រដ្ឋាភិបាលទីក្រុងសៅតូម៉េ និងប្រាំងស៊ីប (Sao Tome and Principe) ដែលស្ថិតនៅជាយឆ្នេរតំបន់អាហ្វ្រិកភាគខាងលិច ក្នុងឈូងសមុទ្រដែលសម្បូរទៅដោយប្រេងរបស់ប្រទេសហ្គីណេ (Guinea) បានឲ្យដឹងនៅក្នុងខែតុលាថា ខ្លួនបានព្រមព្រៀងនៅក្នុងការសាងសង់កំពង់ផែទឹកជ្រៅក្នុងកិច្ចសហការជាមួយចិន។ ក្រុមមន្រ្តីបាននិយាយថា កំពង់ផែនោះនឹងមានគោលដៅសម្រាប់សេដ្ឋកិច្ច មិនមែនយោធាទេ។
កិច្ចសន្យាជួល និងកិច្ចព្រមព្រៀងលើភាគហ៊ុន សម្រាប់កំពង់ផែទឹកជ្រៅ ដែលមានតម្លៃ ៨០០លានដុល្លារ នឹងត្រូវសម្រេចឡើងជាមួយនឹងក្រុមហ៊ុនរបស់រដ្ឋគឺក្រុមហ៊ុនវិស្វកម្មកំពង់ផែចិននៅខែឧសភា ឆ្នាំ២០១៦។
នាយករដ្ឋមន្រ្តីប្រទេសសៅតូម៉េ និងប្រាំងស៊ីប គឺលោក Patrice Trovoada បានប្រាប់ VOA ថា ដំណាក់កាលដំបូងនៃការសាងសង់នឹងត្រូវបញ្ចប់នៅឆ្នាំ២០១៨។
«ខ្ញុំត្រូវការចំណូលដើម្បីផ្គត់ផ្គង់ដល់ប្រព័ន្ធសុខាភិបាល និងប្រព័ន្ធអប់រំប្រកបដោយគុណភាពល្អ។ យើងបាននិយាយថា ចូរឲ្យយើងនាំគ្នាប្រើគំរូមួយ ដែលយើងអាចសងបំណុលបាន ប្រសិនបើយើងត្រូវខ្ចីបំណុលមួយចំនួននោះ។ ប្រសិនបើអ្នកសំឡឹងមើលទាំងឈូងសមុទ្រហ្គីណេ និងផ្លូវទឹកទៅកាន់អាមេរិកខាងត្បូងពីទ្វីបអាស៊ី កំពង់ផែមួយគឺសមហេតុផល ប៉ុន្តែ វាមិនអាចជាទ្រព្យដែលឥតប្រយោជន៍ ឬបង្កជាបញ្ហាឡើយ។ ហេតុដូច្នេះហើយ ទើបយើងបានចូលរួមជាមួយនឹងក្រុមហ៊ុនចិនមួយនេះ»។
មន្ទីរបញ្ចកោណបានពិចារណាសាងសង់មន្ទីរនាវាចរណ៍ទឹកជ្រៅរបស់ខ្លួននៅក្រុងសៅតូម៉េ (Sao Tome) កាលពីមួយទសវត្សរ៍មុន ដោយសារគុណតម្លៃយុទ្ធសាស្រ្តនៃឈូងសមុទ្រហ្គីណេ ដែលនៅត្រឹមឆ្នាំ២០១៣ ជាតំបន់ឆ្លងកាត់សម្រាប់ការនាំចូលប្រេងពីសហរដ្ឋអាមេរិក ចំនួនប្រមាណជា៣០ភាគរយ។ គម្រោងនោះមិនត្រូវបានកើតឡើងនោះទេ។
កំណើនការចំណាយលើការការពារជាតិ និងគោលនយោបាយការពារជាតិរបស់ចិន ដែលក្នុងនោះរួមមានការរានយកដីនៅសមុទ្រចិនខាងត្បូង បានបង្កឲ្យមានការព្រួយបារម្ភពីការតាំងកម្លាំងយោធាចិនក្នុងការធានារក្សាផលប្រយោជន៍របស់រដ្ឋាភិបាលក្រុងប៉េកាំងនៅលើឆាកអន្តរជាតិ។
ពាណិជ្ជកម្មរបស់ចិនជាមួយនឹងបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រហ្គីណេ បានកើនលើស២៤ពាន់លានដុល្លារ (ប៊ីលាន) នៅឆ្នាំ២០១៣ ខណៈដែលការខាតបង់ពីការលួចប្លន់តាមសមុទ្រ នៅតំបន់ឈូងសមុទ្រនោះ ច្រើនលើសពីការលួចប្លន់នៅសូម៉ាលី (Somalia) និងតំបន់ឈូងសមុទ្រ Aden តាំងពីឆ្នាំ២០១២មក។
ប៉ុន្តែនាយករដ្ឋមន្រ្តីលោក Trovoada បានទទួចថា ការប្រើយោធារបស់ចិននៅកំពង់ផែសៅតូម៉េនឹងត្រូវត្រួតគ្នាលើផលប្រយោជន៍របស់ប្រទេសលោក និងកិច្ចការដែលខ្លួនបានធ្វើជាមួយនឹងអង្គការណាតូតាំងពីដើមមក៕
«គ្រប់គ្នាត្រូវតែរួមគ្នានៅក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងចោរកម្មតាមដែនសមុទ្រ និងភេរវកម្ម។ ប្រសិនបើចិនមកដើម្បីការពារ អ្វីដែលខ្ញុំហៅថា ប្រយោជន៍រួម អញ្ចឹងមិនអីទេ។ ប្រសិនបើមិនមានសមាមាត្ររវាងអ្វីដែលពួកគេនាំមកនៅក្នុងបរិបទកងកម្លាំងយោធា នោះយើងត្រូវធ្វើការចោទសួរ»។
កំពង់ផែនោះតំណាងឲ្យការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដោយផ្ទាល់ជាលើកដំបូងដោយរដ្ឋាភិបាលក្រុងប៉េកាំងនៅប្រទេសសៅតូម៉េ និងប្រាំងស៊ីប ដែលជាប្រទេសមួយក្នុងចំណោមប្រទេសបីក្នុងតំបន់អាហ្វ្រិក រួមជាមួយនឹងប្រទេសបួគីណាហ្វាសូ (Burkina Faso) និងស្វាស៊ីឡង់ (Swaziland) ដែលនឹងបន្តការទទួលស្គាល់ផ្នែកការទូតចំពោះកោះតៃវ៉ាន់ ជាជាងប្រទេសចិន។
អគ្គរដ្ឋទូតកោះតៃវ៉ាន់ប្រចាំនៅប្រទេសបួគីណាហ្វាសូ លោក Shen Chen-Hong និយាយថា រដ្ឋាភិបាលរបស់លោកមិនមានភាពតានតឹងអ្វីឡើយពាក់ព័ន្ធនឹងគម្រោងនៅក្រុងសៅតូម៉េ។
«ខ្ញុំមិនគិតថា វាជាបញ្ហានោះទេ។ ជាមួយនឹងទំនាក់ទំនងល្អនាពេលបច្ចុប្បន្ន រវាងសាធារណរដ្ឋប្រជាមានិតចិន និងកោះតៃវ៉ាន់ យើងទាំងអស់គ្នាអាចធ្វើជំនួញជាមួយនឹងអាហ្វ្រិក។ កោះតៃវ៉ាន់នឹងចាំជួយអស់ពីលទ្ធភាព ចំពោះប្រទេសណាក៏ដោយ ដើម្បីឲ្យសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រសិនបើប្រទេសនោះមករកកោះតៃវ៉ាន់»។
លោក Trovoada បាននិយាយជាមួយនឹង VOA មុនពេលធ្វើដំណើរតាមយន្តហោះ នៅចុងខែតុលា ទៅកាន់ក្រុងញូវដេលី ដើម្បីចូលរួមវេទិកាកិច្ចប្រជុំកំពូលឥណ្ឌា និងអាហ្រ្វិក ដែលក្រុមអ្នកវិភាគមួយចំនួន យល់ឃើញថាជាការប៉ុនប៉ងរបស់ឥណ្ឌា នៅក្នុងការពង្រឹងការតតាំងរបស់ខ្លួនប្រឈមនឹងកំណើនឥទ្ធិពលរបស់ចិននៅអាហ្វ្រិក៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា