ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​​ប្រឆាំង​​សុំ​​ឲ្យ​​ព្រឹទ្ធ​សភា​​អន្តរាគមន៍​ការ​កាត់​ទោស​លោក​សម​រង្ស៊ី


មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​បាន​សរសេរ​លិខិត​ជាផ្លូវការ​ជូន​លោក​ជា​ ស៊ីម ​ប្រធានព្រឹទ្ធ​សភា ​ដើម្បី​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ឲ្យ​រដ្ឋាភិបាលដក​ពាក្យ​បណ្តឹង​ប្រឆាំងនឹង​លោក​សម រង្ស៊ី​ ​អំពី​រឿង​ព្រំដែន។ ការស្នើសុំ​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​តុលាការ​ក្រុង​ភ្នំពេញ​ ​កាល​ពី​ថ្ងៃពុធ​ ​បាន​កាត់​ទោស​លោក​សម​ រង្ស៊ី​ ​មួយ​ករណី​ទៀត​អំពី​រឿង​ក្លែង​ឯកសារ​និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត។​ ​តុលាការ​គ្រោង​នឹង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃទី​២៣​ខាង​មុខ​នេះ។

នៅ​ថ្ងៃសុក្រនេះ​ ​លោក​គង់ គាំ​ ​ប្រធាន​ស្តីទី​គណបក្ស​សម រង្ស៊ី​ ​បាន​សរសេរ​លិខិត​ជា​ផ្លូវការ​មួយ​ជូន​លោក​ជា ស៊ីម​ ប្រធាន​ព្រឹទ្ធ​សភា​របស់​ប្រទេស​កម្ពុជា​ ​ដើម្បី​ឲ្យ​លោក​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋា​ភិបាល​ចំពោះ​ករណី​លោក​សម រង្ស៊ី។

ការស្នើសុំ​នេះ​បាន​ធ្វើ​ឡើង​រយៈ​ពេល​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ ​ក្រោយ​ពី​តុលាការ​ក្រុង​ភ្នំពេញបាន​បើក​សវនាការ​ជំនុំជម្រះ​ប្រឆាំង​លោក​សម រង្ស៊ី ​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​ឯកសារ​សារធារណៈ​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ ​ទាក់ទង​នឹង​ផែនទី​ ​ដែល​លោក​សម រង្ស៊ី​បាន​ដាក់​បង្ហាញ​ថា​ ​បង្គោល​ព្រំដែន​លេខ​១៨៥​ ​លេខ​១៨៦ ​និង​លេខ​១៨៧​ បាន​បោះ​ចូល​ទឹកដី​ប្រទេស​កម្ពុជា។

តុលាការ​ក្រុង​ភ្នំពេញ​គ្រោង​នឹង​ប្រកាស​សាលក្រម​សម្រាប់ករណី​ថ្មី​នេះ​ ​នៅ​ថ្ងៃ​២៣ ​ខែ​កញ្ញា​ខាង​មុខ​នេះ។

នៅ​ក្នុង​លិខិត​របស់​លោកដែល​ចម្លង​ជូន​លោក​ហេង សំរិន​ ប្រធាន​រដ្ឋសភា​ និង​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​នោះ​ ​លោក​គង់ គាំ​បាន​សរសេរ​ថា​ ​លោក​សម រង្ស៊ី ​គ្មាន​កំហុស​ដូចការ​ចោទ​ប្រកាន់​របស់​តុលាការ​ទេ។

លោក​គង់ គាំ​បាន​មាន​ប្រសាសន៍​ប្រាប់​ VOA ​សំឡេង​សហ​រដ្ឋ​អាមេរិក​ថា​ លោក​សូម​ឲ្យ​លោក​ជា ស៊ីម មេត្តា​ពិនិត្យ​ ធ្វើ​អន្តរាគមន៍​ឲ្យ​រដ្ឋា​ភិបាលដក​ពាក្យ​បណ្តឹង​ ​និង​ជួយ​ធ្វើ​អន្តរាគមន៍​ឲ្យ​រដ្ឋ​សភា​ប្រគល់​អភ័យ​ឯកសិទ្ធិ​ដល់​លោក​សម រង្ស៊ី ​ដើម្បីចូលរួម​ពង្រឹង​លទ្ធិ​ប្រជាធិប​តេយ្យ ​និង​ពហុ​បក្ស​នៅ​កម្ពុជា។

«អត់​ប៉ះពាល់​ ​អត់​ជ្រៀត​ជ្រែក​ដល់​តុលាការ​ទេ។​ សុំ​ឲ្យ​អ្នក​ប្តឹង​ដែល​មិន​មាន​មូលដ្ឋាន​ត្រឹម​ត្រូវ​ហ្នឹង​ដក​ពាក្យ​បណ្តឹង​វិញ​ទាំងអស់​ទៅ​ ​ហើយ​រដ្ឋ​សភា​ផ្តល់​អភ័យ​ឯក​សិទ្ធិ​ជូន​លោក​ប្រធាន​សម រង្ស៊ី​វិញ»។

លោក​ជាម យៀប ​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​មាន​ប្រសាសន៍​ថា​ ​ករណី​របស់​លោក​សម រង្ស៊ី​ ​គួរតែ​រង់ចាំ​លទ្ធផល​ប្រកាស​សាលក្រម​របស់​តុលាការ​សិន។

លោក​បាន​មាន​ប្រសាសន៍​ថា​ ​ការ​យល់ព្រម ​ឬ​មិន​យល់ព្រមគឺជា​ឆន្ទៈ​របស់​លោក​ជា ស៊ីម​ ​ប្រធាន​ព្រឹទ្ធ​សភា​តែ​ប៉ុណ្ណោះ។

«​បើយោង​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ​ និង​ច្បាប់​ទាំងឡាយ​ ​ការសុំ​ប្រគល់​អភ័យ​ឯក​សិទ្ធិ ​ឬ​ក៏​លើក​លែង​ទោសនោះ​ ​យើង​ធ្វើ​ប៉ុណ្ណឹង​គឺថា​មិនអាច​ត្រឹមត្រូវ​តាម​ច្បាប់​បាន​ទេ»។

ចំណែក​អ្នកស្រី​ពុង ឈីវកេក​ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស ​LICADHO ​បាន​មាន​ប្រសាសន៍​ថា​ ​អ្នកស្រី​មិន​ចង់​ឲ្យ​មាន​ការ​ប្តឹង​ផ្តល់​គ្នា​ទេ។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា​ គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ ​ក្រោយ​ពី​មាន​ការបោះ​ឆ្នោត​ ​គួរតែ​ជជែក​គ្នា​ ​ដើម្បី​អភិវឌ្ឍប្រទេស​កម្ពុជា។

«នេះ​គឺជា​រូបមន្ត​មួយ​ដែល​អាច​ជួយ​ប្រទេស​យើង​អភិវឌ្ឍបាន​ឆាប់​ឡើង​ ​ព្រោះ​យើង​សព្វ​ថ្ងៃ​ត្រូវការ​ធនធាន​មនុស្ស។ ​ដូច្នេះ​ ​ខ្ញុំ​មិនចង់​ឲ្យ​មាន​ការ​ប្តឹង​ផ្តល់​អីទេ​ ​ព្រោះអី​យើង​ទាំង​អស់​គ្នា​ជា​ខ្មែរ​ ​អាច​ធ្វើ​ការ​ជា​មួយ​គ្នា​បាន»។

លោក​សម រង្ស៊ី ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ ​ដែល​កំពុង​ស្នាក់​នៅ​ឯ​ក្រៅប្រទេស​ ​ត្រូវ​បាន​តុលាការ​ ខេត្ត​ស្វាយរៀងកាត់ទោស​កម្បាំង​មុខ​កាល​ពី​ចុង​ខែមករាឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ប្រមាណ​ជាង​៦០​លាន​រៀល​ ជាមួយ​និង​ប្រជា​ពលរដ្ឋ​ចំនួន​ពីរ​រូប​ផ្សេង​ទៀត។

ការ​កាត់ទោស​នេះ​ធ្វើឡើង​ ​ក្រោយ​ពី​តុលាការ​បាន​រក​ឃើញ​ថា​ ​លោក​សម រង្ស៊ី​ ជាប់​ពាក់​នឹង​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥​ រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម​ និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​ជាតិ​សាសន៍។

ប្រសិន​ណា​បើ​តុលាការ​ក្រុង​ភ្នំពេញ​រកឃើញ​ទោសកំហុស​មួយ​ករណី​ថ្មី​ទៀត​ពី​បទ​ក្លែង​ឯកសារ​សាធារណៈ​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ ​នោះ​លោក​សម រង្ស៊ី​នឹង​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​យ៉ាង​ច្រើន​បំផុត​រយៈ​ពេល​១៨​ឆ្នាំ៕

XS
SM
MD
LG