ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​​ទទូច​​ឲ្យ​អ.ស.ប.​ រក​​ដំណោះ​ស្រាយ​ឲ្យ​លោក​សម​​ រង្ស៊ី​​ បាន​វិល​​ត្រឡប់​​ទៅ​កម្ពុជា


ក្រុម​អ្នកគាំ​ទ្រ​គណបក្ស​សម រង្ស៊ី​។
ក្រុម​អ្នកគាំ​ទ្រ​គណបក្ស​សម រង្ស៊ី​។

ភ្នំពេញ៖ មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​ ​នៅថ្ងៃពុធនេះ​ ​បាន​ទទូច​ស្នើដល់​មន្រ្តី​ជាន់ខ្ពស់​របស់អង្គការ​សហ​ប្រជាជាតិឲ្យជួយ​ធ្វើ​អន្តរាគមន៍​ ​ដើម្បី​បើក​ផ្លូវ​ឲ្យ​លោក​សម រង្ស៊ី ​ដែល​កំពុង​ស្នាក់​នៅ​ឯ​ក្រៅ​ប្រទេស​ ​បាន​វិលត្រឡប់​មក​កាន់​មាតុ​ប្រទេស​វិញ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៣។

ការ​ទទូច​ស្នើ​សុំនេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ជំនួប​ដាច់​ដោយឡែក​មួយ​រវាង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ចំនួន​បីរូប​ ដែល​ដឹក​នាំ​ដោយ​លោក​គង់ គាំ ​ប្រធាន​ស្តីទី​នៃ​គណបក្ស​សម រង្ស៊ី ​ជាមួយលោក លីន ប៉ាស្កូ (​Linn Passcoe) ​អគ្គ​លេខាធិការ​រង​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​កិច្ចការ​នយោបាយ​នៅ​ក្នុង​សណ្ឋាគារ ​ឡឺរ៉ូយ៉ាល់​ ក្រុង​ភ្នំពេញ។

បន្ទាប់​ពី​ជំនួប​អស់​រយៈ​ពេល​ជិត​មួយម៉ោង​ ​លោក​គង់ គាំ​ ​ប្រធាន​ស្តីទី​នៃ​គណបក្ស​សម រង្ស៊ី ​និង​ជា​សមាជិក​ព្រឹទ្ធសភា​ ​បាន​និយាយ​ថា​ ​លោក​បាន​ស្នើ​ឲ្យ​លោក​អគ្គ​លេខាធិការអង្គការ​សហ​ប្រជាជាតិ​ ដើរ​តួនាទី​សម្រប​សម្រួល​មួយ​ឲ្យ​លោក​សម រង្ស៊ី ​បាន​វិល​ត្រឡប់​មក​កាន់កម្ពុជា​វិញ។

លោក​គង់ គាំ​បាន​បញ្ជាក់​ទៀត​ថា​ ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​ខាង​មុខ​នេះ​ ពុំ​អាច​គ្មានលោក​ សម រង្ស៊ី​បាន​ទេ។

«មធ្យោបាយ​ ឬ​វិធី​ណា​យើង​អត់​ដឹង​ទេ​ ​គឺថា​ ​សុំ​ឲ្យ​គេ​ជួយ​ធ្វើ​ម៉េច​ឲ្យ​លោក​ប្រធាន​សម រង្ស៊ី​ វិល​ត្រឡប់​មក​កម្ពុជាវិញ​ ​ចូល​រួម​ការ​បោះឆ្នោត​ ​បំពេញ​តួនាទី​ជា​តំណាង​រាស្រ្ត​បច្ចុប្បន្ន​ផង​ ​ហើយ​ដឹក​នំា​គណបក្ស​ប្រឆាំង​ហ្នឹង​ដើម្បី​បោះឆ្នោត​ផង»។

មន្រ្តី​អង្គការ​សហ​ប្រជាជាតិ​មិន​អាច​ស្នើ​សុំ​ ការ​បំភ្លឺ​បានទេ​ ​នៅ​ថ្ងៃពុធ​នេះ។

លោក​ លីន ប៉ាស្កូ ​បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា​ ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ជាលើក​ដំបូង​របស់​លោក​ចំនួន​បីថ្ងៃ​ជាមួយ​ និង​លោក​ បាន គីមូន (Ban Ki-moon)​ ​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ។

លោក ​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ​បាន​និយាយ​ថា​ ​លោក​មិន​មាន​ជំនឿ​ថា​ ​អង្គការ​សហ​ប្រជាជាតិ​លូកលាន់​នៅ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​តុលាការ​កម្ពុជាទេ។

«បាទ​ ​អានេះ​ជា​នីតិរដ្ឋ។ ​យើង​ទាំងអស់​គ្នា​ ​យើង​យល់​ថា​ ​នៅ​តាម​រយៈ​អ្វី​ដែលទំនើប​ ​រដ្ឋ​ទំនើប​ ​គឺ​មាន​តែ​តុលាការ​ទេ​ ​ដែល​មាន​អធិបតេយ្យ​ភាព​ ​ឯករាជ្យ​របស់ខ្លួន​ ​គ្មាន​ស្ថាប័ន​ណា​អាច​គាប​សង្កត់​មក​លើ​ស្ថាប័ន​តុលាការ»។

លោក​សម រង្ស៊ី ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ ​ត្រូវបាន​តុលាការ​កម្ពុជា​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១២​ឆ្នាំ​ ​នៅ​ក្នុង​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥ ​រវាងកម្ពុជា​និងវៀតណាម​ ​និង​ញុះញ៉ង់​ឲ្យ​មាន​ការ​រើសអើង​ជាតិ​សាសន៍​ ​ហើយតុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​លោក​សម រង្ស៊ី ​មួយ​ករណីទៀត​ពី​បទ​ក្លែង​ឯកសារ​សាធារណៈ​ ​និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត។

លោក​សម រង្ស៊ី ​បាន​អះអាង​ថា​ ​បណ្តឹង​របស់​លោកទៅតុលាការអន្តរជាតិមួយចំនួន អំពីអំពើឧក្រិដ្ឋដែលប្រព្រឹត្តដោយលោក​ហ៊ុន សែន ​មិនមែន​ជា​ថ្នូរ​នឹង​ការ​ដោះដូរ​ឲ្យ​លោក​បាន​វិល​មក​កាន់​មាតុ​ប្រទេស​វិញ​ទេ។ លោក​ធ្លាប់​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​អ្វី​ដែល​លោក​ចង់​បាន​នោះ​ គឺ​ចង់​ឲ្យ​តុលាការ​អន្តរ​ជាតិ​នាំ​យក​ឧក្រិដ្ឋ​ជន​ទៅ​ផ្តនា្ទ​ទោសតាមច្បាប់។

ចំណែក​ឯ​គណបក្ស​សិទ្ធិ​មនុស្ស​វិញ​ ​នៅ​ថ្ងៃពុធនេះ​បាន​ស្នើសុំ​ឲ្យ​លោក​អគ្គ​លេខាធិការ​អង្គការសហ​ប្រជាជាតិ​ កោះ​អញ្ជើញ​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ ​ថ្ងៃទី​២៣ ​តុលា ​ឆ្នាំ១៩៩១​ ​ឲ្យ​មក​ពិនិត្យ​មើល​លទ្ឋផល​រយៈពេល​១៩ឆ្នាំ​នៃ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ។

លិខិត​របស់​គណបក្ស​សិទ្ធិ​មនុស្ស ​ដែល​មាន​ស្នាម​ចុះ​ហត្ថលេខា​ពី​អ្នក​តំណាង​រាស្រ្ត​ទាំង​បី​រូបរបស់​គណបក្ស​នេះ​ ​ដាក់​ជូនលោក​ បាន គីមូន ​បាន​បញ្ជាក់​ថា​ ​គណបក្ស​សិទ្ធិ​មនុស្ស​បាន​រក​ឃើញ​ថា​ ​កម្ពុជា​ ​ក្រោយ​ពី​ចុះ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ ​នៅតែមាន​ការ​ខ្វះខាត​យ៉ាង​ច្រើនចំពោះ​ការអនុវត្ត​ការ​បោះឆ្នោត​បែប​លទ្ធិ​ប្រជាធិបតេយ្យ​ ​បញ្ហាគោរព​សិទ្ធិ​មនុស្ស​ ​បញ្ហា​តុលាការ​ ​បូរណភាពទឹកដី ​និង​អធិបតេយ្យ​ភាព៕

XS
SM
MD
LG