ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​មេធាវី ​នួន ​ជា ​ឲ្យ​ចូល​បំភ្លឺ​រឿង​ប្តឹង​មន្ត្រី​រដ្ឋាភិបាល


លោក​​ហេង សំរិន (ឆ្វេង)​ ប្រធាន​​​កិត្តិយ​ស​គណបក្ស​​ប្រជាជន​កម្ពុជា​​​លោក​​ជា ​ស៊ីម (កណ្តាល) ​ប្រធាន​​ព្រឹទ្ធសភា​​​ និង​លោក​នាយករដ្ឋ​​មន្ដ្រី​​ខ្មែរ​ហ៊ុន​ សែន (ស្តាំ)។
លោក​​ហេង សំរិន (ឆ្វេង)​ ប្រធាន​​​កិត្តិយ​ស​គណបក្ស​​ប្រជាជន​កម្ពុជា​​​លោក​​ជា ​ស៊ីម (កណ្តាល) ​ប្រធាន​​ព្រឹទ្ធសភា​​​ និង​លោក​នាយករដ្ឋ​​មន្ដ្រី​​ខ្មែរ​ហ៊ុន​ សែន (ស្តាំ)។

តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​កោះហៅ​ក្រុម​មេធាវី​ការពារ​ក្ដី​នួន ​ជា ​ឲ្យ​ចូល​បំភ្លឺ​និង​ប្រគល់​ភស្ដុតាង​ នៅ​សប្ដាហ៍​ក្រោយ​នេះ​ ទាក់ទង​ទៅ​នឹង​បណ្ដឹង​ប្រឆាំង​លោក​នាយក​រដ្ឋ​មន្ដ្រី​ ហ៊ុន ​សែន ​ លោក​ ជា ​ស៊ីម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​ព្រឹទ្ធសភា ​ពី​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​លើ​ដំណើរ​ការ​សាលាក្ដី​ខ្មែរ​ក្រហម។

នៅ​ក្នុង​លិខិត​កោះ​ ដែល​វីអូអេ​សម្លេង​សហ​រដ្ឋ​អាមរិក​ទទួល​បាន​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ​លោក​ព្រះរាជ​អាជ្ញារង​សុខ​ រឿន​បាន​ហៅ​ឲ្យ​លោក​មេធាវី ​ម៉ាយឃើល ​ផេសម៉េន ​(Michael ​Pestman)​ចូល​ខ្លួន​នៅ​ថ្ងៃ​ទី​៣ ​ខែ​វិច្ឆិកា ​ដើម្បី​សាកសួរ​ រី​ឯ​លោក​អេនឌ្រូ​ អ៊ាននូ​ហ្ស៊ី ​(Andrew ​Ianuzzi)​ ទីប្រឹក្សា​ច្បាប់​នៃ​មេធាវី​ការពារ​នួន ​ជា​ ត្រូវ​កោះហៅ​ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​បន្ទាប់។

លោក​សុខ​ រឿន​ក៏​បាន​បង្គាប់​ឲ្យ​ក្រុម​ការពារក្ដី​របស់​អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​នេះ​ដាក់​ភស្ដុតាងសម្រាប់​គាំទ្រ​បណ្ដឹង​របស់​ខ្លួន​ផង​ដែរ។

កាល​ពី​ថ្ងៃ​ច័ន្ទ ​មេធាវី​អន្ដរជាតិ​របស់​លោក​នួន​ជា​បាន​ដាក់​បណ្ដឹង​ទៅកាន់សាលាដំបូងរាជធានី​ភ្នំពេញ​ប្រឆាំង​ទៅ​នឹង​លោក​នាយក​រដ្ឋ​មន្ដ្រី​ខ្មែរ​ហ៊ុន​ សែន ​និង​លោក​ជា ​ស៊ីម ​ប្រធានព្រឹទ្ធ​សភា លោក​ ហេង​ សំរិន​ ប្រធានកិត្តិយស​គណបក្ស​ប្រជាជន ​លោក​ហោ ​ណាំហុង រដ្ឋ​មន្រ្ដី​ការ​បរទេស ​លោក​គាត​ ឈុន​ ​រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ​លោក​គង់ ​សំអុល​ រដ្ឋមន្ដ្រី​ក្រសួង​ព្រះ​បរម​រាជវាំង ​លោក​អ៊ុក ​ប៊ុនឈឿន​ និង​លោក​ស៊ីម​ កា ​សមាជិក​ព្រឹទ្ធ​សភា លោកឧត្តម​សេនីយ៍​ខៀវ ​សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ​លោក​រដ្ឋមន្ដ្រី​ក្រសួងព័ត៌មាន​ខៀ​វ​ កាញារិទ្ធ​ និង​លោក​ផៃ ​ស៊ីផាន​ រដ្ឋ​លេខាធិការ​ទីស្ដី​ការ​គណៈ​រដ្ឋមន្ត្រី។

ក្នុង​បណ្ដឹង​នោះ​ ក្រុម​មេធាវី​ការពារ​បាន​សំអាង​ថា ​លោក​ប្រមុខ​រដ្ឋាភិបាល ​និង​មេដឹកនាំ​ និង​មន្ដ្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​យុតិ្តធម៌​ ដោយ​បាន​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​ជាបន្ដ​បន្ទាប់​គ្នា​ប្រឆាំ​ង​នឹង​សំណុំរឿង​០០៣ ​និង​០០៤ ​ដែល​បង្ក​ឲ្យ​មាន​ភាព​ចម្រូង​ចម្រាស់​រវាង​ភាគី​កម្ពុជា ​និង​ភាគី​អង្គការ​សហ​ប្រជាជាតិ។

លោក​អាន់ឌ្រូ ​អ៊ាននូហ្ស៊ី ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ដីការ​កោះ​ហៅ​នោះ​ទេ។

«យើង​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ ប៉ុន្ដែ​យើង​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​ក្រោយ»។

លោក​ហោ ​ណាំហុង ​ដែល​មាន​ឈ្មោះ​ក្នុង​បណ្ដឹង​របស់​ក្រុម​មេធាវី​ការពារ​ ​នួន ​ជា ​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​អង្គារ​ថា ​បណ្ដឹង​ប្រឆាំង​រូប​លោក​គឺ​ជា​ការ​លេង​សើច។

«គឺ​ជា​ការ​កំប្លែង ​ដែល​មិន​សម​នឹង​យើង​ឆ្លើយ​តប​ទេ»។

លោក​កែវ ​រ៉េមី ​រដ្ឋលេខាធិការ​ និង​ប្រធាន​ក្រុមអ្នក​នាំពាក្យ​នៃ​អង្គភាព​ប្រតិកម្ម​រហ័ស​ប្រចាំ​ទីស្ដី​ការ​គណៈ​រដ្ឋមន្ដ្រី មាន​ប្រសាសន៍​កាល​ពី​សប្ដាហ៍​មុន​ថា ​បណ្ដឹងរបស់​ក្រុម​ការពារ​ក្ដីនួន ​ជា​ គឺ​ជា​ការ​ឆ្លៀត​ឱកាស​ដើម្បី​បង្វែរ​ដំណើរ​ការ​កាត់ក្ដី​សំណុំរឿង​០០២ខាងមុខ។​ ការកាត់ទោស​នេះ​គ្រោង​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២១​ខែវិច្ឆិកា។ ​ប៉ុន្ដែ​ក្រុម​មេធាវី​របស់​នួន​ ជា ​ស្នើសុំ​ពន្យារ​ពេល​ការ​កាត់ទោស​នោះ​ ប៉ុន្តែ​អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​ នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ ​បាន​ច្រាន​ចោល​ ​ដោយ​ជំរាប​ថា​ សំណើ​នោះ​គ្មាន​មូលដ្ឋាន​ទៅ​រួច​ទេ៕

XS
SM
MD
LG