លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះបានច្រានចោលការដោះដូរជនជាតិកម្ពុជាដែលត្រូវបានចាប់ខ្លួនក្រោមបទចោទប្រកាន់ថាធ្វើសកម្មភាពចារកម្មនៅប្រទេសថៃជាមួយនឹងសកម្មជនចលនាអាវលឿងថៃពីរនាក់ ដែលកំពុងជាប់ពន្ធនាគារនៅកម្ពុជាអំពីបទចារកម្ម។
ការកត់សម្គាល់នេះបានធ្វើឡើងបន្ទាប់ពីលោក កាស៊ីត ភីរម្យ រដ្ឋមន្ត្រីការបរទេសថៃបានថ្លែងកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលថៃចង់ដោះដូរការចាប់ជនជាតិខ្មែរនិងវៀតណាមជាមួយសកម្មជនចលនាអាវលឿងថៃពីរនាក់ឥឡូវកំពុងជាប់ពន្ធនាគារអំពីបទចារកម្មនៅក្នុងប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាប័ត្រនៅសាលាបច្ចេកទេសពេទ្យក្នុងទីក្រុងភ្នំពេញថាការដោះដូរចារកម្មរវាងសកម្មជនចលនាអាវលឿងថៃពីរនាក់ជាមួយជនជាតិខ្មែរចាប់ខ្លួនថ្មីៗដោយអាជ្ញាធរថៃមិនអាចទៅរួចទេ។
«វាមិនដែលម៉ែអាណាធ្វើចារកម្មម្តងបីប្រទេស។ មានអាជើងសុំដោះដូរទៀត ថ្នាក់រដ្ឋមន្ត្រីការបរទេសថៃមកនិយាយថា ល្មមដោះដូរ ចាំតែដូរទៅ ប្រាប់ទៅឱ្យហើយ ប្រព័ន្ធច្បាប់របស់ថៃធ្វើបែបណា ធ្វើបែបនោះទៅ»។
កាលពីខែកុម្ភៈ តុលាការកម្ពុជា បានកាត់ទោសសកម្មជនចលនាអាវលឿងថៃ វីរ៉ា ស៊ុមក្វាមគិត (Veera Somkwamkid) ឱ្យជាប់ពន្ធនាគារចំនួនប្រាំបីឆ្នាំ និងពិន័យជាប្រាក់ចំនួន៤៥០ដុល្លារអាមេរិកហើយនាង រ៉ាទ្រី ភីផាត់តានាផៃប៊ូន (Ratree Pipattanapaiboon) ឱ្យជាប់ពន្ធនាគារចំនួនប្រាំមួយឆ្នាំ និងពិន័យជាប្រាក់ចំនួន៣០០ដុល្លារអាមេរិក អំពីបទចារកម្ម និងឆ្លងដែនចូលប្រទេសកម្ពុជាដោយខុសច្បាប់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថាការចោទប្រកាន់អំពីចារកម្មដោយអាជ្ញាធរថៃនេះ ហាក់ ដូចជាចម្លែកណាស់ ហើយវាមិនដែលមានគេធ្វើចារកម្មម្តងបីប្រទេសបែបនេះទេ។ អាជ្ញាធរថៃបានប្រឌិតរឿងចារកម្មទាក់ទងនឹងការចាប់ជនជាតិខ្មែរ ថៃ និង វៀតណាម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានមន្ត្រីរបស់លោកកុំឱ្យធ្វើដំណើរទៅប្រទេសថៃញឹកពេក ប្រយ័ត្នអាជ្ញាធរថៃចាប់ ដើម្បីដោះដូរជាមួយជនជាតិថៃពីរនាក់ដែលកំពុងជាប់ពន្ធនាគារនៅព្រៃស។
«ឥឡូវ មន្ត្រីរបស់យើងត្រូវប្រុងប្រយ័ត្នបន្តិចណា។ គេចាប់ដូរជាមួយជនជាតិថៃពីរនាក់។ ខ្ញុំមិនមែនហាមប្រជាពលរដ្ឋខ្មែរមិនឱ្យទៅប្រទេសថៃទេ តែនេះជាក់ស្តែងណាស់ ចាប់ភ្លាមចោទថាជាចារកម្ម ហើយសុំដោះដូរជាមួយជនជាតិថៃពីរនាក់»។
អាជ្ញាធរថៃបានចាប់ជនជាតិថៃឈ្មោះ ស៊ូឆាត ម៉ូហាមេដ អាយុ៣២ឆ្នាំ ជនជាតិខ្មែរឈ្មោះ អ៊ុង គឹមតៃ អាយុ៤៣ឆ្នាំ និងជនជាតិវៀតណាមឈ្មោះង្វៀន តេងយ៉ាង អាយុ៣៧ឆ្នាំ អំពីបទចារកម្ម កាលពីថ្ងៃអង្គារ សប្តាហ៍មុននៅភូមិថៃមួយជាប់ព្រំដែនក្នុងខេត្តស៊ីសាកេត។
ប្រទេសកម្ពុជានិងប្រទេសថៃ បានអះអាងអំពីកម្មសិទ្ធិលើដីទំហំ៤,៦គីឡូម៉ែត្រការ៉េ នៅក្បែរប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជា បន្ទាប់ពីប្រាសាទនេះត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅក្នុងខែកក្កដាឆ្នាំ២០០៨ ហើយបន្ទាប់មកភាគីទាំងពីរ បានបង្កើនកម្លាំងកងទ័ពនៅតាមបណ្តោយព្រំដែននិងការវាយប្រយុទ្ធគ្នាជាបន្តបន្ទាប់បានកើតឡើង ដែលបានបណ្តាលឱ្យកងទ័ព និង ជនស៊ីវិលស្លាប់និងរងរបួសទាំងសងខាង៕