អាជ្ញាធរខេត្តព្រះសីហនុបានចេញឱសានវាទជាថ្មី ដល់ក្រុមអាជីវករនៅលើឆ្នេរអូរត្រេះឱ្យរុះរើហាងលក់ដូរ និងតូបលំហែកាយរបស់ពួកគេចេញពីឆ្នេរនោះ ដើម្បីបើកផ្លូវឱ្យមានការអភិវឌ្ឍន៏សួនច្បារនៅតំបន់នោះ។
ចាប់ពីថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០១០ តទៅ ក្រុមអាជីវករនៅលើឆ្នេរអូរត្រេះ ប្រហែលជាមិនអាចប្រកបរបររកទទួលទានរបស់ខ្លួនតទៅទៀតបានឡើយ ដោយសារអាជ្ញាធរខេត្តព្រះសីហនុនៅថ្ងៃអង្គារនេះ បានបង្គាប់ឱ្យម្ចាស់ហាងលក់ដូរ និងតូបលំហែកាយនៅលើឆ្នេរនោះ ធ្វើការរុះរើតូប និងហាងរបស់ពួកគេចេញពីឆ្នេរនៅត្រឹមថ្ងៃនោះ។
នៅក្នុងកិច្ចប្រជុំមួយជាមួយក្រុមអាជីវករទាំងនោះ នៅព្រឹកថ្ងៃអង្គារនេះ អាជ្ញាធរខេត្តបានបញ្ជាក់ថា ការតម្រូវឱ្យក្រុមអាជីវកររុះរើចេញនេះ គឺដើម្បីបើកផ្លូវឱ្យក្រុមហ៊ុនឯកជនមួយចាប់ផ្តើមសាងសង់សួនច្បារនៅលើតំបន់ឆ្នេរដ៏ស្រស់ត្រកាលនោះ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត។
លោកស្បោង សារ៉ាត មានប្រសាសន៍ថា គម្រោងអភិវឌ្ឍតំបន់ឆ្នេរនោះ ទទួលបានការអនុម័តយល់ព្រមពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន រួចហើយ ពោលគឺមិនមែនអាជ្ញាធរមូលដ្ឋានជាអ្នកសម្រេចដោយឯកឯងនោះទេ។ លោកស្បោង សារ៉ាត បន្តថា៖
«សម្តេចនាយកចារមកច្បាស់ណាស់ឱ្យធ្វើការអភិវឌ្ឍ កែលម្អ ធ្វើសួន ធ្វើស្អីហ្នឹង ឱ្យរៀបចំហ្នឹង ហើយបងប្អូនប្រជាជនហ្នឹង អាហ្នឹងត្រូវតែកែសម្រួលរៀបចំ»។
កាលពីខែមករាឆ្នាំ ២០១០ កន្លងទៅនេះ អាជ្ញាធរបានចេញឱសានវាទម្តងហើយ ដោយបង្គាប់ឱ្យក្រុមអាជីវករធ្វើការរុះរើចេញពីឆ្នេរអូរត្រេះនោះ ប៉ុន្តែក្រុមអាជីវករបានធ្វើការតវ៉ាមិនព្រមរុះរើចេញតាមការបង្គាប់របស់អាជ្ញាធរឡើយ។
ជាថ្មីម្តងទៀត ក្រុមម្ចាស់ហាងលក់ដូរ និងតូបលម្ហែកាយនៅលើឆ្នេរអូរត្រេះនៅតែមិនព្រមរុះរើចេញដដែល ដោយពួកគេបានលើកឡើងថា ការបង្គាប់ឱ្យពួកគេរុះរើតូប និងហាងរបស់ពួកគេចេញនេះ ប្រៀបបានទៅនឹងការវាយបំបែកឆ្នាំងបាយរបស់ពួកគេដូច្នោះដែរ។
កញ្ញា អូន សុជាតា អ្នកគ្រប់គ្រងហាង Cinderalla Beach Bangalore នៅលើឆ្នេរអូរត្រេះនោះ បានថ្លែងប្រាប់ វីអូអេ តាមទូរស័ព្ទនៅរសៀលថ្ងៃអង្គារនេះថា កញ្ញាមិនយល់ថា តើហេតុអ្វីបានជាអាជ្ញាធរមិនឲ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍតំបន់ឆ្មេរ ដែលនៅទំនេរ តែបែរជាចង់អភិវឌ្ឍនៅតំបន់ដែលកញ្ញា និងអាជីវករផ្សេងទៀតកំពុងប្រកបរបរទទួលទានទៅវិញ។ កញ្ញាថ្លែងដូច្នេះថា៖
«ឆ្នេរអូរត្រេះដែលនៅចុងគេបង្អស់ដែលអត់មាន អាជីវកររកស៊ីទទួលទានបែរទៅជាអត់មានក្រុមហ៊ុនណាចូលអភិវឌ្ឍសោះ។ ហេតុអ្វីមិនទៅអភិវឌ្ឍឱ្យភ្ញៀវទេសចរណ៍ចូលរាប់ពាន់នាក់ទៅ?»
តំណាងម្នាក់របស់ក្រុមអាជីវករនៅលើឆ្នេរអូរត្រេះនោះ បានមានប្រសាសន៍ដោយសុំមិនបញ្ចេញឈ្មោះថា ការបណ្តេញក្រុមអាជីវកររបស់លោកចេញ ហើយឱ្យក្រុមហ៊ុនឯកជនមកអភិវឌ្ឍជំនួសវិញនេះ គឺធ្វើឡើងដោយអយុត្តិធម៌ និងគ្មានតម្លាភាព។ លោកបន្តថា៖
«វាអយុត្តិធម៌ពេក។ តើប្រគល់ដីឱ្យក្រុមហ៊ុន ឡូ សុគន្ធហ្នឹង វាមានចំណេញស្អីខ្លះ គិតវិភាគឡើងវិញទៅ»។
យោងតាមលិខិតរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី២៧ សីហាឆ្នាំ២០០៨ ផ្ញើជូនលោកអភិបាលខេត្តព្រះសីហនុ រដ្ឋាភិបាលបានសម្រេចឯកភាពជាគោលការណ៍អនុញ្ញាតឱ្យលោកឡូ សុគន្ធធ្វើការគ្រប់គ្រងថែរក្សាទីតាំងឆ្នេរចំនួនពីរកន្លែង។ ទី១គឺឆ្នេរអូរត្រេះ ដែលមានប្រវែងបណ្តោយឆ្នេរចំនួន១៥០០ម៉ែត្រ និងទី ២ ស្ថិតនៅតំបន់ព្រែកត្រែងខណ្ឌស្ទឹងហាវ មានប្រវែងបណ្តោយឆ្នេរ១ពាន់ម៉ែត្រ។
លោក ស្បោង សារ៉ាត អភិបាលខេត្តព្រះសីហនុពុំបានផ្តល់សេចក្តីលំអិតណាមួយអំពីក្រុមហ៊ុន ដែលទទួលបានសិទ្ធិអភិវឌ្ឍតំបន់ឆ្នេរទាំងពីរនេះទេ។ លោកគ្រាន់តែមានប្រសាសន៍ថា នៅតំបន់ឆ្នេរអូរត្រេះ ក្រុមហ៊ុននោះនឹងចាប់ផ្តើមសាងសង់តូបលំហែកាយ និងសួនច្បារសម្រាប់សាធារណៈមកកំសាន្តលេងប៉ុណ្ណោះ។ លោកថ្លែងដូច្នេះថា៖
«ខាងមុខគេធ្វើតែខ្ចុស គេធ្វើតែបង្គន់ គេធ្វើកន្លែងដើរ គេដាំស្មៅ គេដាំផ្កាតែប៉ុណ្ណឹងទេ អត់មានធ្វើសំណង់នៅលើដីហ្នឹងទេ អត់មានទេ»។
លោក ស្បោង សារ៉ាត បញ្ជាក់បន្ថែមថា អាជ្ញាធរក៏គ្រោងនឹងធ្វើការអភិវឌ្ឍឆ្នេរអូរត្រេះទាំងមូលប្រវែង ៣ ពាន់ម៉ែត្រនេះតែម្តង ក្រោយពីការអភិវឌ្ឍឆ្នេរអូរត្រេះប្រវែង១៥០០ម៉ែត្រនេះរួចរាល់ហើយនោះ។