ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្យាករណ៍​ឆ្នាំថ្មី​ថា​នឹង​មាន​ភោគផល​កសិកម្ម​ល្អ​​តែ​នឹង​​អាច​មាន​ទឹក​ជំនន់


អ្នក​របាំ​ខ្មែរ​សម្តែង​របាំ​ត្រុដិ កាល​ពី​ថ្ងៃ​អង្គារ​ទី​១២​ខែ​មេសា​ឆ្នាំ​២០១១ នៅ​ក្រសួង​ព័ត៌មាន​ក្នុង​ទី​ក្រុង​ភ្នំពេញ។ ពិធី​​ចូល​ឆ្នាំ​ខ្មែរ​នៅ​ឆ្នាំ​​២០១១​នេះ​ធ្វើ​ឡើង​​ពី​ថ្ងៃ​ទី​១៤​ដល់​ ទី១៦​ខែ​មេសា​។
អ្នក​របាំ​ខ្មែរ​សម្តែង​របាំ​ត្រុដិ កាល​ពី​ថ្ងៃ​អង្គារ​ទី​១២​ខែ​មេសា​ឆ្នាំ​២០១១ នៅ​ក្រសួង​ព័ត៌មាន​ក្នុង​ទី​ក្រុង​ភ្នំពេញ។ ពិធី​​ចូល​ឆ្នាំ​ខ្មែរ​នៅ​ឆ្នាំ​​២០១១​នេះ​ធ្វើ​ឡើង​​ពី​ថ្ងៃ​ទី​១៤​ដល់​ ទី១៦​ខែ​មេសា​។

ឆ្នាំ​ថ្មី​ឆ្នាំ​ថោះ​ដែល​តំ​ណាង​ដោយ​សត្វ​ទន្សាយ​ត្រូវ​បាន​ព្យាករណ៍​ថា​ជា​ឆ្នាំ​នឹង​នាំមក​នូវ​ភោគផល​កសិកម្ម​យ៉ាងល្អសម្រាប់​ប្រជា​កសិករ​ខ្មែរ​ ក៏​ប៉ុន្ដែ​គឺ​ជា​ឆ្នាំ​ដែល​អាច​នឹង​មាន​ទឹក​ជំនន់​ដោយសារ​ទឹក​ភ្លៀង​ច្រើន​ផង​ដែរនេះ​គឺ​ជា​ទំនាយ​ក្នុង​មហា​សង្រ្កានសម្រាប់​ឆ្នាំ​នេះ​។

សៀវ​ភៅ​មហា​សង្រ្កាន​ដែល​រៀប​រៀង​ដោយ​ លោក​ អ៊ឹម​ បុរិន្ទ​ ​នាយក​គណៈ​កម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ដ្រ ​ប្រពៃ​ណី​ទំនៀម​ទម្លាប់​ខ្មែរនៃក្រសួង​ធម្មការ​ និង​សាសនា​ បានបង្ហាញ​ថា​ នៅ​ឆ្នាំ​ថោះ​ ឆ្នាំ​២០១១​នេះ កម្ពុជា​នឹង​ទទួល​បាន​ទឹក​ភ្លៀង​យ៉ាង​សម្បូរ​ ហើយ​ក៏​នឹង​កើត​មានជំនន់ទឹក​ភ្លៀងច្រើន​ជាមួយ​គ្នា​នោះ​ដែរ។

លោក​ អ៊ឹម​ បុរិន្ទ​ បញ្ជាក់​ដោយ​ផ្អែក​លើ​ទំនាយ​ហោរាសាស្ដ្រ​ថា ​ភាពសម្បូរ​ដោយ​ទឹកភ្លៀង​នេះនឹងនាំឲ្យ​មាន​កំណើន​ផលស្រូវ​ខ្ពស់​សម្រាប់ប្រជា​កសិករ​ដែរ។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ផល​ដំណាំ​កសិកម្ម ​ផល​ដំណាំ​ផ្សេងៗ ​គឺ​យើង​បាន​ផលប្រាំបួន​ភាគ ​ខូច​តែ​មួយ​ភាគ​ទេ។ គឺ​ផល​ល្អហើយ​ម្យ៉ាង​ទៀត​ គឺ​ការ​ធ្វើ​ស្រែ​គឺ​យើង​បាន​ផល​ទាំង​ពីរ ​ទាំង​ដី​ទំនាប ​ទាំង​ដី​ទួល។ បាន​សេចក្ដីថា​ ភ្លៀង​អំណោយ​ផល​ល្អ​ អញ្ចឹង​ធ្វើ​ឲ្យ​ដំ​ណាំ​ស្រូវ​ល្អ​គ្រប់​កន្លែង»។

ថ្វី​បើ​កសិករ​នឹង​ទទួល​បាន​ផល​ស្រូវ​ច្រើន​ ក៏​ប៉ុន្ដែ​ពួកគាត់​ត្រូវប្រយត្ន័ប្រយែង​ចំពោះ​គ្រោះ​អគ្គីភ័យដែរ​សម្រាប់​ឆ្នាំ​ថ្មី។ ទំនាយ​ឆ្នាំ​នេះ​មិន​ល្អ​សោះ​ឡើយ។ មហា​សង្រ្កានទាយ​ថា ​ភ្លើង​នឹង​កាច​សាហាវងាយនឹង​បង្ក​អគ្គីភ័យ។ ទំនាយ​មហា​សង្រ្កាន​ដដែល​បង្ហាញ​ថា​ ប្រជា​រាស្ដ្រ​តូច​តាច​ នឹង​ចាញ់​អ្នក​ធំ ​នាយ​ចៅហ្វាយ។ ប៉ុន្ដែ​កង​ទាហាន​នឹង​មាន​ជ័យ​ជម្នះ​គ្រប់​ពេល​វេលា​ចំពោះ​បច្ចា​មិត្ត។

លោក ​អ៊ឹម​ បុរិន្ទ ​វិភាគ​ទៅ​លើ​ជំនិះ​របស់​ទេវតា​ឆ្នាំ​ថ្មី​ ព្រះ​នាម​កិរិណី​ទេវី ​ដែល​មាន​ព្រះ​ហស្ថ​ស្ដាំ​ទ្រង់​កង្វេរ​ ព្រះ​ហស្ថ​ឆ្វេង​ទ្រង់​កាំភ្លើង នឹង​ប្រើ​ដំរី​ជា​ជំនិះ​សម្រាប់​យាង​ចុះ​មក​គ្រប់​គ្រង​ភព​ផែនដី។ លោក​មាន​ប្រសាសន៍​ថា៖

«ទេវតា​កាន់​កង្វេរ ​អញ្ចឹង​ប្រទេស​ខ្មែរ​យើង​នឹង​មាន​ការ​អនុវត្ត​ច្បាប់​ល្អ​ប្រសើរ​ជាង​ឆ្នាំ​ទៅ​ ដោយយើង​ចង់​និយាយ​ថា ​កង្វេរ​នេះ​ជា​អាវុធ​មួយ​បញ្ជា​ទៅ​លើ​សត្វ​ដំរី។ ​ដំរី​យើង​វិភាគ​ថា ជា​កំលាំង​ធំ ​ឬ​ជាសេដ្ឋកិច្ច​ ឬ​ជា​កំលាំង​ប្រជា​ពលរដ្ឋ។ អញ្ចឹង​ប្រជា​ពល​រដ្ឋ​នឹង​ត្រូវ​ទទួល​ការកៀប​សង្កត់​ផ្នែក​ច្បាប់ ដោយសារ​ប្រទេស​ជាតិ​ប្រើ​ច្បាប់​ត្រឹម​ត្រូវ។ បញ្ហា​នយោបាយ​មាន​ការ​ល្អ​ប្រសើរ​ទេ។ ចំពោះ​បញ្ហាសន្ដិសុខ​សង្គម​ ដូច​ជា​ភ្លើង​សាហាវ​យើង​ចាត់​ទុក​ជា​បញ្ហា​សង្គម​មួយ ​ការ​វិនាស​អន្ដរាយ​ទ្រព្យ​សម្បត្តិដោយសារ​ភ្លើង ហើយ​យើង​គួរ​តែ​ប្រយត័្ន។ ទេវតា​កាន់​កាំ​ភ្លើង​ដៃ​ឆ្វេង​ មាន​ន័យ​ថា​ មាន​ខ្លះ​ដែរ​ការ​ចល័ត​កាំភ្លើង​ទៅ​មក។ ប៉ុន្ដែ​វា​ជា​ការ​បន្ទាប់​បន្សំ​ទេ។​ ទោះ​ជា​យ៉ាងណា​ក៏​ទាហាន​របស់​យើង​បានទទួល​ជ័យ​ជម្នះ​គ្រប់​ទិស​ទី​ដែរ។ ​បើ​យើង​និយាយ​នៅថ្ងៃ​ឡើង​សក្ដិ៍​គឺ​ថា​ ទាហាន​ទាំងឡាយ​បានសេចក្ដី​សុខ​ក្សេមក្សាន្ដ​ ហើយ​ទោះ​ជា​ប្រឆាំង​ជាមួយ​បច្ចាមិត្ត​យ៉ាងណា​ក៏​មាន​ជ័យជម្នះ​គ្រប់​ទិសទី​ដែរ»។

ពិធី​ចូល​ឆ្នាំ​ខ្មែរ​រយៈ​ពេល​បី​ថ្ងៃ​តែ​ង​តែ​ប្រព្រឹត្ត​ទៅ​ក្នុង​រវាង​ពាក់​កណ្ដាល​ខែ​មេសា ​ឬ​ត្រូវ​ជា​ខែ​ចែត្រ​ ហើយ​ជា​រៀងរាល់​ឆ្នាំតែង​តែ​មាន​ការទស្ស​ទាយ​ទុក​ពី​ដំណើរ​ការ​ស្រុក​ទេស​ដែល​អាច​នឹង​ជួប​ប្រទះ។ ក៏​ប៉ុន្ដែ​អ្នក​វិទ្យាសាស្ដ្រ​និយម​មួយ​ចំនួន​ រួម​ទាំង​ហោរា​សាស្ដ្រ​តាម​ក្បួន​ចិន​មួយ​ចំនួន​ផង​ដែរ​ ចាត់​ទុកថា​ ទំនាយ​នោះ​មាន​លក្ខណៈ​អរូបិយ​នឹង​គឺ​ជា​ការ​ប្រព្រឹត្ត​តាម​ទំនៀម​ទម្លាប់​ច្រើន៕

XS
SM
MD
LG