ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​ App «សំឡេង​ម្ចាស់​ឆ្នោតឬ​ Cambodian​ Voter's ​Voice​ ពុំ​ទាន់​ប្រើ​ប្រាស់​ច្រើន​ទេ


​អ្នក​ប្រើប្រាស់​ម្នាក់​សាក​ល្បង​ប្រើ​​កម្មវិធី App ទូរស័ព្ទឈ្មោះថា “សម្លេងម្ចាស់ឆ្នោត” ឬ “Cambodian Voter’s Voice” ដែលបង្កើតឡើងដោយ COMFREL ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥។ (ហ៊ាន សុជាតា/VOA)
​អ្នក​ប្រើប្រាស់​ម្នាក់​សាក​ល្បង​ប្រើ​​កម្មវិធី App ទូរស័ព្ទឈ្មោះថា “សម្លេងម្ចាស់ឆ្នោត” ឬ “Cambodian Voter’s Voice” ដែលបង្កើតឡើងដោយ COMFREL ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥។ (ហ៊ាន សុជាតា/VOA)

បើ​ទោះ​ជា​កម្មវិធី​តាម​ទូរស័ព្ទ ដែល​មាន​ឈ្មោះ​ថា​«សំឡេងម្ចាស់​ឆ្នោត»​ ឬ​ Cambodian Voter's Voice​ បាន​ដាក់​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ប្រើប្រាស់​ជា​ផ្លូវ​ការ​បាន​មួយ​រយៈ​ហើយ​ក្តី​ ក៏​ហាក់​ដូច​ជា​មិន​ទាន់​ឃើញ​មាន​សន្ទុះ​នៃ​ការ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​នេះ​នៅឡើយ​ទេ។ នេះ​បើ​តាម​ការ​បញ្ចាក់​របស់​ លោក​ កន សាវាង្ស​ ជា​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​របស់​គណៈ​កម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ Comfrel ដែល​បង្កើត​គម្រោង​«សំឡេងម្ចាស់​ឆ្នោត»​នេះ​ឡើង។

យ៉ាង​ណា​ក៏​ដោយ​ លោក​ កន សាវាង្ស​ ឲ្យ​ដឹង​ថា​ Comfrel​ នឹង​មាន​គម្រោង​ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​កម្មវិធី​ទូរស័ព្ទ​នេះ​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ​ជាង​មុន​ទៅ​ដល់​សាធារណ​ជន​ ដើម្បី​ឲ្យ​មាន​ការ​ចូលរួម​ពី​អ្នក​ប្រើប្រាស់​ឲ្យ​កាន់​តែ​ច្រើន។

កម្មវិធី​តាម​ទូរស័ព្ទ ដែល​មាន​ឈ្មោះ​ថា​«សំឡេងម្ចាស់​ឆ្នោត»​ ឬ​ Cambodian Voter's Voice​ នេះ​បាន​ដាក់​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ប្រើប្រាស់​ជា​ផ្លូវ​ការ​ដោយ​ឥតគិត​ថ្លៃ និង​ដោយ​សេរី​កាល​ពីចុង​ខែ​សីហា​នេះ។​ កម្ម​វិធី​ថ្មី​នេះ​អនុញ្ញាត​ឲ្យម្ចាស់​ឆ្នោត​មាន​សិទ្ធិ​ក្នុង​ការ​ដាក់​ពិន្ទុ​ និង​អាច​ផ្តល់​ជា​មតិ​យោបល់​ ព្រម​ទាំង​អាច​សួរ​សំណួរ​ទៅ​កាន់ក្រុម​អ្នក​តំណាង​រាស្ត្រ​របស់​ខ្លួន។

កម្មវិធី​នេះ​ក៏​មាន​ដាក់​បញ្ចូល​ទិន្នន័យ​សំខាន់ៗ​ទាក់ទង​នឹង​ការ​បោះ​ឆ្នោតដែរ​ ដូចជា​ប្រវត្តិរូប​តំណាង​រាស្ត្រ និង​ព័ត៌មាន​ទាក់ទិន​នឹង​សកម្មភាព​របស់​អ្នក​នយោបាយ​ជា​ដើម។

ទន្ទឹម​នឹង​ការ​បង្ហាញ​សាទរ​ភាព​ចំពោះ​វត្តមាន​នៃ​កម្មវិធី​ទូរស័ព្ទ​ដៃ​ប្រភេទ​នេះ​ យុវជន​កម្ពុជា​មួយ​ចំនួន ដែល​ VOAបាន​ជួប​សម្ភាសន៍​ក៏​បង្ហាញ​នូវ​ក្តី​បារម្ភ​ចំពោះ​សុវត្ថិភាព​របស់​អ្នក​ប្រើប្រាស់​ក្នុង​ការ​បញ្ចេញ​មតិ​តាម​រយៈ​កម្មវិធី​ទូរស័ព្ទនេះ​ផង​ដែរ។

កញ្ញា ហុង​ មួយគាង​ វ័យ​២១ឆ្នាំ ជា​និស្សិត​ផ្នែក​សេដ្ឋកិច្ច​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង។ កញ្ញា​ គាំទ្រ​ចំពោះ​កម្មវិធី​ទូរស័ព្ទ​នេះ។ នាង យល់ថា​ការ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​«សំឡេងម្ចាស់​ឆ្នោត»​ ឬ​ Cambodian Voter's Voice​ ដើម្បី​វាយ​តម្លៃ​ក្រុម​អ្នក​តំណាងរាស្ត្រ​ក្នុង​ប្រទេស​សេរី​គឺជា​កម្ពុជា​ចំណុច​ចាប់​ផ្តើម​ដ៏​ល្អ​មួយ។ ក៏ប៉ុន្តែ​កញ្ញា​ក៏​បាន​លើក​ឡើង​ចំពោះ​ក្តី​បារម្ភ​ជា​ទូទៅ​របស់​ប្រជាជន​កម្ពុជា​ផង​ដែរ។

«ធ្វើ​អញ្ចឹង​តាម​ទូរស័ព្ទ​ ខ្ញុំគិត​ថា​ល្អ​ ព្រោះ​ដើម្បីស្ទង់​មតិ​របស់​ប្រជាជន​ដែល​បាន​បោះ​ឆ្នោត​ ហើយ​ព័ត៌មាន​ហ្នឹង​បាន​ទៅ​ដល់​គាត់។ ដូច​ថា​គាត់​ចង់​បាន​អី​ គាត់​ផ្តល់​អាហ្នឹង​មក​វិញ។ ខ្ញុំ​គិត​ថា​គួរ​តែ​ធ្វើ​អញ្ចឹង​យូរ​ហើយ។ និយាយ​ពី​សង្គម​ខ្មែរ​យើង​វិញ​គេ​ថា​ខ្លាច​អ្នក​ធំ​គេ​ធ្វើ​បាប​អី​ហ្នឹង​ ខ្ញុំ​គិត​ថា​បារម្ភ​ដែរ​ ដោយ​សារ​ថា​ខ្លាច​មាន​រឿង។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ការ​បញ្ចេញ​មតិជា​សាធារណៈ​អញ្ចឹង​ យើង​គួរ​តែធ្វើ​យូរ​ហើយ​ ដោយសារ​ប្រទេស​យើង​ជា​ប្រទេស​សេរី»។

លោក​ ង៉ែត​ សំណាង​ អាយុ​២០ឆ្នាំ​ ជា​និស្សិត​ផ្នែក​ទេសចរណ៍​នៃសាកល​វិទ្យាល័យ​ដដែល​នេះ។

និស្សិត​រូប​នេះ​ជឿជាក់​ថា​ កម្មវិធី​ App​ តាម​ទូរស័ព្ទនេះ​អាច​ផ្តល់នូវ​អត្ថប្រយោជន៍​ដល់​រូប​គេដូចជា ទទួល​បាន​ដំណឹង​ថ្មី​ៗ​ទាក់ទង​នឹង​សកម្មភាព​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​ ព្រម​ទាំង​ទទួល​បាន​នូវ​ចំណេះ​ដឹង​ផ្នែក​សង្គម​ និង​នយោបាយ​ផង​ដែរ។

«កម្មវិធី​នេះ វា​ល្អ​ម្យ៉ាង​ដែរ​សម្រាប់​ឲ្យ​ប្រជាជន​ និង​សិស្ស​ និស្សិត​ ឬ​ក៏​អ្នក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំង​អស់​គាត់​ស្គាល់​ពី​សកម្មភាព​របស់​អ្នក​តំណាង​រាស្ត្រ​ទាំង​អស់​ហ្នឹង​ថា ​គាត់បាន​ធ្វើអី​ខ្លះ​ក្នុង​ពេល​កន្លង​មក​ឬ​ក៏​ពេល​ឥឡូវៗ។ អញ្ចឹង​យើង​ជា​ប្រជាជន​អាច​ដឹង​ថា​ការ​ជ្រើស​រើស​របស់​យើង​ហ្នឹង​ត្រឹម​ត្រូវ​ អត់​ដែល​យក​គាត់ជា​តំណាង​រាស្ត្រ។​ មាន​Appនេះ​ យើង​អាច​បញ្ចេញជា​មតិ​យោបល់ ​ឬ​ក៏​សួរ​សំណួរ​មួយ​ចំនួន​ទៅ​ដល់​ថ្នាក់​ដឹកនាំ​ដើម្បី​ឲ្យ​ពួក​គាត់​ជួយ​ដោះស្រាយ‍»។

សំណាង​ក៏​បាន​បង្ហាញនូវ​ការទាម​ទារ​ឲ្យ​មាន​ការ​រក្សា​ព័ត៌មាន​សម្ងាត់​របស់​អ្នក​ប្រើ​ប្រាស់​ផង​ដែរ ។

«បើ​សិន​ជា​អាច​ សង្ឃឹម​ថា​ខាង​Appជួយ​លាក់​ព័ត៌មាន​របស់​ម្ចាស់​សាម៉ី​ខ្លួន​ឲ្យ​បាន​កាន់​តែ​មាន​កម្រិត​ខ្ពស់។ ទី​១​ដោយ​សារ​សុវត្ថិភាព​របស់​ពួកគាត់​ ទី​២គឺ​ថា​ពួកគាត់​មាន​ការ​ជឿជាក់​លើ​App​មួយ​ហ្នឹង។ អញ្ចឹង​គាត់​អាច​បញ្ចេញ​មតិ​យោបល់​របស់​គាត់​ហ្នឹង​ដោយ​អត់​មាន​ភ័យ​ខ្លាច​អី​ទាំង​អស់»។

លោក​ កន សាវាង្ស​ ជា​មន្ត្រី​ជាន់​ខ្ពស់​Comfrel ​ដែល​ទទួល​បន្ទុក​កម្មវិធី​ទូរស័ព្ទ​«សំឡេង​ម្ចាស់​ឆ្នោត»​នេះ​ ឲ្យ​ដឹង​ថា​ ការ​បញ្ចេញ​មតិ​ជា​សាធារណៈ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ត្រូវ​បាន​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ។

«តាម​ពិត​ទៅ​ នៅ​ក្នុង​គោលការណ៍​ និង​រដ្ឋធម្មនុញ្ញ​ ប្រជាពលរដ្ឋ​គាត់​មាន​សិទ្ធិ។​ ប៉ុន្តែ​សំខាន់​ជាង​គេ​គឺ​ការ​លេង​ កុំ​ឲ្យ​ប៉ះពាល់​ដល់​រឿង​បុគ្គល​របស់​គេ។ បើ​យើង​ឲ្យ​ជា​យោបល់ ជា​សំណួរ​ទិតៀន​សម្រាប់​កែ​លំអ​ វា​អត់​មាន​អីត្រូវ​ខ្លាច​ទេ ព្រោះ​ប្រទេស​យើង​ជា​ប្រទេស​ប្រជា​ធិបតេយ្យ។ ហើយ​បើសិន​ជា​ក្នុង​ការ​និយាយ​អី​ដែល​ជា​មតិ យោបល់​ក៏​ជា​ការ​ខុស​ច្បាប់​ដែរ​ ប្រទេស​យើង​មិន​មែន​ជា​ប្រទេស​ប្រជា​ធិបតេយ្យ​ទេ»។

លោក​ កន សាវាង្ស ​បន្ថែម​ទៀត​ថា​កម្មវិធី​Appទូរស័ព្ទ​នេះ​ ជា​វេទិកា​ថ្មី​មួយ​ដែល​អនុញ្ញាត​ឲ្យ​ប្រជាជន​កម្ពុជា​ដែល​ជា​ម្ចាស់​ឆ្នោត​វាយ​តម្លៃ​ក្រុម​អ្នក​តំណាង​រាស្ត្រ​ទាំង​នោះ។

«រាល់​Comment(យោបល់)ទាំង​អស់ វា​នឹងShow​(បង្ហាញ) អញ្ចឹង។ បើ​ចង់​ ឬ​មិន​ចង់​ តំណាង​រាស្ត្រ​គាត់​មើល​ យើង​បញ្ជូន​ព័ត៌មាន​ឲ្យ​គាត់​ គាត់​អត់​មើល គាត់​មិន​លេង​ជាមួយ​ អាហ្នឹង​ទុក​ឲ្យ​ប្រជាពលរដ្ឋ​គាត់​វាយ​តម្លៃ​គាត់​ចុះ‍»។

លោក​ អ៊ូ វីរៈ នាយក​វេទិកា​អនាគត និង​ជាអ្នក​វិភាគ​ឯករាជ្យ​ម្នាក់​យល់​ថា ប្រជាជន​កម្ពុជា​ហាក់​ដូចជា​មិនសូវ​សកម្ម​ក្នុង​ការ​តាម​ដាន​សកម្មភាព​តំណាង​រាស្ត្រ​នោះ​ទេ។ លោក​ឲ្យ​ដឹង​ទៀត​ថា​ ក្តី​បារម្ភ​ និង​ការ​ភ័យ​ខ្លាច​របស់​ប្រជាជន​កម្ពុជា​ក្នុង​ការ​បញ្ចេញ​មតិ​ និង​វាយ​តម្លៃ ​តាម​រយៈ​កម្មវិធី​ទូរស័ព្ទ​ដៃ​នេះ​ គឺជា​ការ​ដាក់​គំនាប​ពី​សំណាក់​អ្នក​ប្រើប្រាស់​ដោយ​ខ្លួន​ឯង​នោះ​ទេ។

«ពី​ដំបូង​អត់​មាន​គេ​ខ្លាច​ទេ តែ​ដោយសារ​ថ្មី​ៗ​នេះ​ មាន​គេ​ចាប់​សកម្មជន ​(បញ្ចេញ យោបល់)នៅ​តាម​ហ្វេសប៊ុក​ទើប​ធ្វើ​ឲ្យ​ពួក​គាត់​ខ្លាច​។ ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ការ​ភ័យ​ខ្លាច ​មាន​ការ​ប្រុង​ប្រយ័ត្ន។ នេះ​ជា​ Self-Censorship ​ជា​ការ​រិតត្បិត​សេរីភាព​ខ្លួន​ឯង»។

លោក អ៊ូ វីរៈ គូស​បញ្ជាក់​ថា​ ចំណុច​សំខាន់​ពិត​ប្រាកដ​ដើម្បី​ទាក់ទាញ​អ្នក​ប្រើប្រាស់​កម្មវិធី​តាម​ទូរស័ព្ទ​នេះ​គឺ​ស្ថិត​នៅត្រង់​ភាព​ងាយ​ស្រួល​ចំពោះ​ការ​ប្រើប្រាស់​កម្មវិធី​នេះ​ សន្ទុះ​នៃ​ការ​ចូល​រួម​ពី​សាធារណជន​ ព្រម​ទាំង​ការ​បញ្ជ្រាប​ចំណេះ​ដឹង​ក្នុង​ការ​ប្រើ ប្រាស់​បច្ចេកវិទ្យា​ទៅ​ដល់​ប្រជាជន​កម្ពុជា៕

XS
SM
MD
LG