អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងចំនួន២៤រូប បានសរសេរលិខិតរួមគ្នាថ្វាយព្រះករុណាសម្តេចព្រះបរមនាថនរោត្តមសីហមុនី ដើម្បីស្នើសុំព្រះរាជទានការលើកលែងទោសឲ្យលោកសម រង្ស៊ី ដែលកំពុងស្នាក់នៅឯក្រៅប្រទេសដើម្បីឲ្យលោកអាចត្រឡប់មកកាន់មាតុប្រទេសវិញមុនការ បោះឆ្នោត។ ប៉ុន្តែ មន្ត្រីរដ្ឋាភិបាលបាននិយាយថា ព្រះមហាក្សត្រមិនអាចជួយរឿងក្ដីនេះបានទេ លុះត្រាលោកសម រង្ស៊ីមកទទួលទោសចំនួនពីរភាគបីសិន។
លិខិតរបស់ក្រុមអ្នកតំណាងរាស្រ្តគណបក្សសម រង្ស៊ី កាលពីថ្ងៃទី១៨កន្លងទៅនេះ ដែលមានហត្ថលេខារបស់អ្នកតំណាងរាស្រ្តចំនួន២៤រូប បានបញ្ជាក់ថា លោកសម រង្ស៊ី ត្រូវបានតុលាការកាត់សេចក្តីដោយអយុត្តិធម៌នេះ ដោយសារតែសកម្មភាពបំពេញការងារបម្រើប្រជាពលរដ្ឋ និងប្រជាជាតិសុទ្ធសាធ ហើយពុំមានហេតុផលដែលលោកត្រូវទទួលទោសបែបនេះទេ។
លិខិតដដែលបានបញ្ជាក់ទៀតថា «ព្រះទ័យសន្តោសប្រណីដែលព្រះករុណតែងតែប្រទានដល់រាស្រ្តខ្មែរទូទៅ និងអ្នកតំណាងរាស្រ្ត សូមព្រះករុណាមេត្តាព្រះរាជទានការលើកលែងទោសដល់លោក សម រង្ស៊ី ជាប្រធានគណបក្ស និងជាអ្នកតំណាងរាស្រ្ត ដើម្បីឲ្យលោកបន្តតួនាទីជាអ្នកតំណាងរាស្រ្ត។
លោកវ៉ាន វ៉ាន ប្រធានពិធីការព្រះមហាក្សត្រពុំអាចស្នើសុំបំភ្លឺបានទេ ដោយលោកបាននិយាយថា កំពុងជាប់រវល់។ ចំណែកលោកអ៊ុំ តារាវុធ សមាជិកព្រះរាជខុទ្ទកាល័យព្រះហាក្សត្រ បានបដិសេធពុំធ្វើអត្ថាធិប្បាយទេ «ខ្ញុំអត់សម្ភាសន៍ទេ លែងសម្ភាសន៍ហើយឥឡូវ។ អត់មានសិទ្ធិសម្ភាសន៍ទេ»។
លោកយឹម សុវណ្ណ សមាជិកសភាតំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សប្រឆាំង បាននិយាយ ថា លោកលែងមានជំនឿទៅលើស្ថាប័នរដ្ឋាភិបាលទៀតហើយ។ ដូច្នេះជម្រើសចុងក្រោយមានតែព្រះមហាក្សត្រទេ ដែលអាចជួយដល់លោកសម រង្ស៊ី បាន។ លោកសុវណ្ណថ្លែងថា៖
«គណបក្សសម រង្ស៊ីសរសេរលិខិតថ្វាយព្រះមហាក្សត្រក្នុងគោលបំណងស្វែងរកការគាំទ្រពី ព្រះមហាក្សត្រ ដើម្បីលោកព្រះរាជតម្រិះ ធ្វើយ៉ាងម៉េចដោះស្រាយបញ្ហាហ្នឹងកុំឲ្យវាមានការបែកបាក់សាមគ្គីភាព ឯកភាពក្នុងកាលៈទេសៈ ដែលប្រទេសកំពុងស្ថិតក្នុងការគំរាមកំហែងពីបរទេស»។
លោកសម រង្ស៊ី ត្រូវបានរដ្ឋសភាកម្ពុជា កាលពីថ្ងៃទី១៥កន្លងទៅនេះ ប្រកាសដកសមាជិកភាពសភាតំណាងរាស្រ្តមណ្ឌលកំពង់ចាម បន្ទាប់ពីលោកត្រូវបានតុលាការកំពូលតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទដកតម្រុយបង្គោលព្រំដែនលេខ១៨៥ រវាងកម្ពុជា និងវៀតណាម ព្រមទាំងញុះញង់ឲ្យមានការរើសអើងជាតិសាសន៍។
លោកខៀវ កាញារិទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ព្រះមហាក្សត្រពុំអាចជួយលោកសម រង្ស៊ីបានទេ លុះត្រាលោកសម រង្ស៊ីមកទទួលទោសឲ្យបានពីរភាគបីជាមុនសិន។
«ព្រះករុណាអាចលើកទោសបាន នៅពេលដែលបានជាប់ទោសប្រមាណភាគពីរភាគបី។ អញ្ចឹង សរសេរទៅព្រះករុណាក្នុងពេលណាលក្ខណៈវិនិច្ឆ័យមិនគ្រប់ បានន័យថា ក្រុមនេះគេចង់អង្អាប់មហាក្សត្រខ្មែរ»។
លោកសម រង្ស៊ី ដែលបច្ចុប្បន្ននេះកំពុងស្នាក់នៅឯប្រទេសបារាំង ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ នៅក្នុងសំណុំរឿងពីរដាច់ដោយឡែកៗពីគ្នា គឺសំណុំរឿងដកតម្រុយ បង្គោលព្រំដែន និងសំណុំរឿងក្លែងឯកសារសាធារណៈ។ ក្រុមអ្នកវិភាគមួយចំនួនបាននិយាយថា សំណុំរឿងរបស់លោកសម រង្ស៊ីគឺជារឿងនយោបាយ។ ដូច្នេះត្រូវតែមានដំណោះស្រាយតាមនយោបាយ៕