ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនួប​ម្ចាស់​ជំនួយ​ត្រូវ​ពន្យារ​គ្មាន​ពេល​កំណត់


ទិដ្ឋភាព​កិច្ច​ប្រជុំ​ប្រទេស​ផ្តល់​ជំនួយ​មក​កម្ពុជា​​នៅវិមាន​រដ្ឋាភិបាល​នា​ក្រុង​ភ្នំពេញ​នា​ពេល​កន្លង​មក។
ទិដ្ឋភាព​កិច្ច​ប្រជុំ​ប្រទេស​ផ្តល់​ជំនួយ​មក​កម្ពុជា​​នៅវិមាន​រដ្ឋាភិបាល​នា​ក្រុង​ភ្នំពេញ​នា​ពេល​កន្លង​មក។

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ពន្យារ​ពេល​វេទិកា​ប្រជុំ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​កម្ពុជា​ លើក​ទី​៤​ ដោយ​គ្មាន​ពេល​កំណត់​ជាក់លាក់។ នេះ​បើ​តាម​សម្តី​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ គាត ​ឈន់ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ នៅ​ថ្ងៃ​អង្គារ​នេះ។

មាន​ប្រសាសន៍​ប្រាប់​ វីអូអេ​ខ្មែរ​នៅ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក​គាត​ ឈន់ ​បាន​មាន​ប្រសាសន៍​ថា​ មូលហេតុ​នៃ​ការ​លើក​ពេលេវេទិកា​នេះ​ បាន​កំណត់​នៅ​ក្នុង​អ្វី​ដែល​រដ្ឋាភិបាល​បាន​ប្រកាស​រួច​ហើយ។​ លោក​ថ្លែង​ថា៖

«អើយ! ​បាទ! ហេតុផល​មាន​ជូន​ទៅ​ឲ្យ​លោក​ដែល​អ្នក​សម្របសម្រួល​រួច​ហើយ ​គឺ​គ្មាន​អី​លើស​ពី​ហ្នឹង​ទេ។ ខ្ញុំ​មិន​អាច​នឹង​កំណត់​ពេល​ណា​បាន​ទេ​ បាទ។​ មិន​ទាន់​កំណត់​បាន»។

នៅ​ក្នុង​សារ​អេឡិចត្រូនិក​របស់​លោក​ គាត​ ឈន់​ ផ្ញើជូន​លោក ​ជី ​ម៉ាហ្វាន់​ នាយក​ធានាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​ និង​លិខិត​ដាច់​ដោយ​ឡែក​មួយ​ទៀត​ផ្ញើជូន​មន្ត្រី​រដ្ឋាភិបាល​គ្រប់​ស្ថាប័ន​ និង​ក្រសួង​ទាំង​អស់​ដែល​វីអូអេ​ខ្មែរ​បាន​ទទួល​ជា​ពិសេស​ លោក​ គាត ​ឈន់​ បាន​ស្នើ​ដល់​ធានាគារ​ពិភពលោក​ឲ្យ​ជូន​ដំណឹង​នៃ​ការ​ពន្យារ​ពេល​នេះដល់​បណ្តាល​ប្រទេស​ដៃ​គូ​អភិវឌ្ឍន៍​នានា។

លោក​ គាត់​ ឈន់ ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​លិខិត​ទាំង​ពីរ​នោះ​ថា​ ការ​សម្រេច​លើក​ពេល​វេទិកា​នេះ ​បណ្តាល​មក​ពី​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​ ដែល​រហួត​មក​ដល់​ពេល​នេះ​ នៅ​តែ​មាន​ភាព​មិន​ប្រាកដ​ប្រជា​នៅ​ឡើយ​ ហើយ​ស្ថានភាព​ហិរញ្ញវត្ថុ​សាធារណៈ​នៃ​ប្រទេស​ដែល​ជា​ដៃ​គូ​សំខាន់ៗ​ មួយ​ចំនួន​នៅ​តែ​ប្រឈមមុខ​នឹង​វិបត្តិសេដ្ឋកិច្ច​នៅ​ឡើយ។

ស្ថានទូត​សំខាន់ៗ​មួយ​ចំនួន​ដែល​ជា​ដៃគូ​អភិវឌ្ឍន៍​យ៉ាង​សំខាន់​របស់​កម្ពុជា​ដូចជា​ស្ថានទូត​សហ​រដ្ឋអាមេរិក​ បារាំង​ និងជប៉ុន​ បាន​បង្ហាញ​ពី​ជំហរ​ប្រយ័ត្នប្រយែង​ក្នុង​ការ​ឆ្លើយ​តប​របស់​ខ្លួន​ទាក់​ទឹង​ទៅ​នឹង​ការ​លើក​ពេល​វេទិកា​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​កម្ពុជា​លើក​ទី​៤​នេះ។​ ក៏​ប៉ុន្តែ​ ស្ថានទូត​ទាំង​នោះ​បាន​អះអាង​ថា​ បាន​ទទួល​ដំណឹង​ពី​ការ​លើក​ពេល​នេះ​ហើយ​តាម​រយៈ​ធានាគារ​ពិភពលោក។

ការ​លើក​ពេល​វេទិកា​នេះ​ បាន​កើត​មាន​ឡើង​ក្រោយ​ពេល​ពី​ធានាគារ​ពិភពលោក​បាន​បង្កក​ប្រាក់​ជំនួយ​កម្ពុជា​ដោយសារ​តែ​រដ្ឋាភិបាល​មិន​បាន​ដោះស្រាយ​ជម្លោះ​ដី​ធ្លី​នៅ​តំបន់​បឹងកក់។​ បន្ទាប់​ពី​មាន​ការ​បង្កក​ជំនួយ​ដោយ​ធនាគារ​ពិភពលោក​ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រញាប់​ប្រញាល់​ ប្រគល់​ដី​ជាង​១២​ហិកតា​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​ដោយ​ខ្លួន​ឯង។

លោក សុខ​ សំអឿន ​នាយក​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ បាន​បញ្ជាក់​ថា​ តាម​ការ​យល់​ឃើញ​របស់​លោក​ ការ​លើក​ពេល​សម្រាប់​វេទិកា​នេះ​ដោយសារ​តែ​បញ្ហា​នៅ​តំបន់​បឹងកក់។​ លោក​បាន​មាន​ប្រសាសន៍​ថា​ នៅ​ពេល​ដែល​មាន​កិច្ច​ប្រជុំ ម្ចាស់​ជំនួយ​តែង​តែ​លើក​ឡើង​នូវ​អ្វី​ដែល​បាន​កើត​ឡើង​នា​ពេល​ថ្មីៗ​នេះ។ លោក​បានប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ធម្មតា ​យើង​ម្ចាស់​ជំនួយ។ កាលណា ​វា​មាន​បញ្ហា​ជា​មួយ​អ្នក​ដែល​ទទួល​ជំនួយ​អញ្ចឹង វា​មាន​បញ្ហា។ អញ្ចឹង​តែង​តែ​ចាប់​ផ្តើម​គិត។​ តើ​គួរ​ឲ្យ​ប៉ុ​ណ្ណឹង​ដដែល​ ឬ​ក៏​ដក​ខ្លះ​ ឬ​ក៏​អត់​សោះ។ អញ្ចឹង ហើយ​ដូច្នេះ​ដើម្បី​ជៀសវាង​ពី​បញ្ហា​ហ្នឹង​ រដ្ឋាភិបាស​ត្រូវ​តែ​ត្រៀម​ខ្លួន​ ទាញ​ចម្លើយ​ឲ្យ​បាន​សមហេតុ​សមផល​ ទើ​បអាច​ឲ្យ​ទឹក​ចិត្ត​ម្ចាស់​ជំនួយ​ផ្សេង​ទៀត​ហ្នឹង​នៅ​តែ​រក្សា​គោល​ជំហរ​ដែល​គេ​ចង់​ឲ្យ​ជំនួយ​មក​ប្រទេស​យើង​ដដែល​ បាទ»។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ គាត ​ឈន់ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​បាន​ជំទាស់​នឹង​ការ​លើក​ឡើង​នេះ ​ដោយ​លោក​បាន​បញ្ជាក់​ថា ​នេះ​គឺ​ជា​ការ​យល់​ឃើញ​តែ​ម្នាក់​ឯង​តែ​ប៉ុណ្ណោះ។​ លោក​ថ្លែង​ថា៖

«មក​ពី​គេ​អ្នក​ចេះ! ​ចេះ​តែ​ធ្វើ​គិត​គូ​តែ​ម្នាក់​ឯង​ទេ​ អ្នក​នោះ។​ ជា​មតិ​អត្តនោម័តិ​ ចេះ​តែ​មាន​មតិ​ទៅ។​ អ្នក​ណា​មាន​មតិ​យ៉ាង​ណា​ស្រេច​តែ​គេ​ទៅ»។

កាល​ពី​ឆ្នាំ​២០១០​កន្លង​ទៅ​នេះ​ កម្ពុជា​បាន​ទទួល​ជំនួយ​ជាង​១.០០០​លាន​ដុល្លារ​អាមេរិក ដោយ​ប្រទេស​ជំនួយ​ទាំង​នោះ​បាន​ភ្ជាប់​លក្ខខណ្ខ​កំណែ​ទម្រង់​យ៉ាង​ច្រើន។

លោក ​ឈិត ​សំអាត​ នាយក​ប្រតិបត្តិ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដែល​ហៅ​កាត់​ថា​ NGOs Forum​ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជុំ​វិញ​ការ​លើក​ពេល​វេទិកា​របស់​រដ្ឋាភិបាល​ទេ​ ដោយ​លោក​ ឈិត​ សំអាត​ គ្រាន់​តែ​បាន​បញ្ជាក់​ថា​ លោក​ទទួល​បាន​ដំណឹង​អំពី​ការ​លើក​ពេល​នេះ​រួច​ហើយ។ លោក​បាន​ប្រាប់វីអូអេ​ខ្មែរ​ថា៖

«ដោយសារ​ខ្ញុំ​មិន​យល់​ពី​មូលហេតុ​ច្បាស់​លាស់​ដែរ​ គ្រាន់​តែ​បញ្ជាក់​ថា​ NGOs Forum​ យើង​បាន​ដឹង​ព័ត៌មាន​ពី​ការ​ពន្យារពេល​របស់​កិច្ចប្រជុំ​របស់​ប្រទេស​ម្ចាស់​ជំនួយជា​មួយ​រដ្ឋាភិបាល។​ មូលហេតុ​ផ្សេងៗ​ ខ្ញុំ​មិន​ទាន់​បាន​ឃើញ​បញ្ជាក់​នៅ​ក្នុង​ហ្នឹង​ឲ្យ​បាន​ច្បាស់លាស់​ដែរ។​ អញ្ចឹង! ​ខ្ញុំ​សុំ​មិន​មាន​ប្រសាសន៍​ច្រើន​ជាង​ហ្នឹង»។

វេទិកា​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​កម្ពុជា​លើក​ទី​៤​រដ្ឋាភិបាល​គ្រោង​នឹង​កំណត់​ពេល​នៅ​ថ្ងៃ​ទី​២៤​ និង​ថ្ងៃ​ទី​២៥ ​ខែ​វិច្ឆិកា​ ខាង​មុខ​នេះ​ ក៏​ប៉ុន្តែ​ត្រូវ​បាន​លើក​ពេល​ទៅ​វិញ៕

XS
SM
MD
LG