សមត្ថកិច្ចប៉ូលិសប្រដាប់ដោយកាំភ្លើង និងប្រជាពលរដ្ឋក្នុងតំបន់ច្រើនរាប់រយនាក់បានរារាំងក្រុម អ្នកតំណាងរាស្រ្តគណបក្សប្រឆាំងចំនួន២០រូប មិនឱ្យចុះទៅពិនិត្យតម្រុយបង្គោលព្រំដែនលេខ២៧០ ដែលសង្ស័យថា អាជ្ញាធរវៀតណាមបានបោះចូលមកក្នុងប្រទេសកម្ពុជាក្នុងខេត្តតាកែវ។ ការរារាំងនេះមិនបណ្តាលឱ្យភាគីណាមួយទទួលរងរបួសនោះទេ។
លោក ហេង រស្មី ដែលបានចុះទៅដល់តំបន់មានទំនាស់នោះធ្វើសេចក្ដីរាយការណ៍ដូចតទៅ៖
ក្រុមអ្នកតំណាងរាស្រ្តគណបក្សប្រឆាំងចំនួន២០រូប រួមទាំងប្រជាពលរដ្ឋដែលគាំទ្រគណបក្ស ប្រឆាំងផង ត្រូវបានក្រុមមន្រ្តីប៉ូលិសប្រដាប់ដោយកាំភ្លើងស័្វយប្រវត្តិ និងអ្នកស្រុកនៅក្នុងតំបន់ជាច្រើនរាប់រយនាក់បានរារាំងមិនឲ្យទៅមើលតម្រុយបង្គោលព្រំដែនលេខ២៧០ដែលសង្ស័យថា អាជ្ញាធរវៀតណាមបានបោះរំលោភចូលមកលើបូរណភាពទឹកដីរបស់ប្រទេសកម្ពុជានៅក្នុងខេត្តតាកែវ។
បើតាមសាក្សីឃើញផ្ទាល់ភ្នែកបានអះអាងថា ពុំមានចំនួនមនុស្សណាម្នាក់ទទួលរងរបួសនៅក្នុង ការប៉ះទង្គិចគ្នានេះទេ ដោយគ្រាន់តែក្រុមប្រជាពលរដ្ឋ និងសមត្ថកិច្ចបានព្យាយាមរុញច្រានក្រុមអ្នកតំណាងរាស្រ្តមិនឲ្យឆ្លងកាត់ស្ពានមួយកន្លែងនៃស្រុកកោះអណ្តែតតែប៉ុណ្ណោះ។
"- កន្លែងខ្ញុំជាកន្លែងប្រជាពលរដ្ឋ។
- និយាយមិនត្រឹមត្រូវ។
- មិនត្រឹមត្រូវដូចគ្នា។ លិខិតអនុញ្ញាតបេសកកម្មរបស់រដ្ឋាភិបាលនៅឯណា? បើគ្នានលិខិតបេសកកម្មរបស់រដ្ឋាភិបាល ខ្ញុំមិនឲ្យទៅ។ ខ្ញុំហាមឃាត់។ ខ្ញុំជាតំណាងប្រជាពលរដ្ឋ ខ្ញុំមិនឲ្យទៅ"។
ការប្រឈមមុខគ្នានេះនៅតាមបណ្តោយផ្លូវលំប្រមាណជាង៧០គីឡូម៉ែត្រពីថ្នល់ជាតិឆ្ពោះទៅតម្រុយបង្គោលព្រំដែនលេខ២៧០ដែលប្រទេសកម្ពុជា និងប្រទេសវៀតណាមបានទើបតែបោះកាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅនេះ នៅស្រុកបូរីជលសា ខេត្តតាកែវ។
អាជ្ញាធរបានព្យាយាមរាំងខ្ទប់ក្បួនម៉ូតូរបស់ប្រជាពលរដ្ឋ ដែលគាំទ្រគណបក្សប្រឆាំង និងបាន ដាក់គោយន្តនៅលើស្ពានចំនួន៣កន្លែងផ្សេងៗគ្នា ដើម្បីរាំងខ្ទប់ក្បួនធ្វើដំណើរនេះ។
អ្នកតំណាងរាស្រ្តនិងអ្នកគាំទ្រគណបក្សសម រង្ស៊ី មួយចំនួនបានសម្រេចចិត្តដើរចុះកាត់ប្រឡាយ ដែលមានជម្រៅទឹកត្រឹមចង្កេះនៅត្រង់ប្រឡាយលេខ៩៩ ដើម្បីដើរឆ្ពោះទៅតម្រុយបង្គោលព្រំដែនលេខ២៧០។
ក៏ប៉ុន្តែក្បួនរបស់គណបក្សប្រឆាំងនេះមិនបានទៅដល់គោលដៅទេគឺនៅសល់តែ២គីឡូម៉ែត្រតែ ប៉ុណ្ណោះត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចរាំងខ្ទប់មួយជាន់ទៀត។
លោកយឹម សុវណ្ណ អ្នកតំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សប្រឆាំង បានថ្លែងប្រាប់ក្រុម អ្នកកាសែតថា ការរារាំងរបស់អាជ្ញាធរមានសមត្ថកិច្ចនេះ ហាក់បីដូចជារដ្ឋាភិបាលកំពុងតែបិទបាំងចំពោះការបោះបង្គោលព្រំដែននេះ។
លោកយឹម សុវណ្ណ បានលើកឡើងទៀតថា នេះគឺជាទង្វើខុសច្បាប់ និងរំលោភទៅលើសិទ្ធិរបស់ អ្នកតំណាងរាស្រ្ត។
"នេះជាការគំរាមកំហែង។ បើថាមែនទែនទៅ គឺអាជ្ញាធរហ្នឹង ត្រូវចាត់វិធានការ បើឃើញប្រជា ពលរដ្ឋរារាំងបែបនេះ គឺធ្វើឲ្យខុសច្បាប់។ យើងរារាំងការបំពេញភារកិច្ចរបស់អ្នកតំណាងរាស្រ្ត អាហ្នឹងខុសច្បាប់ទាំងស្រុង។ អាជ្ញាធរត្រូវដោះស្រាយបញ្ហាហ្នឹង ត្រូវដេញប្រជាពលរដ្ឋចេញពីផ្លូវ ប៉ុន្តែផ្ទុយទៅវិញ គេនាំគ្នាការពារប្រជាពលរដ្ឋ។ គេទុកឲ្យពួកដែលស៊ីឈ្នួលគណបក្សប្រជាជនធ្វើអ្វីតាមតែអំពើចិត្ត"។
មន្រ្តីគណបក្សប្រឆាំង និងពលរដ្ឋមួយចំនួនបានចោទប្រកាន់ថា ការបោះតម្រុយបង្គោលព្រំដែន លេខ២៧០ នៅស្រុកបូរីជលសា ខេត្តតាកែវនេះ បានធ្វើឲ្យប៉ះពាល់ដល់ដីស្រែចម្ការរបស់ពួកគេ។
ក៏ប៉ុន្តែបើតាមការបញ្ជាក់របស់ប្រជាពលរដ្ឋមួយចំនួន ដែលបានប្រាប់ក្រុមអ្នកសារព័ត៌មាន អ្នកខ្លះបានអះអាងថា ការបោះតម្រុយបង្គោលព្រំដែននេះ មិនបានបាត់បង់ដីស្រែរបស់ពួកគេទេ ក៏ប៉ុន្តែប្រជាពលរដ្ឋ មួយចំនួនទៀតបានអះអាងផ្ទុយពីនោះ ដោយពួកគេបាននិយាយថា បានបាត់បង់ដីស្រែចំនួន២០កុង គឺស្មើនឹងប្រមាណជិត៣ហិកតា។
ចំណែកលោកវ៉ា គឹមហុង ប្រធានគណៈកម្មាធិការដោះស្រាយវិវាទព្រំដែនរបស់រដ្ឋាភិបាលបាន និយាយថា ការបោះតម្រុយបង្គោលព្រំដែននេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរធ្វើជាលក្ខណៈចំហ យើងមិនធ្វើជាលក្ខណៈលាក់លៀមទេ។ លោកបានមានប្រសាសន៍ថា តម្រុយបង្គោលព្រំដែនលេខ២៧០នេះ មិនបានប៉ះពាល់ដីស្រែរបស់កសិករទេ។
"បង្គោល២៧០អត់មានអីលាក់លៀមទេ។ អ្វីដែលយើងមានវិធានការថ្មីៗនេះ យើងបារម្ភកុំឲ្យទៅ ប៉ះពាល់ ដូចឯកឧត្តមសម រង្ស៊ី នៅឆ្នាំទៅ ទៅដកបង្គោល ទៅនំាប្តឹងផ្តល់ទៅវិញ។យើងអត់ចង់អញ្ចឹងទេ"។
ប្រទេសកម្ពុជា និងប្រទេសវៀតណាមនឹងបោះបង្គោលព្រំដែនចំនួន៣៧៥បង្គោល ហើយ បច្ចុប្បន្ននេះ ទើបតែបោះបានប្រមាណ១៩០បង្គោលតែប៉ុណ្ណោះ។ លោកវ៉ា គឹមហុងបានមានប្រសាសន៍ថា ប្រទេសទាំងពីរនឹងបញ្ចប់ដំណើរការបោះបង្គោលព្រំដែននេះឲ្យបានចប់សព្វគ្រប់នៅឆ្នាំ២០១២ខាង មុខនេះ។
រាយការណ៍ពីស្រុកបូរីជលសា ខេត្តតាកែវ ខ្ញុំ ហេង រស្មី VOA សម្លេងសហរដ្ឋអាមេរិក៕