ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រី្ត​ព្រួយ​បារម្ភ​ការ​​ជំងឺ​​រាលដាលដែលសម្លាប់​ជ្រូក​ជាច្រើន​ក្បាល


ភ្នំពេញ៖ ប្រទេសកម្ពុជាទើបរក​ឃើញ​ជំងឺ​ប្រភេទ​ថ្មី​ដែល​បាន​កើត​ឡើង​ទៅ​លើ​សត្វ​ជ្រូក។ ​ជំងឺ​នេះ​មាន​ឈ្មោះ​ថា​ ​ជំងឺ​ប៉េស្តជ្រូក​និង​ជំងឺ​ត្រចៀក​ខៀវជ្រូក។ ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ជា​បន្ទាន់​មួយ​ឲ្យ​ទប់ស្កាត់​ការនាំ​ជ្រូក​ចូល​ដោយ​ខុសច្បាប់​ពី​ប្រទេស​ជិត​ខាង​ ​ ​ក្រោយ​ពី​សត្វជ្រូក​ច្រើន​រាប់​រយ​ក្បាល​ បាន​ងាប់​ជាបន្ត​បន្ទាប់​នៅ​ក្នុង​ខេត្តក្រុង​មួយ​ចំនួន។ ​ក៏ប៉ុន្តែ​មន្ត្រី​ជំនាញ​បសុ​ព្យាបាល​បាន​និយាយ​ថា​ ​ជំងឺ​នេះ​មិន​បាន​ឆ្លង​ដល់​មនុស្ស​ទេ។

បន្ទាប់ពីមានសេចក្តីរាយ​ការណ៍​អំពី​ចំនួន​សត្វ​ជ្រូក​ច្រើន​រាប់​រយ​ក្បាល​បាន​ងាប់​ជា​បន្ត​បន្ទាប់​ ​នៅ​ក្នុង​ខេត្ត​ក្រុង​មួយ​ចំនួន​ក្នុង​រយៈ​ពេល​ប៉ុនា្មន​ចុង​ក្រោយ​នេះ​ ​នាយកដ្ឋាន​ផលិតកម្ម​និង​បសុ​ព្យាបាល​របស់​ក្រសួង​កសិកម្ម​ ​ទើប​តែរក​ឃើញ​មូល​ហេតុ​ដែល​បាន​បណ្តាល​ឲ្យ​សត្វ​ជ្រូក​ទាំង​នោះ​ងាប់។

ជំងឺ​ដ៏​អាថ៌​កំបាំង​នេះ​គឺ​ជំងឺ​ប៉េស្ដជ្រូក ​និង​ជំងឺ​ត្រចៀក​ខៀវជ្រូក​ ដែលធ្លាប់​បាន​កើត​មាន​នៅ​សហ​រដ្ឋ​អាមេរិក​ ​ប្រទេស​ចិន​ ​ហើយ​ក្រោយ​មក​ត្រូវ​បាន​រក​ឃើញ​នៅ​ប្រទេស​វៀត​ណាម​ ប្រទេស​ឡាវ​ និង​ចុង​ក្រោយ​គេ​ត្រូវ​បាន​រក​ឃើញ​នៅ​កម្ពុជា។

លោក​ កៅ ផល​ ប្រធាន​នាយក​ដ្ឋាន​ផលិត​កម្ម​និង​បសុ​ព្យាបាល បាន​និយាយ​ថា​ ​ជំងឺ​នេះ​បាន​ឆ្លង​ចូល​មក​ប្រទេស​កម្ពុជា ​ ដោយ​សារ​ការ​នាំ​ជ្រូក​ពី​ប្រទេស​វៀតណាម​និង​ថៃ​ដោយ​ខុស​ច្បាប់។

ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ស្តី​អំពី​វិធាន​ការ​ទប់​ស្កាត់ជំងឺ​ប៉េស្ដជ្រូក​ និង​ជំងឺ​ត្រចៀក​ខៀវ​ជ្រូក​ ដោយ​មាន​ការ​ចូល​រួម​ពី​មន្រ្តី​បសុ​ព្យាបាល​ចំនួន​ ៦២​នាក់​មក​ពី​ទូទាំង​ប្រទេស​កម្ពុជា​នោះ​ លោក​កៅ ផលបាន​លើក​ឡើង​ថា​ ​ជំងឺ​ប៉េស្ដ​ជ្រូក​និង​ជំងឺ​ត្រចៀក​ខៀវ​ជ្រូក​ ជា​ជំងឺ​ថ្មី​បំផុត​ដែល​ទើប​នឹង​ត្រូវ​បាន​រក​ឃើញ​នៅ​ប្រទេស​កម្ពុជា។

នាយក​ដ្ឋាន​ផលិត​កម្ម​និង​បសុ​ព្យាបាលបាន​ធ្វើ​ការ​វិភាគ​ឈាម​ជ្រូក​ចំនួន​៨០​មក​ពី​បណ្តា​ខេត្ត​មួយ​ចំនួន។​ ​លទ្ធផល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ​វត្ថុវិភាគ​ចំនួន​ ៨​មាន​វត្តមាន​ជំងឺ​ត្រចៀក​ខៀវ​ជ្រូក​ ដែល​បាន​កើត​ឡើង​នៅ​ខេត្ត​កំពង់​ឆ្នាំង​ ​ខេត្ត​កណ្តាល​ ​កំពង់​ចាម ​តាកែវ​ និង​ខេត្ត​ព្រៃវែង​ និងវត្ថុ​វិភាគ​ចំនួន​៨​ទៀត​មានជំងឺ​ប៉េស្ដ​ជ្រូក​ ដែល​បាន​កើត​ឡើង​នៅ​ខេត្ត​កំពង់ឆ្នាំង​ កំពង់ចាម​ និង​ខេត្ត​តាកែវ។

លោក​ចាន់ សារុន ​រដ្ឋ​មន្រ្តី​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​បា​ន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​បន្ទាប់​ពី​កិច្ច​ប្រជុំ​នៅ​ឯ​នាយក​ដ្ឋាន​ផលិត​កម្ម​និង​បសុ​ព្យាបាល​ថា​ សត្វ​ជ្រូក​ដែល​ងាប់​កន្លង​មក​នេះ​មិន​មែន​មក​ពី​ជំងឺ​ប៉េស្ដ​ជ្រូក​ ឬ​ក៏​ជំងឺ​ត្រចៀក​ខៀវ​ជ្រូក​ទាំង​អស់​នោះ​ទេ។ លោក​បាន​មាន​ប្រសាសន៍ថា​ ​ ​មាន​ជ្រូក​មួយ​ចំនួន​បាន​ងាប់​ដោយ​សារ​ជំងឺ​កញ្ច្រិល​ផង​ដែរ។

«យើង​ទើប​នឹង​រក​ឃើញ​ថា​ ​វា​មាន​អង់ទី​គ័រនៃ​ជំងឺ​ហ្នឹង​ ​ចង់​និយាយ​ថា ​វា​មាន​វត្ត​មាន​ហើយ​ ​តែ​វា​នៅ​មាន​អង្គ​រក្ស​ការពារ»។

ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​ក្នុង​សកល​វិទ្យាល័យ​ក្នុងទី​ក្រុង​ភំ្នពេញ​ នៅ​ក្នុង​ថ្ងៃ​ពុធ​នេះ​ ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែនបាន​អំពាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំ​ដែន​វៀតណាម​ និង​ប្រទេស​ថៃ ​ជួយ​ទប់ស្កាត់​ការ​នាំ​ជ្រូក​ចូល​មក​ប្រទេស​កម្ពុជា​ ដើម្បីបង្ការ​ជំងឺ​ឆ្លង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត។

«អំពាវនាវ​ចំពោះ​អាជ្ញាធរ​នៅ​តាម​ព្រំ​ដែន​ទាំង​អស់ ​ជា​ពិសេស​ព្រំ​ដែន​ជា​មួយ​នឹង​វៀតណាម​ និង​ព្រំដែន​ជាមួយថៃ​ ​ដែល​មាន​នាំ​ជ្រូក​ចូល​ ​ត្រូវ​ផ្អាក​សិន ​ ជួយ​ទប់​ស្កាត់។ ​កម្លាំង​ឈរ​ជើង​ត្រូវ​ទប់​ស្កាត់។​ ​ទាំង​គយ ទាំង​កាំ​កុង​ត្រូល ​ទាំង​នគរ​បាលត្រូវ​ទប់​សិន»។

ជំងឺ​ប៉េស្ដ​ជ្រូក​និង​ជំងឺ​ត្រចៀកខៀវ​ជ្រូកបាន​កើត​មាន​ឡើង​នៅ​ក្នុង​អំឡុង​ខែ​កញ្ញា​ឆ្នាំ​២០០៦​ក្នុង​ប្រទេស​ចិន ​ហើយ​នៅ​ខែ​ឧសភា​ឆ្នាំ​២០១០នេះ ​វា​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​វៀតណាម​និង​ប្រទេស​ឡាវ។ ​ចំណែក​ប្រទេស​ថៃ ​ជំងឺ​នេះ​ទើប​នឹង​កើត​ឡើង​នៅ​ក្នុង​ខែ​កក្កដា​ឆ្នាំ​២០១០​នេះ៕

XS
SM
MD
LG