ភ្នំពេញ៖ ក្រុមមន្ត្រីប៉ូលីសនិងអង្គការសង្គមស៊ីវិលបាននិយាយនៅថ្ងៃច័ន្ទនេះថា ប្រទេសកម្ពុជាត្រូវបង្កើតផែនការយុទ្ធសាស្ត្រថ្មីៗជាច្រើនទៀតសម្រាប់ជំរុញចលនាលើកកម្ពស់តម្លៃសីលធម៌សង្គម ការចាត់វិធានការបង្ក្រាប និងការពង្រឹងការអនុវត្តច្បាប់ម៉ឺងម៉ាត់ដើម្បីទប់ស្កាត់អំពើរំលោភសេពសន្ថវៈលើកុមារីមិនទាន់គ្រប់អាយុ។
ការកត់ត្រារបស់សមាគមសិទ្ធិមនុស្សអាដហុក (Adhoc) បានបង្ហាញថា ករណីរំលោភចំនួន៥០១ករណីនៅទូទាំងប្រទេសក្នុងឆ្នាំ២០១០ ដែលរួមមានចំនួន ៧៦ករណី ដែលជនរងគ្រោះមានអាយុតិចជាង១០ឆ្នាំ ចំនួន ៣៣ករណីដែលជនរងគ្រោះមានអាយុតិចជាង ៥ឆ្នាំនិងចំនួន ៧២ភាគរយដែលជនរងគ្រោះមានអាយុក្រោម ១៨ឆ្នាំនៅក្នុងឆ្នាំ២០១០។ ចំនួនករណីរំលោភនេះបានកើនឡើងជិត៩ភាគរយពីចំនួន៤៦០ករណី ក្នុងឆ្នាំ២០០៨ និងជិត២០ភាគរយខ្ពស់ជាងឆ្នាំ២០០៩ ដែលមានចំនួន៤១៩ករណី។
លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យប៉ូលីសជាតិ បានថ្លែងប្រាប់វីអូអេ សំឡេងសហរដ្ឋអាមេរិកថានាយកដ្ឋានកណ្តាលប៉ូលីសយុត្តិធម៌កំពុងតែសិក្សាពីមូលហេតុនៃការកើនឡើងនូវបទល្មើសរំលោភសេពសន្ថវៈ និងរិះរកមធ្យោបាយបង្កើតផែនការយុទ្ធសាស្ត្រដើម្បីប្រយុទ្ធប្រឆាំងនឹងករណីរំលោភសេពសន្ថវៈនេះ។
«វិធានការសំខាន់ៗ ដើម្បីទប់ស្កាត់ការរំលោភសេពសន្ថវៈគឺទីមួយ ៖ ការអប់រំប្រជាពលរដ្ឋ និងការលើក កម្ពស់ការយល់ដឹងអំពីសីលធម៌សង្គមនិងតម្លៃនៃសង្គម ទីពីរ ៖ ការចាត់វិធានការបង្ការសកម្មភាពដែល កើតឡើង និងទីបី ៖ វិធានការច្បាប់ចុងក្រោយការអនុវត្តច្បាប់ត្រូវតែម៉ឺងម៉ាត់ និងដាច់ខាត»។
លោក ធន សារ៉ាយ ប្រធានសមាគមសិទ្ធិមនុស្សអាដហុកបានថ្លែងប្រាប់វីអូអេ សំឡេងសហរដ្ឋអាមេរិកថារដ្ឋាភិបាលមិនអាចទប់ស្កាត់អំពើរំលោភសេពសន្ថ្កវៈតាមរយៈវិធានការច្បាប់តែមួយនេះបានទេប៉ុន្តែរដ្ឋាភិបាលគួរតែចាត់វិធានការចម្រុះថ្មីៗបន្ថែមទៀត។
លោក ធន សារ៉ាយ បានបញ្ជាក់ថា រដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់លើការព្យាបាលជម្ងឺផ្លូវចិត្ត ពង្រឹងការអនុវត្តច្បាប់ ផ្តន្ទាទោសជនល្មើស បង្កើនការបង្ក្រាបវីដេអូអាសអាភាស និងពង្រឹងការអប់រំ សីលធម៌សង្គមឱ្យកាន់តែខ្លាំងក្លាឡើងថែមទៀត ព្រមទាំងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន។
លោកធន សារ៉ាយ បានបន្ថែមថាបញ្ហាសង្គមពាក់ព័ន្ធនឹងបញ្ហាគ្មានការងារធ្វើ បញ្ហាភាពក្រីក្រ បញ្ហា អយុត្តិធម៌សង្គម បញ្ហានិទណ្ឌភាព និងបញ្ហាសេពគ្រឿងស្រវឹងដែលអាចធ្វើឱ្យមនុស្សមានវិបត្តិផ្លូវចិត្ត ទៅប្រព្រឹត្តអំពើចាប់រំលោភសេពសន្ថវៈ។
«ជារៀងរាល់ឆ្នាំ ចំនួនជនរងគ្រោះនៃការចាប់រំលោភសេពសន្ថវៈនេះចេះតែកើនឡើងដោយមិនឈប់ សោះ ហើយក៏មិននៅទ្រឹងទៀត។ នេះជាការព្រួយបារម្ភ។ អញ្ចឹងហើយទាល់តែមានការសហការរួមគ្នា ទាំងគ្រួសារ អង្គការសង្គមស៊ីវិល និងរដ្ឋាភិបាល។ ជាពិសេស រដ្ឋាភិបាលត្រូវតែមានវិធានការឱ្យបាន ម៉ឺងម៉ាត់ម៉ត់ចត់ ទើបយើងអាចទប់ស្កាត់បញ្ហារឿងចាប់រំលោភនេះបាន»។
លោកឧត្តមសេនីយ៍ឯកគៀត ច័ន្ទថារិទ្ធ បានថ្លែងថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បទល្មើសផ្សេងៗទាំងអស់បានថយចុះប៉ុន្តែបទល្មើសរំលោភសេពសន្ថវៈនេះបានកើនឡើង ទោះបីជាអាជ្ញាធរប៉ូលីសខំប្រឹងប្រែងយ៉ាងណាក៏ដោយ។
«ការប្លន់បានថយចុះដល់ទៅ៣០ភាគរយ។ ឃាតកម្មបានថយចុះ១៣ភាគរយ។ ការលួចបានថយចុះ១៧ភាគរយ។ ការប្រើប្រាស់ហិង្សាដោយចេតនាបានថយចុះ៨ភាគរយ។ ដោយឡែកការរំលោភសេពសន្ថវៈបានកើនឡើងជាង២០ភាគរយ។ អញ្ចឹងនេះជាប្រធានបទមួយដែលពួកយើងខ្ញុំកំពុងតែខ្វល់ខ្វាយខ្លាំងជាងគេ។ យើងកំពុងតែសិក្សាបង្កើតផែនការយុទ្ធសាស្ត្រ»។
លោកឧត្តមសេនីយឯក គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា អគ្គស្នងការប៉ូលីសជាតិនឹងលើកយកករណី រំលោភសេពសន្ថវៈមកធ្វើជាប្រធានបទដ៏ក្តៅបំផុតដើម្បីពិភាក្សារកដំណោះស្រាយនៅក្នុងកិច្ចប្រជុំប្រចាំ ឆ្នាំ២០១០នៅក្នុងចុងខែមករានេះ។
លោកឧត្តមសេនីយឯកគៀត ច័ន្ទថារិទ្ធ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបឱ្យបោះបង់ចោលអំពើ ល្មើសនៃកាមតណ្ហាខុសច្បាប់នេះ ដើម្បីកុំឱ្យក្លាយជាអ្នកទោសនៃកាមតណ្ហាដែលសង្គមស្អប់ខ្ពើម៕