ទឹកជំនន់បានចាប់ផ្ដើមស្រកក្នុងខេត្ត ក្រុងទាំង១៤ ដែលទទួលរងការលិចលង់ក្នុងប្រទេសកម្ពុជា ដោយឡែកជនរងគ្រោះស្លាប់បាត់បង់ជីវិត ត្រូវបានប៉ាន់ស្មានថា នឹងមានចំនួនកើនលើសពីជាង ៦០នាក់ដែលជាតួលេខបណ្ដោះអាសន្នក្នុងពេលបច្ចុប្បន្ននេះ។ នេះបើតាមការអះអាងរបស់ក្រុមមន្ដ្រីជាន់ខ្ពស់កម្ពុជានៅថ្ងៃពុធនេះ។
លោក ម៉ៅ ហាក់ ប្រធាននាយកដ្ឋានជលសាស្ដ្រនៃក្រសួងធនធានទឹក និងឧតុនិយម មានប្រសាសន៍ថា កម្ពស់ទឹកនៅតាមដងទន្លេមេគង្គ និងទន្លេសាបចាប់ផ្ដើមស្រកហើយក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។
«ទឹកទន្លេមេគង្គ នៅស្ទឹងត្រែង ក្រចេះ កំពង់ចាម ស្រកជាបន្ដបន្ទាប់ រីឯនៅភ្នំពេញ បាសាក់ ចតុមុខ កាលពីម៉ោង ១១ ព្រឹកមិញនេះ ចាប់ផ្ដើមស្រកមួយហ៊ុន (១សង់ទីម៉ែត្រ)។ ដូច្នេះជារួមយើងអាចនិយាយបានថា ស្ថានភាពទន្លេមេគង្គមានលក្ខណៈធូរស្រាល ហើយនៅអ្នកលឿង កោះខែល ព្រែកក្ដាម នឹងបន្ដស្រករយៈពេលស្អែកខានស្អែកនេះ»។
ប្រទេសកម្ពុជា បានទទួលរងទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀងជាបន្ដបន្ទាប់ចាប់ពីខែសីហា និងក្នុងខែកញ្ញានេះ។ ជំនន់ទឹកភ្លៀង បានជន់លិចខេត្តមួយចំនួនភាគខាងជើង និងប៉ែកពាយ័ព្យប្រទេសដូចជា ខេត្តបាត់ដំបង ឧត្តរមានជ័យ ខេត្តសៀមរាប និងព្រះវិហារជាដើម រួមជាមួយនឹងខេត្តមួយចំនួនទៀតដែលស្ថិតនៅជុំវិញទន្លេមេគង្គ និងទន្លេសាប។
ជាសរុបខេត្តក្រុងចំនួន ១៤ បានលិចលង់។ ប្រជាពលរដ្ឋចំនួន ៩០.៣០៣ គ្រួសារទទួលរងផលប៉ះពាល់ក្នុងនោះ១៣.៤០៣ គ្រួសារត្រូវបានជម្លៀសចេញពីផ្ទះទៅកាន់កន្លែងសុវត្ថិភាព ហើយផ្ទះចំនួន ៨៣.០០៧ ខ្នង បានលិចលង់។ ខេត្តកំពង់ធំ និងខេត្តព្រៃវែង ទទួលរងការលិចលង់ ការប៉ះពាល់ខ្លាំងជាងគេ។
លោក ញឹម វណ្ណដា អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងអំឡុងពេលគ្រោះទឹកជំនន់នេះ បានកើនដល់ចំនួន៦១ នាក់ គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ក៏ប៉ុន្ដែលោករំពឹងថា ចំនួននេះអាចនឹងមានការកើនឡើងដោយសារតែពុំទាន់មានការបូកសរុបរបាយការណ៍បញ្ចប់ ជាពិសេសការវាយតម្លៃពីការខូចខាតនានាកំពុងតែបន្ដនៅឡើយ។
«ការខូចខាតនិងប៉ះពាល់ស្រូវដំណាំផ្សេងៗយើងកំពុងតែធ្វើការស៊ើបអង្កេតតទៅទៀតដើម្បីយកតួលេខប្រាកដប្រជាមួយ។ រីឯអ្នកស្លាប់ក៏មិនទាន់ច្បាស់ ហើយត្រូវរង់ចាំមួយថ្ងៃពីរទៀត»។
នៅពេលនេះការសង្គ្រោះ និងការដោះស្រាយសម្រាប់ប្រជាពលរដ្ឋទទួលរងគ្រោះនៅតែបន្ដ។
លោកស្រី ម៉ែន នារីសុភ័ក្ដ អគ្គនាយករងកាកបាទក្រហមកម្ពុជា នៅថ្ងៃនេះក៏បានប៉ាន់ប្រមាណដែរថា ចំនួនជនរងគ្រោះស្លាប់បាត់បង់ជីវិត និងជនរងគ្រោះដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ក្នុងខេត្តមួយចំនួនអាចនឹងបន្ដកើនឡើងថែមទៀត។
«តាមព័ត៌មានព្រឹកមិញនេះ គឺថានឹងមានចំនួនជនរងគ្រោះកើនឡើងថែមទៀត នៅខេត្តព្រៃវែង កំពង់ឆ្នាំង និងនៅខេត្តកណ្ដាល។ តាំងពីថ្ងៃទី២៣ ខែកញ្ញាមក ខាងកាកបាទក្រហមកម្ពុជាបានជួយប្រជាពលរដ្ឋកាលពីមុនចំនួន១.៨១៨គ្រួសារ ហើយថែម២.៧៧៩ គ្រួសារទៀត។ ហើយយើងនឹងត្រៀមចុះទៅខេត្តព្រៃវែងថ្ងៃទី៣០ ខែកញ្ញា និងថ្ងៃទី១ និងទី២ខែតុលា។ គឺជាការចែកអង្ករ មុង ក្រមា ភួយ តង់ មី ត្រីខ»។
ប្រទេសកម្ពុជាធ្លាប់បានទទួលរងគ្រោះធ្ងន់ធ្ងរដោយសារទឹកជំនន់កាលពីឆ្នាំ ២០០០ ដែលជាគ្រោះទឹកជំនន់ដ៏ធំបំផុតមួយ ហើយបានបង្កឲ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងដំណាំកសិកម្មសរុបជាទឹកប្រាក់ចំនួន ១៦០ លានដុល្លារអាមេរិក និងជនរងគ្រោះស្លាប់បាត់បង់ជីវិតចំនួន ៦០នាក់៕