ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សិទ្ធិមនុស្ស​ថ្កោលទោស​ការបង្រ្កាប​ហិង្សា​ក្នុង​ទំនាស់​ដីធ្លី​នៅ​កំពង់ស្ពឺ


លោកស្រី ពុង ឈីវកេក ​នាយិកា​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​
លោកស្រី ពុង ឈីវកេក ​នាយិកា​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​

នៅថ្ងៃសុក្រ​នេះ ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បានថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការប៉ះ​ទង្គិចគ្នា រវាង​កងកម្លាំង​នគរបាល​និង​អ្នកភូមិ​ក្នុង​រឿងជម្លោះ​ដីធ្លី​មួយ​កាលពី​ថ្ងៃព្រហស្បតិ៍​នៅក្នុង​ខេត្តកំពង់ស្ពឺ​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាងតិច​១០នាក់​រងរបួស​ជាទម្ងន់​ទាំង​សង្ខាង។

ការប៉ះ​ទង្គិច​គ្នា​នេះ​គឺជា​ការឡើង​ដល់កម្រិត​កំពូល​បំផុត​នៃ​ជម្លោះ​ជាយូរ​មកហើយ​លើដី​ទំហំ​៦៥​ហិកតា។ ប្រជា​ពលរដ្ឋ​ចំនួន​៨៨​គ្រួសារ​បានអះអាង​ថា​ពួកគាត់​បានរស់​នៅលើ​ដី​នេះ​តាំងពី​ដើម​ទសវត្សរ៍​១៩៨០។ ជម្លោះ​ដី​នេះ​បានចាប់ផ្តើម​បន្ទាប់​ពី​មន្ត្រី​យោធា​បានលក់ដី​នេះ​ទៅឱ្យ​ក្រុមហ៊ុន​តៃវ៉ាន់​មេងកេត​ដែល​ឥឡូវនេះ​បានអះអាង​ថា​ខ្លួន​មាន​កម្មសិទ្ធិ​លើដី​នេះ។ ជម្លោះ​ដី​នេះ​បាន​ដោះស្រាយតាម​ផ្លូវ​តុលាការ​តាំងពី​ឆ្នាំ២០០៤ រហូត​ដល់​តុលាការ​កំពូល​បាន​កាត់ក្តី​ប្រឆាំង​នឹង​អ្នកភូមិ​នៅក្នុង​ខែធ្នូ ​ឆ្នាំ២០០៩។ ការប៉ះទង្គិច​ដោយ​អំពើ​ហិង្សា​កាលពី​ថ្ងៃព្រហស្បតិ៍​បានកើតឡើង បន្ទាប់​ពី​កងកម្លាំង​នគរបាល ​និង​កងតម្រួត​យោធា​ច្រើន​រាប់រយនាក់​ប៉ុនប៉ង​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល។

លោកស្រី ពុង ឈីវកេក ​នាយិកា​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បានថ្លែង​ថា​លោកស្រី​ថ្កោលទោស​អំពើ​ហិង្សា​លើ​ភាគី​ជម្លោះ​ទាំងពីរ​ និង​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​អំពើ​ហិង្សា​នេះ​ដែល​អាជ្ញាធរ​មាន​កាតព្វកិច្ច​ខាងច្បាប់ ​និង​សីលធម៌ ដើម្បី​បញ្ចៀស​អំពើ​ហិង្សា​នេះ។

លោកស្រី ​ពុង ឈីវកេក បានបញ្ជាក់​ថា​ប្រជាពលរដ្ឋ​ខ្មែរ​បានជួប​ប្រទះ​អំពើ​ហិង្សា​គ្រប់គ្រាន់​ហើយ​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ​ហើយ​ឥឡូវនេះ វាជា​ពេលវេលា​សម្រាប់រដ្ឋាភិបាល​កម្ពុជា ​ប្រជាពលរដ្ឋ​ខ្មែរ ​និង​សង្គម​ស៊ីវិល ​ធ្វើការ​រួមគ្នា​ដោយគ្មាន​អំពើ​ហិង្សា​ ហើយ​គោលបំណង​របស់​រដ្ឋាភិបាល​ត្រូវតែ​ធ្វើការអភិវឌ្ឍ​ប្រកប​ដោយ​សុខដុម​សម្រាប់​ផលប្រយោជន៍​ដល់​មនុស្ស​គ្រប់រូប ​មិនមែន​សម្រាប់​ក្រុមតូច​មួយ​នោះ​ទេ។

«ខ្ញុំ​មាន​ការសោកស្តាយ ​ហើយ​ក្រៀមក្រំ​បំផុត ​ដោយសារ​ឃើញ​អំពើ​ហិង្សា ​ហើយ​ឃើញ​មានរបួស​ទាំងសង្ខាង​ទាំង​អាជ្ញាធរ​ផង ​និង​ទាំង​ប្រជាពលរដ្ឋ​ផង។ ខ្ញុំ​ចង់​ឃើញ​ថា​ឥឡូវ ភាគី​ជម្លោះ​គួរ​ចរចាគ្នា​ឡើងវិញ ​ហើយសុំ​សំណូមពរ​ដ៏ទទូច​កុំឱ្យមាន​អំពើ​ហិង្សាអញ្ចឹង​ទៀត»។

លោកកែវ អឿន ​អធិការ​នគរបាល​ស្រុកឧត្តុង្គ ​ខេត្តកំពង់ស្ពឺ​ បានថ្លែង​ថា​លោក​បានដាក់ពាក្យ​បណ្តឹង​ទៅតុលាការ​ប្រឆាំង​នឹង​ពួក​អ្នកបង្ក​របួស​មកលើ​នគរបាល​ និង​កងរាជ​អាវុធហត្ថ​អំពី​បទបង្ក​របួសស្នាម។

«ឥឡូវ ​ខ្ញុំ​កំពុង​ដាក់ពាក្យបណ្តឹង​ទៅ​តុលាការ​ប្តឹង​អ្នកបង្ក​របួស​ស្នាម​ទៅលើ​សមត្ថកិច្ច។ អ្នកដែល​បានកាប់​នគរបាល​ផង ​កាប់កងរាជ​អាវុធហត្ថ​ដោយ​ពូថៅ​អ្នកដែល​ធ្វើ​សកម្មភាព មក​ដេញកាប់ ​ដេញវាយ ​សាហាវ​ណាស់ ​បើមិន​ឱ្យសមត្ថកិច្ច​គំរាម​ខ្លះ​ វាមិនកើត ​ពួកវា​កាប់​យកមែនទែន វាយយក​មែនទែន ​ធ្វើម៉េច»។

លោកសាន នៀន ​អាយុ​៤០ឆ្នាំ ​នៅ​ភូមិពោ ​ឃុំដំណាក់រាំង ​ស្រុកឧត្តុង្គ ​ខេត្តកំពង់ស្ពឺ បាននិយាយ​ថា​ប្រជាពលរដ្ឋ​មិនអាច​ទទួលយក​ការចោទ​ប្រកាន់​អំពី​ការបង្ក​របួសស្នាម​របស់​អាជ្ញាធរ​នេះ​បាន​ទេ ​ពីព្រោះ​អាជ្ញាធរ​បានប្រើ​អំពើ​ហិង្សា​មកលើ​ប្រជាពលរដ្ឋ​មុន ទើប​ប្រជាពលរដ្ឋ​តបត​ទៅវិញ។

«សមត្ថកិច្ច​ជាអ្នកបង្កហេតុ​មុន ​ហើយ​បែរជា​មកដាក់​ពាក្យបណ្តឹង​ប្តឹង​ពីប្រជា​ពលរដ្ឋ​ទៀត ធ្វើឱ្យ​ពួកខ្ញុំ​ទទួលរង​នូវ​ភាពអយុត្តិធម៌​ថែម​ពីលើ​ភាពអយុត្តិធម៌​រឿង​ដីធ្លី​ហើយ។ គេចោទ​ប្រជា​ពលរដ្ឋ​ថា​ប្រជា​ពលរដ្ឋ​ជា​អ្នកបង្ក​របួស​ស្នាម​ទៀត»។

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​កុំឱ្យ​មានការប៉ុនប៉ង​បន្ថែម​ទៀតសំដៅ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នេះ​តាមរយៈអំពើ ​ហិង្សា ​និង​អំពាវនាវ​ដល់​អាជ្ញាធរ​ឱ្យ​ធ្វើការ​ចរចា​ដោយ​សន្តិវិធី​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​៨៨​គ្រួសារ​នេះ៕

XS
SM
MD
LG