គណបក្សសម រង្ស៊ីបានអនុម័តយុទ្ធសាស្ត្រកំណែទម្រង់រចនាសម្ព័ន្ធ និងផែនការសកម្មភាពថ្មីរបស់ខ្លួនដើម្បីឈានទៅរកជ័យជំនះនៅក្នុងការបោះឆ្នោតព្រឹទ្ធសភា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតតំណាងរាស្ត្រនៅក្នុងឆ្នាំ២០១២ និងឆ្នាំ២០១៣ខាងមុខនេះ។ គណបក្សប្រជាជនកម្ពុជាបានហៅយុទ្ធសាស្ត្រថ្មីរបស់គណបក្សសម រង្ស៊ី មិនអាចយកឈ្នះគណបក្សប្រជាជនកម្ពុជាបានទេ។ អង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាបានមើលឃើញថា គណបក្សនីមួយៗបានប្រឹងប្រែងតាក់តែងយុទ្ធសាស្ត្ររៀងៗខ្លួន ដើម្បីឱ្យទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតខាងមុខនេះ។
លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនិទេសខ្លួន បានជួបប្រជុំជាមួយសមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍គណបក្សចំនួន១៥រូបនៅក្នុងទីក្រុងម៉ានិល កាលពីសប្តាហ៍មុនដែលបានអនុម័តយុទ្ធសាស្ត្រកំណែទម្រង់រចនាសម្ព័ន្ធ និងផែនការសកម្មភាពរបស់គណបក្ស ដើម្បីជំរុញឱ្យមានសន្ទុះថ្មីសម្រាប់ត្រៀមលក្ខណៈចូលរួមក្នុងការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០១២ និងការបោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ២០១៣ខាងមុខនេះ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានថ្លែងប្រាប់សន្និសីទកាសែតនៅទីស្តីការ គណបក្សថា គណបក្សសម រង្ស៊ីបានសម្រេចផ្លាស់ប្តូរមេដឹកនាំគណបក្សពីខេត្តមួយទៅខេត្តមួយ ដើម្បីបង្កើនឥទ្ធិពលគណបក្សនៅក្នុងចំណោមប្រជាពលរដ្ឋ។
«យើងធ្វើការផ្លាស់ប្តូរប្រធានគណបក្សខេត្តពីខេត្តមួយទៅខេត្តមួយ ដើម្បីចែករំលែកនូវបទពិសោធន៍។ ខេត្តខ្លះដែលមានបទពិសោធន៍ក្នុងការទាក់ទាញរកការគាំទ្រពីប្រជាពលរដ្ឋបានច្រើន នឹងទៅចែករំលែកបទពិសោធន៍នៅខេត្តមួយទៀត។ ហើយខេត្តមួយទៀតមកដកពិសោធន៍នៅខេត្តដែលទទួលបានជ័យជំនះ។ នេះជារបៀបធ្វើការដែលចែករំលែកនូវបទពិសោធន៍ និងមេរៀនល្អៗសម្រាប់ឈានទៅរកការរីកចម្រើនក្នុងការប្រមូលការគាំទ្រពីប្រជាពលរដ្ឋ»។
លោកជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងជាមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា បានថ្លែងថា យុទ្ធសាស្ត្រថ្មីរបស់គណបក្សសម រង្ស៊ីនេះមិនអាចយកឈ្នះគណបក្សប្រជាជនកម្ពុជាបានទេ។
«យើងខ្ញុំមានរចនាសម្ព័ន្ធតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ យ៉ាងរឹងមាំហើយ។ គណបក្សសម រង្ស៊ីចង់ផ្លាស់ប្តូរប្រធានគណបក្សពីខេត្តមួយទៅខេត្តមួយ។ យើងអត់មានព្រឺសម្បុរ ឬក៏ខ្លាចរអែងគណបក្សសម រង្ស៊ីទេ។ ចាប់ពីពេលនេះទៅ គណបក្សប្រជាជនកម្ពុជារៀបចំបណ្តើរៗនូវយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់ដើរពី២០១៣ទៅ២០១៨ខាងមុន និងមានទិសដៅតទៅមុខទៀត»។
លោកហង្ស ពុទ្ធា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត NICFEC បានបញ្ជាក់ថា គណបក្សនីមួយៗសុទ្ធតែបានប្រឹងប្រែងកែទម្រង់ ឬកែសម្រួលនូវកិច្ចការផ្ទៃក្នុង និងយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីទាក់ទាញការគាំទ្រពីប្រជាពលឱ្យបានកាន់តែប្រសើរឡើង។
«គណបក្សសម រង្ស៊ី ប្តូរយុទ្ធសាស្ត្រ បានន័យថា ប្តូរតំណាងខេត្តនីមួយៗរបស់ខ្លួន ដើម្បីឱ្យមាន ពិសោធន៍ផង និងជាយុទ្ធសាស្ត្រផង។ ខ្ញុំគិតថា នេះជាមធ្យោបាយមួយប្រសើរជាងមុន ហើយមិនមែនតែគណបក្សសម រង្ស៊ីទេ។ យើងឃើញថា ស្ថាប័នរដ្ឋាភិបាល និងគណបក្សកាន់អំណាចតែងតែធ្វើការផ្លាស់ប្តូរ ដើម្បីឱ្យមានបទពិសោធន៍ផង និងការរៀបចំយុទ្ធសាស្ត្រថ្មីចំពោះមុខផង ដើម្បីធានាទៅរកជ័យជម្នះនៅថ្ងៃបោះឆ្នោត»។
លោកហង្ស ពុទ្ធាបានបន្ថែមថា ការផ្លាស់ប្តូរទីកន្លែងការងាររបស់មេដឹកនាំគណបក្សប្រចាំខេត្ត ពីខេត្ត មួយទៅខេត្តមួយទៀត អាចមានការប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ ដោយសារតែគណបក្សសម រង្ស៊ី ខ្វះខាតធនធានហិរញ្ញវត្ថុ៕