តាមរយៈលោក ហេង សំរិន ប្រធានរដ្ឋសភា អ្នកតំណាងរាស្រ្តមួយក្រុមរបស់គណបក្សប្រឆាំងបានសរសេរលិខិតមួយច្បាប់ជួនលោក ឌិត មុន្ទី ប្រធានតុលាការកំពូល និងជាប្រធានក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ដើម្បីឲ្យពិនិត្យ និងមានវិធានការចំពោះលោក លឹម សុគន្ធា ចៅក្រមស៊ើបអង្កេតនៃសាលាដំបូងខេត្តកណ្តាល ក្នុងការសម្រេចឃុំខ្លួនសកម្មជនគណបក្សសម រង្សី មួយរូបដោយមិនឈរលើមូលដ្ឋានច្បាប់។
នៅក្នុងលិខិតមួយច្បាប់របស់អ្នកតំណាងរាស្រ្តនៃគណបក្សប្រឆាំងដែលមានស្នាមចុះហត្ថលេខាចំនួនប្រាំមួយរូប បានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកញ្ញា លោក លឹម សុគន្ធា ចៅក្រមស៊ើបអង្កេតនៃសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនលោក មឹក ជា បន្ទាប់ពីបានធ្វើការសាកសួរពីបទផ្តើមគំនិតប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដែលបានប្រព្រឹត្តនៅស្រុកគៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១១ និងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១១នេះ។
កាលពីចុងខែសីហាកន្លងទៅនេះ លោក មឹក ជា សកម្មជនគណបក្សប្រឆាំង បានចូលរួមតវ៉ាជម្លោះដីធ្លីមួយនៅស្រុកគៀនស្វាយ ខេត្តកណ្តាល និងតវ៉ានៅសួនប្រជាធិបតេយ្យនៅភ្នំពេញ។ ការតវ៉ានេះត្រូវបានធ្វើឡើងដើម្បីប្រឆាំងជំទាស់នឹងរឿងក្តីមួយដែលតុលាការខេត្តកណ្តាលបានសម្រេចកាត់ក្តីឲ្យលោកប្រាក់ សាវុធ សមាជិក្រុមប្រឹក្សាខេត្តក្រចេះឈ្នះក្តីលើទំហំដីជាងសែសិបប្រាំពីរហិកតា ដែលបានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន១១៤គ្រួសារនៅស្រុកគៀនស្វាយ ខេត្តកណ្តាល។
វីអូអេសំឡេងសហរដ្ឋអាមេរិកផ្នែកភាសាខ្មែរមិនអាចទាក់ទងលោក ឌិត មុន្ទី ដើម្បីបំភ្លឺបានទេ។ ក៏ប៉ុន្តែលោក សឹន វីរៈ ជំនួយការលោក ឌិត មុន្ទី និយាយថា លោកមិនទាន់បានឃើញលិខិតអ្នកតំណាងរាស្រ្តគណបក្សប្រឆាំងចូលមកក្នុងតុលាការកំពូលទេ។
វីអូអេសំឡេងសហរដ្ឋអាមេរិកផ្នែកភាសាខ្មែរក៏មិនអាចទាក់ទងលោក លឹម សុគន្ធា ចៅក្រមស៊ើបអង្កេតនៃតុលាការខេត្តកណ្តាលទំនាក់ទំនងបានទេនៅថ្ងៃពុធនេះ។
ចំណែកលោក អ៊ិន វ៉ាន់វិបុល ប្រធានតុលាការខេត្តបាននិយាយថា សំណុំរឿងនេះកំពុងដំណើរការហើយ។
«រឿងហ្នឹងតុលាការកំពុងធ្វើការស៊ើបសួរ។ ខ្ញុំមិនចង់ឆ្លើយទេ។ ទុកឲ្យគេធ្វើការសិនទៅ»។
លោក យឹម សុវណ្ណ អ្នកតំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សសម រង្សី បាននិយាយថា ការចាប់ឃុំខ្លួនសកម្មជនគណបក្សសម រង្សី ក្នុងខេត្តកណ្តាល ជាហេតុផលនយោបាយមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ លោកបាននិយាយថា លោក មឹក ជា បានចេញការពារជូនប្រជាពលរដ្ឋមិនបានប្រព្រឹត្តិខុសតាមការចោទប្រកាន់របស់តុលាការនោះទេ។
«គ្មានទាល់តែសោះ គាត់ជួយប្រជាពលរដ្ឋ។ គាត់ទៅតុលាការ គាត់ឆ្លើយចំពោះមុខតុលាការថា គាត់ជួយប្រជាពលរដ្ឋ។ មិនមែនញុះញង់ចោទប្រកាន់បទព្រហ្មទណ្ឌ ដូចដែលពួកគណបក្សកាន់អំណាចហ្នឹង គេធ្វើដូច្នេះហ្នឹងទេ! ដូច្នេះ ត្រូវតែដោះលែងគាត់។ រកយុត្តិធម៌ឲ្យគាត់ មិនត្រូវធ្វើបាបគាត់បែបនេះទេ»។
លោក ចាន់ សាវ៉េត មន្ត្រីផ្នែកស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្ស អាដហុក បាននិយាយថា សមាគមរបស់លោក កំពុងតែតាមដករណីនេះ៕