អតីតបងធំទី២នៃរបបកម្ពុជាប្រជាធិបតេយ្យ នួន ជា បង្ហាញអំពីការឈឺចាប់នៅពេលដែលកម្ពុជានិងថៃ បើកការប្រយុទ្ធគ្នានៅតាមព្រំដែន។ នេះបើតាមមេធាវីរបស់ នួន ជា ដែលបានអះអាងនៅថ្ងៃអង្គារ៍នេះ។
កងទ័ពកម្ពុជានិងថៃ បានបាញ់តទល់គ្នាឈានដល់ថ្ងៃទី៥ហើយនៅថ្ងៃអង្គារនេះ ដោយមានការប្រើកាំភ្លើងធុនធ្ងន់។ កងទ័ពនៃភាគីទាំងសងខាងចំនួន១២នាក់ បានស្លាប់បាត់បង់ជីវិតក្នុងការប្រយុទ្ធគ្នាដែលបានចាប់ផ្តើមនៅតំបន់ប្រាសាទតាមាន់និងប្រាសាទតាក្របីរបស់ខ្មែរហើយបានរីករាលដាលទៅដល់ចំណុចធ្លាប់ប្រយុទ្ធគ្នានៅតំបន់ប្រាសាទព្រះវិហារនៅថ្ងៃនេះដែរ។
លោកសុន អរុណ សហមេធាវីកម្ពុជារបស់ នួន ជា មានប្រសាសន៍ថា កូនក្តីរបស់លោកបានតាមដានសភាពការណ៍ប្រយុទ្ធគ្នានៃកងទ័ពប្រទេសទាំងពីរយ៉ាងយកចិត្តទុកដាក់នៅក្នុងបន្ទប់ឃុំឃាំងរបស់ខ្លួនប្រកបទៅដោយការឈឺចាប់។ លោកថ្លែងថា៖
«គាត់ឈឺចាប់។ គាត់និយាយថា គាត់អត់សប្បាយចិត្តទេ ទុកឲ្យវាបាញ់ស្រាច់តែចិត្តយ៉ាងម៉េច។ រដ្ឋាភិបាលយើងអត់ធន់ប៉ុណ្ណឹងហើយ វាមកបាញ់សុទ្ធតែរាប់រយរាប់ពាន់គ្រាប់កំាភ្លើងធំៗអញ្ចឹង។ គាត់នៅក្នុងគុកដេកទាំងឈឺចាប់»។
នួន ជា នឹងមានអាយុ៨៦ឆ្នាំនៅក្នុងពីរខែខាងមុខទៀត។ គាត់នឹងត្រូវឡើងរង្វង់ក្រចកសេះដើម្បីទទួលការកាត់ទោសនៅក្នុងសំណុំរឿង០០២ នៅក្នុងអំឡុងខែមិថុនាឆ្នាំនេះ ជាមួយនឹងជនជាប់ចោទដែលជាអតីតមេដឹកនាំកំពូលខ្មែរក្រហមចំនួនបីនាក់ផ្សេងទៀត រួមមានខៀវ សំផន អៀង សារី និងប្រពន្ធរបស់គាត់អៀង ធីរិទ្ធ។ ជនជាប់ចោទទាំងបួននាក់ត្រូវបានចោទប្រកាន់ពីការទទួលខុសត្រូវចំពោះការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ នៅក្នុងអំឡុងដែលពួកគេកាន់កាប់អំណាចពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
សូមបញ្ជាក់ថា នៅក្នុងការឃុំឃាំងបណ្តោះអាសន្ន ជនសង្ស័យដែលមានវ័យចាស់ជរាទាំងបួន នាក់មានសិទ្ធិមើលទូរទស្សន៍ និងមានវិទ្យុសម្រាប់ស្តាប់និងតាមដានព័ត៌មានផងដែរ។
លោកសុន អរុណ បញ្ជាក់ថា កូនក្តីរបស់លោកអះអាងថា គាត់នឹងមានយុទ្ធសាស្រ្តផ្សេងពីនេះ ដើម្បីទប់ទល់ជាមួយកងទ័ពថៃ ប្រសិនបើគាត់នៅកាន់អំណាចនោះ។ លោកថ្លែងដូច្នេះថា៖
«ថ្មីៗសួរគាត់ថាគាត់យល់យ៉ាងម៉េច។ បើអ៊ុំវិញធ្វើយ៉ាងម៉េច។ គាត់ថា បើសិនជាគាត់វិញ គាត់មានមធ្យោបាយផ្សេង ប៉ុន្តែរឿងឥឡូវនេះគឺជារឿងនយោបាយធំ ព្រោះអ្វី? រឿងនេះសម្តេចនាយកលោកកេងផ្លូវនយោបាយច្រើនជាង។ ប៉ុន្តែគាត់ថា បើសម័យគាត់ឲ្យទាហានបាញ់អញ្ចឹងពួកគាត់គឺនៅខាងក្រោយកំាភ្លើងធំរបស់ថៃ»។
កម្ពុជានិងថៃបានចាប់ផ្តើមប្រឈមមុខគ្នាដោយប្រដាប់អាវុធចាប់តាំងពីខែកក្កដាឆ្នាំ២០០៨មក។
ការប្រយុទ្ធគ្នាជាច្រើនលើករយៈពេលចុងក្រោយនេះត្រូវកម្ពុជាចាត់ទុកថាគឺជាសង្រ្គាមរវាងជាតិសាសន៍ទាំងពីរ។ ក៏ប៉ុន្តែភាគីទាំងសងខាងសុទ្ធតែបានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក៕