គ្រូបង្រៀនជាង៣០០នាក់មកពីទូទាំងប្រទេសអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យដំឡើងប្រាក់បៀវត្សរ៍យ៉ាងតិច២៥០ដុល្លារអាមេរិកដល់គ្រូបង្រៀនខណៈដែលតម្លៃម្ហូបអាហារកំពុងតែឡើងថ្លៃ។ ការទាមទារនោះត្រូវបានធ្វើឡើងនៅពេលប្រមូលផ្តុំគ្នាដើម្បីប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនៅថ្ងៃពុធនេះ។
លោកគ្រូអ្នកគ្រូទាំងនេះមកពីខេត្តក្រុងចំនួន១៨ រួមមានខេត្តកំពង់ចាម ព្រះសីហនុ កំពង់ឆ្នាំង កណ្តាល កំពង់ស្ពឺ ពោធិសាត់ ព្រែវែង និងស្វាយរៀង។ គ្រូបង្រៀនចំនួន១៥នាក់ត្រូវបានអនុញ្ញាតឲ្យដើរដង្ហែក្បួនចេញពីទីលានសេរីភាពដោយនាំយកញត្តិសុំដំឡើងប្រាក់បៀវត្សរ៍ទៅប្រគល់ជូនក្រសួងអប់រំ ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី រដ្ឋសភា និងព្រឹទ្ធសភា។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានថ្លែងនៅក្នុងពិធីប្រារព្វទិវាគ្រូបង្រៀនពិភពលោកនេះថា សមាគមគ្រូបង្រៀនចង់ប្រើប្រាស់ទិវាគ្រូបង្រៀនពិភពលោកនេះដើម្បីជំរុញឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅតួនាទីរបស់គ្រូបង្រៀន និងគុណភាពអប់រំ។
«បើរដ្ឋាភិបាលដោះស្រាយឲ្យគ្រូបង្រៀនមានប្រាក់ឈ្នួលសមរម្យ ពេលនោះការអប់រំនឹងទទួលបានគុណភាពហើយ»។
អ្នកគ្រូ រស់ ទិតម៉ាឡៃ គ្រូបង្រៀននៅសាលាបឹងត្របែកខាងត្បូង បាននិយាយនៅក្នុងពីធីនេះថា អ្នកគ្រូមានប្រាក់បៀវត្សរ៍ជាង៣សែនរៀល ស្មើនឹង៨០ដុល្លារអាមេរិកប៉ណ្ណោះ។ បា្រក់នេះមិនអាចផ្គត់ផ្គង់ជីវភាពរស់នៅរបស់អ្នកគ្រូបានទេ ពីព្រោះទំនិញឡើងថ្លៃយ៉ាងខ្លាំង។
អ្នកគ្រូបានបន្ថែមថា គ្រូបង្រៀនមិនអាចផ្តល់ការអប់រំប្រកបដោយគុណភាពដល់សិស្សបានទេ ដោយសារតែជីវភាពរស់នៅជួបប្រទះនឹងភាពខ្វះខាត ដូចអ្នកគ្រូបានបញ្ជាក់ថា«ពោះបើក ក្រពះឃ្លាន បង្រៀនមិនបាន»។ អ្នកគ្រូ បានបន្ថែមថា គ្រូបង្រៀនបង្ខំចិត្តយកប្រាក់ពី៥០០រៀលទៅ១.០០០រៀលក្នុងសិស្សម្នាក់នៅសាលាបឋមសិក្សា ការលក់ឯកសារមេរៀនឲ្យសិស្ស និងការបង្ខំសិស្សឲ្យរៀនក្រៅម៉ោង។
«ប្រាក់ខែរបស់ពួកខ្ញុំនេះមិនស្មើនឹងសត្វឆ្កែដែលលោកចិញ្ចឹមនៅតាមផ្ទះផង។ អញ្ចឹងប្រាក់ខែនេះមិនអាចតុល្យភាពនឹងទំនិញទីផ្សារទេដែលធ្វើឲ្យពួកគាត់មិនអាចរស់បាន។ ពួកយើងខ្ញុំធ្វើនេះមានការខ្មាសអៀន និងឈឺចាប់ណាស់ចំពោះការលូកដៃយកប្រាក់៥០០-៦០០រៀលពីសិស្សនេះ។ មិនចង់ធ្វើអញ្ចឹងទេ ប៉ុន្តែតម្រូវការក្រពះ»។
លោក យ៉ាន ចំរើន គ្រូបង្រៀននៅសាលាបឋមសិក្សាភ្នំប្រុស ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានថ្លែងនៅក្នុងពិធីនេះថា លោកមានប្រាក់បៀវត្សរ៍ ២៩ម៉ឺនរៀល ស្មើនឹង៧២ដុល្លារអាមេរិកគឺមិនអាចទប់ទល់នឹងទំនិញឡើងថ្លៃបានទេ។ លោក យ៉ាន ចំរើន បានថ្លែងថា បើប្រាក់ខែរបស់គ្រូបង្រៀនមិនគ្រប់គ្រាន់ គ្រូបង្រៀនត្រូវការប្រាក់ដើម្បីចិញ្ចឹមជីវិត និងផ្គត់ផ្គង់ជីវភាពគ្រួសារដោយការលក់ឯកសារមេរៀនឲ្យសិស្ស។
«ប្រាក់បៀវត្សរ៍ និងតម្លៃទំនិញនៅទីផ្សារអត់មានតុល្យភាព។ តម្លៃទំនិញទីផ្សារគឺឡើងខ្ពស់។ តម្លៃប្រាក់ខែរបស់ខ្ញុំទាបបំផុតធ្វើឲ្យជីវភាពរបស់ខ្ញុំខ្វះខាតដុនដាបមែនទែន»។
តួលេខរបស់ក្រសួងអប់រំបានបង្ហាញថា គ្រូបង្រៀននៅទូទាំងប្រទេសមានចំនួនជាងសែននាក់។
លោក គង់ ចំរើន មន្ត្រីខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថាលោកបានទទួលយកញត្តិរបស់សមាគមគ្រូបង្រៀនកម្ពុជា ទៅពិចារណា៕