រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញជាផ្លូវការនៅថ្ងៃអង្គារនេះថា ខ្លួនបានសម្រេចឲ្យប្រទេសកូរ៉េខាងជើង សាងសង់មណ្ឌលវប្បធម៌ដ៏ធំមួយ ក្នុងខេត្តសៀមរាបដែលសម្បូរដោយប្រាង្គប្រាសាទបុរាណ។ មន្ដ្រីផ្លូវការអះអាងថា មជ្ឈមណ្ឌលដែលមានឈ្មោះថា មជ្ឈមណ្ឌលព័ត៌មានវប្បធម៌នឹងជួយពង្រឹងកំណើនទេសចរណ៍បរទេសមកកាន់កម្ពុជាផងដែរ។ ការសម្រេចចិត្តនេះត្រូវគេដឹងបន្ទាប់ពីជំនួបរវាងលោកឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីទីស្ដីការគណរដ្ឋមន្ដ្រី សុខ អាន ជាមួយឯកអគ្គរដ្ឋទូតកូរ៉េចប់អាណត្តិ លោក រី អ៊ីន យ៉ាង (Yang, Ri In Sok) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនក្នុងទីក្រុងភ្នំពេញ។
លោក ឯក ថា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ដ្រីបញ្ជាក់ថា មជ្ឈមណ្ឌលនេះនឹងបង្ហាញផងដែរ ពីរូបភាពវិជ្ជមានផ្នែកនយោបាយសម្រាប់ប្រទេស ដែលមានមិត្តភាពយូរអង្វែងនឹងគ្នាទាំងពីរនេះ។
«បង្ហាញឲ្យឃើញទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងកូរ៉េខាងជើង។ មិនតែប៉ុណ្ណោះ នេះជាការបង្ហាញឲ្យឃើញថាប្រទេសកូរ៉េខាងជើងបើកចំហវប្បធម៌របស់ខ្លួនមកកាន់ពិភពលោកខាងក្រៅ។ វាក៏នឹងជួយផងដែរនូវឧស្សាហកម្មទេសចរណ៍នៅកម្ពុជា ពីព្រោះសំណង់នេះ នឹងបង្ហាញលក្ខណៈវប្បធម៌របស់ប្រទេសទាំងពីរ»។
យោងតាមឯកសារដែលវីអូអេសំឡេងសហរដ្ឋអាមេរិកទទួលបាន មជ្ឈមណ្ឌលព័ត៌មានវប្បធម៌នេះនឹងមានអង្កត់ផ្ចិតប្រវែង៧០ម៉ែត្រ និងមានកម្ពស់រហូតដល់១២៤ម៉ែត្រ។ នេះជាមណ្ឌលដ៏ធំស្កឹមស្កៃមួយដែលនឹងត្រូវសាងសង់នៅលើទីលានមួយមុននឹងទៅដល់វង់ប្រាសាទអង្គរ។ លោកសុខ អាន បានប្រាប់ទៅមន្រ្តីការទូតរបស់ក្រុងព្យុងយ៉ាងថា អ្នកជំនាញនៃប្រទេសទាំងពីរកំពុងសិក្សារួមគ្នាលើគម្រោងសាងសង់។ នេះបើយោងតាមលោកឯក ថា។
កម្ពុជាមានចំណងទាក់ទងមិត្តភាពជាមួយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ឬកូរ៉េខាងជើងជាច្រើនទសវត្សរ៍មកហើយជាពិសេសតាមរយៈអតីតព្រះមហាក្សត្រសម្តេចឪ នរោត្តមសីហនុ។ កូរ៉េខាងជើងមានរបបគ្រប់គ្រងបែបកុម្មុយនីស្ដតឹងរឹង និងកំពុងមានអរិភាពជាមួយបងប្អូនគូសត្រូវកូរ៉េខាងត្បូងរបស់ខ្លួន។
ឯកសារដែលវីអូអេទទួលបានបង្ហាញថា មន្ដ្រីកម្ពុជានៃអាជ្ញាធរអប្សរាកំពុងបំពេញការងារជាមួយនឹងអ្នកជំនាញពីប្រទេសកូរ៉េចំនួន៦០នាក់សម្រាប់ការសាងសង់អគារ ដែលគេនៅមិនទាន់ដឹងច្បាស់ នៅថានឹងធ្វើឡើងពេលណាជាក់លាក់នៅឡើយនោះ។
លោក ឯក ថា រំពឹងថាការចាប់ផ្ដើមសាងសង់អាចនឹងប្រព្រឹត្តិទៅនៅចុងឆ្នាំ ២០១១នេះ ឬនៅដើមឆ្នាំក្រោយ។ ជំនាញការនៃប្រទេសទាំងពីរបានធ្វើការសិក្សារអស់រយៈពេលពីរឆ្នាំមកហើយ។
លោក ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សរាអះអាងថា ស្ថាប័នរបស់លោកកំពុងពិនិត្យឯកសារមួយចំនួនរបស់ភាគីកូរ៉េ ប៉ុន្ដែលោកមិនប្រាកដថា ការសាងសង់នឹងចាប់ផ្ដើមនៅពេលណានោះទេ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមានប្រសាសន៍ថា ការអនុញ្ញាតឲ្យកូរ៉េខាងជើងសាងសង់មជ្ឈមណ្ឌលព័ត៌មានវប្បធម៌នៅកម្ពុជាមិនមែនមានន័យថា កម្ពុជាងាកទៅរកប្រទេសកុម្មុយនីស្ដមួយនេះខ្លាំងនោះទេ។
«ឆ្លុះបញ្ចាំងថា យើងទៅរកតុល្យភាពទំនាក់ទំនងរវាងកូរ៉េទាំងពីរគឺខាងជើងផង និងកូរ៉េខាងត្បូងផងពីព្រោះមានគំរូនៅប្រទេសគេផ្សេងៗ ដូចគ្នាអញ្ចឹងដែរ។ ហើយយើងជាប្រទេសអព្យាក្រឹត្យប្រហែលជាមិនចេញពីអព្យាក្រឹត្យភាពអចិន្ត្រៃយ៍របស់កម្ពុជាទេ»។
កាលពីខែកក្កដា ឆ្នាំ២០១១នេះ កម្ពុជានិងកូរ៉េខាងជើងបានព្រមព្រៀងគ្នាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែរឹងមាំថែមទៀតដោយសន្យាចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកលើវិស័យកសិកម្ម ឧស្សាហកម្ម ផ្នែកបច្ចេកវិជ្ជា ផ្នែកសុខាភិបាល ការផ្លាស់ប្ដូរពាណិជ្ជកម្ម និងវិនិយោគទុន។
កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំនៃគណៈកម្មការចម្រុះទ្វេភាគីក្នុងទីក្រុងភ្នំពេញ រវាងគណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងជើងដែលដឹកនាំដោយលោក រី មីយុងសាន (Ri Myung San) អនុរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកូរ៉េ និងភាគីកម្ពុជាដែលដឹកនាំដោយលោកអ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស៕