កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៧ តុលា ២០១៩

១
ភ្លើងសញ្ញាចរាចរណ៍ដែលរលាយបន្ទាប់ពីមានការប៉ះទង្គិចគ្នានៃបាតុករដែលសុំបំបែករដ្ឋ នៅទីក្រុងបាសេឡូណា (Barcelona) ប្រទេសអេស្ប៉ាញ។

២
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ថ្លែងជាមួយប្រធានសភា លោកស្រី Nancy Pelosi កាលពីថ្ងៃទី១៦ តុលា នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ក្រុមសភាតំណាងរាស្ត្រពីគណបក្សប្រជាធិបតេយ្យបានបញ្ចាប់កិច្ចប្រជុំសភាលឿនជាងពេលកំណត់ បន្ទាប់ពីលោក ត្រាំ បានបង្កើត«ព្រឹត្តិការណ៍អាក្រក់» មួយទៅលើការបោះឆ្នោតនៅសភា ដោយសភាបានថ្កោលទោសចំពោះការសម្រេចដកទ័ពចេញពីប្រទេសស៊ីរី។

៣
ប្រធានាធិបតីប្រទេសបូលីវី និងបច្ចុប្បន្នជាបេក្ខជនប្រធានាធិបតីពីគណបក្ស«ចលនាដើម្បីសង្គមនិយម» (Movement for Socialism) លោក Evo Morales (ឆ្វេង) កំពុងរាំនៅក្នុងពិធីបិទការដង្ហែក្បួនឃោសនា នៅទីក្រុង El Alto។

៤
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson (ស្ដាំទី២) ថ្លែងទៅកាន់សមភាគីអៀវឡង់ និងហុងគ្រី ក្នុងកិច្ចប្រជុំមួយនៅក្នុងជំនួបកំពូលសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។ ចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុបបានចុះកិច្ចព្រមព្រៀងបណ្ដោះអាសន្នក្នុងការចាកចេញពីសហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេស បន្ទាប់ពីកិច្ចប្រឹងប្រែងមិនបានសម្រេចអស់រយៈពេល៣ឆ្នាំមកហើយ។

៥
បុរសម្នាក់ដើរក្បែរដើមឈើក្នុងថ្ងៃដ៏ស្រឡះល្អនៃរដូវស្លឹកឈើជ្រុះ នៅទីក្រុងវិលនីញូស ប្រទេសលីទុយអានី កាលពីថ្ងៃទី១៦ តុលា។

៦
កម្មករម្នាក់កំពុងរៀបចំម្ស៉ៅសម្រាប់ផលិតផាវ នៅឯរោងចក្រមួយដើម្បីត្រៀមសម្រាប់ពិធីបុណ្យ Diwali ដែលជាពិធីបុណ្យពន្លឺក្នុងសាសនាហិណ្ឌូ នៅជាយទីក្រុង Ahmedabad ប្រទេសឥណ្ឌា។

៧
ផ្ទះរងការខូចខាតបន្ទាប់ពីមានការបាក់ដីដែលបណ្ដលមកពីភ្លៀងធ្លាក់ខ្លាំង ដោយរងសម្ពាធទាបនៅប៉ុន្មានថ្ងៃចុងក្រោយ នៅតំបន់ Santa Lucia នៃទីក្រុង San Salvador ប្រទេសអែលសាល់វ៉ាឌ័រ។ (រូបថតផ្ដល់ដោយការិយាល័យទំនាក់ទំនងនៃក្រសួងមហាផ្ទៃប្រទេសអែលសាល់វ៉ាឌ័រ។

៨
លោក Emmanuel Le Divellec សាស្ត្រាចារ្យនៅសាលាដូរតន្ត្រី Church Music នៃមហាវិទ្យាល័យតន្ត្រី ល្ខោន និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងទីក្រុង Hannover កំពុងលេងឧបករណ៍តន្រ្តី baroque នៅក្នុងទីក្រុង Hannover ប្រទេសអាល្លឺម៉ង់។

៩
ស្ត្រីម្នាក់ស្លៀកសម្លៀកបំពាក់ប្រពៃណីជប៉ុនឈ្មោះថា kimono កំពុងដើរឆ្លងផ្លូវនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

១០
ច្រកទ្វារ Brandenburg ត្រូវបានបញ្ចាំងដោយភ្លើងចម្រុះ នៅក្នុង«ពិធីបុណ្យភ្លើង» ដែលជាការបង្ហាញភ្លើងនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។

១១
បុគ្គលិកផ្នែកសម្អាតនៃសណ្ឋាគារ Ibis Batignolles Hotel ធ្វើបាតុកម្មនៅខាងក្រៅស្នាក់ការកណ្ដាលនៃក្រុមហ៊ុនសណ្ឋាគារ Accor ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីទាមទារឲ្យមានលក្ខខណ្ឌការងារល្អ។

១២
ល្ពៅរាប់រយផ្លែស្ថិតនៅលើវាលស្រែនៅជិតទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។