សមាជិករដ្ឋាភិបាលតែងតាំងថ្មីនឹងទទួលបានការបោះឆ្នោតគាំទ្រពីរដ្ឋសភាសម្រាប់តំណែងរដ្ឋមន្ត្រី។
លោក ជន សក្តា ជូនសេចក្តីរាយការណ៍ដូចតទៅ៖
រដ្ឋសភាកម្ពុជាគ្រោងនឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាជិករដ្ឋាភិបាលតែងតាំងថ្មីចំនួន ១១រូប នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ដែលគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលបាននិយាយថា វាជាការបង្កើនចំណាយថវិកាជាតិមិនចាំបាច់កាន់តែច្រើនឡើង។
សមាជិកគណៈរដ្ឋមន្ម្រីថ្មីចំនួន៩រូប ដែលតែងតាំងជាតំណែងរដ្ឋលេខាធិការបន្ថែមសម្រាប់ ក្រសួងនានា ជាសមាជិកគណបក្សប្រជាជនកម្ពុជា រួមមាន៖
លោកឈាង យ៉ាណារា អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាទីប្រឹក្សា របស់លោកនាយករដ្ឋមន្ត្រី នឹងក្លាយទៅជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ លោក យុទ្ធភូថង អតីតអភិបាលខេត្តកោះកុងនឹងក្លាយទៅជារដ្ឋលេខាធិការក្រសួងកសិកម្ម។ លោក ប៊ុន សំបូរ អ្នកបកប្រែភាសារបស់លោកនាយករដ្ឋមន្ត្រីនឹងក្លាយទៅជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។ លោកសុខុម ភគវន្តមុនី អគ្គនាយករាជាយស្ម័យយាននឹងក្លាយទៅជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ចូន។ លោក ស៊ាន បូរ៉ាត់ អនុរដ្ឋលេខាធិការនឹងក្លាយទៅជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ លោកស្រីសឿង រដ្ឋឆវី អនុរដ្ឋលេខាធិការនឹងក្លាយទៅជារដ្ឋលេខាធិការក្រសួងការបរទេស។ លោកងី តាយី អនុរដ្ឋលេខាធិការនឹងក្លាយទៅជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកហង់ ជួនណារ៉ុដ អគ្គលេខាធិការនឹងក្លាយទៅជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោក ធា គ្រុយ អនុរដ្ឋលេខាធិការ នឹងក្លាយទៅជារដ្ឋលេខាធិការនៃក្រសួងសុខាភិបាល។
សមាជិកគណៈរដ្ឋមន្ម្រីថ្មីចំនួន២រូប ដែលតែងតាំងជំនួសសម្រាប់ក្រសួងការពារជាតិ និងក្រសួង ការបរទេស ជាសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច រួមមាន៖ លោកទុំ សំបូរ មន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច នឹងក្លាយទៅជារដ្ឋលេខាធិការក្រសួងការពារជាតិជំនួសលោកហ៊ុន ភឿង គណបក្សហ៊្វុនស៊ិនប៉ិច ដែលត្រូវបានចោលប្រកាន់អំពីការលួចធ្វើការជាមួយគណបក្សសម រង្ស៊ី និងត្រូវបានដកចេញពីតំណែង។
លោកតាន់ វុត្ថា មន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច នឹងក្លាយទៅជារដ្ឋលេខាធិការក្រសួងការបរទេសជំនួសលោក ហាក់ សាវុធ ដែលមានជំងឺលើសឈាម។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សប្រឆាំង បានថ្លែងថា យើងមិនត្រូវការបន្ថែមការចំណាយទៅលើគណៈរដ្ឋមន្ត្រីដែលមានសមាជិកជាង៤៦០នាក់ ដ៏ធំជាងគេនៅលើពិភពលោកនេះទេ ខណៈដែលប្រទេសកម្ពុជាក្រីក្រកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចពិភពលោក។
"វាមិនមានការចាំបាច់តែងតាំងសមាជិកគណៈរដ្ឋមន្ត្រីបន្ថែមទេ។ នៅក្នុងស្ថានភាពនេះ វាបង្កើន ឱ្យមានការិយាធិបតេយ្យ អំពើពុករលួយ និងការចំណាយបន្ថែមទៀត ហើយគណបក្ស សម រង្ស៊ី នឹងមិនគាំទ្រចំពោះការបង្កើនសមាជិកគណៈរដ្ឋមន្ត្រីនេះទេ"។
លោកធន សារ៉ាយ ប្រធានសមាគមសិទ្ធិមនុស្ស ADHOC បានថ្លែងថា នេះជានយោបាយរបស់ រដ្ឋាភិបាល ដើម្បីរក្សាស្ថិរភាពដោយមិនញញើតនឹងបន្ថែមសមាជិករដ្ឋាភិបាលកាន់តែធំទៅៗ។ ប៉ុន្តែយើងចេះតែព្រួយបារម្ភអំពីធនធានជាតិដ៏ខ្សត់ខ្សោយ សម្រាប់ផ្គត់ផ្គង់សមាជិករដ្ឋាភិបាលដ៏ធំនេះ។
"យើងខ្ញុំជាអង្គការសង្គមស៊ីវិលចេះតែបារម្ភថា មនុស្ស (សមាជិករដ្ឋាភិបាល) កាន់តែច្រើនទៅ ហើយធនធានរដ្ឋកាន់តែតិចតួចរស់នៅដោយមានការពិបាកខ្វះខាត។ អញ្ចឹងគាត់អាចប្រើប្រាស់ អំណាច ដោយរំលោភទៅបំពារបំពានលើសិទ្ធិដីធ្លី និងសិទ្ធិធនធានរបស់ប្រជាពលរដ្ឋ ដើម្បីឱ្យ បានចំណូលបន្ថែម។ បញ្ហានេះឯងដែលយើងចេះតែបារម្ភ"។
លោកជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភាខាងគណបក្សប្រជា ជនកម្ពុជា បានបដិសេធការរិះគន់របស់គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល អំពីការបង្កើន ចំនួនសមាជិករដ្ឋាភិបាលកាន់តែធំ និងការចំណាយថវិកាជាតិកាន់តែច្រើន។
លោកជាម យៀប បានបញ្ជាក់ថា ការតែងតាំងបន្ថែមនេះសំដៅធ្វើឱ្យមានប្រសិទ្ធិភាពដល់ការងារទាំងឡាយ ទាំងពួងរបស់រដ្ឋាភិបាល និងការងាររបស់រដ្ឋាភិបាលកាន់តែច្រើនឡើង។
ក្នុងឆ្នាំ១៩៩៣ ប្រទេសកម្ពុជាមានសមាជិកគណៈរដ្ឋមន្ត្រីចំនួន៥៥រូប រួមមាននាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ។ នៅក្នុងឆ្នាំ២០០៨ សមាជិកគណៈ រដ្ឋមន្ត្រីបានកើនឡើងដល់២៦៩រូប រួមទាំងសមាជិកគណៈរដ្ឋមន្ត្រីថ្មី១១រូប។
ពីទីក្រុងភ្នំពេញ ខ្ញុំ ជន សក្តា VOA សំឡេងស.រ.អ.៕