មេធាវីការពារក្ដីឲ្យនួន ជា ទាមទារប្ដូរចៅក្រមជំនុំជម្រះសាលាដំបូង។ នៅក្នុងបណ្ដឹងដិតចិត្តកាលពីថ្ងៃព្រហស្បតិ៍ដែលត្រូវផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃសុក្រនេះ ក្រុមមេធាវីការពារក្ដីនួន ជា អតីតប្រធានសភាខ្មែរក្រហម បានទាមទារឲ្យចៅក្រមទាំងប្រាំរូបរបស់អង្គជំនុំជម្រះសាលាដំបូងចុះចេញពីការជំនុំជម្រះដោយស្មគ្រ័ចិត្ត ហើយបានទាមទារឲ្យអង្គជំនុំជម្រះសាលាដំបូងចាត់ការលើបណ្ដឹងរបស់ខ្លួនឲ្យបានឆាប់បំផុត។
លោកមេធាវី សុន អរុណ រួមជាមួយនឹងសហមេធាវីបរទេស លោក មីស្ស៊ែល ផេស្តមែន (Michiel Pestman) និង លោក វិកទ័រ ខូប (Victor Koppe) លើកឡើងក្នុងបណ្ដឹងនោះថា ការវិនិច្ឆ័យក្ដីឌុចក្នុងសំណុំរឿង០០១ អាចនាំឲ្យមានភាពលំអៀងប្រឆាំងនឹងកូនក្ដីរបស់ពួកខ្លួន ដោយសារតែចៅក្រមនៃអង្គជំនុំជម្រះសាលាដំបូងបានធ្វើសេចក្ដីសន្និដ្ឋានដែលប៉ះពាល់ដោយផ្ទាល់ដល់ទោសកំហុសរបស់ នួន ជា ជាពិសេសតួនាទី និងការទទួលខុសត្រូវនៃមន្ទីរស២១ ឬគុកទួលស្លែង។
នេះជាបណ្ដឹងដិតចិត្តទីបីរបស់មេធាវីការពារក្ដីឲ្យអតីតមេដឹកនាំកំពូលៗខ្មែរក្រហមបីនាក់ ដែលបានប្ដឹងជំទាស់នឹងចៅក្រមនៃអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហម។ បណ្ដឹងធ្វើឡើងស្របពេលដែលសាលាក្ដីខ្មែរក្រហមកំពុងរៀបចំដំណើរឆ្ពោះទៅធ្វើការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់បំផុតក្នុងសំណុំរឿង០០២។ សំណុំរឿងនេះ ដែលមានជនជាប់ចោទ នួន ជា ខៀវ សំផន អៀង សារី និងអៀង ធីរិទ្ធ។
ក្នុងពេលថ្មីៗនេះ មេធាវីរបស់លោកស្រីអៀង ធីរិទ្ធ បានប្ដឹងដិតចិត្តឲ្យមានការព្យួរតួនាទីរបស់ចៅក្រមទាំងប្រាំរូបរបស់អង្គជំនុំជម្រះសាលាដំបូងចេញពីការកាត់ក្ដីក្នុងសំណុំរឿង០០២នេះ។ រីឯក្រុមមេធាវីរបស់លោកអៀង សារី ប្ដឹងដិតចិត្តប្រឆាំងនឹងលោកចៅក្រម និល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងនេះ ទាក់ទងទៅនឹងការចោទប្រកាន់អំពីការទទួលសំណូកក្នុងការបំពេញការងាររបស់លោកនៅក្នុងតុលាការខេត្តបាត់ដំបង។
លោក ឡាស អលសិន មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហមមានប្រសាសន៍ថា សាលាក្ដីពិសេសនេះនឹងត្រូវតែងតាំងចៅក្រមមួយក្រុមដើម្បីដោះស្រាយបណ្ដឹងដិតចិត្តទាំងនេះ ប៉ុន្ដែលោកមិនដឹងថា តើដំណោះស្រាយនេះនឹងត្រូវធ្វើឡើងនៅពេលណានោះទេ។ លោកថ្លែងថា៖
«ខ្ញុំមិនទាន់បានទទួលពត៌មានថា តើក្រុមចៅក្រមនឹងសម្រេចបណ្ដឹងទាំងនេះនៅពេលណានោះទេ»។
ដោយឡែក លោក ឡុង បញ្ញាវុធ មន្ដ្រីគម្រោងរបស់អង្គការគម្រោងយុត្តិធម៌នៅកម្ពុជា បានបញ្ជាក់ថាបណ្ដឹងរបៀបនេះ នឹងមិនអាចប្ដូរចៅក្រមបានជោគជ័យនោះទេក៏ប៉ុន្ដែវាអាចនឹងធ្វើឲ្យមានការប្រើ ប្រាស់ពេលវេលាកាន់តែច្រើនថៃ្ងបន្ដិចទៀតក្នុងការកាត់ទោស។
«អត់ដែលមានសេចក្ដីសម្រេចណាមួយដកចៅក្រមទេ។ នៅតុលាការផ្សេងៗក៏អញ្ចឹងដែរ។ ដូច្នេះការដែលនិយាយថា ការដែលបានស្ដាប់អង្គហេតុធ្វើឲ្យគាត់លំអៀងនោះមិនអាចទៅរួចទេ។ (បញ្ហា) នេះអាចធ្វើឲ្យមានការយឺតយ៉ាវ ក៏ប៉ុន្ដែបើតាមផ្លូវច្បាប់គេនឹងដោះស្រាយបាន»។
ក៏ប៉ុន្ដែយ៉ាងណាក៏ដោយ លោក ឡាស អលសិន មិនយល់ថា បណ្ដឹងដិតចិត្តទាំងនេះនឹងធ្វើឲ្យមានការអូសបន្លាយពេលវេលានៃការកាត់ក្ដីកាន់តែយូរនោះទេ។
សូមបញ្ជាក់ថា សាលាក្ដីខ្មែរក្រហមគ្រោងនឹងធ្វើការកាត់ទោសអតីតបងធំទី២ នួន ជា អតីតប្រមុខរដ្ឋ ខ្មែរក្រហមខៀវ សំផន អតីតរដ្ឋមន្ដ្រីការបរទេស ឬបងធំទីបីអៀង សារី និងប្រពន្ធរបស់គាត់អៀង ធីរិទ្ធ អតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ចនៅខែមិថុនាឆ្នាំ២០១១នេះ។ របបកម្ពុជាប្រជាធិបតេយ្យដែលពួកគេបានគ្រប់គ្រងអំណាច បានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់បាត់បង់ជីវិតចន្លោះពី១,៧លាននាក់ទៅ២,២លាននាក់៕