ភ្នំពេញ៖ អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង បានស្នើសុំលោក ហេង សំរិន ប្រធានរដ្ឋសភាឲ្យជួយ អន្តរាគមទៅក្រសួងយុត្តិធម៌ ដើម្បីដោះលែងសមាជិកគណបក្សប្រឆាំងចំនួន៥រូបក្រោយពីតុលាការបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ ពាក់ព័ន្ធនឹងចលនាកងទ័ពសេរីជាតិកម្ពុជា ដែលហៅកាត់ថា ស៊ី អែហ្វ អែហ្វ (CFF)។ ការស្នើសុំនេះ បានកើតឡើងក្រោយពីទណ្ឌិតទាំង៥រូបនេះ បានជាប់ទោសចំនួន២ភាគ៣ក្នុងចំណោមទោសសរុប និងចំពេលដែលប្រទេសកម្ពុជាកំពុងរៀបចំពិធីបុណ្យអុំទូកនៅសបា្ដហ៍ក្រោយនេះ។ តាមច្បាប់រដ្ឋធម្មនុញ្ញព្រះមហាក្សត្រមានព្រះរាជសិទ្ធិលើកលែង និងបន្ធូរបន្ថយទោសនៅពេលមានពិធីបុណ្យជាតិធំៗ។
ក្រុមអ្នកតំណាងរាស្រ្តគណបក្សប្រឆាំង បានស្នើសុំទៅលោក ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី ឲ្យជួយអន្តរាគមឲ្យមានការដោះលែងទណ្ឌិតចំនួនប្រាំរូប ដែលជាសកម្មជនគណបក្សប្រឆាំង ក្រោយពីតុលាការបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ ពីបទបង្កើតក្រុមជនប្រដាប់អាវុធនិងភេរវ កម្មដែលហៅកាត់ថា ស៊ី អែហ្វ អែហ្វ។
ការស្នើសុំនេះ បានកើតមានឡើងក្រោយពីទណ្ឌិតចំនួនប្រាំរូប ដែលបានជាប់ពន្ធនាគារអស់ រយៈពេលពីរភាគបីមកហើយនៃចំនួនទោសសរុប និងចំពេលដែលប្រទេសកម្ពុជាកំពុងរៀបចំព្រះរាជ ពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២០ រហូតដល់ថ្ងៃទី២៣ ខាងមុខនេះ។
នៅក្នុងលិខិតស្នើសុំរបស់ក្រុមអ្នកតំណាងរាស្រ្តគណបក្សប្រឆាំង ដែលមានចុះហត្ថលេខា ចំនួនដប់មួយរូប កាលពីថ្ងៃទី២៧ខែតុលា ហើយត្រូវបានចែកផ្សាយនៅថ្ងៃអង្គារ៍នេះ បានបញ្ជាក់ឈ្មោះ ទណ្ឌិតចំនួនប្រាំរូបដែលរួមមាន លោក ប៊ុន ចាន់តូ ទំលាប់ មិល ចាន់ ប៊ុនខេន សេង ណារិន និង ហែម អេម ។
លោកសុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្រ្តគណបក្សប្រឆាំង បានមានប្រសាសន៍ថា ទណ្ឌិត ទាំងប្រាំរូបនេះ បានជាប់ពន្ធនាគារអស់រយៈពេលពីរភាគបីមកហើយ។ ហើយម្យ៉ាងទៀត ពួកគេពុំជាប់ ពាក់ព័ន្ធ និងការបង្កើតចលនាកងទ័ពសេរីជាតិកម្ពុជាទេ។
លោកបានមានប្រសាសន៍ថា ពួកគេ គួរតែទទួលបាននូវការលើកលែងទោស។
«ឥឡូវដោយសារតែមានគោលការណ៍ច្បាប់ ដែលត្រូវដោះលែងបានក្រោយពីមានការជាប់ទោសពីរភាគបីនេះ ដូច្នេះបានជាឱកាសមួយ ដែលយើងស្នើឲ្យរដ្ឋាភិបាលពិចារណា ដើម្បីធ្វើយ៉ាងម៉េច ឲ្យអ្នកទាំងនេះបានមានសេរីភាពជួបជុំកូនចៅរបស់គេវិញ»។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃរដ្ឋសភាពុំអាចស្នើសុំទំនាក់ទំនងបានទេនៅថ្ងៃអង្គារ៍នេះ ក៏ប៉ុន្តែបើតាមការបញ្ជាក់របស់លោក ជាម យៀប សមាជិកសភាតំណាងរាស្រ្តខាងគណបក្សប្រជាជនកម្ពុជា បាននិយាយថា រដ្ឋសភាពុំទាន់បានទទួលលិខិតស្នើសុំពីគណបក្ស សម រង្ស៊ី នៅឡើយទេ។
លោកបានមានប្រសាសន៍ថា ការសម្រេចលើកលែងទោសទណ្ឌិតទាំងប្រាំរូប គឺជាសិទ្ធិរបស់ លោក ហេង សំរិន ប្រធានរដ្ឋសភាតែប៉ុណ្ណោះ។
«ចំពោះទណ្ឌិតទាំងឡាយ ដែលបានអនុវត្តន៍បានល្អប្រសើរសមស្រប ក្រោយពេលដែលខ្លួនបានជាប់ទោសទណ្ឌរួចរាល់អស់ហើយ។ តាមមាត្រាទី៩០ថ្មី នៃរដ្ឋធម្មនុញ្ញរដ្ឋសភាអាចមានសិទ្ឋិធ្វើច្បាប់ ឬអនុម័តច្បាប់ ស្តីពីលើកលែងទោសបាន»។
អ្នកស្រីប៉ែន ដារ៉ា សមាជិកក្រុមប្រឹក្សាខាងគណបក្ស សម រង្ស៊ី ប្រចាំខេត្តប៉ៃលិនដែលត្រូវជា ភរិយារបស់លោក ហែម អេម បានមានប្រសាសន៍ថា អ្នកស្រីបានស្នើសុំឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងព្រះមហាក្សត្រលើកលែងទោសស្វាមីរបស់អ្នកស្រីជាច្រើនលើករួចមកហើយ ក៏ប៉ុន្តែមិនទាន់ ត្រូវបានឆ្លើយតបនៅឡើយទេ។
អ្នកស្រីបានមានប្រសាសន៍ថា ស្វាមីរបស់អ្នកស្រីមិនជាប់ពាក់ព័ន្ធទៅ និងការបង្កើតចលនាកង ទ័ពសេរីជាតិកម្ពុជា ដែលហៅកាត់ថា ស៊ី អែហ្វ អែហ្វ ទេ។
«ចាញ់បោកគេ ហើយបែរទៅជាជាប់ភស្តុតាងមិនគ្រប់គ្រាន់ ហើយចាប់មនុស្សដាក់គុកដោយ អយុត្តិធម៌ ដល់អញ្ចឹងអត់លែង។ មានការសោកស្តាយដែរ ខ្ញុំថាបើលើកនេះមិនរួចទៀតទុកតាមដំណើរ»។
រដ្ឋាភិបាលកម្ពុជា បានចាប់ខ្លួនសមាជិកកងទ័ពសេរីជាតិកម្ពុជាដែលហៅកាត់ថា ស៊ី អែហ្វ អែហ្វ ចំនួន ២០០នាក់ ក្រោយពីបានបើកការវាយប្រហារគ្នាមួយឈុតកណ្តាលទីក្រុងភ្នំពេញទៅលើក្រសួងការពារជាតិ និងទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ ២០០០ ។
តុលាការក្រុងភ្នំពេញ កាលពីឆ្នាំ២០០២ បានកាត់ទោសសមាជិកកងទ័ពសេរីជាតិកម្ពុជា ចំនួន ២៤រូប ឲ្យជាប់ពន្ធនាគារម្នាក់ៗ រយៈពេល២០ឆ្នាំ នៅក្នុងនោះមានសមាជិកគណបក្សសម រង្ស៊ី ចំនួនប្រាំ រូបផងដែរ ។
មេដឹកនាំចលនាកងទ័ពសេរីជាតិកម្ពុជាឈ្មោះឈុន យ៉ាសិទ្ធ ត្រូវបានតុលាការកាត់ទោសកំបាំង មុខឲ្យជាប់ពន្ធនាគារអស់មួយជីវិត៕