រឿង «អាពាហ៍ពិពាហ៍ក្រហម» ត្រូវបានដាក់បញ្ចាំងជាសាធារណៈជាលើកដំបូងនៅឯមហោស្រពចេនឡាក្នុងរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា។
ខ្សែភាពយន្តឯកសារដែលមានរយៈពេល៥៨នាទីនេះ រៀបរាប់អំពីរឿងរ៉ាវជីវិតរបស់ស្ត្រីខ្មែរម្នាក់ដែលត្រូវបានពួកកម្មាភិបាលខ្មែរក្រហមចាប់បង្ខំឲ្យរៀបការជាមួយទាហានរបស់ពួកគេម្នាក់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
អ្នកស្រី ប៉ែន សុខចាន់ដែលទើបមានអាយុ១៦ឆ្នាំនៅពេលនោះ បានទទួលរងការរំលោភផ្លូវភេទពីសំណាក់ប្តីដែលអ្នកស្រីមិនស្រឡាញ់ក្រោមបទបញ្ជាដាច់ខាតរបស់មេដឹកនាំខ្មែរក្រហម។ ការឈឺចាប់ និងការបៀមទុក្ខដោយការខ្មាសអៀនបានស្ថិតនៅជាមួយអ្នកស្រី សុខចាន់ ចាប់តាំងពីពេលនោះមក។
អ្នកទស្សនាខ្លះមិនអាចទប់ទឹកភ្នែកបាននៅពេលបានឃើញផ្ទាល់ភ្នែក និងលឺផ្ទាល់ត្រចៀកនូវការរៀបរាប់ពីហេតុការណ៍ដែលបានកើតឡើងចំពោះអ្នកស្រីសុខចាន់ នៅពេលនោះ។
ជាក់ស្តែង អ្នកស្រី សន ថាន់ វ័យ៥៨ឆ្នាំមកពីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានអារម្មណ៍រំជួលចិត្ត បន្ទាប់ពីបានទស្សនាខ្សែភាពយន្តនេះចប់ដោយសារអ្នកស្រីអះអាងទាំងទឹកភ្នែករលីងរលោងថា ខ្លួនអ្នកស្រីផ្ទាល់ក៏បានជួបប្រទះរឿងរ៉ាវស្រដៀងគ្នានេះដែរនៅក្នុងរបបខ្មែរក្រហមនោះ។ អ្នកស្រីបានប្រាប់វីអូអេខ្មែរថា៖
«ដូចគ្នាអញ្ចឹង ម៉ោង៥ ម៉ោង៦ ខ្ញុំនិយាយអត់កើត ចង់យំតែម្តង។ វាឆ្អែតចិត្ត គេដេញវាយដូចចាប់បង្ខំ ដូចយើងអត់ដឹងខ្លួន គេហៅយើងមកភ្លឺស្រែមក ស្រាប់គេថាឲ្យទៅនោះមួយភ្លែត យើងខ្លាចគេវាយចោល ចេះតែដើរតាមគេទៅ។ ដល់ខ្ញុំមើលរឿងហ្នឹងទៅដូចជាសាច់រឿងខ្ញុំដែរ»។
បើយោងតាមអ្នកផលិតខ្សែភាពយន្តនេះ មានស្រ្តីខ្មែរប្រមាណ២៥ម៉ឺននាក់ បានទទួលរងគ្រោះដោយសារការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យឬសម័យខ្មែរក្រហមចន្លោះឆ្នាំ១៩៧៥ដល់៧៩នោះ។
កញ្ញា ចាន់ លីដា ផលិតករនៃខ្សែភាពយន្តឯកសាររឿង«អាពាហ៍ពិពាហ៍ក្រហម»នេះ ពន្យល់ពីគោលបំណងនៃការផលិតខ្សែភាពយន្តនេះ៖
«ខ្សែភាពយន្តហ្នឹងជាការបំបែកភាពស្ងៀមស្ងាត់មួយ ដែលនៅក្នុងភូមិរបស់គាត់មិនដែលមានអ្នកណាលើកឡើងយកមកនិយាយទេ ដោយវាជាប្រធានបទមួយដែលមានការខ្មាសអៀនច្រើនសម្រាប់ស្ត្រីបើនិយាយរឿងនេះឡើង។ ហើយការនិយាយរឿងហ្នឹង ខ្ញុំយល់ថា ជាគំរូមួយសម្រាប់ជនរងគ្រោះផ្សេងទៀតនៅក្នុងការលើកឡើងពីប្រធានបទហ្នឹងកុំឲ្យមានការខ្មាសអៀនតទៅទៀត»។
ក្រុមផលិតករបានចំណាយពេលអស់៨ខែនៅក្នុងឆ្នាំ២០១០ ដើម្បីផលិតខ្សែភាពយន្តនេះដោយបានធ្វើការស្រាវជ្រាវ និងស្វែងរករហូតទាល់តែជួបអ្នកស្រី ប៉ែន សុខចាន់ នៅភូមិបឹងឈូក ខេត្តពោធិ៍សាត់។
អ្នកស្រី ប៉ែន សុខចាន់ បច្ចុប្បន្នវ័យ៤៨ឆ្នាំ ជាម្តាយមេម៉ាយកូនចំនួន៦នាក់ មានប្រសាសន៍ប្រាប់វីអូអេខ្មែរថា អ្នកស្រីសុខចិត្តលាតត្រដាងតាមរយៈខ្សែភាពយន្តនេះនូវរឿងរ៉ាវដែលអ្នកស្រីបានលាក់ទុកអស់រយៈពេលជាង៣០ឆ្នាំមកហើយនោះ គឺដើម្បីចង់ដឹងការពិតថាហេតុអ្វីបានជាក្រុមខ្មែរក្រហមបង្ខំប្រជាជនដូចជាអ្នកស្រីឲ្យរៀបការជាមួយមនុស្សដែលខ្លួនមិនស្រលាញ់។ អ្នកស្រីបន្តថា៖
«យើងចង់ទាមទារឲ្យតុលាការឲ្យពួកខ្មែរក្រហមសារភាពពីការសម្លាប់មនុស្ស ការធ្វើបាបមនុស្ស ការរៀបការដែលបង្ខំហ្នឹង ដើម្បីអ្វី ព្រោះយើងចង់ដឹងការពិតពីពួកគាត់ហ្នឹងណាស់។»
សាលាក្តីខ្មែរក្រហមគ្រោងនឹងបើកសវនាការជំនុំជម្រះទោសអតីតមេដឹកនាំខ្មែរក្រហមកំពូលៗចំនួន៤រូបគឺ ខៀវ សំផន នួន ជា អៀង សារី និងអៀង ធីរិទ្ធ នៅចុងខែមិថុនានេះ ពីបទធ្វើឲ្យប្រជាពលរដ្ឋស្លាប់ប្រមាណ១លាន៧សែននាក់នៅក្នុងរបបដែលពួកគេគ្រប់គ្រងនោះ។
កញ្ញា ចាន់ លីដា រំពឹងថា ខ្សែភាពយន្តឯកសាររបស់កញ្ញានេះនឹងទាក់ទាញឲ្យមានការពិចារណាលើអំពើឧក្រិដ្ឋនៃការចាប់បង្ខំប្រជាពលរដ្ឋក្នុងសម័យខ្មែរក្រហមឲ្យរៀបការផ្ទុយពីឆន្ទៈ ឬការព្រមព្រៀងរបស់ពួកគេ។ កញ្ញាបានប្រាប់វីអូអេខ្មែរថា៖
«ខ្ញុំសង្ឃឹមថា តាមរយៈខ្សែភាពយន្តហ្នឹង សាលាក្តីខ្មែរក្រហមដែលទទួលបន្ទុកកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហមនឹងយកប្រធានបទទាក់ទងនឹងអំពើហឹង្សាផ្លូវភេទ ជាពិសេសទាក់ទងនឹងការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំហ្នឹងយកទៅពិចារណានឹងមានការកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហមដើម្បីឲ្យពួកគេឆ្លើយបំភ្លឺការពិតឲ្យជនរងគ្រោះបានដឹងទាំងអស់គ្នា»។
លោក ឌឹម សុវណ្ណារុំ មន្ត្រីទទួលបន្ទុកផ្នែកកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហមបានមានប្រសាសន៍បន្ទាប់ពីបានទស្សនាខ្សែភាពយន្តឯកសារនេះថា គេមិនទាន់អាចនិយាយបានទេនៅពេលនេះ ថាតើអំពើបង្ខំមនុស្សឲ្យរៀបការនៅក្នុងសម័យខ្មែរក្រហមនោះ អាចនឹងត្រូវបានលើកយកមកពិចារណានៅក្នុងសវនាការដែរឬយ៉ាងណាទេ។លោកបានប្រាប់វីអូអេខ្មែរថា៖
«សួរថាតើការរៀបការដោយបង្ខំហ្នឹងអាចនឹងត្រូវលើកយកមកពិភាក្សានៅពេលនោះទេ អាហ្នឹងយើងមិនទាន់អាចជម្រាបបាននៅពេលនេះទេ ហើយខ្ញុំគិតថា ព័ត៌មានហ្នឹងនឹងបញ្ជាក់ជូនដោយសាលាដំបូងនៅពេលឆាប់ៗខាងមុខនេះ»។
ដូច្នេះ សម្រាប់ពេលនេះ ទាំងអ្នកស្រីប៉ែន សុខចាន់ ទាំងផលិតករភាពយន្តនេះ ត្រូវរង់ចាំរហូតដល់ចុងខែនេះសិន ដើម្បីដឹងថាតើជនរងគ្រោះក្នុងចំណងអាពាហ៍ពិពាហ៍ដោយបង្ខំក្នុងសម័យខ្មែរក្រហមនោះនឹងទទួលបានយុត្តិធម៌ និងការផ្សះផ្សាផ្លូវចិត្តបានដែរឬយ៉ាងណានោះ។ លោកអ្នកក៏អាចទស្សនារឿងនេះជាវីដេអូនៅក្នុងគេហទំព័រwww.voanews.com/khmer ឬyoutube.com/voakhmerservice៕