ក្រុមជនរងគ្រោះដើមបណ្តឹងរដ្ឋប្បវេណីបង្ហាញពីក្តីបារម្ភលាយឡំនឹងភាពរីករាយក្រោយពីសាលាក្តីខ្មែរក្រហមបានប្រកាសកំណត់ថ្ងៃជំនុំជម្រះទោសបឋមលើសំណុំរឿងក្តីខ្មែរក្រហម០០២ ដែលមានអតីតមេដឹកនាំខ្មែរក្រហមកំពូលៗបួនរូប។
កាលបរិច្ឆេទដើម្បីជំនុំជម្រះទោសអតីតមេដឹកនាំខ្មែរក្រហមកំពូលៗបួននាក់ដែលត្រូវគេប្រកាសថានឹងធ្វើនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១១ បានក្លាយជាដំណឹងរីករាយផងនិងខ្វល់ខ្វាយផងសម្រាប់ជនរងគ្រោះដាក់ពាក្យប្តឹងតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសាលាក្តីខ្មែរក្រហម។ ក្តីបារម្ភទាំងនោះរាប់បញ្ចូលទាំងការដាក់ទោសតិច ដែលធ្វើឲ្យប៉ះពាល់ដល់យុត្តិធម៌និងភាពស្ងប់ចិត្តរបស់ជនរងគ្រោះ ការមិនសហការពីជនជាប់ចោទ ការដែលអាចមិនបានកាត់ទោសជនជាប់ចោទពេលពួកគេនៅរស់ជាដើម។
លោក ស៊ុំ រិទ្ធី អាយុ៥៨ឆ្នាំជាជនរងគ្រោះដែលទទួលរងទារុណកម្មរហូតដល់ ពិការសារពាង្គកាយក្នុងគុកខ្មែរក្រហមមួយក្នុងខេត្តសៀមរាប។ លោកបានដាក់ពាក្យប្តឹងតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីដើម្បីតទល់ជាមួយនឹង អតីតមេដឹកនាំខ្មែរក្រហមទាំងបួនដែលមានវ័យចំណាស់ៗហើយកំពុងជាប់ឃុំឃាំង។ លោករិទ្ធី បានថ្លែងថាអ្វីដែលលោកព្រួយបារម្ភមិនមែនការប្រុងប្រៀបតតាំងជាមួយខ្មែរក្រហមទេ តែខ្លាចថាជនទាំងបួនរូបស្លាប់មុនការកាត់ទោសបញ្ចប់ ប្រសិនបើមិនប្រញាប់ធ្វើឲ្យបានឆាប់។
«ព្រោះរយៈកាលកន្លងមកវាដូចជាយូរពេកហើយសម្រាប់ខ្ញុំ។ ហើយអតីតមេខ្មែរ ក្រហមទាំងបួននាក់ហ្នឹងក៏កាន់តែជរាទៅ។ ខ្ញុំខ្លាចមិនបានកាត់ទោស គាត់ស្លាប់ មុនការកាត់ទោស។ ខ្ញុំចេះតែមានការព្រួយបារម្ភពីបញ្ហាហ្នឹង ហើយបើធ្វើទៅបានលឿនជាងហ្នឹងទៀតខ្ញុំរិតតែអរក្នុងស្មារតីចង់ឃើញយុត្តិធម៌ក្នុងសម័យខ្មែរ ក្រហមហ្នឹងបាទ»។
លោក រិទ្ធីបានអះអាងថាលោកនិងប្រជាពលរដ្ឋរងគ្រោះដទៃទៀតនឹងមិនស្ងប់ ចិត្តទេប្រសិនបើជនជាប់ចោទមិនត្រូវបានកាត់ទោសក្នុងតុលាការកូនកាត់ដែល ចូលរួមដោយអង្គការសហប្រជាជាតិ។ លោករិទ្ធីបានអះអាងថាលោករីករាយក្នុងការទទួលដំណឹងពីកាលបរិច្ឆេទសវនាការបឋមចំពោះករណី០០២ដែលមានអតីតមេដឹកនាំខ្មែរក្រហមបួនរូបមាន នួន ជាបងធំទី២នៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម អៀង សារី រដ្ឋមន្ត្រីការបរទេស ខៀវ សំផនប្រមុខរដ្ឋ និងអៀង ធីរិទ្ធិរដ្ឋមន្ត្រីសង្គមកិច្ច។ អ្នកទាំង៤ ជាប់ចោទពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជាដើមដែលធ្វើឱ្យពលរដ្ឋខ្មែរប្រមាណ១លាន ៧សែននាក់ស្លាប់បាត់បង់ជីវិតក្នុងចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩។
លោកជុំ ម៉ីអាយុ៨១ឆ្នាំអ្នករួចជីវិតម្នាក់ទៀតពីគុកទួលស្លែងខ្មែរក្រហមឬ ស ២១ បានអះអាងថាលោករីករាយនឹងកាលបរិច្ឆេទជំនុំជម្រះទោសករណី០០២។តែលោកថ្លែងថាលោកមិនត្រឹមតែព្រួយបារម្ភពីការមិនអាចនឹងរកយុត្តិធម៌នោះទេតែផ្តល់គំរូអាក្រក់សម្រាប់ក្មេងជំនាន់ក្រោយ។ លោក ម៉ី ក៏បានប្រៀបធៀបការរកយុត្តិធម៌សំណុំរឿងលេខ០០២ ទៅនឹងសំណុំរឿង០០១ ឬករណី ឌុចអតីតប្រធានគុកទួលស្លែង ដែលតុលាការបានដាក់ទោស៣៥ឆ្នាំ ហើយបន្ថយទោសខ្លះដោយសារជាប់ទោសនៅគុកយោធានិងការសហការជាមួយតុលាការ។ «យើងបារម្ភខ្លាចក្មេងជំនាន់ក្រោយ វាថាអ្ហេ៎ឌុចសម្លាប់គេអស់មួយគំនរគគោក (អស់ច្រើន) ហើយកាត់ទោសអត់មានអស់មួយជីវិតផង កាត់ទោសតែ១៩ឆ្នាំ អញ្ចឹងក្មេងជំនាន់ក្រោយវារៀនសូត្រតាមឌុចទៀតតាមអាបីឆ្នាំ ៨ ខែ ២០ ថ្ងៃ ដែលអត់មានច្បាប់ហ្នឹងទៀត ខ្លាចក្មេងទៅអញ្ចឹងទៀតណាក្មួយ»។
លោក ជុំ ម៉ីអះអាងថា លោកនឹងចូលរួមជាដើមបណ្តឹងរដ្ឋប្បវេណីប្រសិនបើ គេហៅលោក។ ក៏ប៉ុន្តែលោកបញ្ជាក់ថាសាលក្រមសំណុំរឿង០០១គួរចេញមុន ដំណើរការនៃការកាត់ទោសសំណុំរឿង០០២ចាប់ផ្តើម ដើម្បីឲ្យជនរងគ្រោះបានដឹងពីទោសទណ្ឌរបស់ឌុច ឲ្យជនរងគ្រោះអស់ចិត្ត ហើយមានពេលវេលាគ្រប់ គ្រាន់ដើម្បីចូលរួមក្នុងសំណុំរឿង០០២តទៅទៀត។
លោក ជុំ ស៊ីរ៉ាត់ ដើមបណ្តឹងរដ្ឋប្បវេណីមួយរូបផ្សេងទៀតបានអះអាងថាការ ស្វែងរកយុត្តិធម៌និងការណ៍ពិតចំពោះសំណុំរឿង០០២ នេះទំនងជាពិបាកដោយ សារតែជនជាប់ចោទមិនបានទទួលស្គាល់កំហុសផង ហើយមិនសហការជាមួយ តុលាការដូចឌុច ក្នុងសំណុំរឿង០០១។
«យើងខ្ញុំដើម្បីឲ្យបានយុត្តិធម៌ទី១ គឺថាចង់ដឹងការណ៍ពិតសិន។ បើសិនជាការកាត់ក្តីហ្នឹងមិននាំការណ៍ពិតមកឲ្យខ្ញុំដឹងទេ អាហ្នឹងគឺថាយើងខ្ញុំមានមនោសញ្ចេតនាថាអត់មានយុត្តិធម៌ទេ។ ហើយតាមរបៀបដែលមើលទៅខាងជនជាប់ចោទទាំង បួននាក់ហ្នឹង ហើយនឹងមេធាវីរបស់គេធ្វើការតវ៉ាទាំងអស់រហូតដល់ពេលឥឡូវនេះ។ ខ្ញុំឃើញថាពួកហ្នឹងមិនព្រមសហការ មិនព្រមចង់និយាយកិច្ចការពិតដើម្បីប្រាប់តុលាការទេ»។
ទោះជាយ៉ាងណាក៏ដោយលោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានអះអាងថាទោះបីជាតុលាការនេះជួបឧបសគ្គ ប៉ះទង្គិចភ្លៀងខ្យល់ ផ្គរ ឥទ្ធិពល យ៉ាងម៉េចក៏ដោយ ក៏តុលាការដំណើរការដោយឈរនៅលើច្បាប់ឈរនៅ លើយុត្តាធិការ ហើយបានឈានដល់ដំណាក់កាលមួយជាដំណាក់កាលវិជ្ជមានបំផុតសម្រាប់ជនរងគ្រោះដែលរង់ចាំជាយូរមកហើយនោះ។ លោកថ្លែងយ៉ាងដូច្នេះដោយយោងថាយុត្តិធម៌នឹងកាន់តែកើតមានបន្ថែមមួយកម្រិតទៀតដោយសារសំណុំរឿង០០២ ដែលមានវិសាលភាពដ៏ធំធេងនោះនឹងចាប់ផ្តើមជំនុំជម្រះបន្ទាប់ពីសំណុំរឿង០០១។
«ខ្ញុំគិតថាពីរជំពូកនេះ ជាសំណុំរឿងដែលអាចបំពេញបន្ថែមគ្នា។ អញ្ចឹងវាកាន់តែឆ្លើយតបទៅនឹងអ្វីមួយជាការណ៍ពិតនិងយុត្តិធម៌មួយដែលជាបេសកកម្មរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដើម្បីឆ្លើយតបទៅនឹងការរង់ចាំរបស់ ជនរងគ្រោះទាំងអស់»។
ដើមបណ្តឹងរដ្ឋប្បវេណីចំនួន ១.០៩៤ ក្នុងចំណោម ២.១២៤នាក់ដែលត្រូវជ្រើស រើសឲ្យមានសិទ្ធិផ្តល់សក្ខីកម្មប្រឆាំងនឹងជនជាប់ចោទទាំងបួននាក់ក្នុងសំណុំ រឿង០០២ ក៏ប៉ុន្តែមិនដឹងថានឹងមានប៉ុន្មាននាក់ដែលត្រូវចម្រាញ់ឲ្យបានចូល តតាំងផ្ទាល់ក្នុងសវនាការអំពីបទឧក្រិដ្ឋ ជាសាក្សី បង្ហាញភស្តុតាងទាមទារ សំណងជាដើមនោះ។
លោក ឡាត់ គីអ្នកសម្របសម្រួលសាលាក្តីខ្មែរក្រហមនៃអង្គការសិទ្ធិមនុស្ស អាដហុកបានឲ្យដឹងថាជនរងគ្រោះបច្ចុប្បន្នមានការខកចិត្តចំពោះការណ៍ដែលពួកគេពុំបានទទួលព័ត៌មានគ្រប់គ្រាន់ដើម្បីរៀបចំវិធីសាស្ត្រនានាក្នុងការតតាំងជាមួយនឹងជនជាប់ចោទទេ ដោយសារតែពាក្យមួយម៉ាត់គឺ«ភាពសម្ងាត់»របស់តុលាការ។
«ចំណុចនេះដោយសារតែវាជាគុណវិបត្តិមួយដែរជាការណ៍ពិតទៅ ទាក់ទងនឹង កិច្ចការទាំងអស់នេះ ដោយសារតែអង្គភាពនីមួយៗប្រកាន់យកជំហស្អី កិច្ចការស្អីទាំងអស់ក៏ជាកិច្ចការសម្ងាត់ កិច្ចការអីក៏ជាកិច្ចការនីតិវិធីទាក់ទងនឹងកិច្ចការសម្ងាត់ទាំងអស់គ្រប់បែបយ៉ាង។ អញ្ចឹងធ្វើឲ្យសាធារណជនរួមទាំងជនរងគ្រោះ អត់អាចដឹងអំពីភាពរីកចម្រើន ឬក៏ភាពរីកចម្រើនអ្វីខ្លះដែលអង្គភាពឬមួយក៏មេធាវីរបស់ខ្លួនបានគិតគូរអំពីយុទ្ធសាស្ត្រ អំពីគំនិត មតិយោបល់នៅក្នុងការស្វែងរកយុត្តិធម៌ជូនពួកគាត់ទេ (ជនរងគ្រោះ)»។
ក៏ប៉ុន្តែលោក ឡាត់ គីបានអះអាងថាការដាក់កាលបរិច្ឆេទដើម្បីបើកសវនាការជា បឋមសម្រាប់សំណុំរឿង០០២នេះជាភាពរីករាយចំពោះជនរងគ្រោះនិងចំពោះ សាធារណជនដែលទន្ទឹងរង់ចាំបីទសវត្សរ៍មកហើយៗក៏ជាការចង់ដឹងថាតើ តុលាការបានរកឃើញអ្វីខ្លះសម្រាប់យុត្តិធម៌ដល់ជនរងគ្រោះនោះ។
មន្ត្រីសង្គមស៊ីវិលនិងជនរងគ្រោះជាអ្នកដាក់ពាក្យតាំងខ្លួនជាដើមបណ្តឹង រដ្ឋប្បវេណីដែលមានសិទ្ធិទាមទារសំណងនោះ បានអះអាងថាការរកយុត្តិធម៌និងការណ៍ពិតជារឿងមួយហើយ តែសំណងសម្រាប់ជនរងគ្រោះក៏ជាការប៉ះប៉ូវ ផ្លូវចិត្តផងដែរ៕