មន្រ្តីគណៈបក្សប្រឆាំង និងមន្រ្តីអង្គការសង្គមស៊ីវិលបានរិះគន់ថា លិខិតឆ្លើយតបរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនមិនសមហេតុផលនិងមិនបានអង្កេតឲ្យបានគ្រប់ជ្រុងជ្រោយ។ ការរិះគន់នេះបានកើតឡើងបន្ទាប់ពីលោកហ៊ុន សែនសរសេរលិខិតឆ្លើយតបមួយទៅអ្នកតំណាងរាស្រ្តគណៈបក្សប្រឆាំងចំនួន៧រូបថា ទំនាស់ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនឧកញ៉ាលី យ៉ុងផាត់នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺបណ្តាលមកពីអ្នកនយោបាយឱកាសនិយមនិងក្រុមសង្គមស៊ីវិលមួយចំនួនជាអ្នកញុះញ៉ង់។
មន្រ្តីគណៈបក្សប្រឆាំង និងមន្រ្តីអង្គការសង្គមស៊ីវិលបានសម្តែងការមិនពេញចិត្តចំពោះលិខិតឆ្លើយតបមួយច្បាប់របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនជុំវិញរឿងទំនាស់ដីធ្លីដ៏ចម្រូងចម្រាសរវាងលោកឧកញ៉ាលី យ៉ុង ផាត់ សមាជិកព្រឹទ្ធសភាខាងគណៈបក្សប្រជាជនកម្ពុជាដ៏មានឥទ្ធិពលមួយរូបនិងប្រជាពលរដ្ឋនៅឃុំអមលាំង ខេត្តកំពង់ស្ពឺ។
កាលពីថ្ងៃទី២៧ ខែកក្កដា លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានធ្វើលិខិតឆ្លើយតបមួយច្បាប់ទៅអ្នកតំណាងរាស្រ្តគណៈបក្សប្រឆាំងចំនួនប្រាំពីររូប ដែលបានទទួចស្នើសុំដល់រដ្ឋាភិបាលឲ្យបំភ្លឺជុំវិញរឿងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនភ្នំពេញ SUGAR INDUSTRY ដែលគ្រប់គ្រងដោយលោកឧកញ៉ាលី យ៉ុងផាត់ ដែលបានធ្វើឲ្យប៉ះពាល់ដល់ដីរបស់ប្រជាពលរដ្ឋនៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
លិខិតចំនួនបីទំព័ររបស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបាននិយាយថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចជូនក្រុមហ៊ុនភ្នំពេញ SUGAR ដែលមានទីតាំងនៅឃុំអមលាំងស្រុកថ្ពង ខេត្តកំពង់ស្ពឺចំនួន៩៣៩៣ហិចតា គឺក្រសួងកសិកម្ម បានអនុវត្តទៅតាមនីតិវិធីត្រឹមត្រូវ។
លោកហ៊ុន សែនបានមានប្រសាសន៍នៅក្នុងលិខិតនោះថា ពាក់ព័ន្ធនឹងផ្ទៃដីប្រជាពលរដ្ឋនៅតំបន់រក្សាទុក និងតំបន់ការពារផ្សេងៗចំនួន១០៥០ហិចតាបន្ថែមទៀត ដែលនាំឲ្យផ្ទៃដីរបស់ក្រុមហ៊ុនដែលនៅសេសសល់សម្រាប់ធ្វើអាជីវកម្មជាក់ស្តែងមានតែ៨៣៤៣ហិចតាប៉ុណ្ណោះ។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានស្តីបន្ទោសផងដែរថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចដែលនាំ ទៅរកការមិនយល់គ្នានេះ គឺដោយសារតែមានអ្នកនយោបាយឱកាសនិយមក្រុមសង្គមស៊ីវិលមួយចំនួន និងអ្នកគួកជេរដីអាណាធិបតេយ្យ ព្រមទាំងក្រុមអ្នកបោះបង្គោលចាប់ដីព្រៃលក់ដែលបានឃោសនាប្រជាជនឲ្យនាំគ្នាធ្វើបាតុកម្មតវ៉ាជាមួយនឹងក្រុមហ៊ុន។
លោកយឹម សុវណ្ណ អ្នកតំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណៈបក្សប្រឆាំង បាននិយាយថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនរបស់លោកឧកញ៉ាលី យ៉ុងផាត់នេះមិនបានពិភាក្សាជាមួយប្រជាជនទេក្នុង។
«លិខិត ដែលឆ្លើយតបមកគឺថា ឃើញតែរដ្ឋាភិបាលទម្លាក់កំហុសហ្នឹងទៅលើតែប្រជាពលរដ្ឋ ទម្លាក់កំហុសទៅលើតែសង្គមស៊ីវិល គឺមិនដែលរកឃើញកំហុសរបស់ក្រុមហ៊ុន ឬកំហុសរបស់មន្រ្តីដែលប្រព្រឹត្តខុសនោះទេ។ អាហ្នឹងហើយដែលជាបញ្ហា វាចេះតែកើតមានឡើងជាបន្តបន្ទាប់ដោយសារតែយើងមិនបានជីកកកាយរកកំហុសពិតប្រាកដ ដែលជាឫសគល់នៃបញ្ហាហ្នឹង»។
លោកចាន់ សាវ៉េត មន្រ្តីផ្នែកស៊ើបអង្គេតរបស់សមាគមសិទ្ធិមនុស្ស ADHOC បានបញ្ជាក់ថា លោក មិនពេញចិត្តចំពោះការឆ្លើយតបនេះ។
លោកបានមានប្រសាសន៍ទៀតថា លិខិតនេះគឺជាការលើកទឹកចិត្តដល់ក្រុមហ៊ុន និងភ្នាក់ងារមួយចំនួន ដែលកំពុងតែរំលោភយកដីប្រជាពលរដ្ឋតាមរយៈការផ្តល់ដីសមុ្បទានសេដ្ឋកិច្ចនេះ។
«សូមឲ្យរដ្ឋាភិបាលកម្ពុជា សុំមេត្តាផ្លាស់ប្តូរឥរិយាបថពីភាពប្រកាន់បក្ខពួកហ្នឹងចេញទៅ។ យើងធ្វើយ៉ាងម៉េចឲ្យរាជរដ្ឋាភិបាលគឺជារាជរដ្ឋាភិបាលរបស់ប្រជាជនកម្ពុជាទាំងមូល។ សូមឲ្យរាជរដ្ឋាភិបាលបន្ទន់ឥរិយាបថដើម្បីធ្វើយ៉ាងម៉េចដោះសា្រយបញ្ហាវិវាទដីធ្លីនេះឲ្យប្រជាជនយើងបានទទួលនូវភោគផល់ចំណែកអភិវឌ្ឍន៍ផង»។
ចំណែកលោកយូ ថូ ប្រជាពលរដ្ឋនៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលធ្លាប់ជាប់ពន្ធនាគារ ដោយសារតែតវ៉ាទំនាស់ដីធ្លីជាមួយនឹងក្រុមហ៊ុនភ្នំពេញ SUGAR នេះ បាននិយាយថា គ្មានគណៈបក្សនយោបាយណា គ្មានអង្គការសង្គមស៊ីវិលណា ជាអ្នកញុះញ៉ង់ប្រជាពលរដ្ឋទេ គឺទំនាស់នេះកើតចេញពីឆន្ទៈរបស់ប្រជាពលដ្ឋប្រឆាំងតវ៉ាជាមួយនឹងក្រុមហ៊ុនពិតប្រាកដមែន។
«បើធ្វើទៅតាមលិខិតហ្នឹង វាត្រឹមត្រូវមែន ប៉ុន្តែនេះអត់បានធ្វើតាមលិខិតទេ។ ជួនកាលកន្លែងខ្លះក៏មានឆកល្វែងខ្លះ»។
លោកស្រីឈាង គឹមស៊ុន តំណាងក្រុមហ៊ុនភ្នំពេញ និងកំពង់ស្ពឺ SUGAR បានគំាទ្រលិខិតឆ្លើយតបរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
លោកស្រីបានបញ្ជាក់ទៀតថា ប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែននៅក្នុងលិខិតនេះ គឺជារឿងត្រឹមត្រូវ។
«ខ្ញុំមិនយល់ទាស់អីទេចំពោះអនុសាសន៍របស់សម្តេចនាយក។ មុននឹងខាងក្រុមហ៊ុនខ្ញុំវិនិយោគ គឺខាងខ្ញុំបានសុំជាសំណើដីសម្បទានក្រសួងកសិកម្ម ជំនាញតាមរយៈអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ល្មមទៅដល់ក្រសួងកសិកម្ម»។
ក្រុមហ៊ុនភ្នំពេញ SUGAR របស់លោកឧកញ៉ាលី យ៉ុង ផាត់ ដែលបានទទួលដីសម្បទានសេដ្ឋកិច្ច ពីរដ្ឋាភិបាលសម្រាប់ដាំដើមអំពៅជាង៩.០០០ហិចតានោះ ត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថា ធ្វើការអភិវឌ្ឍប៉ះពាល់ដល់ដីស្រែ ដីចម្ការ និងដីលំនៅដ្ឋានចំនួនប្រាំបួនភូមិ ដែលមានទីតាំងនៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ៕