រូបភាពជុំវិញពិភពលោកសម្រាប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ មានមកពីប្រទេសហ្វីលីពីន អ៊ីតាលី បារាំង ក្រិក សហរដ្ឋអាមេរិក ចិន ជប៉ុន និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ២៤ វិច្ឆិកា ២០១៥

១
លោក David Warren អ្នកវាយតម្លៃអចលនវត្ថុដេញថ្លៃរបស់ក្រុមហ៊ុន Christie ពិនិត្យមើលបណ្តុំគ្រឿងអលង្កាដែលយកមកពីការប្រមូលផ្តុំគ្រឿងអលង្កាឈ្មោះថា Roumeliotes ជាផ្នែកមួយនៃផ្នែកទាំងបីនៃការប្រមូលផ្តុំគ្រឿងអលង្កា Marcos ក្នុងពេលពិនិត្យតម្លៃនៅធនាគារកណ្តាលរបស់ហ្វីលីពីន ក្នុងក្រុងម៉ានីល។ រដ្ឋាភិបាលហ្វីលីពីនមានគ្រឿងអលង្កាដែលមានតម្លៃរាប់លានដុល្លារ ដែលរឹបអុសពីអតីតស្រ្តីទី១ Imelda Marcos។ គេធ្វើការវាយតម្លៃនៅមុនការដេញថ្លៃនៃការប្រមូលផ្តុំគ្រឿងអលង្កា។ គ្រឿងអលង្កាត្រូវបានរឹបអុសនៅពេលដែលគ្រួសារ Marcos បានរត់ភៀសខ្លួនទៅរដ្ឋ Hawaii នៅក្នុងឆ្នាំ១៩៨៦ បន្ទាប់ពីការបះបោរមួយដែលធ្វើឲ្យប្តីរបស់គាត់បាត់បង់អំណាចដែលកាន់កាប់ក្នុងរយៈពេល២ទសវត្សរ៍។

២
ក្តាមឈូសដែលមានសពរបស់នាង Valeria Solesin ត្រូវបានគេដាក់បង្ហាញជាសាធារណៈ ក្នុងពិធីបុណ្យសពរបស់នាង នៅទីលាន St. Mark ក្រុង Venice។ នាង Valeria Solesin ដែលជានិស្សិតថ្នាក់បណ្ឌិត វ័យ២៨ឆ្នាំ ត្រូវបានគេសម្លាប់ ក្នុងពេលវាយប្រហាររបស់ពួកជ្រុលនិយមនៅមហោស្រព Bataclan ក្នុងក្រុងបារីស ដែលពេលនោះនាងស្ថិតនៅការប្រគុំតន្រ្តី Eagles of Death Metal ជាមួយនឹងមិត្តប្រុសជនជាតិអ៊ីតាលីរបស់នាង និងមិត្តភក្តិផ្សេងទៀតកាលពីថ្ងៃទី១៣ ខែវិច្ឆិកា។

៣
អគារ Eiffel Tower ត្រូវបានគេបំពាក់ភ្លើងខៀវ ស និងក្រហមតំណាងឲ្យទង់ជាតិបារាំង ដែលឆ្លុះនឹងទឹកក្នុងក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ មួយសប្តាហ៍បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ដែលបណ្តាលឲ្យមានការស្លាប់ជាច្រើននៅក្នុងរដ្ឋធានីមួយនេះ។

៤
អ្នកជំនាញខាងកោសល្យវិច្ច័យដើរពិនិត្យមើលតាមផ្លូវដើម្បីស្វែងរកភស្តុតាង បន្ទាប់ពីការផ្ទុះគ្រាប់បែកនៅខាងក្រៅសហព័ន្ធសហគ្រាសរបស់ប្រទេសក្រិកនៅចំកណ្តាលក្រុងអាថែន (Athens)។

៥
យន្តហោះ WB-57s ចំនួន៣គ្រឿងរបស់ណាសា ដែលជាយានសម្រាប់ស្រាវជ្រាវក្នុងរយៈកម្ពស់ខ្ពស់ ហោះកាត់ក្រុង Houston រដ្ឋ Texas ដែលមានពោរពេញទៅដោយអ័ព្ទ ក្នុងពេលហោះហើរជាប្រវត្តិសាស្រ្តនៅតំបន់នោះកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥។ នេះជាលើកដំបូងដែលយន្តហោះ WB-57s ទាំង៣គ្រឿងស្ថិតនៅលើអាកាសរួមគ្នា ចាប់តាំងពីដើមទសវត្សរ៍១៩៧០ នៅពេលដែលកងកម្លាំងអាកាសអាមេរិកធ្វើប្រតិបត្តិការយោធាដោយប្រើយន្តហោះ WB-57s។

៦
ស្រ្តីម្នាក់នេះជាម្តាយរបស់ទាហាន Ziv Mizrahi ជនជាតិអ៊ីស្រាអែលវ័យ១៨ឆ្នាំ ដែលត្រូវបានសម្លាប់ដោយកាំបិតរបស់ប៉ាឡេស្ទីននៅស្ថានីយ៍ប្រេងមួយនៅលើផ្លូវលេខ 443 នៅជាយតំបន់ West Bank។ គាត់កាន់ទុក្ខកូនប្រុសគាត់ ក្នុងពេលពិធីបុណ្យសពនៅកន្លែងបញ្ចុះសពយោធា Mount Herzl នៅក្នុងក្រុងហ្ស៊េរុយសាឡិម (Jerusalem)។

៧
រូបចម្លាក់របស់ព្រះពុទ្ធដែលធ្វើឡើងពីដើមឈើមួយប្រភេទរបស់ចិនត្រូវបានគេឃើញនៅក្នុងក្រុមហ៊ុនមួយនៅក្នុងក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥។ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា បន្ទប់មួយនោះមានរូបចម្លាក់ផ្សេងៗគ្នាច្រើនជាង៩.២០០។

៨
ខ្លាឃ្មុំយក្សមួយអង្គុយលើដើមឈើក្នុងពេលធ្លាក់ព្រិលជាលើកដំបូងនៅក្នុងក្រុង Jinan ខេត្ត Shandong ប្រទេសចិន។

៩
គ្រាប់រ៉ុក្កែតប្រភេទ H-IIA ដែលផ្ទុកផ្កាយរណបទូរគមនាគមន៍ និងផ្សព្វផ្សាយរបស់ក្រុមហ៊ុន Telesat ហោះចេញកន្លែងបាញ់បង្ហោះនៅមជ្ឈមណ្ឌលអាកាស Tanegashima នៅលើកោះ Tanegashima នៅទិសនិរតីរបស់ប្រទេសជប៉ុន។

១០
អ្នកឃ្វាលចៀមរបស់កុលសម្ព័ន្ធ Kazakh ដឹកចៀម និងពពែរបស់ពួកគេកាត់វាលស្រែដែលគ្របដណ្តប់ទៅដោយព្រិល នៅក្បែរព្រៃនៃជ្រលង Guozigou នៅតំបន់ស្វយ័ត Xinjiang Uighur ប្រទេសចិន។

១១
ស្រ្តីម្នាក់ឈរថតរូបក្នុងភ្លើងពណ៌ នៅកន្លែងថតរូបសម្រាប់ពិធីបុណ្យណូអែល នៅក្នុងក្រុងឡុងដ៏ ប្រទេសអង់គ្លេស។

១២
ផ្ទាំងទឹកកក Heimdal នៅតំបន់ Greenland ភាគខាងត្បូង នៅក្នុងរូបភាពដែលថតកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ ពីយាន្ត Falcon 20 របស់មជ្ឈមណ្ឌលLangley Research Center របស់ណាសា ដែលហោះហើរកម្ពស់ប្រមាណ១០គ.ម ខ្ពស់ជាងកម្រិតទឹកសមុទ្រ។