រូបភាពជុំវិញពិភពលោកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ មកពីប្រទេសឈីលី ជប៉ុន ស្វីស ឥណ្ឌា អាហ្វហ្គានីស្ថាន សហរដ្ឋអាមេរិក បង់ក្លាដេស ចិន អាល្លឺម៉ង់ និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ០៩ វិច្ឆិកា ២០១៦

១
បុរសម្នាក់ក្នុងសំលៀកបំពាក់ទង់ជាតិអាមេរិក អង្គុយនៅលើចិញ្ចើមផ្លូវអំឡុងពេលបាតុកម្មប្រឆាំងនឹងប្រធានាធិបតីជាប់ឆ្នោតលោកដូណាល់ ត្រាំ នៅតំបន់ Capitol Hill ក្រុង Seattle រដ្ឋវ៉ាស៊ីនតោន។

២
លោកស្រីហ៊ីលឡារី គ្លីនតុនបិទភ្នែកសញ្ជឹងបន្តិច ស្របពេលលោកស្រីនិយាយទៅកាន់ក្រុមការងារ និងក្រុមអ្នកគាំទ្រអំពីលទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក នៅសណ្ឋាគារមួយក្នុងក្រុង Manhattan នៃបុរីញូវយ៉ក។ បេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យរូបនេះបានចាញ់ការបោះឆ្នោតទៅនឹងបេក្ខជនគណបក្សសាធារណរដ្ឋលោកដូណាល់ ត្រាំ បន្ទាប់ពីមានការប្រជែងគ្នាយ៉ាងសស្រាក់សស្រាំ។

៣
ប្រធានាធិបតីជាប់ឆ្នោតលោកដូណាល់ ត្រាំស្វាគមន៍ក្រុមអ្នកគាំទ្រ ជាមួយនឹងភរិយារបស់លោកគឺ លោកស្រី Melania និងគ្រួសារ អំឡុងពេលជួបជុំក្រុមអ្នកគាំទ្រនៅយប់ថ្ងៃបោះឆ្នោតមួយក្នុងក្រុង Manhattan បុរីញូវយ៉ក។

៤
បាតុករប្រមូលផ្តុំជិតអគារ Trump Tower ក្នុងក្រុងញូវយ៉ក។

៥
ប្រជាពលរដ្ឋចូលរួមនៅក្នុងបាតុកម្មប្រឆាំងការប្រកាន់ពូជសាសន៍ប្រឆាំងនឹងប្រធានាធិបតីជាប់ឆ្នោតលោកដូណាល់ ត្រាំ ដែលបានឈ្នះការបោះឆ្នោត នៅខាងក្រៅស្ថានទូតអាមេរិកក្នុងក្រុងឡុងដ៍។

៦
ឈ្មួញកណ្តាលផ្នែកមូលប័ត្រម្នាក់បង្ហាញប្រតិកម្មរបស់ខ្លួន ខណៈពេលកំពុងទស្សនាប្រធានាធិបតីជាប់ឆ្នោតលោកដូណាល់ ត្រាំ ធ្វើការថ្លែងសុន្ទរកថាជ័យជម្នះរបស់លោក នៅលើកញ្ចក់ទូរទស្សន៍មួយក្នុងផ្សារមូលប័ត្រក្នុងក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

៧
ទង់ជាតិអាមេរិកអាចត្រូវបានឃើញនៅកញ្ចក់បង្អួចមួយនៃស្ថានីយអវកាសអន្តរជាតិ។

៨
យុវនារីម្នាក់ថតរូបបេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋលោកដូណាល់ ត្រាំនៅពីមុខ Trump House ដែលជាកម្មសិទ្ធិរបស់លោកស្រី Lisa Rossi ក្នុងក្រុង Youngstown រដ្ឋ Pennsylvania កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

៩
ស្រ្តីម្នាក់ដើរនៅអំឡុងពេលធ្លាក់ព្រិលក្នុងក្រុង Stockholm ប្រទេសស៊ុយអែត។

១០
អ្នកស្រី Sharbat Gula (ខាងឆ្វេង) ជា «ក្មេងស្រីអាហ្វហ្គានីស្ថានភ្នែកពណ៌បៃតង» ដែលរូបថតនៅឆ្នាំ ១៩៨៥ នោះនៅក្នុងទស្សនាវដ្តី National Geographic បានក្លាយជានិមិត្តរូបមួយនៃសង្រ្គាមនៅក្នុងប្រទេសរបស់អ្នកស្រី។ អ្នកស្រីបានទទួលសោរអគារស្នាក់នៅពីប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani បន្ទាប់ពីអ្នកស្រីបានមកដល់ក្រុងកាប៊ុល។ មន្រ្តីប៉ាគីស្ថានបាននិយាយថា អ្នកស្រី Gula ត្រូវបានបញ្ជូនមកកាន់ប្រទេសកំណើតរបស់អ្នកស្រីវិញ។

១១
ផ្កាជាច្រើនត្រូវបានដាក់ក្នុងស្នាមប្រេះក្នុងជញ្ជាំងមួយអំឡុងពេលរំឮកខួបលើកទី២៧ នៃការដួលរលំជញ្ជាំងប៊ែកឡាំង ក្នុងប្រទេសអាល្លឺម៉ង់។

១២
«ត្រចៀក» មួយត្រូវបានបណ្តុះចេញពីដៃអ្នកជំងឺម្នាក់ ដែលបានបាត់បង់ត្រចៀកខាងស្តាំងរបស់ខ្លួននៅក្នុងគ្រោះថ្នាក់មួយ នៅមន្ទីរសហការមួយនៃមហាវិទ្យាល័យ Xi'an Jiaotong ក្នុងក្រុង Xi'an ខេត្ត Shaanxi ប្រទេសចិន។

១៣
ស្នាដៃសិល្បៈនៃរូបពងទាចៀនយក្ស ជាផ្នែកមួយនៃពិធីបុណ្យស្នាដៃសិល្បៈ «Hecho en Casa» ក្នុងក្រុងសាន់ត្យាហ្គោ ប្រទេសឈីលី កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

១៤
អ្នកកាន់សាសនាហិណ្ឌូអង្គុយនៅលើឥដ្ឋព្រះវិហារមួយដើម្បីប្រារព្ធពិធី Rakher Upabash ក្នុងក្រុង Narayangonj ជិតរដ្ឋធានីដាកា ប្រទេសបង់ក្លាដេស កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

១៥
សត្វអូដ្ឋដែលត្រូវបានតុបតែងធ្វើការសម្តែងរាំ អំឡុងពេលការប្រកួតមួយនៅ Pushkar Fair ទីដែលសត្វពាហនៈនានា ជាពិសេសសត្វអូដ្ឋ ត្រូវបាននាំមកយកលក់ និងជួញដូរក្នុងរដ្ឋ Rajasthan ប្រទេសឥណ្ឌា។

១៦
អាជ្ញាកណ្តាលត្រួតពិនិត្យមើលគោលដៅសម្រាប់ការប្រកួត Ruetlischiessen ក្នុងរយៈចម្ងាយ ៣០០ ម៉ែត្រ នៅទីលាន Ruetli ភាគកណ្តាលប្រទេសស្វីស។

១៧
ឧប្បត្តិហេតុដីបាក់ស្រុតមួយបានកើតឡើងនៅត្រង់ចំណុចផ្លូវបែកជាបួនជិតស្ថានីយ Hakata ក្នុងក្រុង Fukuoka ប្រទេសជប៉ុន កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងរូបភាពផ្តល់ដោយទីភ្នាក់ងារព័ត៌មាន Kyodo។