មេធាវីអន្ដរជាតិរបស់លោកនួនជា អតីតប្រធានសភាខ្មែរក្រហមបានដាក់បណ្ដឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃច័ន្ទនេះប្រឆាំងទៅនឹងលោកនាយករដ្ឋមន្ដ្រីខ្មែរហ៊ុន សែន និងលោកជា ស៊ីម ប្រធានព្រឹទ្ធសភា ហើយនឹងមន្ដ្រីជាន់ខ្ពស់បំផុតរបស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចចំនួន៩រូបផ្សេងទៀត។ បណ្ដឹងនេះធ្វើការចោទប្រកាន់ពីការជ្រៀតជ្រៀកសាលាក្ដីខ្មែរក្រហម។
នៅក្នុងបណ្ដឹងដែលចែកជូនក្រុមអ្នករាយការណ៍ព័ត៌មាន ក្រោយពីដាក់ជូនសាលាដំបូងរាជធានីភ្នំពេញ លោកមេធាវី ម៉ាយឃើល ផេសម៉េន (Michael Pestman) និងទីប្រឹក្សាច្បាប់នៃមេធាវីការពារគឺលោកអេនឌ្រូ អ៊ាននូហ្ស៊ី (Andrew Ianuzzi) បានបង្ហាញថា លោកហ៊ុន សែន លោកជា ស៊ីម លោក ហោ ណាំហុង លោកគាត ឈុន លោកអ៊ុក ប៊ុនឈឿន លោកស៊ីម កា លោកខៀវ សុភគ័ លោកខៀវ កាញារិទ្ធ លោកផៃ ស៊ីផាន និងលោកគង់ សំអុលបានធ្វើឲ្យប៉ះពាល់ដល់វិស័យយុតិ្តធម៌ ដោយបានធ្វើសេចក្ដីថ្លែងការណ៍ជាបន្ដបន្ទាប់គ្នាប្រឆាំងនឹងសំណុំរឿង០០៣ និង០០៤ និងដោយបំពានដីការកោះរបស់សហចៅក្រមស៊ើបអង្កេត និងបដិសេធមិនផ្ដល់សក្ខីកម្មដល់តុលាការក្នុងសំណុំរឿង០០២ ដោយមិនផ្តល់ហេតុផលត្រឹមត្រូវ។
កាលពីខែកញ្ញា ឆ្នាំ២០០៩ សហចៅក្រមស៊ើបអង្កេតសញ្ជាតិបារាំង លោក ម៉ាកសែល ឡឺម៉ុងបានកោះហៅឥស្សរជនគណបក្សប្រជាជនកម្ពុជាចំនួនប្រាំមួយរូបឲ្យចូលបំភ្លឺក្នុងតុលាការ រួមមានជា ស៊ីម ប្រធានគណបក្ស លោកហេង សំរិន ប្រធានកិត្តិយសគណបក្សនេះ លោកហោ ណាំហុងរដ្ឋមន្រ្ដីការបរទេស លោកគាត ឈុន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអ៊ុក ប៊ុនឈឿន និងលោកស៊ីម កា សមាជិកព្រឹទ្ធសភា។ ប៉ុន្ដែពួកគាត់មិនបានចូលខ្លួននោះឡើយ។
លោកមេធាវីម៉ាយឃើល ផេសម៉េនបានប្រាប់ក្រុមអ្នកកាសែតនៅមុខតុលាការក្រុងភ្នំពេញថា ព្រះរាជអាជ្ញារងក្រុងភ្នំពេញ លោកសុខ រឿនបានសន្យាថា នឹងចាត់ការលើបណ្ដឹងរបស់ពួកលោក។
«យើងបាននិយាយទល់មុខជាមួយនឹងលោកព្រះរាជអាជ្ញារង ហើយគាត់ធានាថា សំណុំរឿងនេះនឹងត្រូវចាត់នីតិវិធីឲ្យបានលឿន និងស្របទៅតាមច្បាប់»។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លោកស្រី Patricia O’Brien អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការច្បាប់ បានជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលទទួលបន្ទុកផ្នែកកិច្ចការសាលាក្ដីខ្មែរក្រហម។ លោកស្រីបានព្រមានឲ្យរាជរដ្ឋាភិបាលកម្ពុជាឈប់ធ្វើសេចក្តីថ្លែងការណ៍ទាំងឡាយដែលប្រឆាំងនឹងសំណុំរឿង០០៣ និង០០៤ ហើយឱ្យឈប់ជ្រៀតជ្រែកក្នុងដំណើរការនីតិវិធីតុលាការ។ ប៉ុន្ដែមន្ដ្រីកម្ពុជាបានបដិសេធជាបន្តបន្ទាប់ថា រដ្ឋាភិបាលពុំបានរំខាន ជ្រៀតជ្រៀកលើការសម្រេចចិត្តរបស់តុលាការនោះទេ។
លោកកែវ រ៉េមី ប្រធានក្រុមអ្នកនាំពាក្យនៃអង្គភាពប្រតិកម្មរហ័សប្រចាំទីស្ដីការគណៈរដ្ឋមន្ដ្រីបានប្រតិកម្មភ្លាមៗក្នុងសន្និសីទកាសែតមួយកាលពីព្រឹកមិញនេះ ដោយហៅបណ្ដឹងរបស់ក្រុមការពារក្ដីនួន ជា ថាជាការឆ្លៀតឱកាស។
«ឆ្លៀតឱកាសទាក់ទងនឹងលោកប៊្លុង ទាក់ទងនឹងមន្ដ្រី UNមកទស្សនកិច្ចផង គាត់មិនចង់ឲ្យសំណុំរឿង០០២នេះដំណើរការទេ។ គាត់ធ្វើដើម្បីបង្វែរដំណើរការកាត់ក្ដីសំណុំរឿង០០២ខាងមុខ។ ខ្ញុំសោកស្ដាយត្រង់ថា មេធាវីមានការតព្វកិច្ចក្នុងការការពារកូនក្ដី ក៏ប៉ុន្ដែគាត់មិនធ្វើកិច្ចការនោះទេ»។
ក្រុមការពារក្ដីអតីតប្រធានសភាខ្មែរក្រហមធ្លាប់បានដាក់បណ្ដឹងទៅកាន់តុលាការជាតិឲ្យដោះស្រាយការចោទប្រកាន់ពីអំពើពុករលួយក្នុងសាលាក្ដីខ្មែរក្រហម ក៏ប៉ុន្ដែតុលាការក្នុងស្រុកបានទាត់បណ្ដឹងនោះចោល។ លោក អេនឌ្រូ អ៊ាននូហ្ស៊ីសង្ឃឹមថា តុលាការខ្មែរនឹងចាត់ការលើបណ្ដឹងរបស់ពួកគាត់ក្នុងពេលនេះ»៕