ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ាស៊ីនភ្លើង​នៅ​នីហ្សេរីយ៉ា​រាំងស្ទះ​គោលដៅ​នៃ​ការ​​​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ


រូបឯកសារ៖ បណ្តាញ​ខ្សែ​ភ្លើង​នៅ​ឯ​រោងចក្រ​ផលិត​អគ្គិសនី Azura-Edo Independent Power Plant (IPP) នៅ​ខាង​ក្រៅ​ក្រុង Benin City រដ្ឋ Edo នៃ​ប្រទេស​ នីហ្សេរីយ៉ា។ (Reuters)
រូបឯកសារ៖ បណ្តាញ​ខ្សែ​ភ្លើង​នៅ​ឯ​រោងចក្រ​ផលិត​អគ្គិសនី Azura-Edo Independent Power Plant (IPP) នៅ​ខាង​ក្រៅ​ក្រុង Benin City រដ្ឋ Edo នៃ​ប្រទេស​ នីហ្សេរីយ៉ា។ (Reuters)

មាន​​​តែ​អគ្គិសនី​​​តែ​១៨​​​ភាគរយ​​​ប៉ុណ្ណោះ​​​ដែល​​​ផលិត​​​នៅ​​​ក្នុង​​​ប្រទេស​​​នីហ្សេរីយ៉ា​​​ ត្រូវ​បាន​ផលិត​ចេញ​ពី​​ប្រភព​​​កើត​​​ឡើង​​​វិញ​​​ដូច​​​ជា​​​ថាមពល​​​ព្រះអាទិត្យ​​​និង​​​ខ្យល់។ ក្រៅ​​​ពី​​​បង្កើត​​​សំឡេង​​​រំខាន ​​​ម៉ាស៊ីន​​​ភ្លើង​​​ក៏​​​បញ្ចេញ​​​ឧស្ម័ន​​​ដែល​​​មាន​​​គ្រោះថ្នាក់​នានា​​​​​​ទៅ​​​ក្នុង​​​បរិយាកាស​ផង​ដែរ ​​​ដូចជា​​​ឧស្ម័ន​​​កាបូនម៉ូណូអុកស៊ីត​​​ជាដើម។

ការ​ប្រើប្រាស់​ម៉ាស៊ីន​ភ្លើង​នៅ​ក្នុង​ប្រទេស នីហ្សេរីយ៉ា កំពុង​កើន​ឡើង​ដោយសារ​តែ​ការ​ដាច់​ភ្លើង​ជាប់​ជា​ប្រចាំ។ អាជីវកម្ម​នានា​នៅ​ក្នុង​ប្រទេស នីហ្សេរីយ៉ា ចំណាយ​ជាង​ពាក់កណ្តាល​នៃ​ថវិកា​របស់​ខ្លួន​ទៅ​លើ​ម៉ាស៊ីនភ្លើង​ជា​រៀងរាល់​ឆ្នាំ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ Rural Electrification Agency នៃ​ប្រទេស​នេះ។ ការ​ពឹង​ផ្អែក​លើ​ម៉ាស៊ីនភ្លើង​ត្រូវ​បាន​គេ​ជឿ​ថា រួម​ចំណែក​យ៉ាង​ខ្លាំង​ដល់​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​ជា​ប្រធានបទ​ដ៏​សំខាន់​មួយ​ដែល​ត្រូវ​បាន​យក​មក​ពិភាក្សា​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​មួយ​ស្តី​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​ប្រទេស ប៉ូឡូញ។​

សំឡេង​ចេញពី​ម៉ាស៊ីនភ្លើងបន្លឺ​ចេញ​ពី​ក្នុង​តំបន់​អាជីវកម្ម​គ្រប់​កន្លែង​នៅ​ក្នុង​ប្រទេស នីហ្សេរីយ៉ា។

លោក Abayomi Michaelកំពុង​រៀបចំ​ចាប់​ផ្តើម​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​របស់​លោក នៅ​ឯ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នៅ​ក្នុង​រដ្ឋធានី Abuja។

លោក​បញ្ឆេះ​ម៉ាស៊ីន​ភ្លើង​របស់​លោក ដើម្បី​ប្រើ​ម៉ាស៊ីន​ថត​ចម្លង​និង​ម៉ាស៊ីន​បោះពុម្ព​របស់​លោក។ ប៉ុន្តែ​ការ​ពឹងផ្អែក​លើ​ថាមពល​អគ្គិសនី​នេះ​មាន​តម្លៃ​ថ្លៃ​ខ្លាំង​ណាស់។

លោក Abayomi Michael បាន​ថ្លែង​ថា៖

«អ្នក​ឃើញ​ទេ ពន្លឺ​ភ្លើងខ្សោយណាស់​ចាប់​តាំង​ពី​ថ្ងៃ​ម្សិលម៉ិញ​មក​ម្ល៉េះ។ វា​ខ្សោយ​អីចឹង​តែ​ម្តង។ ខ្ញុំ​មិន​អាច​ធ្វើ​ការងារ​ណា​មួយ​បាន​ទេ។ ខ្ញុំ​ត្រឹម​តែ​អាច​ទៅ​ស្ថានីយ៍​ប្រេង​និង​ទិញ​ប្រេង​ប៉ុណ្ណោះ»។

នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា ​អាជីវកម្ម​ភាគច្រើន​គឺ​ដូចជា​អាជីវកម្ម​របស់​លោក​ Michael ដែរ ​ដែល​ត្រូវ​ពឹងផ្អែក​លើ​ម៉ាស៊ីន​ភ្លើង​ដើម្បី​អាច​ធ្វើ​អាជីវកម្ម​បាន។

អាជីវកម្ម​ទាំងអស់​នៅ​នីហ្សេរីយ៉ា​ចំណាយ​ប្រាក់ប្រមាណ​១៤​ពាន់​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​ទៅ​លើ​ម៉ាស៊ីន​ភ្លើង ​គឺ​សរុប​ទាំង​ការ​ចំណាយ​ទៅ​លើ​ការ​នាំចូល​ ការ​ចំណាយ​លើ​ប្រេង​ឥន្ធនៈ​ និងការ​ធ្វើ​ឲ្យ​អាជីវកម្ម​ស្ថិតស្ថេរ។

ប៉ុន្តែ​ខណៈពេល​ដែល​អាជីវកម្ម​ត្រូវ​ចំណាយ​ច្រើន​លើ​ម៉ាស៊ីន​ភ្លើង អ្នក​ចែកចាយ​ម៉ាស៊ីន​ភ្លើង​ដូច​ជា​ លោក​ Arinze Isiegbunam ​និយាយ​ថា​ មុខ​ជំនួញ​របស់​លោក​ដំណើរ​ការ​ល្អ។

លោក Arinze Isiegbunam ថ្លែង​ថា៖

«ខ្ញុំ​ធ្លាប់​លក់​គ្រឿង​អេឡិចត្រូនិច​ ប៉ុន្តែ​ខ្ញុំ​សង្កេត​ឃើញ​ថា​ តម្រូវ​ការ​ម៉ាស៊ីន​ភ្លើង​កើនឡើង​ អញ្ចឹង​ខ្ញុំ​ត្រូវ​ផ្អាក​ឈប់​លក់​ទូរទស្សន៍​និង​ឧបករណ៍​ផ្សេងៗ​ទៀត​ ហើយ​ផ្តោត​សំខាន់​លើ​ម៉ាស៊ីនភ្លើង​ ព្រោះ​មនុស្ស​កាន់​តែ​ច្រើន​ត្រូវការ​វា។ ដូច​ថ្ងៃ​នេះ ​ខ្ញុំ​លក់​ដាច់​ម៉ាស៊ីន​ភ្លើង​អស់​លើស​ពី​បី​គ្រឿង​ទៅ​ទៀត»។

មាន​តែ​អគ្គិសនី​តែ​១៨​ភាគរយ​ប៉ុណ្ណោះ​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ ត្រូវ​បាន​ផលិត​ចេញ​ពីប្រភព​កើត​ឡើង​វិញ​ដូច​ជា​ថាមពល​ព្រះអាទិត្យ​និង​ខ្យល់។

ក្រៅ​ពី​បង្កើត​សំឡេង​រំខាន ​ម៉ាស៊ីន​ភ្លើង​ក៏​បញ្ចេញ​ឧស្ម័ន​ដែល​មាន​គ្រោះថ្នាក់​នានាទៅ​ក្នុង​បរិយាកាស​ផង​ដែរ ​ដូចជា​ឧស្ម័ន​កាបូនម៉ូណូអុកស៊ីត​ជាដើម។

ក្រុម​អ្នក​ជំនាញ​ចោទ​ប្រកាន់​រដ្ឋាភិបាល​នីហ្សេរីយ៉ា​ថា​ព្រងើយ​កន្តើយ​លើ​ការ​អភិវឌ្ឍ​ថាមពល​ផ្សេង​ទៀត បើ​ទោះ​បី​ជា​មានផល​ប៉ះពាល់​សេដ្ឋកិច្ច​ពី​ការ​ពឹងផ្អែក​ខ្លាំង​ទៅ​លើ​ម៉ាស៊ីន​ភ្លើង​ក៏ដោយ។

លោក Jaye Gaskiais ​អ្នក​ជំនាញ​ខាង​ថាមពល​និង​ជា​អ្នក​សេដ្ឋកិច្ច​មួយ​រូប បាន​មាន​ប្រសាសន៍​ថា៖

«ផ្ទះ​នីមួយៗ​មាន​ម៉ាស៊ីន​ភ្លើង ហើយ​សហគ្រាស​តូច​និងមធ្យម​ទាំងអស់​សុទ្ធ​តែ​មាន​ម៉ាស៊ីន​ភ្លើង។ ក្រុមហ៊ុន​និង​សាជីវកម្ម​ធំៗ​ទាំងអស់​មិន​ត្រឹម​តែ​មាន​ម៉ាស៊ីន​ភ្លើង​នោះ​ទេ​ពួកគេ​ថែម​ទាំង​មាន​រោងចក្រ​ផលិត​អគ្គិសនី​ទៀត​ផង​ ប៉ុន្តែ​អគ្គិសនី​ដែល​ផលិត​បាន​មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បណ្តាញ​អគ្គិសនី​រដ្ឋ​នោះ​ទេ ដូច្នេះ​អគ្គិសនី​ទាំង​នេះ​មិន​អាច​ដាក់​ឲ្យប្រើប្រាស់​ជា​សាធារណៈ​បាន​នោះ​ទេ។ នេះ​ជា​កត្តា​ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​មិន​អាច​ដំណើរការ​បាន​ល្អ»។

ប្រធានាធិបតី​នីហ្សេរីយ៉ា​ លោក Muhammadu Buhari គឺ​ជា​ប្រតិភូ​ម្នាក់​ក្នុង​ចំណោម​ប្រតិភូ ២០០០០នាក់ ​ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្តី​ពី​បម្រែបម្រួល​អាកាសធាតុ​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ​ កាល​ពី​ខែ​ធ្នូ កន្លង​ទៅ​នេះ។

គោលដៅ​ត្រូវ​បាន​ដាក់​សម្រាប់​ប្រទេស​នីមួយ​ៗ ឲ្យ​កាត់​បន្ថយឧស្ម័ន​ផ្ទះ​កញ្ចក់​ ដើម្បី​កម្រិត​ការ​កើនឡើង​កម្តៅ​ផែនដី​ត្រឹមតែ​១,៥​អង្សា​សេ​ប៉ុណ្ណោះ។

ប៉ុន្តែ​ប្រទេស​នីហ្សេរីយ៉ា​ជា​អ្នក​ផលិត​ប្រេង​កំពូល​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ​និង​ជា​អ្នក​នាំចូល​ម៉ាស៊ីន​ប្រើ​ថាមពល​ឥន្ធនៈ​ផូស៊ីល​ធំ​ជាងគេ​ផងដែរ។

ក្រុម​អ្នក​ជំនាញ​និយាយ​ថា វា​នឹង​មិន​ងាយ​ស្រួល​ទេ​សម្រាប់​លោក​ប្រធានាធិបតី Buhari ក្នុងការ​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ម៉ាស៊ីន​ភ្លើង​នៅ​តាម​ផ្ទះ​ជាង៦០​លាន​ខ្នង​នោះ៕

ប្រែ​សម្រួល​ដោយ​កញ្ញា ផន​ បុប្ផា

XS
SM
MD
LG