ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​របស់​យោធា​កូរ៉េ​ខាង​ជើង​នៅ​កម្ពុជា


នៅ​ក្នុង​រូប​ថត​នេះ​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័តមាន​មជ្ឈិម​កូរ៉េ​ (Korean Central News Agency) តាម​រយៈសេវា​ព័ត៌មាន​កូរ៉េ​នៅ​ក្រុង​តូក្យូ គេ​ឃើញ​ជនជាតិ​កូរ៉េ​ខាង​ជើង​មក​គោរព​រូប​សំណាក​លោក​អតីត​ប្រធានាធិបតី គីម​ អ៊ីល​ ស៊ុង ស្ថាបនិក​នៃ​ប្រទេស​នេះ នៅ​លើ​ភ្នំ
នៅ​ក្នុង​រូប​ថត​នេះ​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័តមាន​មជ្ឈិម​កូរ៉េ​ (Korean Central News Agency) តាម​រយៈសេវា​ព័ត៌មាន​កូរ៉េ​នៅ​ក្រុង​តូក្យូ គេ​ឃើញ​ជនជាតិ​កូរ៉េ​ខាង​ជើង​មក​គោរព​រូប​សំណាក​លោក​អតីត​ប្រធានាធិបតី គីម​ អ៊ីល​ ស៊ុង ស្ថាបនិក​នៃ​ប្រទេស​នេះ នៅ​លើ​ភ្នំ

មន្ត្រី​ផ្លូវការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ក្រុម​មន្ត្រី​យោធា​ជាន់​ខ្ពស់​កម្ពុជា ​និង​កូរ៉េ​ខាង​ជើង​បាន​ពិភាក្សា​គ្នា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​អំពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ និង​ការ​ផ្លាស់​ប្តូរ​បទពិសោធន៍​លើ​វិស័យ​ការពារ​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ។

លោក​ ផាក​ ជែហ្គីយ៉ុង (Pak Jae-gyong) អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងជើង​បាន​ដឹកនាំ​គណៈប្រតិភូ​យោធា​ជាន់ខ្ពស់​ចំនួន​៩រូប​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​២៧​ដល់​ថ្ងៃទី៣០​ខែមិនា​ដើម្បី​ស្វែងយល់​ពី​វិស័យ​ការពារ​ជាតិ​របស់​កម្ពុជា។

លោក​ ផាក ជែហ្គីយ៉ុង បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោករដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ទៀ បាញ់ ​និងមេ​បញ្ជាការ​កងទ័ព​ជាន់ខ្ពស់​កម្ពុជា​ ព្រមទាំង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​និង​ព្រះមហាក្សត្រ។

លោក​ឧត្តមសេនីយ៍​ ឯក ​ឈុំ​ សុជាតិ ​អនុរដ្ឋលេខាធិការ​ និង​ជាអ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កម្ពុជា​បាន​ថ្លែងថា៖

«គាត់​មក​ទស្សនកិច្ច​សំខាន់​បំផុត​គឺ​ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ។ លោក​អនុរដ្ឋមន្ត្រី​ការពារ​ប្រទេស​កូរ៉េង​ខាងជើង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ ​សំដៅ​ផ្លាស់​ប្តូរ​នូវ​ទស្សនវិស័យ​ខាង​វិស័យ​ការពារជាតិ​រវាង​ប្រទេស​ទាំងពីរ»។

លោក​ឧត្តមសេនីយ៍​ ឯក​ ឈុំ​ សុជាតិ បាន​បញ្ជាក់​ថា ​គណៈប្រតិភូ​យោធា​ជាន់ខ្ពស់​កូរ៉េ​ខាងជើង​បាន​ទស្សនា​នៅ​សាលា​បច្ចេកទេស​មួយ​ចំនួន​របស់​កងទ័ព​កម្ពុជា​ ដើម្បី​ស្វែងយល់​ពី​វិស័យ​ការពារជាតិ​របស់​កម្ពុជា។ ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​យោធា​ជាន់ខ្ពស់​កូរ៉េង​ខាងជើង​នេះ​បាន​ធ្វើឡើង​ ​ខណៈ​ដែល​កងទ័ព​កម្ពុជា​ និង​កងទ័ព​ថៃ​នៅ​តែ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ក្នុង​តំបន់​ជម្លោះ​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ។

លោក​ឈាង​ វណ្ណារិទ្ធ ​នាយកប្រតិបត្តិ​នៃ​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​សហប្រតិបត្តិការ​និង​សន្តិភាព​ (CICP)​ បាន​ថ្លែងប្រាប់​វីអូអេ​ខ្មែរ​ថា ​ដំណើរ​ទស្សនកិច្ច​របស់​លោក​អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កូរ៉េខាង​ជើង​នៅ​ពេល​នេះ​មិន​មាន​ផលប្រយោជន៍​ដុំ​កំភួន​សម្រាប់​កម្ពុជា​ទេ។ ប៉ុន្តែ​វា​គ្រាន់តែ​ជា​ការ​ពង្រឹង​ទំនាក់ទំនង​ផ្នែក​កាទូត​ប៉ុណ្ណោះ។ លោក​វណ្ណារិទ្ធ​ថ្លែង​ថា៖

«ខ្ញុំ​គិត​ថា​ ទាក់ទង​នឹង​វិស័យ​ការពារ​ជាតិ​ចំពោះ​កម្ពុជា​ ប្រហែល​ជា​យើង​មិន​សម្លឹង​ឃើញ​ពី​ផលប្រយោជន៍​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​ទេ​ ពីព្រោះ​ប្រទេស​កូរ៉េ​ខាង​ជើង​ចំពោះ​មតិ ​និង​ការយល់​ឃើញ​របស់​អន្តរជាតិ​ គឺ​មិនមាន​ភាព​វិជ្ជមាន​ច្រើន​ទេ។ ការ​ទទួល​ស្វាគមន៍​របស់​គណៈប្រតិភូ​កូរ៉េ​ខាងជើង​លើក​នេះ​ គឺ​ជា​ការ​បង្ហាញ​នូវ​ភាព​ឯករាជ្យ​មួយ​របស់​កម្ពុជា​ក្នុង​វិស័យ​នយោបាយ​ការ​បរទេស​តែប៉ុណ្ណោះ»។

ស្រដៀង​គ្នា​នេះដែរ​ លោក​ ឡៅ​ ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ខ្មែរ​ថា​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​យោធា​ជាន់ខ្ពស់​កូរ៉េ​ខាង​ជើង​នេះ​អាចនឹង​ជួយ​ធ្វើឱ្យ​មាន​ផ្លែផ្កា​ដល់​វិស័យ​ការពារ​ជាតិ​កម្ពុជា​នៅ​ពេល​អនាគ។

«យើង​គិត​ផលប្រយោជន៍​របស់​យើង។ យើង​ទាក់ទង​ជាមួយ​ប្រទេស​កាន់​តែច្រើន​កាន់តែ​ល្អ​ដើម្បី​ បន្សាប​ឥទ្ធិពល​ប្រទេស​ឯទៀត។ បើយើង​មាន​ទំនាក់ទំនង​កាន់តែច្រើន​ យើង​អាច​បន្សាប់​ឥទ្ធិពល​នោះ​បាន»។

គណៈប្រតិភូ​យោធា​ជាន់ខ្ពស់​កូរ៉េខាង​ជើង​បាន​មក​ទស្សនកិច្ច​កម្ពុជា​លើក​ទីមួយ​នៅ​ក្នុង​ឆ្នាំ​១៩៩៥​ ហើយ​ទស្សនកិច្ច​លើក​នេះ​ជាទស្សនកិច្ច​លើក​ទីពីរ​ចាប់តាំង​ពី​ឆ្នាំ​១៩៩៥៕

XS
SM
MD
LG