ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​វាយ​ប្រហារ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម


លោក​ស្រី​ថាក់​ ឡាក់នី​តំណាង​រាស្រ្ត​គណបក្ស​សម​ រង្ស៊ី​ មណ្ឌល​កំពង់ចាម​ បាន​ចុះ​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​លេខ​ ១២៥​​​ រវាង​ កម្ពុជា​ និង​ វៀតណាម​។​
លោក​ស្រី​ថាក់​ ឡាក់នី​តំណាង​រាស្រ្ត​គណបក្ស​សម​ រង្ស៊ី​ មណ្ឌល​កំពង់ចាម​ បាន​ចុះ​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​លេខ​ ១២៥​​​ រវាង​ កម្ពុជា​ និង​ វៀតណាម​។​

អ្នក​តំណាង​រាស្រ្ត​គណបក្ស​សម រង្ស៊ី និង​ប្រជា​ពលរដ្ឋ​មួយ​ចំនួន បាន​អះអាង​ថា ការ​បោះ​បង្គោល​ព្រំដែន​លេខ​ ១២៥ និង ​១២៨ រវាង​កម្ពុជា និង​វៀតណាម នៅ​ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម បាន​រំលោភចូល​បូរណភាព​ទឹក​ដី​កម្ពុជា។ ក៏​ប៉ុន្តែ​មន្រ្តី​ជំនាញ​របស់​រដ្ឋាភិបាលខាង​កិច្ច​ការ​ព្រំដែន​បាន​បដិសេធ។

ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្បែរ​បង្គោល​ឡាក់​លេខ​ ១២៥ និង​ ១២៨ ដែល​មាន​ទី​តាំង​នៅ​ក្នុង​ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម អ្នក​តំណាង​រាស្រ្ត​គណបក្ស​សម រង្ស៊ី ចំនួន​៣រូប​ ព្រម​ទាំង​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​អះអាង​ថា ការ​បោះ​បង្គោល​ព្រំ​ដែន​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម បាន​រំកិល​ចូល​បូរណភាព​ទឹក​ដី​ប្រទេស​កម្ពុជា​។

លោក​ស្រី​ថាក់ ឡាក់នី តំណាង​រាស្រ្ត​មណ្ឌល​កំពង់ចាម​ ព្រម​ទាំង​អ្នក​តំណាង​រាស្រ្ត​ចំនួន​ពីរ​រូប​ផ្សេង​ទៀត ដែល​រួមមាន លោក​ម៉ៅ មុនីវណ្ណ និង​លោកជៀម ចន្នី បាន​ចុះ​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​លេខ ១២៥ ១២៦ ១២៧ និង ១២៨ ដែល​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាមបាន​បោះ​ក្នុង​រយៈ​ពេល​កន្លង​ទៅ​នេះ។

លោក​ស្រី​ថាក់ ឡាក់នី បាន​ថ្លែង​ថា បើ​តាម​ការ​រាយការណ៍​របស់​ប្រជា​ពលរដ្ឋ ​ដី​ស្រែ និង​ចំការ​របស់​ពួក​គេ​ចំនួន​៣​ភូមិ គឺ​ភូមិ​អន្លង់ជ្រៃ ភូមិ​តាអាំ និងភូមិ​ព្រះស្រែ ដែល​មាន​ទី​តាំង​ នៅ​ក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម បាន​បាត់​បង់។ លោក​ស្រី​បាន​បន្ត​ទៀត​ថា៖

«បើ​តាម​ខ្ញុំ​ពិនិត្យ​ពិត​ប្រាកដ​ទៅ ខ្ញុំ​មិន​មែន​ជា​អ្នក​បច្ចេកទេស​ទេ។ ក៏ប៉ុន្តែ​ខ្ញុំ​យល់​ថា ដី​ហ្នឹង ប្រហែល​ជា​ចូល​ដី​ខ្មែរ ដោយ​សារអី ដោយសារ​ផ្លូវ​ដែល​ខ្ញុំ​ចូល​ធ្វើ​ការ​តាំង​ពី​ឆ្នាំ​២០០១ ខ្ញុំ​ដើរ​ធ្វើ​ការ​ព្រោះ​ខ្ញុំ​ទ្រទ្រង់​នៅ​ស្រុក​ពញាក្រែក​នេះ ខ្ញុំ​ដើរ​ធ្វើ​ការ​រហូត​ទៅ​ដល់​ផ្ទះ​សម្តេច​ហេង សំរិន។ ថ្លុកត្រាច អន្លង់ក្រេះ ហើយ ​តាអាំ ពេញ​ហ្នឹង​ទាំង​អស់ គឺ​ក្នុង​ឃុំ​កក់​ទាំង​មូល ខ្ញុំ​លុកលុយ​ពេញ​ហ្នឹង​ទាំងអស់ ខ្ញុំ​ដឹង​ថា ទឹក​ដី​របស់​កម្ពុជា»។

បើ​តាម​ការ​អះអាង​របស់​អ្នកស្រុក​ខ្លះ​បាន​និយាយ​ថា បង្គោល​ព្រំដែន​លេខ​១២៥ ១២៦ ១២៧ និង១២៨ ដែល​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម​បាន​បោះ​នៅ​ក្នុង​រយៈ​ពេល​កន្លង​ទៅ​នេះ គឺស្ថិត​នៅ​ក្នុង​តំបន់​ ដែល​ជា​ស្រុក​កំណើត​របស់​លោក​ហេង សំរិន ប្រធាន​រដ្ឋ​សភា​របស់ប្រទេស​កម្ពុជា។

អ៊ំ​ប្រុស​មួយ​រូប​មាន​សក់​ព៌ណ​ស អាយុ​ប្រមាណ​៦៧ឆ្នាំ កំពុង​អង្គុយ​នៅ​លើ​អង្រឹង​ខាង​ក្នុង​ផ្ទះ​បាយ​មួយ បាន​ថ្លែង​ប្រាប់វីអូអេ​សំឡេង​សហរដ្ឋអាមេរិក ដោយ​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា កាល​ពី​ពេល​មិន​ទាន់​បោះ​បង្គោល​ព្រំដែន​លេខ ១២៥ ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម នៅ​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ​ពី​បង្គោល​ព្រំ​ដែន។ អ៊ំប្រុស​រូប​នោះ បាន​គិត​បន្តិច​រួច​យក​ដី​ច្រត់​ចង្កា ដែល​មាន​ផ្ទៃ​មុខ​ជ្រៀវ​ជ្រួញ​ដោយសារ​ភាព​ចាស់​ជរា​នោះ បាន​អះអាង​យ៉ាង​ដូច្នេះ​ថា៖

«ពីដើម​ព្រំដែន​នៅ​ប៉ុស្តិ៍​ត្នោត នៅ​កន្លែង​ខាង​កើត​ថ្នល់​ វា​បាត់ៗហើយ បាត់​ច្រើន​ណាស់»។

ចំណែក​អ៊ំស្រី​មួយ​រូប​ទៀត​អាយុ៦៦​ឆ្នាំ រស់​នៅ​ភូមិ​ថ្លុកត្រាច តាំងពី​អាយុ​១១ឆ្នាំ​មក​ម្លេះ​មាន​ប្រសាសន៍ថា​ អ៊ំ​ស្រី​បាន​បាត់​បង់​ដី​ស្រែ​មួយ​ចំនួន​ តាំងពី​ឆ្នាំ១៩៩៥ ដោយសារ​តែ​ភាគី​វៀតណាម​រំលោភ​យក ។ អ៊ំ​ស្រី​បាន​ថ្លែង​ដូច្នេះ​ថា៖

«ទាំង​អស់ ម៉ា​ភូមិ​ហ្នឹង​ណា៎ ១៥ ហិកតា។ កាល​ពីខ្ញុំ​ស្ទូង​ពីឆ្នាំ១៩៨៥ វារាំងឆ្នាំហ្នុង រាំងអត់​បាន​ទៅ​ស្ទូង ដល់​ទៅ​ស្ទូង​ដក​វា​អត់​ឲ្យ​យើង​ស្ទូង​ទេ។ ប៉ូលីស​ទៅក៏​មិន​ដឹង​ធ្វើ​ម៉េច​ទេ។ បាន​ទៅ​គេ​ហើយ។ និយាយ​មិន​សោក​ស្តាយ​ម៉េច។ មាន​ដី​ឯ​ណា ខ្ញុំ​នៅ​តាំង​ពី​អាយុ​១១ឆ្នាំ។ ឥឡូវ​ខ្ញុំ​៦៦ឆ្នាំ​ហើយ»។

បើ​ទោះ​បី​ជា​មាន​ការ​អះអាង​ពីក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង និង​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ក៏​ដោយ ក៏​លោក​វ៉ា គីមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​របស់​រដ្ឋាភិបាល​ បាន​ច្រាន​ចោល​ការ​លើក​ឡើង​ទាំង​នេះ។ លោក​វ៉ា គីមហុង បាន​មាន​ប្រសាសន៍​ថា ការ​បោះ​បង្គោល​ព្រំដែន​លេខ ១២៥ មិន​បាន​រំលោភ​ចូល​មក​បូរណភាព​ទឹក​ដី​របស់​ប្រទេស​កម្ពុជា​ទេ។

«ខ្ញុំ​គិតថា បើ​វា​ប៉ះ​ពាល់ មិន​មែន​គណបក្ស​ប្រឆាំង​ទៅ​ព្រួយ​ចិត្ត​ជំនួស​សម្តេច​ប្រធាន​រដ្ឋ​សភា​ទេ ព្រោះ​ភូមិ​គាត់ ភូមិ​កំណើត​គាត់​តាំងពី​ជំនាន់​សង្គម ជំនាន់​បារាំង​មក​ នៅ​តាំង​ពី​ណា​ពី​ណី​មក។ អ្នក​ដែល​ព្រួយ​ចិត្ត​ជាង​គេ គឺ​សម្តេច​ប្រធាន។ ប្រសិន​បើ​លោក​មិន​ព្រួយទេ សូម​អ្នក​នៅ​គណបក្ស​ប្រឆាំង​មិន​បាច់​ទៅ​ព្រួយ​ជំនួស​សម្តេចទេ»។

ប្រទេស​កម្ពុជា និង​ប្រទេសវៀតណាម ទើប​បាន​បោះ​បង្គោល​ព្រំដែន​ចំនួន​ ១៩១ ​បង្គោលតែ​ប៉ុណ្ណោះ នៅ​ក្នុង​ចំណោម​បង្គោល​សរុប​ចំនួន ៣៧៥ ​បង្គោល។

បើ​តាម​ការ​បញ្ជាក់​របស់​លោក​វ៉ា គីមហុង បាន​ឲ្យ​ដឹង​ថា ប្រទេស​ទាំង​ពីរនឹង​បោះ​បង្គោល​ព្រំដែន​ឲ្យ​បាន​ចប់​សព្វ​គ្រប់​នៅ​ក្នុង​ឆ្នាំ២០១២ ខាង​មុខ​នេះ៕

XS
SM
MD
LG