ជំទប់ឃុំម្នាក់ និងជាបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សសម រង្ស៊ី នៅឆ្នាំ២០១២ ក្នុងខេត្តកណ្ដាលត្រូវឃាតករមិនស្គាល់មុខវាយសម្លាប់កាលពីយប់ថ្ងៃពុធនេះ។ ករណីឃាតកម្មដែលបានកើតឡើងស្របពេលដែលបេសកជនសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកំពុងបំពេញបេសកម្មនៅកម្ពុជា។ គណបក្សសម រង្ស៊ី បានហៅអំពើហឹង្សានេះថាជាឃាតកម្មនយោបាយ។
លោកអ៊ុក ឆន្ទៈ អាយុ៦៤ឆ្នាំ ជំទប់ទី២ ក្នុងឃុំឈើទាល ស្រុកកៀនស្វាយ ត្រូវបានសម្លាប់នៅខណៈដែលលោកធ្វើដំណើរចេញពីយាមប្រចាំការនៅក្នុងឃុំវេលាម៉ោងប្រមាណជាដប់យប់ម្សិលមិញនេះ ហើយសាកសពត្រូវបានរកឃើញនៅចម្ងាយប្រមាណពីរគីឡូម៉ែត្រពីផ្ទះរបស់គាត់។
លោកចាន់ ចេង តំណាងរាស្ដ្រ និងជាប្រធានក្រុមការងាររបស់គណបក្សសម រង្ស៊ី បានអះអាងថា ជនរងគ្រោះត្រូវបានវាយសម្លាប់នឹងដំបងបណ្ដាលឲ្យមានរបួសធ្ងន់ធ្ងរលើផ្ទៃមុខ និងលើក្បាល។ ដោយ ឡែកមន្ដ្រីសិទ្ធិមនុស្សអះអាងថា សាកសពត្រូវបានឃាតករទម្លាក់ចូលក្នុងទឹកត្រឹមក្បាល។
លោក ចាន់ ចេង ចាត់ទុកថា នេះជាការសម្លាប់ដែលមានចេតនានយោបាយដោយហេតុថា ជនរងគ្រោះគឺជាសកម្មជនដែលមានប្រជាប្រិយភាពមួយរូបដែលរំពឹងថា អាចនឹងនាំជ័យជម្នះក្នុងការបោះឆ្នោតខាងមុខ។ លោកបានប្រាប់វីអូអេខ្មែរថា៖
«ក្នុងនាមថ្នាក់ដឹកនាំគណបក្សសម រង្ស៊ីគឺថា ឃាតកម្មនេះជាឃាតកម្មនយោបាយ។ គាត់មិនមែនជាមនុស្សម្នាក់ដើរហើរ ស៊ីផឹក ឬមានបញ្ហាអ្វីផ្សេងនោះទេ។ ប្រជាប្រិយរបស់គាត់ក្នុងមូលដ្ឋាននោះ គឺគេផ្ដល់ឲ្យគាត់ គឺគេនឹងបោះឆ្នោតឲ្យគាត់ព្រោះគាត់បម្រើប្រជាពលរដ្ឋដោយអត់គិតនឿយហត់ខ្លួនឯងទេ»។
ផ្ទុយទៅវិញ លោកឧត្តមសេនីយ៍ អ៊ាវ សំរើន ស្នងការនគបាលខេត្តកណ្ដាលអះអាងថា ឃាតកម្មនេះកើតចេញពីអំពើប្លន់។
«ជាករណីប្លន់យកទ្រព្យសម្បត្តិ។ កិច្ចការទាំងនេះ ខ្ញុំបានចាត់ចែងកម្លាំង ដើម្បីស៊ើបអង្កេតបន្ទាន់មួយ។ ដូច្នេះ ទាល់តែធ្វើការហ្មត់ចត់បន្ដិច ពីព្រោះពេលយប់នោះគាត់ទៅធ្វើការ គាត់សុំចេញមកមុន គាត់ថាទៅផ្ទះ តែផ្ទុយទៅវិញបែរជាគាត់មិនទៅផ្ទះ គាត់ទៅដល់ គគីឯណោះ ហើយបានជួបហេតុការណ៍នោះឡើង។ យើងនឹងខំស្រាវជ្រាវរកឲ្យឃើញករណីនេះ»។
ម៉ូតូម៉ាកហុងដា ទូរសព្ទ័ដៃ និងម៉ាស៊ីនថតមួយគ្រឿងរបស់ជនរងគ្រោះបានបាត់បង់។ ក៏ប៉ុន្ដែលោកចាន់ ចេង បានច្រានចោលការសន្និដ្ឋានរបស់ប៉ូលីស ហើយលើកឡើងថា មានជំទប់ និងក្រុមប្រឹក្សាឃុំ គណបក្ស សម រង្ស៊ី សរុបចំនួនបីនាក់ក្នុងឃុំបន្ទាយដែក ឃុំសំរោងធំ និងឃុំគគីធំ ត្រូវបានតុលាការកោះហៅទាក់ទងនឹងទំនាស់ដីធ្លី ស្របពេលដែលសកម្មជនគណបក្សជំទាស់ទាំងនោះបានឃ្លាំការតវ៉ារបស់ក្រុមប្រជាពលរដ្ឋអំពីការរំលោភដីធ្លី។
លោកអំ សំអាតប្រធានការិយាល័យគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិលីកាដូដែលបានចុះទៅអង្កេតដល់ទីកន្លែងនៅថ្ងៃនេះ មានប្រសាសន៍ថា នៅមានចំណុចសង្ស័យជាច្រើនត្រូវធ្វើការស៊ើបអង្កេតបន្ថែមទៀត។ លោកបានប្រាប់វីអូអេខ្មែរថា៖
«យើងនៅមានចំណុចជាច្រើននៅមានការមន្ទិលសង្ស័យ ពីព្រោះគេថា ចោរប្លន់គាត់ តែតាមពិតយើងឃើញថា គាត់ត្រូវបានគេវាយពីផ្លូវជាតិលេខ១០ ទៅចោលប្រមាណជាជាងមួយគីឡូម៉ែត្រ»។
កម្ពុជាគ្រោងនឹងធ្វើការបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំសង្កាត់នៅខែមិថុនា ឆ្នាំ២០១២។ គណបក្ស សម រង្ស៊ី ស្ថិតក្រោមការដឹកនាំគណបក្ស គឺលោកសម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសដោយសារតុលាការក្នុងស្រុកកាត់ទោសលោកឲ្យជាប់ពន្ធនាគារ។
អំពើហឹង្សាលើសកម្មជនគណបក្សសម រង្ស៊ី ធ្វើឡើងមួយថ្ងៃ មុនលោកសុរិយា ប្រាសាដ ស៊ុបិឌីអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិបញ្ចប់បេសកកម្មរយៈពេលប្រាំថ្ងៃរបស់ខ្លួននៅកម្ពុជា។ លោក ស៊ុបិឌី ត្រូវពិនិត្យមើលឡើងវិញនូវបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា សេរីភាពបញ្ចេញមតិ និងទំនាស់ដីធ្លី៕