សហមេធាវីបរទេសរបស់ នួន ជា បានបដិសេធមិនព្រមឆ្លើយនឹងសំណួររបស់ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ ក៏ប៉ុន្ដែបានទទូចឲ្យតុលាការចាត់នីតិវិធីប្រឆាំងនឹងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងមន្ដ្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាល ចំពោះការចោទប្រកាន់ពីការជ្រៀតជ្រែក ផ្នែកនយោបាយលើសាលាក្ដីខ្មែរក្រហម។
លោកព្រះរាជអាជ្ញារង សុខ រឿន បានកោះហៅសហមេធាវីបរទេសរបស់អតីតបងធំទី២ នៃរបបកាប់សម្លាប់របស់ពួកខ្មែរក្រហម គឺលោក ម៉ាយឃើល ផេសម៉ិន (Michiel Pestman) ឲ្យចូលខ្លួននៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីសាកសួរ និងប្រគល់ភស្ដុតាង រីឯលោក អេនឌ្រូ អ៊ាននូហ្ស៊ី (Andrew Ianuzzi) ទីប្រឹក្សាច្បាប់នៃមេធាវីការពារ នួន ជា នឹងត្រូវចូលខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃស្អែក។
លោក ម៉ាយឃើល ផេសម៉ិន ថ្លែងក្នុងសន្និសីទកាសែតក្នុងទីក្រុងភ្នំពេញបន្ទាប់ពីចូលខ្លួនទៅតុលាការថា ព្រះរាជអាជ្ញារងមិនឯករាជ្យ។
«មិនមានប្រយោជន៍ដែលយើងត្រូវឆ្លើយនឹងសំនួរទេ ពីព្រោះខ្ញុំជឿថា គាត់មិនឯករាជ្យ ហើយខ្ញុំគិតថា គាត់នឹងបិទការស៊ើបអង្កេតឆាប់ៗនេះ»។
កាលពីថ្ងៃច័ន្ទសប្ដាហ៍មុន មេធាវីអន្ដរជាតិរបស់លោក នួន ជា បានដាក់បណ្ដឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញប្រឆាំងទៅនឹងលោកនាយករដ្ឋមន្ដ្រីខ្មែរហ៊ុន សែន និងលោកជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា លោកហេង សំរិន ប្រធានកិត្តិយសគណបក្សនេះ លោកហោ ណាំហុង រដ្ឋមន្រ្ដីការបរទេស លោកគាត ឈុន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកគង់ សំអុល រដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង លោកអ៊ុក ប៊ុនឈឿន និងលោកស៊ីម កា សមាជិកព្រឹទ្ធសភា និង មន្ដ្រីជាន់ខ្ពស់បំផុតរបស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច លោកឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោករដ្ឋមន្ដ្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ និងប្រឆាំង លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី។
ក្នុងបណ្ដឹងនោះ ក្រុមមេធាវីការពារបានសំអាងថា លោកប្រមុខរដ្ឋាភិបាល មេដឹកនាំ និងមន្ដ្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា ទាំងនោះបានធ្វើឲ្យប៉ះពាល់ដល់វិស័យយុតិ្តធម៌ ដោយបានធ្វើសេចក្ដីថ្លែងការណ៍ជាបន្ដបន្ទាប់គ្នាប្រឆាំងនឹងសំណុំរឿង០០៣ និង០០៤ ដែលបង្កឲ្យមានភាពចម្រូងចម្រាស់រវាងភាគីកម្ពុជានិងអង្គការសហប្រជាជាតិ។
នៅក្នុងសន្និសីទកាសែតនោះ មេធាវី នួន ជា សំអាងថា មន្ដ្រីទាំងនោះមិនត្រឹមតែគំរាមដល់ឯករាជ្យភាព និងភាពស្របច្បាប់របស់ស្ថាប័នតុលាការតែប៉ុណ្ណោះទេ ប៉ុន្ដែបានប៉ះពាល់ដោយផ្ទាល់ដល់សិទ្ធិរបស់កូនក្ដីរបស់លោក និងប៉ះពាល់ដល់ការកាត់ក្ដីដោយត្រឹមត្រូវក្នុងសំណុំរឿង០០២ ផងដែរ។
លោកមេធាវី ម៉ាយឃើល ផេសម៉ិន បានទទូចចង់ឃើញសាលាដំបូងរាជធានីភ្នំពេញចាត់ការលើបណ្ដឹងរបស់ក្រុមលោកបន្ទាប់ពីបណ្ដឹងស្ដីពីការចោទប្រកាន់ពីអំពើពុករលួយក្នុងសាលាក្ដីខ្មែរក្រហមកាលពីលើកមុនត្រូវបានទាត់ចោល។
លោក សុខ រឿន ព្រះរាជអាជ្ញារងតុលាការក្រុងភ្នំពេញ មិនអាចទាក់ទងបានទេ នៅថ្ងៃនេះ ដោយទូរស័ព្ទរបស់លោករោទិ៍គ្មានអ្នកទទួល។
កាលពីសប្ដាហ៍មុន លោក ហោ ណាំហុង ដែលមានឈ្មោះក្នុងបណ្ដឹងរបស់ក្រុមមេធាវីការពារ នួន ជា មានប្រសាសន៍ថា បណ្ដឹងប្រឆាំងរូបលោក គឺជាការលេងកំប្លែងរបស់ក្រុមមេធាវីការពារ នួន ជា។
ក្នុងរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលខ្មែរបានបង្ហាញជំហរថា ខ្លួនមិនធ្វើការជ្រៀតជ្រែកលើការសម្រេចចិត្តរបស់សាលាក្ដីខ្មែរក្រហមនោះទេ។ ជាពិសេសបន្ទាប់ពីមានការលាលែងពីការងាររបស់សហចៅក្រមស៊ើបអង្កេតអន្ដរជាតិ លោក ស៊ីកហ៊្វ្រីត ប៊្លុង។ លោក ប៊្លុង ដែលបានសំអាងថា មានការជ្រៀតជ្រែករបស់រដ្ឋាភិបាលលើការស៊ើបអង្កេតក្នុងសំណុំរឿង ០០៣ និង ០០៤ ដែលកំពុងស្ថិតក្នុងភាពប្រទាញប្រទង់រវាងអង្គការសហប្រជាជាតិជាមួយរដ្ឋាភិបាល៕