បាងកក៖ តម្លៃប្រេងពិភពលោកកំពុងកើនឡើងយ៉ាងរហ័សដោយសារកំណើននៃតម្រូវការប្រេងពិភពលោក និងតម្លៃប្រាក់ដុល្លារអាមេរិកចុះខ្សោយ។
នៅទីផ្សារអាស៊ីនាសប្តាហ៍នេះ តម្លៃប្រេងឡើងដល់៩១ដុល្លារ ក្នុងមួយបារ៉ែល។ មានការព្យាករណ៍មួយចំនួនថា តម្លៃនេះនឹងឡើងដល់១០០ដុល្លារ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។ នៅក្នុងខែកញ្ញា តម្លៃប្រេងនៅត្រឹមតែ៧៥ដុល្លារ ក្នុងមួយបារ៉ែលប៉ុណ្ណោះ។
តម្លៃកើនឡើងយ៉ាងរហ័សនេះកើតមានឡើង ទោះបីជាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនធំៗមួយចំនួន ជាពិសេសសហព័ន្ធអឺរ៉ុប នៅតែប្រយុទ្ធនឹងការធ្លាក់ចុះសេដ្ឋកិច្ចក៏ដោយ។
លោកចេសាន់ ហ្វៀរ (Jason Feer) គឺជាអ្នកវិភាគនៅ ក្រុមហ៊ុន Argus Media ដែលជាក្រុមហ៊ុនជើងសារ ឬឈ្មួញកណ្តាលដ៏ចំណានក្នុងវិស័យប្រេង និងថាមពល។ លោកនិយាយថា មានកត្តាជាច្រើនបង្កឲ្យតម្លៃប្រេងឡើងថ្លៃ ជាពិសេសតម្រូវការប្រេងកំដៅក្នុងរដូវរងារនៅតំបន់ភាគខាងជើង និងកូដកម្មនាពេលថ្មីៗនៅប្រទេសបារាំង ដែលបង្កឲ្យរោងចក្រចំរាញ់ប្រេងបិទទ្វារ និងកាត់បន្ថយការផ្គត់ផ្គង់នៅមហាសមុទ្រអាត្លង់ទិកខាងជើង។ ក្តីរំពឹងនៃតម្រូវការខ្ពស់នៅទ្វីបអាស៊ី ជាទីដែលសេដ្ឋកិច្ចកំពុងកើនឡើងសន្សឹមៗ និងតម្រូវការកំពុងកើនឡើងនៅសហរដ្ឋអាមេរិក បន្ថែមទៅលើសម្ពាធតម្លៃ។ លោក ហ្វៀរ ថ្លែងថា៖«ទិន្នន័យសេដ្ឋកិច្ចហាក់ដូចជាមានការយល់ស្របជាទូទៅមួយថា សកម្មភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិកមិនសូវមានផលប៉ះពាល់ធ្ងន់ធ្ងរដូចពីមុនទេ ហើយអ្នកអាចឃើញមានតម្រូវការកើនឡើងមួយចំនួននៅទីនោះ។ ជាការពិតប្រទេសនៅទ្វីបអាស៊ី ពិតជាទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចបានយ៉ាងល្អ។ ដូច្នេះតម្រូវការអាចរក្សាបាននៅទ្វីបអាស៊ី។ ខ្ញុំគិតថា ស្ថានភាពប្រហែលជាប្រសើរជាងអ្វីដែលមនុស្សភាគច្រើនបានរំពឹងទុក។ ដូច្នេះ វាជាស្ថានភាពតម្រូវការ និងការផ្គត់ផ្គង់ដ៏ប្រសើរ»។
អ្នកវិភាគទីផ្សារមួយចំនួន និយាយថា ដុល្លារអាមេរិកដែលចុះខ្សោយ ក៏ធ្វើឲ្យតម្លៃកើនឡើងដែរ។ នេះដោយសារតែប្រេងត្រូវបានធ្វើជំនួញជាដុល្លារ។ មានការព្យាករណ៍មួយចំនួនថា ប្រាក់ដុល្លាររឹតតែចុះខ្សោយនៅឆ្នាំ២០១១ ពីព្រោះតែឱនភាពពាណិជ្ជកម្ម និងថវិកាអាមេរិក។
ឧស្សាហកម្មអាកាសចរណ៍ កំពុងរៀបទប់ទល់នឹងតម្លៃឥន្ធនៈឡើងថ្លៃ។ លោក អលប៊ត ត្យុង (Albert Tjoeng) គឺជាអ្នកគ្រប់គ្រងគមនាគមន៍សាជីវកម្មនៅអាស៊ី នៃសមាគមដឹកជញ្ជូនតាមអាកាសអន្តរជាតិ។ លោកមានប្រសាសន៍ថា តម្លៃឥន្ធនៈឡើងថ្លៃ នឹងបង្កឲ្យមានការចំណាយលើថាមពលរបស់ឧស្សាហកម្មកើនឡើងពី១៣៩ពាន់លានដុល្លារនៅឆ្នាំនេះដល់ទៅ១៥៦ពាន់លានដុល្លារនៅទូទាំងសកលលោកនៅឆ្នាំ២០១១។ លោកត្យុងនិយាយថា៖«បើមើលជាពិសេសទៅលើប្រេងសម្រាប់ឧស្សាហកម្មអាកាសចរណ៍ ដោយសារតែតម្លៃឥន្ធនៈឡើងថ្លៃ និងផលិតផលក្នុងស្រុកសរុប (GDP)ទាបនៅ ឆ្នាំក្រោយ យើងរំពឹងថា នឹងមានកម្រិតចំណេញទាបគឺត្រឹម៩,១ពាន់លានដុល្លារក្នុងឆ្នាំ២០១១សម្រាប់ឧស្សាហកម្មនេះ»។
តម្លៃឥន្ធនៈខ្ពស់ រួមជាមួយនឹងតម្លៃកើនឡើងសម្រាប់របស់របរប្រើប្រាស់ ដូចជាគ្រាប់ធញ្ញជាតិ កំពុងបង្កើនការព្រួយបារម្ភចំពោះអតិផរណានៅក្នុងទ្វីបអាស៊ី។
គណៈកម្មការសង្គម និងសេដ្ឋកិច្ចនៃអង្គការសហប្រជាជាតិ សម្រាប់កិច្ចការអាស៊ីប៉ាស៊ីហ្វ៊ិក ហៅថា UNESCAP ឲ្យដឹងថា តម្លៃម្ហូបអាហារ និងឥន្ធនៈឡើងថ្លៃជាពិសេសនោះ នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដល់អ្នកក្រីក្រនៅក្នុងតំបន់ ដែលមានមនុស្សចំនួន៩៥០លាននាក់។ ក៏ប៉ុន្តែ នៅក្នុងរបាយការណ៍ដែលចេញផ្សាយនាពេលថ្មីៗនេះ អង្គការUNESCAP ឲ្យដឹងថា អតិផរណាជាទូទៅនឹងមិនគ្រប់គ្រាន់ដើម្បីជាឧបសគ្គដល់កំណើនសេដ្ឋកិច្ចនៅក្នុងសេដ្ឋកិច្ចកំពុងអភិវឌ្ឍនៅក្នុងទ្វីបអាស៊ី ដែលខ្លួនព្យាករណ៍ថា នឹងកើនឡើងរហូតដល់៧ភាគរយនៅឆ្នាំក្រោយនោះទេ។ ការព្យាករណ៍នេះធ្លាក់ចុះពីកំណើនដែលត្រូវបានប៉ាន់ស្មានចំនួន៨,៣ភាគរយនៅឆ្នាំ ២០១០។
ប្រែសម្រួលដោយ អ៊ឹម សុធារិទ្ធ