ភ្នំពេញ៖ សមាជិកសភាកម្ពុជាបានទទួលគំនិត និងបទពិសោធន៍ពីប្រទេសវៀតណាម ប្រទេសឥណ្ឌូនេស៊ី ប្រទេសចិន និងប្រទេសរុស្ស៊ី ដើម្បីយកមកតាក់តែងច្បាប់សម្រាប់គ្រប់គ្រងអាជីវកម្មប្រេង និងឧស្ម័ន ឱ្យមានតម្លាភាព ប្រសិទ្ធិភាព និងផលប្រយោជន៍ ខណៈដែលប្រទេសកម្ពុជាគ្រោងនឹងចាប់ផ្តើមធ្វើអាជីវកម្មប្រេងរបស់ខ្លួននៅក្នុងឆ្នាំ២០១២ ដែលប្រទេសនេះត្រូវការច្បាប់សំខាន់ៗមួយចំនួនសម្រាប់គ្រប់គ្រងប្រេង។ មន្ត្រីអង្គការសង្គមស៊ីវិលចង់ឃើញច្បាប់ទាំងនេះបើកឱ្យមានការចូលរួមផ្តល់យោបល់របស់អង្គការសង្គមស៊ីវិល។
មន្ត្រីជាន់ខ្ពស់រដ្ឋសភា បានថ្លែងនៅថ្ងៃពុធនេះថា សមាជិករដ្ឋសភាទទួលបានបទពិសោធន៍និងគំនិតថ្មីៗពីប្រទេសវៀតណាម ប្រទេសឥណ្ឌូនេស៊ី ប្រទេសចិន និងប្រទេសរុស្ស៊ីដើម្បីយកមកធ្វើជាមូលដ្ឋានបង្កើតច្បាប់គ្រប់គ្រងការធ្វើអាជីវកម្មប្រេង និងឧស្ម័ននៅកម្ពុជាក្នុងឆ្នាំ២០១២។
លោកជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភាបានថ្លែងប្រាប់VOA ថា សមាជិកសភាទទួលបានគំនិត បទពិសោធន៍ មេរៀន និងទ្រឹស្តី ពីប្រទេសវៀតណាម ប្រទេស ឥណ្ឌូនេស៊ី ប្រទេសចិននិងប្រទេសរុស្ស៊ី ដើម្បីយកមករៀបចំតាក់តែងច្បាប់គ្រប់គ្រងការធ្វើអាជីវកម្មប្រេង និងឧស្ម័នប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និង ប្រទេសជាតិ។
«យើងអាចមានពន្លឺខ្លះ អាចមានគំនិតខ្លះ និងអាចមានបទពិសោធន៍ខ្លះ ដើម្បីចូលរួមបង្កើត ពិភាក្សា និងអនុម័តច្បាប់គ្រប់គ្រងអាជីវកម្មប្រេង និងឧស្ម័នជាមួយរដ្ឋាភិបាល។ ខ្ញុំបានជម្រាបជូនថា សមាជិកសភាត្រូវតែយល់ដឹងពីច្បាប់គ្រប់គ្រងអាជីវកម្មប្រេង ដើម្បីទុកធ្វើជាមូលដ្ឋាន ជាដើមទុន និងជាត្រីវិស័យសម្រាប់ធ្វើការពិភាក្សា និងអនុម័តច្បាប់គ្រប់គ្រងអាជីវកម្មប្រេង និងឧស្ម័នរបស់រដ្ឋាភិបាល»។
ប្រទេសវៀតណាមផលិតប្រេងបានជាង២៤លានតោន និងទទួលបានប្រាក់ចំណូល១៤,២៤កោដ ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០០៩។
ប្រទេសកម្ពុជាប្រឈមនឹងកង្វះច្បាប់ស្តីពីការយកពន្ធដារលើការធ្វើអាជីវកម្មប្រេង និងច្បាប់ស្តីពីការ យកពន្ធដារលើប្រាក់ចំណេញក្នុងការធ្វើអាជីវកម្មប្រេង ព្រមទាំងកិច្ចព្រមព្រៀងស្តីពីការធ្វើសវនកម្ម អធិការកិច្ច និងការគ្រប់គ្រង ដើម្បីជៀសវាងអំពើពុករលួយនៅក្នុងការធ្វើអាជីវកម្មប្រេង។
ប្រទេសកម្ពុជាគ្រោងនឹងចាប់ផ្តើមធ្វើអាជីវកម្មប្រេង និងឧស្ម័ននៅក្នុងឆ្នាំ២០១២។
លោកគាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា រដ្ឋាភិបាលកំពុងតែដំណើរការ តាក់តែងសេចក្តីព្រាងច្បាប់គ្រប់គ្រងអាជីវកម្មទាំងពីរនេះ។
លោកឈិត សំអាត នាយកប្រតិបត្តិវេទិកាអង្គការមិនមែនរដ្ឋាភិបាល បានបញ្ជាក់ថា អង្គការសង្គម ស៊ីវិលចង់ឃើញច្បាប់គ្រប់គ្រងអាជីវកម្មប្រេង និងឧស្ម័នរបស់ប្រទេសកម្ពុជា ធានាការគ្រប់គ្រង ចំណូលប្រេង ដោយមានតម្លាភាព គណនេយ្យភាព និងប្រើចំទិសដៅ ដើម្បីកាត់បន្ថយភាពក្រីក្រ។
«យើងចង់ឃើញច្បាប់នោះបើកឱ្យមានការចូលរួមរបស់អង្គការសង្គមស៊ីវិល និងការផ្តល់មតិយោបល់របស់អង្គការសង្គមស៊ីវិលទៅលើច្បាប់នោះ។ យើងចង់ឃើញឱ្យច្បាប់នេះបង្ហាញនូវតម្លាភាពទាំងចំណូល តម្លាភាពទាំងចំណាយ និងតម្លាភាពទាំងប្រតិបត្តិការរបស់ក្រុមហ៊ុន»។
ប្រទេសកម្ពុជា និងប្រទេសអ៊ីរ៉ងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការប្រេងនៅក្នុងសប្តាហ៍នេះ សំដៅទៅលើការផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេស និងចំណេះជំនាញខាងវិស័យប្រេង ជាពិសេស អនុញ្ញាតឱ្យប្រទេសអ៊ីរ៉ង់ផ្តល់អ្នកជំនាញប្រេង ដើម្បីផ្តល់ជំនួយបច្ចេកទេសដល់ប្រទេសកម្ពុជា៕