ក្រុមអ្នកតំណាងរាស្រ្តគណបក្សប្រឆាំងនឹងធ្វើរបាយការណ៍ជាផ្លូវការជូនលោកហេង សំរិន ប្រធានរដ្ឋសភាអំពីបញ្ហាបោះបង្គោលព្រំដែននៅចុងសប្ដាហ៍នេះ។ ការបោះបង្គោលព្រំដែនរវាងកម្ពុជានិង វៀត ណាមនៅស្រុកមេមត់ខេត្តកំពង់ចាមត្រូវបានគណបក្សប្រឆាំងចោទប្រកាន់ថាធ្វើឱ្យបាត់បង់ដីកម្ពុជាចំនួន១៤ភូមិ។ ក៏ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានបដិសេធនិងបានព្រមានថានឹងចាត់វិធានការតាមផ្លូវច្បាប់ប្រសិន ណាគណបក្សប្រឆាំងរាយការណ៍ខុសពីការពិត។
លោកសុន ឆៃ ប្រធានក្រុមអ្នកតំណាងរាស្រ្តគណបក្សប្រឆាំងនៅថ្ងៃពុធនេះបានមានប្រសាសន៍ថា គណបក្សរបស់លោកនឹងធ្វើរបាយការណ៍ជាផ្លូវការមួយជូនលោកហេង សំរិន ប្រធានរដ្ឋសភានៅចុងសប្តាហ៍នេះក្រោយពីខ្លួនបានចុះទៅពិនិត្យមើលបង្គោលព្រំដែនកាលពីសបា្តហ៍មុន។
លោកសុន ឆៃ បានមានប្រសាសន៍ថា របាយការណ៍ដែលលោកគ្រោងនឹងដាក់បង្ហាញជាផ្លូវការនោះ រួមមានខ្សែវីដេអូមួយឈុត រូបថត និងឯកសារមួយចំនួនពាក់ព័ន្ធទៅនឹងការបោះបង្គោលព្រំដែននៅស្រុកមេមត់ ខេត្តកំពង់ចាម។
លោកបានមានប្រសាសន៍ទៀតថា ការបោះបង្គោលព្រំដែនលេខ១០៥ ១០៦ ១០៨ និង១០៩ បានធ្វើឲ្យដីស្រែកម្ពុជាចំនួន១៤ភូមិ បានរអិលចូលក្នុងបូរណភាពទឹកដីរបស់ប្រទេសវៀតណាម។
«ពេលយើងចុះទៅហ្នឹង របាយការណ៍អំពីការបាត់ភូមិហើយក្នុងនោះយើងយោងទៅលើផែនទីរដ្ឋបាលដែលត្រូវបានរដ្ឋាភិបាលចែកជូនទៅតាមក្រុមប្រឹក្សាស្រុកដើម្បីប្រើប្រាស់ជាភស្តុតាងនៃការបាត់ភូមិពាក់ព័ន្ធទៅនឹងពលរដ្ឋដែលបានទាមទារថា បានបាត់បង់ដីធ្លីរបស់គាត់»។
កាលពីថ្ងៃអង្គារ៍សប្តាហ៍មុននេះគណបក្សប្រឆាំងបានដឹកនាំគណៈប្រតិភូមួយក្រុមទៅមើលបង្គោលព្រំដែនលេខ១០៨និង១០៩ និងបានសន្យាថានឹងធ្វើរបាយការណ៍មួយជូនរដ្ឋសភាអំពីការបោះតម្រុយបង្គោល ព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសវៀតណាម។
ក្រោយពីបានពិនិត្យមើលបង្គោលព្រំដែនលេខ១០៨ និង១០៩ គណបក្សប្រឆាំងបានបន្តទៅពិនិត្យមើលបង្គោលព្រំដែនលេខ១០៣ ក៏ប៉ុន្តែត្រូវបានកងទ័ពវៀតណាមមកហាមឃាត់។
លោកសុន ឆៃ បានមានប្រសាសន៍ថា លោកនឹងផ្ញើខ្សែវីដេអូអំពីសកម្មភាពរបស់វៀតណាមដែលបានមករារំាងអ្នកតំណាងរាស្រ្តគណបក្សសម រង្ស៊ីនៅលើទឹកដីប្រទេសកម្ពុជាជូនរដ្ឋាភិបាល។
«ចង់ផ្ញើរបាយការណ៍នោះ ដើម្បីឲ្យរដ្ឋាភិបាលមានវិធានការជាមួយនឹងអាជ្ញាធរវៀតណាម។ មួយទៀតគឺចំណុចដែលយើងរកឃើញ GPS ដែលបានប្រើប្រាស់នៅចំណុចបង្គោលព្រំដែនដែលយើងទៅដល់ អ្នកឯកទេសយើងកំពុងធ្វើការរឿងហ្នឹង»។
លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការដោះស្រាយវិវាទព្រំដែនរបស់រដ្ឋាភិបាល បានមានប្រសាសន៍ថា លោករង់ចាំមើលរបាយការណ៍ជាផ្លូវការរបស់គណបក្សប្រឆាំងជាមុនសិន។
លោកវ៉ា គឹមហុង បានព្រមានថាប្រសិនសេចក្តីរាយការណ៍ណាមួយខុសពីការពិតនឹងចាត់វិធានការតាមផ្លូវច្បាប់។
«មិនទាន់ដឹងអ្វីផង ចោទថា បាត់នេះ បាត់នោះ ដូចឯកឧត្តមសម រង្ស៊ី ចោទយើង ១៨៥ ១៨៦ ១៨៧ហ្នឹង ថាបាត់។ អាហ្នឹងខ្ញុំប្រយ័ត្ន ក្រែងលោគាត់យកបច្ចេកទេសមិនត្រឹមត្រូវយកមកគណនា យក ផែនទីខុសមកគណនានាំរឿងរ៉ាវទៀតហើយ»។
លោកវ៉ា គឹមហុង មានប្រសាសន៍ថា ការបោះបង្គោលព្រំដែនមិនបានធ្វើឲ្យទឹកដីកម្ពុជាបានបាត់បង់ ទេ ពីព្រោះការបោះបង្គោលព្រំដែននេះ គឺយើងធ្វើនៅលើដីមិនមែនបោះនៅលើអាកាសទេ។
ប្រទេសកម្ពុជា និងប្រទេសវៀតណាម មានព្រំដែនគោកជាមួយគ្នាប្រហែងជាង១.២០០គីឡូម៉ែត្រ ហើយប្រទេសទាំងពីរ ត្រូវការបោះបង្គោលព្រំដែនចំនួន៣៧៥បង្គោល ក៏ប៉ុន្តែរហូតមកដល់ពេលនេះ បោះបានប្រមាណជាង២០០បង្គោលប៉ុណ្ណោះ។
ប្រទេសទាំងពីរបានសន្យាថា នឹងបោះបង្គោលព្រំដែនឲ្យចប់សព្វគ្រប់នៅឆ្នាំ២០១២ខាងមុខនេះ។
កាលពីថ្ងៃសុក្រ សបា្តហ៍មុនប្រទេសកម្ពុជា និងប្រទេសវៀតណាម បានសម្រេចយកក្រុមហ៊ុន Blom Geomatics មកពីប្រទេសណ័រវេស្ស៍ សម្រាប់បោះពុម្ពផែនទី ដើម្បីកំណត់ព្រំដែននៃប្រទេសទាំងពីរ បន្ទាប់ពី ប្រទេសទាំងពីរមានជម្លោះអំពីបញ្ហាព្រំដែននេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ៕