ភ្នំពេញ៖ នៅថ្ងៃច័ន្ទនេះ លោកហេង សំរិន ប្រធានរដ្ឋសភា បានណែនាំដល់លោកនុត ណារ៉ាង ឯកអគ្គរាជទូតតែងតាំងថ្មីប្រចាំនៅអង្គការយូណេស្កូ (UNESCO) ឱ្យខំប្រឹងប្រែងពន្យល់ប្រាប់សហគមន៏អន្តរជាតិអំពីការឈ្លានពានរបស់ប្រទេសថៃលើទឹកដីកម្ពុជានៅក្បែរតំបន់ប្រាសាទព្រះវិហារ។
ព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី បានតែងតាំងលោកនុត ណារ៉ាង រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអតីតតំណាងរាស្ត្រ ឱ្យធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការយូណេស្កូ នៅថ្ងៃទី១១ ខែកក្កដា ជំនួសលោកខែក ស៊ីសូដា ដែលត្រូវបានចប់អាណត្តិ។
លោកនុត ណារ៉ាងបានចូលជួបជាមួយលោកហេង សំរិន ប្រធានរដ្ឋសភានៅថ្ងៃច័ន្ទនេះ មុនពេលលោកចាកចេញទៅកាន់តំណែងរបស់លោកនៅចុងខែកញ្ញានេះ។ លោកហេង សំរិន ប្រធានរដ្ឋសភា បានផ្តល់យោបល់ថា លោកនុត ណារ៉ាងត្រូវជំរាបប្រាប់ប្រទេសជាមិត្ត និងអង្គទូតនានាពីការឈ្លានពានរបស់ប្រទេសថៃលើទឹកដីកម្ពុជា ពិសេសក្រោយពេលដែល ប្រាសាទព្រះវិហារខ្មែរត្រូវបានបញ្ចូលជាបេតិកភ័ណ្ឌពិភពលោក និងត្រូវធ្វើការវាយបកឱ្យទាន់ពេលវេលានូវរាល់ព័ត៌មានដែលមួលបង្កាច់ពីប្រទេសកម្ពុជា។
កម្ពុជា និងថៃនៅតែមានការឈ្លោះប្រកែកគ្នានៅតំបន់ដីជម្លោះក្បែរប្រាសាទព្រះវិហារ ទោះបីជាប្រទេសទាំងពីរ បានបន្តទំនាក់ទំនងការទូតឡើងវិញដែលត្រូវបានផ្អាកចាប់តាំងពីចុងឆ្នាំ ២០០៩ក៏ដោយ។ ប្រទេសទាំងពីរ បានប្រមូលផ្តុំកម្លាំងទ័ពច្រើនរាប់ពាន់នាក់ នៅតាមបណ្តោយព្រំដែនក្បែរប្រាសាទព្រះវិហារ និងបានវាយប្រយុទ្ធគ្នាជាច្រើនលើក ដែលបានសម្លាប់កងទ័ពយ៉ាងតិច៨នាក់ បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ចីបេតិកភ័ណ្ឌពិភពលោកនៅក្នុងខែកក្កដា ឆ្នាំ២០០៨។
លោកគាំ កុសល ប្រធានឧទ្ទកាល័យរបស់លោកហេង សំរិន បានបញ្ជាក់យ៉ាងដូច្នេះថា៖
«ឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការយូណេស្កូត្រូវទប់ទល់នឹងការឈ្លានពានរបស់ប្រទេសថៃលើទឹកដីកម្ពុជា និងខិតខំវាយបកឱ្យទាន់ពេលវេលានូវរាល់ព័ត៌មានដែលមួលបង្កាច់ពីជាតិរបស់យើង»។
លោកហេង សំរិន បានបន្តថា លោកនុត ណារ៉ាងត្រូវផ្សព្វផ្សាយវប្បធម៌ សិល្បៈ និងព្រពៃណីខ្មែរ ព្រមទាំងសន្តិភាព និងស្ថេរភាពនយោបាយ ដើម្បីទាក់ទាញអ្នកវិនិយោគ និងទេសចរមកទស្សនាប្រទេសកម្ពុជាឱ្យបានច្រើន ពីព្រោះកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធល្អផ្លូវថ្នល់ សណ្ឋាគារ រមណីយដ្ឋានទាំងធម្មជាតិ និងប្រាសាទបុរាណនានា។
លោកហេង សំរិន បានបន្ថែមថា លោកនុត ណារ៉ាង ត្រូវខិតខំពង្រឹងពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យបានល្អជាមួយសមាជិកអង្គការយូណេស្កូ និងអង្គទូតនានា។
លោកនុត ណារ៉ាង បានប្តេជ្ញាថា លោកនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងបទពិសោធន៍របស់លោកដើម្បីការពារទឹកដី និងប្រាសាទព្រះវិហាររបស់កម្ពុជា មិនឱ្យថៃឈ្លានពានបានជាដាច់ខាត។ លោកនុត ណារ៉ាង បានបញ្ជាក់ថា លោកនឹងខំប្រឹងពន្យល់តំណាងប្រទេសជាមិត្តប្រចាំនៅអង្គការយូណេស្កូអំពីប្រវត្តិទឹកដីកម្ពុជា ប្រាសាទព្រះវិហារ និងប្រាសាទបុរាណជាច្រើនទៀតនៅតាមបណ្តោយព្រំដែន ដើម្បីការពារទឹកដី និងប្រាសាទបុរាណទាំងនោះពីការឈ្លានពានរបស់ប្រទេសថៃ ។
លោកកុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងថា លោកនុត ណារ៉ាង ពិតជាមានបទពិសោធន៍ និងសមត្ថភាពគ្រប់គ្រាន់ផ្នែកវប្បធម៌ ដើម្បីការពារបូរណភាពទឹកដី និងប្រាសាទព្រះវិហារកម្ពុជាមិនឱ្យថៃឈ្លានពានបាន។