ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បោះឆ្នោត​អសកល​ជា​ការ​បោះឆ្នោត​អត់ន័យ


ការ​បោះឆ្នោត​ព្រឹទ្ធសភា​តែ​មួយ​ថ្ងៃ​តាម​រយៈ​ប្រព័ន្ធ​អសកល​ត្រូវ​គេ​រៀបចំ​ធ្វើ​ឡើង​​នៅ​ថ្ងៃ​អាទិត្យ​ទី​២៩​ខែ​មករា​ឆ្នាំ​២០១២។
ការ​បោះឆ្នោត​ព្រឹទ្ធសភា​តែ​មួយ​ថ្ងៃ​តាម​រយៈ​ប្រព័ន្ធ​អសកល​ត្រូវ​គេ​រៀបចំ​ធ្វើ​ឡើង​​នៅ​ថ្ងៃ​អាទិត្យ​ទី​២៩​ខែ​មករា​ឆ្នាំ​២០១២។

ការ​ស្នើ​សុំឲ្យ​មាន​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ និងការ​ចោទ​ប្រកាន់​អំពី​ការ​ កៀប​សង្កត់​សមាជិក​គណបក្ស​ជំទាស់​ បាន​កើត​ឡើង​មុន​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ ដែល​មាន​តែ​គណបក្ស​ចំនួន​ពីរ​ ចូលរួម​ប្រកួត​ប្រជែង​នៅ​ចុង​ខែ​មករា។​ គណបក្ស​នយោបាយ​ប្រមាណ​៣០​ទៀត​ពុំមាន​ឱកាស​ចូលរួម​ទេ​ ដោយសារ​តែ​ពុំ​មាន​អង្គ​បោះឆ្នោត​ ឬ​សមាជិក​ក្រុមប្រឹក្សា​ឃុំសង្កាត់​ និង​សមាជិក​សភា​បោះឆ្នោត​ជូន។​ គណបក្ស​ខ្លះ​មាន​អង្គ​បោះឆ្នោត​ដែរ​ តែ​មិន​គ្រប់គ្រាន់​នឹង​អាច​ឈ្នះ​អាសនៈ​បាន។ ​ច្បាប់​បោះឆ្នោត​ចែង​ថា​ ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ គឺ​មាន​តែ​សមាជិក​សភា​ និង​ក្រុមប្រឹក្សា​ឃុំសង្កាត់​ប៉ុណ្ណោះ​មាន​សិទ្ធិ​បោះ​ឆ្នោត​ ដែល​គេ​ហៅ​ថា ​អង្គ​បោះឆ្នោត។

ការ​បោះឆ្នោត​ព្រឹទ្ធសភា​តែ​មួយ​ថ្ងៃ​តាម​រយៈ​ប្រព័ន្ធ​អសកល​ត្រូវ​គេ​រៀបចំ​ធ្វើ​ឡើងនៅ​ថ្ងៃ​អាទិត្យ​ទី​២៩​ខែ​មករា​ឆ្នាំ​២០១២។​ ការ​បោះឆ្នោត​នេះ​ត្រូវ​គេ​គណនា​ដឹង​ជា​មុន​ នូវ​សំឡេង​ឆ្នោត​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សម រង្ស៉ី​ទទួល​បាន​គឺ​ផ្នែក​ទៅ​លើ​អង្គ​បោះឆ្នោត​នៃ​គណបក្ស​នីមួយៗ។​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​រំពឹង​ថា​ នឹង​ទទួល​បាន​៤៦​អាសនៈ​ ហើយ​គណបក្ស​សម រង្ស៉ី​រំពឹង​ថា ​នឹង​ទទួល​បាន​១១​អាសនៈ​ក្នុង​ចំណោម​អាសនៈ​ សមាជិក​ព្រឹទ្ធ​សភា​ទាំង​៥៧​រូប។​ ព្រឹទ្ធសភា​តម្រូវ​ឲ្យ​មាន​សមាជិក​៦១​រូប។​ ស្ថាប័ន​ព្រះ​មហាក្សត្រ​ និង​ស្ថាប័ន​សភា​នឹង​ជ្រើសតាំង​ឥស្សរៈជន​២​នាក់​ដូចគ្នា​ ដើម្បី​បំពេញ​មុខនាទី​ជា​សមាជិក​ព្រឹទ្ធសភា។

លោក​គល់ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​មួយ​ហៅ​ថា​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​ ឬ​ហៅ​កាត់​ថា​ (ខុមហ្វ្រែល)​ បាន​ចាត់ទុក​ថា​ ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធ​សភា​ជា​ការ​បោះឆ្នោត​ដែល​ឥត​ន័យ ​ហើយ​ថា​ ប្រព័ន្ធ​បោះឆ្នោត​នេះ​ត្រូវ​តែ​កែ​ទម្រង់។ ​លោក​ថ្លែង​ថា​ គណបក្ស​ច្រើន​ទៀត​ក៏​ក្លាយ​ជា​ឥត​ន័យ​ដែរ​ ដោយសារ​មិន​អាច​ចូលរួម​ប្រកួត​ប្រជែង។

«គណបក្ស​ហ៊្វុនស៊ីនប៉ិច​ គណបក្ស​នរោត្តម​ រណឫទ្ធិ​ អា​ហ្នឹង​ជាក់ស្តែង។​ អញ្ចឹង គណបក្ស​ហ្នឹង​វា​ឥត​ន័យ​ ព្រោះ​ឥឡូវ​មើល​ឃើញ​ប្រកួត​តែ​គណបក្ស​ពីរ។​ អញ្ចឹង​ បន្តិច​ទៀត​ បើ​សិន​គណបក្ស​ណា​ អត់​មាន​កៅអី​នៅ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​គឺ​អត់​អាច​ចូលរួម​ប្រកួត​បាន​ទេ។​ ឧទាហរណ៍​ស្រាប់​តែ​ចៃដន្យ​ទៅ​ខាងមុខ​ទៅ​ គណបក្ស​នៅ​សល់​តែ​មួយ​ដែល​មាន​អ្នក​ត្រួតត្រា​លើ​ក្រុមប្រឹក្សា​ឃុំ​ទាំងអស់​ គឺ​ថា​ មាន​តែ​គណបក្ស​ហ្នឹង​ឯង​នឹង​ប្រកួត​ខ្លួន​ឯង​ទៅ​ហើយ​ ឲ្យ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​បោះ​ឲ្យ​បក្ស​ខ្លួន​ឯង​ វា​អត់​ន័យ​ទេ»។

លោក​គល់ បញ្ញា​ អះអាង​ថា​ អាច​មានន័យខ្លះ​ ប្រសិនបើ​យ៉ាងហោច​ណាស់​គេ​ ឲ្យ​ក្រុមប្រឹក្សា​ឃុំសង្កាត់​ហ្នឹង​ជ្រើសរើស​បេក្ខជន​ណា​នៅក្នុង​បក្សហ្នឹង​ដែល ​ខ្លួន​ស្រឡាញ់​ជាជាង​បក្សជ្រើសតាំង​ ឬក៏​ពង្រីក​អង្គ​បោះឆ្នោត​ ដោយ​ស្ថាប័ន​ឯករាជ្យ​នានា​ ដូចជា​សហជីព​ កសិករ​មក​បោះឆ្នោត​ជា​បុគ្គល​ បើទោះបី​ប្រើប្រាស់​ប្រព័ន្ធ​បោះឆ្នោត​អសកល​ក៏ដោយ។​ ម្យ៉ាងទៀត​គេគួរ​ធ្វើការ​បោះឆ្នោត​ព្រឹទ្ធសភា​ ព្រម​គ្នា​ជាមួយ​នឹង​ការ​បោះឆ្នោត​ឃុំសង្កាត់​ ដោយ​មាន​សន្លឹក​ឆ្នោត ​ម្ខាង​ពណ៌លឿង​ គឺ​ការ​បោះឆ្នោត​ឃុំ​ និង​ម្ខាង​ពណ៌ក្រហម​ជាសន្លឹក​បោះឆ្នោត​ព្រឹទ្ធ​សភា។​ ការ​ធ្វើ​ដូច្នេះ​អាច​កាត់​បន្ថយ​ការ​ចំណាយ​លុយកាក់​ច្រើន​ផង​ដែរ។

លោក ​គល់ បញ្ញា​ បានអះអាង​ថា ​យើង​បាន​ស្នើសុំឲ្យ​មាន​ការ​កែទម្រង់​ច្រើន តែ​ពុំបាន​ជោគជ័យ​ទេ។

«ប៉ុន្តែ​ខាងអ្នក​ដែល​មាន​អំណាច​នៅ​ក្នុងសភា​ ក្នុងរដ្ឋាភិបាល ​គេនៅ​តែ​យកប្រព័ន្ធ​ហ្នឹង​ដដែល។​ គេ​គិត​ថា​ ប្រព័ន្ធ​ហ្នឹង​វា​រក្សា​នូវ​ការ​ត្រួតត្រា​អំណាច​បាន​ ម្ល៉ោះ​ហើយ​គេនៅតែ​យក​ប្រព័ន្ធ​ហ្នឹង​ដដែល»។

លោក​ញ៉ឹក ប៊ុនឆៃ​ ប្រធាន​ប្រតិបត្តិ​នៃ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ អះអាងថា​ លទ្ធផល​នៃការ​បោះឆ្នោត​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​គឺ​ពឹង​ទៅលើ​អង្គបោះឆ្នោត​តិច ឬច្រើន។​ គណបក្ស​របស់​លោក​មាន​អង្គ​បោះឆ្នោត​ជិត​៣០០​នាក់។​ ដូច្នេះ​មិនអាច​រក​សំឡេង​បាន​ទេ។​ លោក​ចង់​ឃើញ​ឲ្យ​មាន​ការ​បោះឆ្នោត​ជា​សកល​វិញ ​ដែល​គណបក្ស​លោក​មាន​សំឡេង​ពីអង្គ​បោះឆ្នោត​ទូទៅ​យ៉ាង​ច្រើន​ អាច​ឈ្នះ​អាសនៈ​ខ្លះ។

«បោះឆ្នោត​អសកល​អញ្ចឹង​ទៅ​វាពិបាក​ ដោយសារ​អង្គ​បោះឆ្នោត​គឺ​ជា​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។​ បោះឆ្នោត​ជា​សកល​ទៅ​វា​ដូច​ជា​បោះឆ្នោត​តំណាងរាស្ត្រ​ដែរ។​ អញ្ចឹង​វា​ងាយ​ស្រួល​ជាង»។

លោក​នរ៉ាណាឫទ្ធិ​ អានន្នដាយ៉ាត​ នាយក​ខុទ្ទកាល័យ​នៃ​គណបក្ស​នរោត្តម​ រណឫទ្ធិ​ សម្តែង​ការ​គាំទ្រ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​ដើម្បី​ឲ្យ​គណបក្ស​របស់​លោក​បាន​ចូលរួម​នៅ​ពេល​ក្រោយៗ​ទៀត។ ​លោក​ថ្លែង​អះអាង​ថា​ ដោយសារ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​អនុញ្ញាត​ឲ្យ​ តែ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ និង​សមាជិក​សភា​ជា​អ្នក​បោះឆ្នោត​ ​ដូច្នេះ​គណបក្ស​នរោត្តម ​រណឫទ្ធិ ​ដែល​មាន​អង្គ​បោះឆ្នោត​តែ​ជាង​៤០០​ គឺ​មិន​អាច​រក​សំឡេង​បាន​ទេ។

«ហេតុ​ដូច្នេះ​ហើយ​ បាន​ជា​គណបក្ស​ នរោត្តម​ រណឫទ្ធិ​ នេះ​អត់​ប្រកួត​ប្រជែង។​ ប៉ុន្តែ​យើង​សង្ឃឹម​ថា​ នៅ​ពេល​ក្រោយ​ទៀត​យើង​នឹង​មាន​លទ្ធភាព​ចូលរួម​ប្រកួត​ប្រជែង»។

ក៏​ប៉ុន្តែ​លោក​ទេព នីថា​ អគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គជប)​ បាន​អះអាង​ថា ​គណបក្ស​នីមួយៗ​ដឹងពី​មូលដ្ឋាន​របស់​ខ្លួន​ថា ជាប់​ឆ្នោត ​ឬ​យ៉ាងណា ​មុន​សម្រេច​ចិត្ត​ចូលរួម​ប្រកួត​ប្រជែង​ ឬ​មិនចូល។ ​លោក​បន្ថែម​ថា​ នេះជា​ការ​សម្រេច​ចិត្ត​ផ្ទាល់ខ្លួន​របស់​គណបក្ស​នីមួយៗ។ ​លោក​ទេព នីថា​អះអាងថា​ ការ​តវ៉ា​ នានា​ពេល​នេះ​គ្រាន់តែ​ជាការ​ឲ្យ​ឮ​ជា​សំឡេង។​ លោក​បញ្ជាក់​ថា​ ការ​ស្នើសុំ​ឲ្យផ្លាស់ប្តូរ​ គេ​គួរធ្វើ​ឲ្យ​បាន​យូរ​មុនការ​បោះឆ្នោត​ ហើយ​គេ​ត្រូវ​ស្នើ​ទៅ​កាន់​ស្ថាប័ន​នយោបាយ​ជា​អ្នក​សម្រេច​ការ​កែ​ទម្រង់។

«គជប​គ្រាន់តែ​ជា​អ្នក​អនុវត្ត​ច្បាប់​ ហើយ​ការ​សម្រេច​ច្បាប់​ជា​ការ​សម្រេច​ខាង​ នយោបាយ។​ ជាទូទៅ​វា​អាស្រ័យ​ទៅ​លើ​ស្ថានភាព​នៃ​ប្រទេស​នីមួយៗ។​ ហើយ នៅ​ប្រទេស​របស់យើង ការ​បោះឆ្នោត​សកល​ហ្នឹង​យើង​មានពីរ​ហើយ​គឺ​ថ្នាក់​សភា​ជា​ថ្នាក់​កំពូល​ ហើយ​ថ្នាក់​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ ជាថ្នាក់​នៅ​ឯ​មូលដ្ឋាន»។

លោក​ទេព​ នីថា​អះអាង​ថា​ ប្រទេស​ប្រមាណ​៦០​នៅ​លើ​សកល​លោក​រៀបចំ​ការ​បោះឆ្នោត​ជាអសកល​ដើម្បីជ្រើសរើស​សមាជិក​ព្រឹទ្ធ​សភា។

អង្គ​បោះឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចំនួន​៧.៩៩៣​នាក់​ ដោយឡែក​ អង្គ​បោះឆ្នោត​គណបក្ស​សម រង្ស៉ី​មាន​ចំនួន​២.៦៦០​នាក់​ ដែល​គណបក្ស​ទាំង​នេះ​ទទួល​បាន​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​កាល​ពី​ឆ្នាំ​២០០៧។

ការ​បោះឆ្នោត​ព្រឹទ្ធសភា​អាណតិ្ត​ទី២​ចែកជា​៨​ភូមិភាគ។​ ក្នុង​ភូមិភាគ​នីមួយៗ​មាន​ខេត្ត​មួយ​ និង​ខេត្តច្រើន​រួម​បញ្ចូល​គ្នា។​ ការ​បោះឆ្នោត​នេះ​នឹង​ចាប់ផ្តើម​ឃោសនា​ពី​នៅ​ថ្ងៃ​៧​មករា​ដល់​ថ្ងៃ​២៧​មករា។​ សកម្មជន​មួយ​ចំនួន​ជា​អង្គ​បោះឆ្នោត​របស់គណបក្ស​ប្រឆាំង​ រួម​មាន​តំណាងរាស្ត្រ គឺ​លោក​ចាន់ ចេង​ និង​ក្រុម​ប្រឹក្សា​ឃុំ​យ៉ាង​តិច​ពីរ​រូប​ ត្រូវ​ជាប់​ក្នុង​បញ្ហា​ក្តីក្តាំ​ក្នុង​តុលាការ​ ហើយ​បាន​រត់គេច​ខ្លួន​ ឬ​ជាប់គុគ។ ​ ក្រៅពី​នេះ​មាន​ការ​ចោទប្រកាន់​ថា​ គណបក្ស​គ្រប់គ្រង​ប្រទេស​ប្រើ​ប្រាស់​លុយ​កាក់​ទិញ​ទឹកចិត្ត​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​ជំទាស់​ច្រើន។

លោក​យឹម សុវណ្ណ​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សម រង្ស៉ី​ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​ប្រឆាំ​នេះ ​បាន​ចោទ​ប្រកាន់​ថា​ គណបក្ស​គ្រប់គ្រង​ប្រទេស​ប្រើប្រាស់​តុលាការ​ជា​ប្រព័ន្ធមួយ​ដើម្បី​បំភិត​បំភ័យ​គណបក្ស​ជំទាស់​ និង​ធ្វើឲ្យ​បាត់​សំឡេង​ឆ្នោត​របស់​គណបក្ស​ប្រឆាំង​សម្រាប់​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ ដែល​រំខាន​ដល់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នៅពេល​ខាង​មុខ​ ដោយ​ប៉ុនប៉ង​បំផ្លាញ​ប្រជាធិបតេយ្យ​ ពង្វាង​ការ​យកចិត្ត​ទុកដាក់​របស់​គណបក្ស​សម រង្ស៉ី​ចំពោះ​ការ​បោះឆ្នោត។

លោក​បាន​បន្ថែម​សេចក្តី​ថា​ គណបក្ស​លោក​និង​សមាជិក​របស់​គណបក្ស​លោក​ នៅ​តាម​មូលដ្ឋាន​បាន​ដឹង​ហើយ​ ហើយ​ក៏បាន​ត្រៀម​លក្ខណៈ​ទប់ទល់​រួច​ហើយ​ដែរ។

លោក​ព្រមាន​ថា​ ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​បន្ត​ធ្វើទុក្ខ​បុកម្នេញ​ គណបក្ស​សម រង្ស៉ី​ទៀត​ គណបក្ស​សម រង្ស៉ី​នឹងប្រើ​មធ្យោបាយ​ចុងក្រោយ​មួយ ​របស់​ខ្លួន​ រួមជាមួយ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ការ​ចាប់ខ្លួន​ ការ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ ការ​រំលោភ​ដីធ្លី​ ហើយនឹង​អ្នក​ស្នេហាជាតិ​ប្រឆាំង​នឹង​ការ​រំលោភ​ទឹកដី​ ប្រឆាំង​នឹង​ការ​បោះ​បង្គោល​ព្រំដែន​ ដើម្បី​ងើប​តវ៉ា​តាម​ដង​ផ្លូវ​ ដើម្បី​ដោះស្រាយ​បញ្ហា​ ហើយ​ប្រឆាំង​នឹងការ​ធ្វើតាម​តែ​អំពើ​ចិត្ត​របស់​គណបក្ស​ប្រជាជន។

«យើងត្រូវតែ​ដោះស្រាយ​ ធ្វើការ​តាម​ចញ្ចើមថ្នល់​ តាមផ្លូវ។​ យើង​នឹង​រៀបចំ​ធ្វើ មហាបាតុ​កម្ម​ដ៏​ធំ​មួយ​ដើម្បីធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ហ្នឹង។​ តែ​បើ​មិន​មាន​ការ​ដោះស្រាយ​ទេ​គឺ​បាតុកម្ម​ទូទាំង​ប្រទេស​នឹង​កើត​ឡើង»។

លោក​យឹម សុវណ្ណ​បានអះអាង​ថា​ ការ​បោះឆ្នោត​ព្រឹទ្ធសភា​នេះ​មិន​អាច​ជាការ​បោះឆ្នោត​ដោយ​សេរី​ យុត្តិធម៌​ទេ​ ​ព្រោះ​ជា​ការ​បោះឆ្នោត​ដែល​មាន​ការ​គម្រាម​កំហែង​ ទិញ​ទឹកចិត្ត​ដ៏ខ្លាំង។​ លោក​ថា​ ទោះ​ជា​ការ​ទិញ​ទឹកចិត្ត​ ដោយផ្តល់​លុយ​ ពី​៥០០​រយ​ដុល្លាររ​ ១០០០ដុល្លាររ​ ​ហើយឡើង​ដល់​១៥០០​ និង​២០០០​ដុល្លាររ​យ៉ាង​ណា​ក៏​ ដោយ​លោក​យឹម សុវណ្ណ ​អះអាង​ថា​ ក្រុម​ប្រឹក្សា​ឃុំសង្កាត់​របស់ ​គណបក្ស​សម រង្ស៉ី​មិន​បាន​លក់​ឧត្តម​គតិទេ ​ដោយ​បាន​ស្បថ​ថា​ ស្មោះត្រង់​នឹង​ជាតិ​ ប្រជារាស្ត្រ ​និង​ភាព​យុត្តិធម៌។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​បាន​បដិសេធ​ថា​ ខ្លួន​មិន​បាន​ប្រើប្រាស់​តុលាការ​ និង​ការ​គម្រាម​កំហែង​ដើម្បីយក​ឈ្នះ​គណបក្ស​ដទៃ ​នៅពេល​បោះឆ្នោត​ទេ​ ​ហើយ​បាន​អះអាង​ទៀត​ថា​ ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រព្រឹត្ត​មិន​សមរម្យ​ នោះ​ពលរដ្ឋ​មិន​បោះឆ្នោត​ជូន​ជា​ច្រើន​អាណត្តិ​នោះទេ។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ កាលពីថ្ងៃ​២៨ធ្នូ​ បាន​ប្រៀប​ធៀប​គណបក្ស​សម រង្ស៉ី​ទៅ​នឹង​របប​ឃោរ​ឃៅប៉ុល​ ពត ​ដោយ​លោក​បាន​អះអាង​ថា​ គណបក្ស​ សម រង្ស៉ី​កៀប​សង្កត់​សមាជិក​របស់ខ្លួន​ ឲ្យស្បថ​ និង​ដក​ទូរស័ព្ទ​មុនថ្ងៃ​បោះឆ្នោត។​ លោក​ចាត់​ទុក​ថា​ នេះ​ជា​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស។

«ខ្ញុំសូម​ផ្តាំទៅ​អស់លោក។ ​សមាជិក​ សមាជិកា​គណបក្ស​សម រង្ស៉ី​គឺ​ជា​មនុស្ស មិន​មែន​ជា​ទំនិញ​សម្រាប់​ការ​លក់​ដូរ​ទេ។​ សូម​គោរព​ភាព​ថ្លៃថ្នូរ​នៃ​សមាជិក​ខ្លួន​ឯង​ មិនមែន​ជាទំនិញទេ។​ ខ្ញុំអាណិត​អស់លោក​ លោកស្រី​ ដែលជា​ថ្នាក់​ដឹកនាំ​ ជា​សមាជិក​ សមាជិកា​គណបក្ស​សម រង្ស៉ី​ ដែលត្រូវ​គេ​លាភ​ពណ៌»។

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែនបាន​កាន់​អំណាច​៣០​ឆ្នាំ​ហើយ។​ ឯកសារ​សម្ងាត់​របស់​គណបក្សនេះ​ដែល​ចែក​ជូន​ដល់ សន្និបាត​គណៈ​កម្មាធិការ​កណ្តាល​លើក​ទី៣៦​ កាល​ពី​ថ្ងៃ២០ ​ដល់​២១​ ខែ​កក្កដា​ ឆ្នាំ​២០១១ ដែល​វីអូអេ​ទទួល​បាន​ពី​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ ហើយដែល​ស្និត​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចំណុច​ខ្លាំង​របស់​ខ្លួន​ ដែល​អាច​នាំ​ឲ្យ​មាន​ជ័យ​ជម្នះ​គឺដោយផ្នែក​លើ​បរិមាណ​ សមាជិក​ និង​អំពើ​ល្អ​របស់មន្ត្រី​គណបក្ស។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ គណបក្ស​ប្រជាជន​កម្ពុជា​បង្ហាញ​ឲ្យ​ឃើញ​ពី​ចំណុច​ខ្សោយ​របស់ខ្លួន​ជាច្រើន​ដែរ​ ដូចជា​ការ​មិន​ចុះ​សម្រុង​គ្នា​រវាង​មន្ត្រី​ក្នុង​ស្ថាប័ន​ការងារ​ ទាំង​មន្ត្រី​នយោបាយ​ និង​មន្ត្រី​ជំនាញ។​ ឯកសារ​ដដែល​បាន​បង្ហាញ​ផង​ដែរ​ថា ​អង្គការ​ចាត់តាំង​បក្ស​មួយ​ចំនួន​មិនសូវ​យក​ចិត្ត​ទុកដាក់​ដល់​ការ​ពង្រឹង​តួនាទី​ដឹកនាំ​របស់​គណបក្ស​ ទាំង​នយោបាយ ​សតិអារម្មណ៍ ​ហើយ​មាន​ការ​ចាត់តាំង​ គ្រប់គ្រង​ ធូរលុង​ និង​មាន​អាកប្បកិរិយា​ខុស​ឆ្គង​មួយ​ចំនួន។​ ហើយថ្នាក់​មូលដ្ឋាន ​បក្សស្រុក​ ឃុំ ​មួយ​ចំនួន​ពឹង​ទៅ​លើ​តែ​មន្ត្រី​ថ្នាក់​កណ្តាល​ មិន​ទាន់​ម្ចាស់ការ​ខ្លួន​ឯង។

ឯកសារ​នេះ​និយាយ​អំពី​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ និយាយ​អំពីឃុំសង្កាត់ ​និយាយ​អំពី​យុទ្ធសាស្ត្រ​ ទិសដៅ​ ការណែនាំ​ផ្សេងៗ​ដែល​ជាវិធី​នាំ​ទៅដល់​ជ័យជំនះ។ ឯកសារ​នេះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា៖

«ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ ក្រុមប្រឹក្សា​ឃុំសង្កាត់​ និង​តំណាង​ រាស្ត្រ​ ជា​ពេល​វេលា​ដ៏​សំខាន់​ណាស់»។

ឯកសារ​ដដែល​បាន​បញ្ជាក់ទៀត​ថា៖

«បក្សប្រឆាំង​និងបណ្តា​មជ្ឈដ្ឋាន​ អគតិ​ផ្សេងទៀត​ក៏មិន​បោះបង់​ចោល​បំណង ផ្តួល​រំលំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ»។

លោក​បណ្ឌិត ​ពុទ្ធា ​ហង្ស​ នាយក​ឃ្លាំមើល​ការ​បោះឆ្នោត​មួយទៀត​ក្នុង​ប្រទេស​កម្ពុជា​ហៅ​ថា​ Nicfec​ បាន​ថ្លែង​ថា​ ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​មាន​ពាក្យ​បណ្តឹង​អំពី​ភាព​មិន​ប្រក្រតី​ច្រើន​ ទោះ​ជា​មាន​អង្គ​បោះឆ្នោត​តិច​ក្តី។

«ប៉ុន្តែ​នៅ​ក្នុង​នេះ​ ​យើង​ឃើញ​ថា​ ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​តែ​មាន​ពាក្យ ​បណ្តឹង​រហូត​ដល់​ជាង​៧០​ពាក្យ​បណ្តឹង។​ អញ្ចឹង​ខ្ញុំ​គិត​ថា នេះ​ជា​បទ​ពិសោធន៍​មួយ​ក្នុង​ការ​រៀបចំ​លើក​ក្រោយ​ទៀត​ ដើម្បី​ឲ្យ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​ហ្នឹង​គឺ​ត្រូវតែ​ពិនិត្យ​ពិច័យ​ឲ្យ​បាន​ហ្មត់ចត់​មែន​ទែន»។

លោក​ពុទ្ធា ហង្ស​បាន​អះអាង​ថា​ អង្គការ​របស់លោក​មិន​ចូល​រួម​សង្កេត​ការណ៍​ទេ​ព្រោះ​ការ​បោះឆ្នោត​នេះ​ជា​ការ​បោះឆ្នោត​ប្រយោល ​ហើយ​គេ​អាច​ដឹង​លទ្ធផល​ជា​មុន​រួច​ស្រេច​ទៅ​ហើយ គ្រាន់​តែ​ល្អៀង​បន្តិច​បន្តួច។

ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​មាន​បេក្ខជន​១១៤​នាក់​ ដែល​ត្រូវ​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ចុង​ខែ​ធ្នូ។​ គ.ជ.ប.​គ្រោង​នឹង​ចំណាយ​ថវិកា​តែ​ជាង​៥០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ការ​បោះឆ្នោត​នេះ​ ដែល​មាន​ការិយាល័យ​បោះឆ្នោត​តែ​ជាង​៣០​ប៉ុណ្ណោះ៕

XS
SM
MD
LG