ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ក្រៅ​រដ្ឋាភិបាល​បន្ត​ដំណើរការ​​ខណៈ​ដែល​គម្រោង​ផ្លូវដែក​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បន្ត


នៅ​រូប​ថត​ដែល​ថត​កាល​ពី​ថ្ងៃ​ពុធ​ទី​២០​ខែ​តុលា​ឆ្នាំ​២០១០​នេះ​ រថភ្លើង​ដែល​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន Toll Royal Cambodia កំពុង​ឆ្លង​កាត់​ស្ទឹង​មួយ​នៅ​ភាគ​ខាង​ត្បូង​ក្រុង​ភ្នំពេញ។ ក្រុមហ៊ុន​​វិនិយោគ​រួម​មួយ​របស់​អូស្ត្រាលី​ បាន​ទទួល​កិច្ចសន្យា​សម្បទាន​រយៈពេ
នៅ​រូប​ថត​ដែល​ថត​កាល​ពី​ថ្ងៃ​ពុធ​ទី​២០​ខែ​តុលា​ឆ្នាំ​២០១០​នេះ​ រថភ្លើង​ដែល​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន Toll Royal Cambodia កំពុង​ឆ្លង​កាត់​ស្ទឹង​មួយ​នៅ​ភាគ​ខាង​ត្បូង​ក្រុង​ភ្នំពេញ។ ក្រុមហ៊ុន​​វិនិយោគ​រួម​មួយ​របស់​អូស្ត្រាលី​ បាន​ទទួល​កិច្ចសន្យា​សម្បទាន​រយៈពេ

មន្ត្រី​ជាន់​ខ្ពស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​អនុញ្ញាត​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​បន្ត​ធ្វើ​ការងារ​របស់​ខ្លួន​លើ​គម្រោង​ផ្លូវ​ដែក​បន្ទាប់​ពី​ការ​លេច​ធ្លាយ​ព័ត៌មាន​ដែល​ថា​រដ្ឋាភិបាល​កំពុង​ព្យាយាម​រារាំង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ពីការ​ធ្វើការ​ជាមួយ​អង្គការ​ក្នុង​ស្រុក​លើ​គម្រោង​ផ្លូវ​ដែក។

លោក​ ពុទុ កាមាយ៉ាណា (Putu Kamayana)​ នាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា​ បាន​ថ្លែង​យ៉ាងដូច្នេះ​ថា​៖ «អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ជាប់​ទាក់ទង​ជាមួយ​គម្រោង​ផ្លូវ​រថភ្លើង​បាន​ផ្តល់​ព័ត៌មាន​ដ៏​មាន​ប្រយោជន៍ ​ដើម្បី​ជួយ​ដោះស្រាយ​សេចក្តី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​ផលប៉ះពាល់​ដោយ​គម្រោង​ផ្លូវ​ដែក​ ហើយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​សង្ឃឹម​ថា អង្គការ​មិនមែន​រដ្ឋាភិបាល​នឹង​ត្រូវ​បាន​ អនុញ្ញាត​ឲ្យ​បន្ត​ការងារ​របស់​ខ្លួន​លើ​គម្រោង​ផ្លូវ​ដែក​នេះ។​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ជឿជាក់​ថា​ អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ីវិល​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នានា​ ប្រកប​ដោយ​ជោគជ័យ»។

លោក​ស្រី មីស្ស៊ែល្លិ៍ ប៊ែន្នែត្ត (Michelle N. Bennett) អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ បាន​ថ្លែង​ថា​ សហរដ្ឋ​អាមេរិក​ជឿជាក់​យ៉ាង​មុតមាំ​ថា ​អង្គការ​សង្គម​ស៊ីវិល​ខ្លាំង​ ឯករាជ្យ ​និង​ផ្សេង​គ្នា​ គឺ​ជា​ការ​ចាំបាច់​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ការ​អភិវឌ្ឍ​កម្ពុជា​បន្ត​ទៅ​មុខ​ទៀត។

លោក​ស្រី ​ឡរិន ប៊ណារី (Laurence Bernardi) អ្នក​នាំ​ពាក្យ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ បាន​បញ្ជាក់​តាម​សម្តី​ដើម​ថា​ «យើង​មិន​បាន​អាន​លិខិត​នេះ​ទេ។ ​ដូច្នេះ ​យើង​មិន​មាន​សេចក្តី​អត្ថាធិប្បាយ​ទេ»។

លោក ​គាត ​ឈន់ ​បាន​អះអាង​នៅ​ក្នុង​លិខិត​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន​ ថា​រដ្ឋាភិបាល​ត្រូវ​បាន​ផ្តល់​យោបល់​ឲ្យ​ធ្វើ​ការ​ប្រឆាំង​នឹង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដោយ​ដាក់​បណ្តឹង​ទៅ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ដែល​ផ្តល់​ប្រាក់​ ១៤១,៦​ ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​ស្តារ​ផ្លូវ​រថភ្លើង​ ដែល​នឹង​ត្រូវ​បាន​ប៉ះពាល់​ដល់​គ្រួសារ​ក្រីក្រ​រាប់ពាន់​នាក់​រស់​នៅ​តាម​ដង​ផ្លូវ​រថភ្លើង។

លិខិត​នេះ ​បាន​សរសេរ​ថា ទីប្រឹក្សា​ធនាគារ​អភិវឌ្ឍ​អាស៊ី​បាន​ដក​ការ​ទុក​ចិត្ត​ពី​មន្ត្រី​រដ្ឋាភិបាល ​ទៅ​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​វិញ​ និង​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ជា​បន្ទាន់​ទៅ​លើ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ដែល​មិន​អើពើ​មួយ​ចំនួន​ពីព្រោះ​ដៃគូ​អភិវឌ្ឍន៍​ក៏ស្ថិត​ក្រោម​ការ​គាប​សង្កត់​នយោបាយ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំង​នោះ​ដែរ។

អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​ បាន​សរសេរ​លិខិត​ទៅ​ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​កាល​ពី​ឆ្នាំ​មុន​ អំពាវនាវ​ឲ្យ​ព្យួរ​ប្រាក់​កម្ចី​រហូត​ដល់​បញ្ហា​តាំង​ទីលំ​នៅ​ជា​ថ្មី​ត្រូវ​បាន​ដោះស្រាយ។

សមាគម​ធាង​ត្នោត​ ត្រូវ​បាន​ព្យួរ​ដោយ​ក្រសួង​មហាផ្ទៃ​ នៅ​ចុង​ខែ​កក្កដា​ ហើយ​ អង្គការ ​Bridges Across Borders Cambodia ​និង​អង្គការ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​ទទួល​ការ​ព្រមាន​ជា​លាយលក្ខណ៍​អក្សរ​ ពី​ក្រសួង​ការបរទេស។

លិខិត​នេះ​បញ្ជាក់ថា សកម្មភាព​របស់​អង្គការ​ទាំង​នេះ​មិន​មាន​បំណង​បម្រើ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​នោះ​ទេ​ ប៉ុន្តែ​ពួក​គេ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាត់បង់​ផលប្រយោជន៍​ ពី​គម្រោង​ផ្លូវ​រថភ្លើង​នេះ​ទៅ​វិញ។

លិខិត​នេះ​បាន​បន្ថែម​ថា ការ​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​ដាក់​ពាក្យ​បណ្តឹង​កាន់​តែ​ច្រើន​ឡើង​ ដោយសារ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ទាំង​នេះ​មាន​បំណង ​និង​ចង់​បង្កភាព​អាសន្ន​ និង​ភាព​ច្របូក​ច្របល់​ កាន់​តែ​ខ្លាំង​ក្នុង​ចំណោមអ្នក​រង​ផល​ប៉ះពាល់។

លោក ​គាត ​ឈន់ ​បាន​ថ្លែង​នៅ​ក្នុង​លិខិត​នេះ​ថា​ លោក​បាន​ស្នើ​ឲ្យ​ចាត់​វិធានការ​ជា​បន្ទាន់​កុំ​ឲ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ធ្វើ​ការ​ជួយគាំទ្រ។​ អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ដែល​ធ្វើ​ការ​ជួយ​គាំទ្រ​ មិន​ត្រូវ​មាន​ជន​បរទេស​ចូល​ពាក់ព័ន្ធ​ ឬ​ជ្រៀតជ្រែក​ទេ​ ហើយ​ចាត់​វិធានការ​តាម​ច្បាប់​ដើម្បី​លុប​ចោល​អង្គការ​ទាំង​នោះ។

លោក​ វង្ស ​សណ្តាប់ ​អគ្គលេខាធិការ​រង​នៃ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​បាន​ថ្លែង​ថា​ លោក​គ្មានយោបល់​អំពី​លិខិត​នេះ​ទេ៕

XS
SM
MD
LG