ​អតីត​តំបន់​ដីក្រហម​ ​បាន​ប្រារព្ធ​ខួប​លើក​ពីរ​ឆ្នាំ​នៃ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ពី​ទីក្រុង​ភ្នំពេញ​ ​ឲ្យ​ទៅ​រស់​នៅ​ជនបទ។

អ្នកស្រី​ឌុល ចន្ថា​បាន​និយាយ​ទៀត​ថា​ ​មូលហេតុ​ដែល​អ្នកស្រី​ចង់​បណ្តេញ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ ចេញ​ពី​មុខ​តំណែង​ ​ដោយសារ​តែ​អ្នកស្រី​ឆ្អែតចិត្ត​នឹង​ការ​បណ្តេញ​ចេញ​ប្រជា​ពលរដ្ឋ​ពី​តំបន់​ដីក្រហម​ ​ឲ្យ​ទៅ​រស់​នៅ​កន្លែង​មួយ​ដែល​ទទួល​ទាន​មិន​គ្រប់គ្រាន់​ ​ការ​រស់នៅ​អន់​ជាង​សត្វ​ទៅ​ទៀត។

«ឲ្យ​គាត់​នៅ​កាន់​នាយក​រដ្ឋ​មន្រ្តី​ ​ប្រជា​ពលរដ្ឋ​ក្រីក្រ​ ​ត្រូវ​ងាប់អស់​ ​ដូច​រឿង​ចិន​លេង​អញ្ចឹង​ ​មិនខុស​គ្នា​ទេ។ ​ស្តេច​នៅ​អង្គុយ​តែ​មួយ​កន្លែង​ ​ចាំ​ស្តាប់​តែ​មន្រ្តី​ជាន់​ក្រោម។​ ខ្ញុំ​និយាយ​អញ្ចឹង​ ​ខ្ញុំអត់​ខ្លាច​ទេ​ ​គឺថ្ងៃ​ទី២៤​ខែ​មករា​ឆ្នាំ​២០០៩​ ​គឺថ្ងៃ​ខ្ញុំ​សន្លប់​ប្រាំ​ម៉ោង។​ឃើញ​ខ្ញុំ​សន្លប់​ហើយ​ ​នៅ​មក​បាញ់ថ្នាំ​ដាក់​ខ្ញុំ​ទៀត»។

លោក​ផៃ ស៊ីផាន​ ​អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ ​បាន​មាន​ប្រសាសន៍​ថា​ ​មាន​តែ​ការ​បោះឆ្នោត​ទេ​ទើប​អាច​ផ្លាស់​ប្តូរ​នាយក​រដ្ឋមន្រ្តី​បាន។

លោក​បាន​មាន​ប្រសាសន៍​ថា​ ​ការ​យល់​ឃើញ​របស់​ប្រជា​ពលរដ្ឋ ​គឺ​ប្រាស់​ចាកលទ្ធិ​ប្រជាធិប​តេយ្យ។

«ការ​យល់ឃើញ​របស់​គាត់​ ​ជា​ការ​យល់​ឃើញ​ខុស​ ​ប្រាស់ចាក​ពី​លទ្ធិ​ប្រជាធិប​តេយ្យ​ប្រាស​ចាក​ពី​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។ ​អាស្រ័យហេតុ​ដូច្នេះ​ហើយ​ ​គាត់​ត្រូវ​គិត​សារ​ជាថ្មី​ម្តង​ទៀត​ ​ហើយ​សំណូមពរ​ឲ្យ​គាត់​យល់​ឲ្យ​ច្បាស់​ ​ថា​តើ​រដ្ឋាភិបាល​នេះ​កើត​ចេញ​តាម​របៀប​ណា? ​ហើយ​រក្សាប្រសិទ្ធិភាព​ខ្លួន​តាម​របៀប​ណា?»

កាល​ពី​ថ្ងៃទី​២៤​ ខែ​ ​មករា​ ​ឆ្នាំ​២០០៩​ ​ប្រជា​ពលរដ្ឋ​រស់នៅ​តំបន់​ដីក្រហម​ ​ប្រមាណ​ជាង​១៤៤​ខ្នង​ផ្ទះ​ ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញប្រដាប់​ដោយ​អាវុធ​ ​ខែល​ ​និង​ដំបងឆក់​ ​ព្រម​ទាំង​ឡាន​បាញ់ទឹក​ ​បាន​បណ្តេញ​ប្រជា​ពលរដ្ឋ​ដោយ​បង្ខំ​ ​ឲ្យ​ចាក​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ ​ដើម្បី​យក​ដីធ្លី​ទាំងនេះ​សម្រាប់​ក្រុមហ៊ុន7NG​អភិវឌ្ឍ។

មាន​ប្រជា​ពលរដ្ឋ​យ៉ាងតិច​ប្រមាណ​ជាង​៣០០​នាក់បាន​ចូល​រួម​ខួប​លើក​ឆ្នាំ​ទី២​នៃ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​នេះ។

ក្រុម​អ្នក​ស្រុក​បាន​និមន្ត​ព្រះសង្ឃ​ចំនួន​បួន​អង្គ​ ​ដើម្បី​ធ្វើ​ពិធី​តាម​បែប​ព្រះ​ពុទ្ធ​សាសនា ​និង​អុជ​ធូប​បន់ស្រន់​នៅ​តំបន់​ដីក្រហម​ដែល​មាន​ទីតាំង​នៅក្នុងសង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ​ជាទី​កន្លែង​ ដែល​ប្រជា​ពលរដ្ឋ​ត្រូវ​បាន​បណ្តេញ​ចេញ​កាល​ពី​ពីរ​ឆ្នាំ​មុន។

ស្រី្ត​មួយរូបបាន​ឈរ​ស្រែក​យំ​ ​យ៉ាង​ក្តុកក្តួល​ ​និង​បាន​សម្តែង​ការ​សោក​ស្តាយ​ ដោយ​សារ​តែផ្ទះ​សម្បែង​របស់​អ្នកស្រី​បាន​បាត់បង់។

«ខ្ញុំ​សូម​អង្វរ​ ​ខ្ញុំ​អ្នក​រងគ្រោះ​ពិតប្រាកដ។​ ​ខ្ញុំ​ឈឺចាប់​យ៉ាងនេះ។​ ខ្ញុំ​លំបាក​ណាស់​ ​ពេល​ខ្ញុំ​ចាក​ចេញ​ពី​ទឹក​ដី​ដែល​ខ្ញុំ​ធ្លាប់​រស់នៅ។ ​ខ្ញុំ​ទៅនៅ​កន្លែង​ផ្សេង​ ​ខ្ញុំដឹងថា​ ​ខ្ញុំ​លំបាក។​ ខ្ញុំ​ដឹង​ទៅ​រក​អ្វីទេ។​ ​ខ្ញុំគ្មាន​មុខរបរ។ ​ខ្ញុំ​ទៅ​នៅ​ទីនោះ​ ​អត់ដឹង​មាន​ស្រែ​ឯណា​ធ្វើ​នឹង​គេ​ទេ​ ​ អត់មាន​ទេ​លោក​ម្ចាស់​អ្ហើយ»។

លោក​ចាន់ វិចិត្រ​ ​អតីត​តំណាង​ប្រជា​ពលរដ្ឋ​រស់​នៅ​តំបន់​ដីក្រហម​ ​បាន​មាន​ប្រសាសន៍​ថា​ ​ប្រជា​ពលរដ្ឋ​ខ្វះខាត​ទឹក​ សាលារៀន​និង​ភ្លើង​អគ្គិសនី​ប្រើប្រាស់។​ ហើយ​មួយ​ចំនួន​ទៀត​បាន​ចាកចេញ​ ​ដោយសារ​តែ​ពុំអាច​រស់នៅ​លើ​ទីតាំង​ថ្មី​បាន។​«កន្លែង​ទីតាំង​លំនៅថ្មី​ ​គឺអត់​មាន​ទឹក​ ​ភ្លើង។ ​ដូច​ជា​ ​ពួកគាត់​ ​ដែល​យកទៅ​ចោល​នៅ​ឧដុង្គ គឺ​មើល​ទៅ​រស់​មិន​បាន​ដូចសត្វ​ជ្រូក​គេចិញ្ចឹម​ផង។ ​អញ្ចឹង​សូម​ឲ្យ​រដ្ឋាភិបាល​ ​ផ្តល់​ឲ្យ​ប្រជា​ពលរដ្ឋ​នៅ​ដីក្រហម​ ​ឬ​ក៏​ប្រជា​ពលរដ្ឋ​ផ្សេងទៀត​ ​ឲ្យគាត់​រស់នៅ​ឲ្យ​បាន​សមរម្យ​ជា​មនុស្ស»។

លោក​កែប ជុតិមា​ អភិបាល​ក្រុង​ភ្នំពេញ ​និង​តំណាង​ក្រុមហ៊ុន​7NG ​ពុំអាច​ស្នើសុំ​ ដើម្បី​ទំនាក់​ទំនង​បាន​ទេ​ នៅថ្ងៃ​ច័ន្ទនេះ។ ​ក៏ប៉ុន្តែ​ ​លោក​ផៃ ស៊ីផានបាន​មាន​ប្រសាសន៍​ថា​ ប្រជា​ពលរដ្ឋ​ ​ពិត​ជា​បាន​ដី​ពិតប្រាក​មែន​ ​ហើយ​រដ្ឋាភិបាល​មិន​យក​ពួកគេ​ទៅ​បោះ​បង់​ចោល​ទេ។

លោក​សៀ ភារម្យ​ ​នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​បាន​មាន​ប្រសាសន៍​ថា​ ​ការ​មិន​យក​ចិត្ត​ទុកដាក់​របស់រ​ដ្ឋាភិបាល​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​រស់នៅ​សមរម្យ​របស់​ប្រជា​ពលរដ្ឋ។

«នៅ​ពេល​ដែលរដ្ឋ​ ​ឬមួយ​ក្រុមហ៊ុន​ឯកជន​បាន​ជម្លៀស​ពួកគាត់​ចេញ​ទៅក្រៅ​ពី​ទីក្រុង​ អញ្ចឹង​ ​វា​រំលោភ​ទៅលើ​សិទ្ធិ​រស់រាន​មាន​ជីវិត​នៅ​ក្នុង​ទីក្រុង​ ​ហើយ​និង​សិទ្ធិ​មួយ​ទៀត​ គឺ​សិទ្ធិ​ចំណីអាហារ​ផ្សេងៗ​ ឬ​ក៏​សិទ្ធិ​ទទួល​បាន​នូវ​ទឹក​ប្រើប្រាស់សម្រាប់​ចិញ្ចឹម​ជីវិត​របស់​ពួកគាត់​នេះ​ ​ក៏វា​ប៉ះពាល់​ច្រើន»។

ចំណែក​លោក​អំ សំអាត​ ​មន្រ្តី​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​ LICADHO​ វិញ​ ​បាន​មាន​ប្រសាសន៍​ថា​ ​នៅ​តំបន់​ដីក្រហម​ ​ក៏​ដូចជា​តំបន់​ផ្សេងៗ​ទៀត​ដែរ​ ​ក្រោយពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំដោយ​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​នោះ​ ​ ពួកគេ​មិន​ទទួល​បាន​ការផ្គត់ផ្គង់​និង​ការ​រស់នៅ​ឲ្យបាន​សមរម្យ​ទេ៕

XS
SM
MD
LG