អង្គការយូណេស្កូ (UNESCO)និយាយថាខ្លួននឹងនៅតែបញ្ជូនក្រុមអ្នកជំនាញ ទៅវាយតម្លៃការខូចខាតប្រាសាទព្រះវិហារដោយសារការវាយប្រយុទ្ធគ្នារវាងកងទ័ពថៃនិងកម្ពុជាដដែលក៏ប៉ុន្តែអះអាងថាបេសកកម្មនេះអាចធ្វើទៅបានលុះត្រាតែស្ថានភាពយោធានៅព្រំដែនប្រទេសទាំងពីរវិលទៅរកសភាពធម្មតាវិញ។ នេះបើតាមការអះអាងរបស់លោកស្រី Sue William អ្នកនាំពាក្យរបស់ UNESCO ដែលបានថ្លែងប្រាប់វីអូអេខ្មែរ។
«មិនមានបេសកកម្មត្រូវដឹងជាមុនថានឹងត្រូវបញ្ជូនទៅកាន់ទីប្រាសាទព្រះវិហារនៅពេលនេះ។ ហើយជាក់ស្តែងនឹងគ្មានបេសកកម្មអាចនឹងកើតឡើងនៅប្រាសាទទេរហូតទាល់តែជម្លោះបញ្ចប់ជាមុនសិនរវាងគូភាគីទាំងពីរ»។
ប្រទេសកម្ពុជាបានចោទប្រកាន់ប្រទេសថៃថាបានបាញ់កាំភ្លើងត្រូវចំប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកដែលត្រូវហាមឃាត់មិនឲ្យប៉ះពាល់ក្នុងពេលសង្គ្រាមហើយបានប្តឹងទៅអង្គការសហប្រជាជាតិស្នើសុំក្រុមប្រឹក្សាសន្តិសុខកាលពីសប្តាហ៍មុនឲ្យមានការកោះប្រជុំជាបន្ទាន់អំពីការណ៍ដែលកម្ពុជាបានចោទប្រកាន់កងទ័ពថៃថាបានឈ្លានពានរំលោភអធិបតេយ្យភាពកម្ពុជា។ ក៏ប៉ុន្តែនាយករដ្ឋមន្ត្រីថៃអាប់ភីស៊ីត វីចាជីវ៉ាបានបដិសេធថាថៃពុំបានឈ្លានពានកម្ពុជាទេ។ ប្រទេសថៃបានថ្លែងការពារជំហររបស់ខ្លួនផងដែរថាកងទ័ពថៃគ្រាន់តែឆ្លើយតបទៅនឹងចំណុចដែលកងទ័ពកម្ពុជាវាយប្រហារមកលើខ្លួនតែប៉ុណ្ណោះ នៅពេលសួរពីការទទួលខុសត្រូវរឿងខូចខាតប្រាសាទព្រះវិហារ។ ថៃបានចោទប្រកាន់ត្រឡប់វិញថាកម្ពុជាយកបេតិកភណ្ឌជាមូលដ្នានទ័ពក្នុងការវាយប្រហារ។ ប៉ុន្តែកម្ពុជាបានបដិសេធ។
ទោះជាយ៉ាងណាក៏ដោយអគ្គនាយិកា UNESCO គឺលោកស្រី អ៊ីរីណា បូគូវ៉ា (Irina Bokova) បានសម្រេចបញ្ជូនបេសកជនពិសេសគឺលោកគូអ៊ីជីរ៉ូ ម៉ាត់ស៊ូរ៉ា (Koïchiro Matsuura) ជាអតីតអគ្គនាយក UNESCO ទៅកាន់ប្រទេសថៃនិងកម្ពុជាដើម្បីស្ទាបស្ទង់ស្ថានការណ៍ថាត្រូវធ្វើម៉េចអាចឲ្យជម្លោះរវាងកម្ពុជា-ថៃមានការថមថយ។
ក្រសួងការបរទេសថៃកាលពីថ្ងៃទី៩ ខែកុម្ភៈបានជំទាស់ចំពោះការប៉ុនប៉ងបញ្ជូនបេសកកម្ម UNESCO ទៅកាន់តំបន់ប្រាសាទព្រះវិហារដោយចាត់ទុកថាស្ថានការណ៍នៅមានភាពតានតឹងនៅឡើយក្រៅពីព្រមានថា UNESCO គួរស្វែងរកការយល់ព្រមពីថៃជាមុន។ ការបញ្ជាក់ដូច្នេះកើតឡើងក្រោយពេលដែលកម្ពុជាបានស្នើទៅ UNESCO កាលពីថ្ងៃទី៧ខែកុម្ភៈ ដើម្បីសុំអន្តរាគមន៍ដោយសារមានការខូចខាតប្រាសាទព្រះវិហារដែលជា បេតិកភណ្ឌវប្បធម៌អន្តរជាតិ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានជួបប្រជុំពិភាក្សាកាលពីថ្ងៃច័ន្ទក្នុងទីក្រុង New York ដើម្បីដោះស្រាយជម្លោះយោធារវាង ភាគីកម្ពុជា និងថៃដែលបានចោទប្រកាន់គ្នាទៅវិញទៅមករឿងការផ្ទុះអាវុធកាលពីថ្ងៃទី៤ដល់ថ្ងៃ៧ ខែកុម្ភៈនោះ។
ក្រៅពីបង្ហាញពីក្តីបារម្ភចំពោះជម្លោះប្រដាប់អាវុធរវាងថៃនិងកម្ពុជា ក្រុមប្រឹក្សា នេះបានជំរុញឲ្យភាគីទាំងពីរបញ្ឈប់ការវាយប្រយុទ្ធគ្នាជាអចិន្ត្រៃយ៍។ ស្ថាប័នសហប្រជាជាតិនេះក៏ពុំបានសម្រេចតាមសំណើកម្ពុជាក្នុងការបញ្ជូនកងកម្លាំងរបស់ខ្លួនទៅកាន់តំបន់ប្រាសាទព្រះវិហារដែរ។
ក៏ប៉ុន្តែលោក បណ្ឌិតឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិនៃវិទ្យាខ្មែរសម្រាប់កិច្ចសហ ប្រតិបត្តិការនិងសន្តិភាពបានថ្លែងប្រាប់ វីអូអេខ្មែរ កាលពីមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខថា៖ ស្ថានភាពយោធារវាងកម្ពុជានិងថៃកំពុងមានហានិភ័យក្រៅពីបញ្ជាក់ថាមានវត្តមានកងទ័ពអ.ស.បជាការល្អ តែលោកអះអាងថាការបញ្ជូនឬយ៉ាងណាគឺអាស្រ័យទៅលើក្រុមប្រឹក្សាសន្តិសុខអ.ស.បទេ។
«ខ្ញុំគិតថាបើក្រុមប្រឹក្សាសន្តិសុខអ.ស.បយល់ថាភាពតានតឹងឬក៏សង្គ្រាមនៅតាមព្រំដែនជាការគំរាមកំហែងមួយដល់សន្តិសុខនិងសន្តិភាពក្នុងតំបន់និងក្នុងសាកលលោកនោះគឺក្រុមប្រឹក្សាសន្តិសុខអាចនឹងចាត់វិធានការបញ្ជូនកងទ័ពមកតំបន់ហ្នឹងបានដោយមិនបាច់មានការយល់ព្រមពីភាគីដែលមានជម្លោះ»។
លោកបានលើកយកឧទាហរណ៍ស្រដៀងគ្នាមួយគឺជម្លោះរវាងប្រទេសឥណ្ឌា និងប៉ាគីស្ថានចាប់តាំងពីទសវត្សរ៍១៩៥០ទល់បច្ចុប្បន្នមកបញ្ជាក់ថា អ.ស.ប បានបញ្ជូនកងកម្លាំងរបស់ខ្លួនទៅកាន់តំបន់ជម្លោះដោយមិនចាំបាច់មានការ យល់ព្រមពីភាគីជម្លោះទាំងពីរទេ៕