ក្រុមអ្នកសង្កេតការណ៍អន្តរជាតិមួយចំនួននៅតែរំពឹងថាសំណុំរឿង០០៣និង០០៤ នឹងដំណើរការទៅមុខ ទោះបីជាមានការប្រទាញប្រទង់គ្នាខ្លះៗទាក់ទងនឹងការនាំខ្លួនជនសង្ស័យបន្ថែមក្នុងសំណុំរឿងទាំងនេះមកជំនុំជម្រះទោសពីអំពើឧក្រិដ្ឋកម្មនានាដែលបានកើតឡើង ជាងបីទសវត្សរ៍មកហើយក្តី។
សុទិដ្ឋិនិយមឬក្តីសង្ឃឹមទាំងនេះកើតចេញពីភាពចាំបាច់នៃយុត្តិធម៌សម្រាប់ជនរងគ្រោះប្រមាណ១លាន៧សែននាក់ដែលបានស្លាប់បាត់បង់ជីវិតនិងកាត្វកិច្ច របស់តុលាការកូនកាត់ដែលចូលរួមដោយអង្គការសហប្រជាជាតិ។
លោក អាឡិច ហ៊ីនតុន(Alex Hinton) ជានាយកមជ្ឈមណ្ឌលសិក្សាអំពីរបបប្រល័យពូជសាសន៍ ដំណោះស្រាយនិងជម្លោះ និងសិទ្ធិមនុស្ស។ លោកជាសាស្ត្រាចារ្យផ្នែកនរវិទ្យា និងកិច្ចការសាកលនៃសាកលវិទ្យាល័យ រ៉ាត់ហ្គឺ (Rutgers University) ក្នុងរដ្ឋញូវជឺស៊ី (New Jersey) បានប្រាប់ វីអូអេ ផ្នែកខេមរភាសាតាមសារអេឡិកត្រូនិកអ៊ីម៉េលថា៖ ជារឿងសំខាន់ដែលផ្នែកនានានៃតុលាការបន្តបំពេញកាតព្វកិច្ចរបស់ខ្លួនបើទោះបីជាអនាគតនៃសំណុំរឿងនេះមិនមានលក្ខណៈច្បាស់លាស់ក្តី។
«ពេលយុទ្ធសាស្ត្របញ្ចប់តុលាការ ហើយការសម្រេចចុងក្រោយដែលនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនោះមិនទាន់កើតឡើងទេ តុលាការត្រូវមានកាតព្វកិច្ចបន្ត ការងាររបស់ខ្លួន។ ខណៈពេលដែលមនុស្សជាច្រើនចង់ឃើញសំណុំរឿង០០៣និង០០៤ កើតឡើងនោះ ការស៊ើបអង្កេតរបស់តុលាការជារឿងសំខាន់មិនថា ឡើយការស៊ើបអង្កេតនោះ ជាយ៉ាងណាទេព្រោះវានឹងនៅតែជួយផ្តល់ការយល់ ដឹងកាន់តែច្បាស់នូវអ្វី ដែលបានកើតឡើងក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ ជាពិសេសពាក់ព័ន្ធនឹងជួរអ្នកដឹកនាំមានឋានៈក្រោមតែបន្តិចបន្ទួចចំពោះជនដែលស្ថិតក្នុងការកាត់ក្តីពេលនេះនៃសំណុំរឿងលេខ០០២»។
សហព្រះរាជអាជ្ញាអន្តរជាតិលោក អែនឌ្រូ ខេយលី (Andrew Cayley) ជនជាតិអង់គ្លេសបាននិយាយជាចំហរក្នុងសេចក្តីប្រកាសព័ត៌មានរបស់លោកថាសហចៅក្រមស៊ើបអង្កេតទាំងពីរ ខកខានមិនបានស៊ើបអង្កេតឲ្យបានគ្រប់គ្រាន់លើសំណុំរឿង០០៣ទាក់ទងនឹងបទឧក្រិដ្ឋ ទីតាំងឧក្រិដ្ឋកម្ម មិនបានកោះហៅជនសង្ស័យមកសាកសួរដើម្បីនាំខ្លួនជនសង្ស័យបន្ថែមទៀតមកជំនុំជម្រះទោសទេ។ ភ្លាមៗនោះសហចៅក្រមស៊ើបអង្កេតទាំងពីរ គឺ លោកយូ ប៊ុនឡេង និងលោក Siegfried Blunk ជនជាតិអាល្លឺម៉ង់បានចាត់ទុកថា សេចក្តីប្រកាសព័ត៌មានរបស់សហព្រះរាជអាជ្ញាជាការខុសច្បាប់និងរំលោភភាពសម្ងាត់ របស់តុលាការ ហើយលោកទាំងពីរបានបង្គាប់ជាផ្លូវការនិងជាសាធារណៈឲ្យលោកសហព្រះរាជអាជ្ញាលុបចោលភាគខ្លះនៃសេចក្តី ថ្លែងការណ៍នោះ។ សហព្រះរាជអាជ្ញានឹងប្តឹងឧទ្ធណ៍អំពីរឿងនេះ។ ការចម្រូងចម្រាសមួយឈុតនេះកើតឡើងបន្ទាប់ពីសហព្រះរាជអាជ្ញាអន្តរជាតិ Andrew Cayley និងសហព្រះរាជអាជ្ញាជាតិលោកស្រី ជា លាងបានខ្វែងគំនិតគ្នាទាក់ទងនឹងការចោទប្រកាន់ជនសង្ស័យបន្ថែមដែលជាអតីតកម្មាភិបាលខ្មែរក្រហម៥នាក់សម្រាប់សំណុំរឿង០០៣ និង០០៤។ ការបដិសេធរបស់លោកស្រីធ្វើឡើងមុនពេលលោក Andrew Cayley ចេញសេចក្តីប្រកាសព័ត៌មាន។ លោក Cayley ចាត់ទុកថាជនទាំង៥នាក់ថ្មីនោះស្ថិត ក្នុងយុត្តាធិការរបស់សាលាក្តី ហើយវាផ្ទុយពីលោកស្រី ជា លាង ដែលមានជំហរស្រដៀងនឹងជំហររដ្ឋាភិបាលដែលថាជនទាំងនោះមិនស្ថិតក្នុងយុត្តាធិការដែលត្រូវនាំខ្លួនមកជំនុំជម្រះទោសទេ។
លោកស្រីក្លែរ ដាហ្វហ្វី (Clair Duffy) អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមនៃអង្គការច្បាប់មួយ របស់សហរដ្ឋអាមេរិកឈ្មោះ Open Society Justice Initiative (OSJI) បានថ្លែងថាទោះបី ជាមានភាពចម្រូងចម្រាសមែនក្តីតែសំណុំរឿង០០៣និង០០៤ មិនមែនដល់ទីបញ្ចប់នៅឡើយទេ។
«យើងនៅតែសង្ឃឹមថាសហចៅក្រមស៊ើបអង្កេតនឹងបំពេញកាតព្វកិច្ច ដោយត្រឹមត្រូវនិងតាមផ្លូវច្បាប់ដ៏ទូលំទូលាយ ដើម្បីស៊ើបអង្កេតលើការចោទ ប្រកាន់ដ៏ជាក់លាក់ចំពោះជនសង្ស័យគ្រប់រូបក្នុងសំណុំរឿង០០៣ និង០០៤។ រឿងនេះមិនមែនជារឿងនយោបាយទេ។ រឿងនេះជារឿងយុត្តិធម៌ ហើយយុត្តិធម៌ នេះ ពលរដ្ឋកម្ពុជាបានរង់ចាំយ៉ាងអន្ទះសាររយៈពេលជាង៣០ឆ្នាំហើយមកទល់បច្ចុប្បន្ន»។
សាលាក្តីខ្មែរក្រហមនៅថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០១១ នឹងបើកសវនាការជំនុំជម្រះក្តីជាបឋមចំពោះសំណុំរឿង ០០២ ដែលមានអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ បួននាក់ ដែលកំពុងជាប់ឃុំឃាំងពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្ម ប្រឆាំងនឹង មនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ ប៉ុន្តែដំណាលគ្នានេះសំណុំរឿង ០០៣ និង ០០៤ ដ៏ចម្រូងចម្រាសផ្នែកនយោបាយស្ថិតនៅក្នុងការប្រទាញប្រទង់គ្នាផ្លូវច្បាប់ទាក់ទងនឹងការនាំខ្លួនជនសង្ស័យបន្ថែមមកជំនុំជម្រះទោស ។
លោក Peter Maguire ជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យក្នុងប្រទេសអាមេរិក និងជាអ្នកនិពន្ធសៀវភៅ «Facing Death in Cambodia» ដែលសរសេរអំពីរបប ខ្មែរក្រហម។ លោកបានអះអាងថា ការប្រទាញប្រទង់ផ្នែកច្បាប់ក្នុងសាលាក្តីខ្មែរក្រហមដែលកំពុងប្រឈមមុខពេលនេះ ផ្ទុយមកវិញវានឹងក្លាយទៅជាយុត្តិធម៌នយោបាយ។
«ប្រសិនបើតុលាការខ្មែរក្រហមមិនអាចបញ្ចប់ករណីបន្ទាប់ ក្នុងអំឡុងពេលជនជាប់ចោទនៅមានជីវិតទេ ពលរដ្ឋកម្ពុជាគួរត្រូវគេផ្តល់យុត្តិធម៌ដោយតុលាការម៉ូតូឌុបវិញប្រសើរជាង»។
លោក Maguire បានរិះគន់តុលាការខ្មែក្រហមថាខកខានក្នុងការរកយុត្តិធម៌ ជូនជនរងគ្រោះឲ្យបានទាន់ពេលវេលាក្នុងសំណុំរឿងឌុច ឬសំណុំរឿង០០១។ លោកបានចាត់ទុកសំណុំរឿង០០១ជាសំណុំរឿងសាមញ្ញបំផុតនៅក្នុងចំណោមប្រវត្តិសំណុំរឿងក្តីផ្នែកច្បាប់អន្តរជាតិ។
ក្រុមអ្នកឃ្លាំមើលបានស្តីបន្ទោសតុលាការថាពុំបានផ្តល់ព័ត៌មានគ្រប់គ្រាន់ដល់ជនរងគ្រោះទាក់ទឹននឹងករណីសំណុំរឿង០០៣។ ពួកគេបានព្រមានថាការខកខាន កាត់ក្តីសំណុំរឿង០០៣ និង ០០៤ នឹងនាំឲ្យខូចខាតដល់កេរ្តិ៍តំណែលរបស់តុលាការ។
លោក សាស្ត្រចារ្យ Hinton បានអះអាងថា៖
«វាជាការណ៍ដ៏សំខាន់ដែលតុលាការផ្តល់ព័ត៌មានគ្រប់គ្រាន់សម្រាប់អ្នកដាក់ពាក្យប្តឹង ជាដើមបណ្តឹងរដ្ឋប្បវេណី និងដើមបណ្តឹងផ្សេងទៀត ដើម្បីដាក់ពាក្យប្តឹងរបស់ពួកគេ។ ហើយនេះជាផ្នែកមួយនៃសិទ្ធិទទួលបានការកាត់ក្តីដ៏យុត្តិធម៌»។
សំណុំរឿង០០៣ និង០០៤ ដែលត្រូវបន្តដំណើរពីសំណុំរឿង០០២នោះត្រូវគេ មើលឃើញថា មិនមានការប្រុងប្រៀបឲ្យជនរងគ្រោះ ជាពិសេសដើមបណ្តឹង រដ្ឋប្បវេណីចូលរួមច្រើនដូចសំណុំរឿងមុនៗទេ មុនការប្រកាសបិទការទទួលពាក្យបណ្តឹង។ ជនរងគ្រោះដែលត្រូវដាក់ពាក្យប្តឹងធម្មតា តែមិនអាចតតាំងផ្តល់ សក្ខីកម្មផ្ទាល់ប្រឆាំងនឹងសំណុំរឿង០០៣និង០០៤នោះ នៅតែអាចបន្តដាក់ពាក្យប្តឹងបាន។ អ្នកសង្កេតការណ៍ខ្លះព្រួយបារម្ភខ្លាចថាយុត្តិធម៌ដែលអាចទទួលយកបានមួយមិនអាចកើតមានឡើយនៅពេលជនរងគ្រោះមិនបានចូលរួមក្នុងសវនាការ។
លោកស្រី Duffy បានអះអាងថា តុលាការខ្មែរក្រហមមានគោលបំណងពីរ គឺនាំយុត្តិធម៌សម្រាប់មនុស្សជាច្រើនលាននាក់ដែលរងគ្រោះឈឺចាប់ក្នុងរបបខ្មែរក្រហម និងជួយធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធយុត្តិធម៌ក្នុងប្រទេសកម្ពុជានិងការគោរពច្បាប់។
«ប្រសិនបើតុលាការការពារមនុស្សមិនឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ចំពោះ ការប្រព្រឹត្តិអំពើឃោរឃៅ ហើយក្នុងពេលជាមួយគ្នាទៀតចៅក្រមតុលាការរង នូវឥទ្ធិពលនយោបាយទៀត អញ្ចឹងកេរ្តិ៍តំណែលតុលាការក្នុងទិដ្ឋភាពទាំងពីរនេះនឹងត្រូវខូចខាត»។
នៅសាលាក្តីខ្មែរក្រហម ទាំងភាគីកម្ពុជានិងអ.ស.ប. កំពុងរៀបចំយុទ្ធសាស្ត្របញ្ចប់តុលាការ។ គេពុំដឹងថាសំណុំរឿង០០៣ និង០០៤ ស្ថិតនៅក្នុងគម្រោងការឬក៏ក្រៅគម្រោងការដែលត្រូវបញ្ចប់ដែរឬយ៉ាងណាទេ។ មន្ត្រីការទូតម្នាក់ក្នុងទីក្រុងញូវយ៉ក អះអាងថារឿងរាវនេះកំពុងតែស្ថិតក្នុងការពិភាក្សាគ្នារវាងភាគីពាក់ព័ន្ធ៕