ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​សង្ឃឹមថា​នឹង​អាច​លុបបំបាត់​ពលកម្ម​កុមារ​នៅ​ឆ្នាំ​២០១៦


រាជរដ្ឋា​ភិបាល​កម្ពុជា ​បាន​ដាក់​គោលដៅ​ថា​ ខ្លួន​នឹង​លុបបំបាត់​ទម្រង់​ការងារ​របស់​កុមារ​បែប​នេះ​ឲ្យអស់​នៅឆ្នាំ ​២០១៦។
រាជរដ្ឋា​ភិបាល​កម្ពុជា ​បាន​ដាក់​គោលដៅ​ថា​ ខ្លួន​នឹង​លុបបំបាត់​ទម្រង់​ការងារ​របស់​កុមារ​បែប​នេះ​ឲ្យអស់​នៅឆ្នាំ ​២០១៦។

ថ្ងៃសុក្រនេះ ប្រទេស​កម្ពុជា​រំពឹងថា ខ្លួន​នឹង​អាច​លុប​បំបាត់​ពលកម្ម​កុមារ​ទម្រង់​ធ្ងន់ធ្ងរ​ឱ្យអស់​នៅត្រឹម​ឆ្នាំ២០១៦ ​ខាងមុខ​នេះ។

មាន​កុមារ​ប្រមាណ​ជាង​៣១០.០០០​នាក់​អាយុ​ចន្លោះ​ ពី​៥ឆ្នាំ​ដល់​ក្រោម​១៧​ឆ្នាំ ​កំពុង​ធ្វើ​ពលកម្ម​ទម្រង់​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដូចជា ​ធ្វើ​កម្មករ​លីសែង​ ឡឥដ្ឋ ​ស្រែអំបិល​ ឆេ្នរសមុទ្រ​ ពេស្យាចារ ​គ្រឿងញៀន​ និង​ការជួញដូរ​ជាដើម ​ដែល​សុទ្ធសឹង​ជា​ការងារ​ប្រកបដោយ​គ្រោះថ្នាក់​ខ្ពស់​ដល់​សុខភាព​និង​សុវត្ថិភាព​របស់​ពួកគេ។ នេះ​បើយោង​តាម​របាយការណ៍​ផ្លូវការ​របស់​រដ្ឋាភិបាល​និង​របស់​អង្គការ​ពលកម្ម​អន្ដរជាតិ​ (ILO)។

រាជរដ្ឋា​ភិបាល​កម្ពុជា ​បាន​ដាក់​គោលដៅ​ថា​ ខ្លួន​នឹង​លុបបំបាត់​ទម្រង់​ការងារ​របស់​កុមារ​បែប​នេះ​ឲ្យអស់​នៅឆ្នាំ ​២០១៦។

លោក​នុត សោភ័ណ​ អនុប្រធាន​នាយកដ្ឋាន​ការងារ​កុមារ​នៃ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ពិភព​លោក ​ប្រឆាំង​ពលកម្ម​កុមារ​ក្នុង​ទីក្រុង​ភ្នំពេញ​ថា ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ធ្វើការ​សង្រ្គោះ​កុមារទាំង​នោះ​ជា​បណ្ដើរៗ​ពី​ពលកម្ម​ទម្រង់​ធ្ងន់ធ្ងរ​នេះ​ដើម្បី​ឈានដល់​គោលដៅ​ដែល​បាន​កំណត់​ទុក។

«យើង​បាន​ជម្នះ​ទៅលើ​ក្រុម​គ្រួសារ​គោលដៅ។ អញ្ចឹង​ឱ្យឳពុក ម្តាយ​ចងក្រង​ជា​ក្រុម សន្សំ ​ឬ​មួយ​គេហៅថា​ក្រុម​ជួយខ្លួន​ឯង​ ដូច្នេះ​គាត់​មាន​ឱកាស​អាច​ឱ្យកូន​របស់​គាត់​បាន​ទៅរៀន​អញ្ចឹង​កាលណា​កូន​របស់គាត់​បាន​ទៅរៀន​ពលកម្ម​កុមារ​ត្រូវបាន​កាត់បន្ថយ​ ហើយ​បញ្ហា​ប្រឈម​ទាំងអស់​នេះ​យើង​បាន​កំពុងតែ​សហការ​ជាមួយ​អន្តរ​ក្រសួង​ជាមួយ​នឹង​អង្គការ​ដៃគូ គឺថា​ធ្វើ​យ៉ាងណា​ឱ្យ​បញ្ហា​ពលកម្ម​កុមារ​ក្នុង​ប្រទេស​កម្ពុជា​កាត់​បន្ថយ​ពីមួយ​ថ្ងៃទៅ​មួយថ្ងៃ»។

លោក​ខៀវ កាញារីទ្ធ​ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​ និង​លោក​ គួច គូលំអ​ ប្រធាន​នាយកដ្ឋាន​អប់រំ​ក្រៅ​ប្រព័ន្ធ​របស់​ក្រសួង​អប់រំ​អះអាង​ដូចគ្នា​នៅក្នុង​សន្និសីទ​កាសែត​នោះថា​ ប្រទេស​កម្ពុជា​នឹង​ឈាន​ដល់​ការលុបបំបាត់​ពលកម្ម​ទម្រង់​ធ្ងន់ធ្ងរ​របស់​កុមារ​នៅក្នុង​រយៈពេល​ប្រាំមួយ​ឆ្នាំ​ទៀតនេះ។

ពលកម្ម​កុមារ​ទម្រង់​ធ្ងន់ធ្ងរ​ត្រូវគេ​កត់​សម្គាល់​ឃើញថា​ ច្រើន​កើតមាន​ឡើង​លើ​គ្រួសារ​ដែលមាន​ជីវភាព​ទន់ខ្សោយ​ទាំង​ផ្នែក​សម្ភារៈ ​និង​ចំណេះដឹង។ កុមារ​ដែល​ស្ថិត​ក្នុង​ការងារ​បែបនេះ​ភាគ​ច្រើន​មិនបាន​រៀន​សូត្រ​ពេញលេញ​នោះទេ។ ត្បិត​ពួកគេ​ត្រូវ​រួម​ចំណែក​ស្វែងរក​ថវិកា​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ។ កុមារ​ដែល​កំពុង​ស្ថិតក្នុង​ពលកម្ម​ទម្រង់​ធ្ងន់ធ្ងរ​ភាគច្រើន​មាន​នៅក្នុង​ខេត្ត​កំពត​ កែប បាត់ដំបង​ ក្រុង​ប៉ោយប៉ែត ​ខេត្ត​ព្រះសីហនុ ​ហើយ​កុមារ​ភាគច្រើន​កំពុង​បម្រើការ​ក្នុង​វិស័យ​នេសាទ ការលីសែង​ទំនិញ​ ការដ្ឋាន​ផលិត​អំបិល ​និង​ឡឥដ្ឋ។

ការលុប​បំបាត់​ពលកម្ម​កុមារ​ទម្រង់​ធ្ងន់ធ្ងរ​ទាំងនេះ​ត្រូវ​ធ្វើឡើង​តាមរយៈ​ការរំដោះ​ពួកគេ​ឲ្យឃ្លាត​ឆ្ងាយ​ពី​ការងារ​ទាំងនេះ​ដូចជា​ផ្ដល់​សេវា​អប់រំ​និង​ការបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ជាដើម។

អង្គការ​ពលកម្ម​អន្តរជាតិ​ ILO ​និង​អង្គការ​មូលនិធិ​សម្រាប់​កុមារ​របស់​អង្គការ​សហប្រជាជាតិ ​(យូនីសេហ្វ) បាន​ប៉ាន់​ស្មាន​ថា ប្រទេស​កម្ពុជា​នឹង​ត្រូវការ​ថវិកា​សរុប​ចំនួន​១០០​លាន​ដុល្លារ​អាមេរិក ​ដើម្បី ​លុបបំបាត់​ពលកម្ម​កុមារទម្រង់​ធ្ងន់ធ្ងរ​ឲ្យអស់​នៅ​ឆ្នាំ ​២០១៦។

លោក​ អិមភី យូសេហ្វ ​(MP Joseph)​ ប្រធាន​ប្រឹក្សា​បច្ចេក​ទេស​កម្មវិធី ​អន្តរជាតិ​ស្តីពី​ការលុបបំបាត់​ពលកម្ម​កុមារ​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ​ ILO ​បាន​បញ្ជាក់​ថា ​តាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ ​បង្ហាញ​ឱ្យ​ឃើញ​ថា នៅដើម​ឆ្នាំ២០១១​នេះ ពលកម្ម​កុមារ​ទម្រង់​ធ្ងន់ធ្ងរ​នៅខេត្ត​កំពត ​កែប ​និង​បន្ទាយមានជ័យ មាន​ការធ្លាក់ចុះ​យ៉ាង​គំហុក ពីព្រោះ​នៅឆ្នាំ២០០៨ ​មានកុមារ​ប្រមាណ​ជាង​២.០០០​នាក់​ បាន​ធ្វើការ​ជាកម្មករ​លីសែង​ ផលិត​អំបិល​និង​វិស័យ​ផ្សេងៗទៀត​ ក៏ប៉ុន្តែ​នៅដើម​ឆ្នាំ​២០១១​នេះ មាន​កុមារ​តិចជាង​៣០០​នាក់​ ដែល​កំពុង​ធ្វើការ​នៅក្នុង​ខេត្ត​ទាំងនោះ។

លោក​ អិមភី យូសេហ្វ ​មាន​ប្រសាសន៍​តាមរយៈ​អ្នកបកប្រែ​ថា ​និន្នាការ​នេះ​នឹង​ជួយ​ឲ្យ​ប្រទេស​កម្ពុជា​អាចលុប​បំបាត់​ពលកម្ម​កុមារ​ទម្រង់​ធ្ងន់ធ្ងរ​នៅ​ឆ្នាំ​២០១៦​ បាន។

«នៅក្នុង​ទស្សនៈនេះ​ ខ្ញុំ​អាច​ជឿជាក់ថា​កម្ពុជា​យើង​អាច​ឈាន​ទៅរក​ការលុប​បំបាត់​ពល កម្ម ​កុមារ ​បាន​នៅ​ឆ្នាំ២០១៦ »។

លោក​ ខៀវ កាញារីទ្ធ ​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ​ដើម្បី​លុបបំបាត់​ពលកម្ម​ទម្រង់​ ធ្ងន់ធ្ងរ​របស់​កុមារ​បាន​លុះណា​មាន​ការចូលរួម​ពី​គ្រប់​វិស័យ​ពាក់ព័ន្ធ។

«ទម្រង់​ពលកម្ម​កុមារ​នេះ វា​ជា​បញ្ហា​មួយ​ស្មុគស្មាញ​ណាស់។ អញ្ចឹង​វាទាមទារ​ឱ្យ​ការងារ​អន្តរក្រសួង​ និង​អន្តរ​វិស័យ​ ដើម្បី​ធ្វើ​ការងារ​នេះ»។

ថ្វីបើ​នៅក្នុង​ពេលនេះ​របាយការណ៍​ផ្លូវការ​បាន​វាយតម្លៃ​ថា​ មាន​កុមារ​កម្ពុជា​ចំនួន​ជាង​៣១០.០០០​នាក់​កំពុង​ស្ថិត​ក្នុង​ពលកម្ម​ទម្រង់​ធ្ងន់ធ្ងរ​ក៏ប៉ុន្ដែ​តួលេខ​នេះ​គ្រាន់តែ​ជាការប៉ាន់​ប្រមាណ​ជាច្រើន​ឆ្នាំ​មកហើយ។ អង្គការ​ពលកម្ម​អន្ដរជាតិ​គ្រោងនឹង​ធ្វើការ​សិក្សា​មួយ​ថ្មីទៀត ​លើ​កុមារ​ធ្វើពលកម្ម​ទម្រង់​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ដឹងពី​ចំនួន​ពិតប្រាកដ​របស់​ពួកគេ​និង​ដើម្បី​ងាយ​ស្រួល​ក្នុងការ​រៀបចំ​ យុទ្ធសាស្រ្ត​លុបបំបាត់​ទម្រង់​ពលកម្ម​កុមារ​បែបនេះ។ហើយ​គម្រោងនេះ​នឹង​ត្រូវ​បញ្ចប់​ នៅ​ខែ​កក្កដា ឆ្នាំ ២០១២។

សូម​បញ្ជាក់​ថា ​ជារៀង​រាល់ឆ្នាំ​នៅថ្ងៃ​ទី១២ ​ខែ​មិថុនា​ប្រជាជន​រាប់ពាន់​នាក់​នៅ​ទូទាំង​ពិភពលោក​បាន​ប្រមូល​ផ្តុំគ្នា​ដើម្បី​រំលឹក​ដល់​ជីវិត​រស់នៅ​ដ៏​អយុត្តិធម៌​ និង​រងការឈឺចាប់​របស់​កុមារ​ដែល​ចំណាយ​ពេលធ្វើការ​រាប់​ម៉ោង​ ដើម្បី​ធ្វើការ​នៅក្នុង​លក្ខ័ខណ្ឌ័​ការងារ​ប្រកប​ដោយ​គ្រោះថ្នាក់​ និង​តែងតែ​គំរាម ​ដល់​អាយុ​ជីវិត។

ចំពោះ​ទិវា​ពិភពលោក​ប្រឆាំង ​នឹង​ពលកម្ម​កុមារ​នៅ​ឆ្នាំនេះ នៅ​ក្រោម​ប្រធានបទ​មិន​ត្រូវ​ឱ្យ​ កុមារ​ធ្វើ​ការងារ​ប្រកប​ដោយ​គ្រោះថ្នាក់​បញ្ចប់​ពលកម្ម​កុមារ ​ដែល​មាន​ភាព​ទាក់ទង​ទៅ​ នឹង​បរិបទ​របស់​ប្រទេស​កម្ពុជា៕

XS
SM
MD
LG