ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​គណបក្ស​ប្រឆាំង​ទៅ​រកការ​គាំទ្រ​ពី​ប្រទេស​អាល្លឺម៉ង់


លោក សម រង្ស៊ី​ ជួប​ជាមួយ​លោក​បណ្ឌិត ណូរប៊ែរ៍ត ឡាំប៊ែរ៍ត (Dr. Norbert Lambert) ប្រធាន​សភា​អាល្លឺម៉ង់។
លោក សម រង្ស៊ី​ ជួប​ជាមួយ​លោក​បណ្ឌិត ណូរប៊ែរ៍ត ឡាំប៊ែរ៍ត (Dr. Norbert Lambert) ប្រធាន​សភា​អាល្លឺម៉ង់។

លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សម រង្ស៊ី ​បាន​បំពេញ​ទស្សន​កិច្ច​រយៈពេល​ពីរ​ថ្ងៃ​កាលពី​ថ្ងៃ​ពុធ​និង​ថ្ងៃ​ព្រហស្បតិ៍​នៅ​ប្រទេស​អាល្លឺម៉ង់​ដោយ​ជួប​ជា​មួយ​ថ្នាក់​ដឹកនាំសភា​និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​សម្រាប់​កិច្ចការ​អន្តរជាតិ​ដើម្បីទាក់​ទាញរក​ការ​គាំទ្រ​ពី​ប្រទេស​អាល្លឺម៉ង់។

លោក​សម រង្ស៊ី​បាន​បញ្ជាក់​ប្រាប់​វីអូអេ ​សំឡេង​សហរដ្ឋ​អាមេរិក​តាម​ទូរស័ព្ទ​ថា​ មាន​បញ្ហា​ជា​ច្រើន​ដែល​ប្រទេស​អាល្លឺម៉ង់​យកចិត្ត​ទុក​ដាក់​ ជា​ពិសេស​ការ​បោះឆ្នោត​ឱ្យ​មាន​តម្លាភាព។

«រដ្ឋាភិបាល​អាល្លឺម៉ង់​ ដូច​រដ្ឋាភិបាល​នៅ​សហរដ្ឋ​អាមេរិក​អញ្ចឹង។​ គេចាប់​អារម្មណ៍​ណាស់​អំពី​ចលនា​ប្រជា​ពលរដ្ឋ​បះបោរ​នៅ​ទ្វីប​អាហ្រ្វិក​ខាងជើង​ ហើយ​គេ​អាច​នឹង​មាន​ការព្រួយ​បារម្ភ​ថា​ ព្រឹត្តិការណ៍​បែប​នេះ​អាច​កើត​មាន​ឡើង​នៅ​ប្រទេស​ផ្សេងៗ​ក្នុង​ពិភព​លោក​ ដូចជា​ប្រទេស​កម្ពុជា​ បើ​ប្រជាពលរដ្ឋ​គ្មាន​សិទ្ធិ​បោះឆ្នោត​ត្រឹមត្រូវ ​បើ​ការ​បោះឆ្នោត​ម្តងៗ​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត ​បំបាត់​សន្លឹក​ឆ្នោត ​ហើយ​ប្រជា​ពលរដ្ឋ​បោះឆ្នោត​ចង់​ផ្លាស់​ប្តូរ​មេ​ដឹកនាំ​ ​តែ​ផ្លាស់​ប្តូរ​មិនបាន​ ដោយ​សារ​មេដឹកនាំ​ផ្តាច់ការ​ចេះ​តែ​លួចបន្លំ​សន្លឹក​ឆ្នោត​ ចេះ​តែ​ដណ្តើម​យក​ជោគជ័យ​ ប៉ុន្តែ​ជោគជ័យ​ក្លែងក្លាយ​ ជោគជ័យ​លួច​បន្លំ​សន្លឹកឆ្នោត​ ដែល​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ក្តៅ​ក្រហាយ​ បះបោរ ​អស់​មាន​ជំនឿ​លើ​ការ​បោះឆ្នោត ហើយ​យល់​ឃើញ​ថា ​មាន​ផ្លូវ​តែ​មួយគត់​គឺ​បះបោរ​ ធ្វើ​បាតុកម្ម​តាម​ផ្លូវ។​ គេចង់​ជៀសវាង​ មិន​ចង់​ឱ្យ​មាន​ព្រឹត្តិការណ៍​ បែប​ហ្នឹង​ទេ ​បើ​មិន​អញ្ចឹង​ទេ​ វា​មាន​អំពើ​ហិង្សា»។

លោក​សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​គាំ​ទ្រ​នៅ​ជិត​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិកកាល​ពី​ចុងខែ​កុម្ភៈ​កន្លង​ទៅ​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​ស្វែង​រក​ការ​គាំទ្រ​ស្រដៀង​គ្នា​ននេះ​ដែរ។
លោក​សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​គាំ​ទ្រ​នៅ​ជិត​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិកកាល​ពី​ចុងខែ​កុម្ភៈ​កន្លង​ទៅ​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​ស្វែង​រក​ការ​គាំទ្រ​ស្រដៀង​គ្នា​ននេះ​ដែរ។

ដូចគ្នា​នឹង​កាល​ពី​ធ្វើ​ដំណើរ​ កាល​ពី​ចុងខែ​កុម្ភៈមក​ទស្សន​កិច្ច​នៅ​ទីក្រុង​វ៉ាស៊ីនតោន ​សហរដ្ឋ​អាមេរិក​ លោកសម រង្ស៊ី​បាន​ធ្វើការ​ព្រមាន​ថា ​បញ្ហា​អយុត្តិធម៌​សង្គម​ ដែល​កំពុង​កើត​មាន​នៅ​ប្រទេស​កម្ពុជា​ ​ដូច​ជា​ភាពក្រីក្រ​ អំពើ​ពុករលួយ ​ការរឹបអូស​យក​ដីធ្លី​របស់​ប្រជា​ពលរដ្ឋ​ និង​ការ​បិទ​សិទ្ធិ​សេរីភាព នឹង​អាច​នាំ​ឱ្យ​មាន​បដិវត្តន៍​ថ្មី​មួយ​ទៀត​ ដូច​ចលនា​ផ្លាស់​ប្តូរ​ដែល​កំពុង​កើត​ឡើង​នៅ​ពិភព​អារ៉ាប់។

ប៉ុន្តែ​ការ​លើកឡើង​នេះ​ត្រូវ​បាន​អ្នក​ការទូត​ខ្មែរ​បដិសេធ។

លោក​ហែម ហេង ​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​ បាន​ប្រាប់​វីអូអេ​ សំឡេង​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ការណ៍​ដែល​លោក​សម រង្ស៊ី​ចង់​ទាញ​សភាព​ការណ៍​នៅ​មជ្ឈិម​បូព៌ា​ឱ្យ​ទៅ​ស្រុកខ្មែរ​គឺ​ជា​គ្រោះថ្នាក់​មួយ​ ហើយ​វា​ដើរ​ផ្ទុយ​នឹង​ចរន្តនាពេល​បច្ចុប្បន្ន។

«ខ្ញុំគិត​ថា ​នេះ​ជា​ចេតនា​មួយ​ដ៏​អាក្រក់ ​ពីព្រោះ ឥឡូវនេះ​កម្ពុជា​យើង​ទទួល​បាន​ឯកភាព​ជាតិ​ ទទួល​បាន​សន្តិភាព​ ទទួល​បាន​សុវត្ថិភាព ​សន្តិសុខ ​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច។​ ប្រសិន​គាត់​ចង់​ឱ្យ​កម្ពុជា​ធ្វើ​ដូចជា​ប្រទេស​មួយ​ចំនួន​នៅ​មជ្ឈិម​បូព៌ា​គឺ​គាត់​ចង់​ឱ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​នរក​មួយ​សារ​ទៀត​ហើយ​ ពីព្រោះ​ខ្មែរ​យើង​ឆ្អែតឆ្អន់​នឹង​សង្គ្រាម ឆ្អែតណាស់​នឹង​សង្គ្រាម។ ដូច្នេះ​ហើយ​យើង​ធ្វើយ៉ាង​ណា​ដើម្បី​បញ្ចៀស​នូវ​សង្គ្រាម ​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច»។

លោក​ហែម ហេង​ក៏​បាន​បញ្ជាក់​បន្ថែម​ថា​ ការ​ប្រើ​កម្លាំង​ប្រជា​ពលរដ្ឋ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​តាម​រយៈ​បាតុកម្ម​ជា​ទង្វើ​មួយ​មិន​ប្រជា​ធិបតេយ្យ។

បច្ចុប្បន្ន​ លោកសម រង្ស៊ី​ កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង ​ដោយសារ​តែ​រឿង​ក្តីក្តាំ​នៅ​ក្នុង​តុលាការ​កម្ពុជា​ពាក់​ព័ន្ធ​នឹង​រឿង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ​ដោយ​ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១២​ឆ្នាំ។

ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០១២​និង​ការ​បោះឆ្នោត​សភា​នៅ​ឆ្នាំ​២០១៣​ ហើយ​លោក​សម រង្ស៊ី​អាច​នឹង​បាត់​បង់​ឱកាស​ចូលរួម​ការ​បោះឆ្នោត​នេះ​ព្រោះ​ច្បាប់​បោះឆ្នោត​ប្រទេស​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​អ្នក​មាន​ទោស​ឈរឈ្មោះ​បោះឆ្នោត​ទេ។​ ក្រុម​អ្នក​វិភាគ​នានា​យល់​ថា ​ករណី​លោក​សម រង្ស៊ី​គួរ​ដោះ​ស្រាយ​ឱ្យ​បាន​ឆាប់​ដើម្បី​ធានា​ឱ្យ​មាន​ការ​បោះឆ្នោត​មួយ​ដែល​មាន​ការ​ទទួលស្គាល់​ជា​អន្តរជាតិ៕

XS
SM
MD
LG