ភ្នំពេញ៖ បន្ទាប់ពីបានបើកកិច្ចប្រជុំពេញអង្គលើកទី៩ អស់រយៈពេលបីថ្ងៃរួចមក នៅថ្ងៃពុធនេះ ក្រុមចៅក្រមនិងព្រះរាជអាជ្ញារបស់សាលាក្ដីខ្មែរក្រហមបានអនុម័តវិសោធនកម្មវិធានផ្ទៃក្នុងមួយចំនួន ដែលនឹងអាចបញ្ចៀសភាពរាំងស្ទះក្នុងដំណើរការកាត់ទោសបាន។
បើទោះជាជនជាប់ចោទមានបញ្ហាផ្នែកសុខភាព ឬភាពធ្ងន់ធ្ងរដទៃផ្សេងទៀតដែលធ្វើឲ្យខកខានក្នុងការចូលរួមសវនាការក៏ដោយ ក៏ដំណើរការកាត់ទោសនឹងនៅតែបន្ដទៅមុខទៀតដដែល។ នេះគឺជាបទបញ្ញត្តិដែលត្រូវបានចែងក្នុងវិធានផ្ទៃក្នុងដែលទើបត្រូវបានធ្វើវិសោធនកម្មដោយកិច្ចប្រជុំពេញអង្គលើកទី៩របស់ក្រុមចៅក្រម និងព្រះរាជអាជ្ញានៃសាលាក្ដីខ្មែរក្រហម។ កិច្ចប្រជុំពេញអង្គរយៈពេលបីថ្ងៃបានបញ្ចប់នៅថ្ងៃពុធនេះ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាក្ដីខ្មែរក្រហម។
បទបញ្ញត្តិថ្មីដែលត្រូវគេមើលឃើញថា ជាការត្រៀមបញ្ចៀសឧបសគ្គក្នុងការកាត់ក្ដីអតីតមេដឹកនាំកំពូលៗខ្មែរក្រហមក្នុងសំណុំរឿង០០២។ គេដឹងថា សំណុំរឿងនេះអាចនឹងត្រូវយកមកជំនុំជម្រះក្នុងអំឡុងខែមិថុនាខាងមុខ ក្នុងនោះមានជនជាប់ចោទ នួន ជា ខៀវ សំផន អៀង សារី និងអៀង ធីរិទ្ធ។
សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា បទបញ្ញត្តិ ដែលត្រូវបានកែសម្រួលនោះ អនុញ្ញាតឲ្យអង្គជំនុំជម្រះបន្ដដំណើរការនីតិវិធីរបស់ខ្លួនដោយអវត្តមានជនជាប់ចោទ។ បើមិនធ្វើវិសោធនកម្មទេ អវត្តមានរបស់ជនជាប់ចោទនឹងធ្វើឲ្យមានការយឺតយ៉ាវខ្លាំងដល់ដំណើរការនីតិវិធី។ តាមវិសោធនកម្មនេះ ប្រសិនបើករណីអវត្តមានបែបនេះកើតឡើង អង្គជំនុំជម្រះអាចបង្គាប់ឲ្យជនជាប់ចោទចូលរួមសវនាការតាមរយៈមធ្យោបាយសោតទស្សន៍ គឺមានន័យថា តាមរយៈការភ្ជាប់ខ្សែវីដេអូទៅកាន់បន្ទប់ជនជាប់ចោទ។
លោកឌឹម សុវណ្ណារុំ អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម ពន្យល់បន្ថែមថា បទបញ្ញត្តិនេះនឹងត្រូវអនុវត្ត បើទោះជាមានការយល់ព្រម ឬមិនយល់ព្រមពីជនជាប់ចោទក៏ដោយ។
«ចំណុចដែលសំខាន់ត្រង់ថា កិច្ចប្រជុំពេញអង្គលើកទី៩នេះបានសម្រេចថា បើទោះបីជាជនជាប់ចោទយល់ព្រម ឬមិនយល់ព្រមយ៉ាងណាក៏ដោយ ក៏អង្គជំនុំជម្រះសាលាដំបូងអាចបន្ដដំណើររបស់ខ្លួនដោយគ្មានវត្តមានរបស់ជនជាប់ចោទ ហើយបើសិនជាមានបញ្ហាសុខភាព ឬបញ្ហាធ្ងន់ធ្ងរដទៃទៀត ដែលធ្វើឲ្យជនជាប់ចោទមិនអាចចូលរួមបាន ក៏អង្គជំនុំជម្រះនៅតែបន្ដនីតិវិធី»។
លោកអាង ឧត្តម សហមេធាវីការពារក្ដីឲ្យអៀង សារី អតីតរដ្ឋមន្ដ្រីការបរទេសខ្មែរក្រហម ចាត់ទុកថា វិសោធនកម្មនេះគឺជាការចាប់បង្ខំឲ្យជនជាប់ចោទចូលរួមសវនាការ។
«គេចង់បង្ខំឲ្យជនជាប់ចោទចូលរួម ប្រហែលជាគេដឹងថា ជនជាប់ចោទមិនអាចចូលរួមពេញពេលវេលានៃសវនាការទេ»។
លោកសុន អរុណ សហមេធាវីការពារក្ដីឲ្យនួន ជា អតីតបងធំទីពីរបន្ទាប់ពីប៉ុល ពត អធិប្បាយថា វិធានផ្ទៃក្នុង ដែលត្រូវបានកែប្រែនេះ នឹងបង្កជាបញ្ហាដល់កូនក្ដីរបស់លោក។
នៅក្នុងបណ្ដឹងមួយទៅកាន់អង្គជំនុំជម្រះសាលាដំបូង កាលពីថ្ងៃទី៧កុម្ភៈ លោកមេធាវីស សាវ៉ាន លោកមេធាវី Jacque Verges និងលោកមេធាវី Phillipe Greciano បញ្ជាក់ថា លោកខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហមចង់មានវត្តមានដោយផ្ទាល់នៅក្នុងសវនាការកាត់ទោសរូបលោក។
ជាមួយគ្នានេះដែរ កាលពីថ្ងៃទី១៩ ខែមករា លោកអៀង សារីបានស្នើសុំឲ្យអង្គជំនុំជម្រះសាលាដំបូងបើកសវនាការត្រឹមតែពាក់កណ្ដាលថ្ងៃប៉ុណ្ណោះ ដោយសារមូលហេតុសុខភាព។ ក៏ប៉ុន្ដែសហព្រះរាជអាជ្ញាបានជំទាស់សំណើរនេះ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំពេញអង្គរយៈពេលបីថ្ងៃនោះ ក្រុមចៅក្រមនិងព្រះរាជអាជ្ញារបស់សាលាក្ដីខ្មែរក្រហមក៏បានអនុម័តការកែសម្រួលវិធានស្ដីពីភាពអាចទទួលយកបាននៃបណ្ដឹងដិតចិត្ត ប្រឆាំងចៅក្រមណាម្នាក់ក្នុងអង្គជំនុំជម្រះសាលាដំបូង។ កិច្ចប្រជុំនេះក៏បានបង្កើតបទបញ្ញត្តិថ្មីមួយដែលអនុញ្ញាតឲ្យអង្គជំនុំជម្រះសាលាដំបូងបំបែកដំណើរការក្ដី ឬបំបែកបទចោទប្រកាន់ជនជាប់ចោទផងដែរ។
សាលាក្ដីខ្មែរក្រហមគ្រោងនឹងបើកកិច្ចប្រជុំមួយនៅដើមខែមេសាខាងមុខនេះដើម្បីរៀបចំនីតិវិធីបើកសវនាការសម្រាប់ជនជាប់ចោទអៀង សារី ខៀវ សំផន អៀង ធារិទ្ធ និងនួន ជា ចំពោះការទទួលខុសត្រូវលើការស្លាប់បាត់បង់ជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច១,៧លាននាក់ចន្លោះពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩៕