ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ប្រើ​គោល​ការណ៍​បញ្ច​សីលា​ច្រើន​ជាង​មនោ​គម​វិជ្ជា​ក្នុង​ទំនាក់​ទំនង​ជាមួយ​កម្ពុជា


វ៉ាស៊ីនតោន៖ ប្រទេស​ចិន​ប្រើ​ប្រាស់​គោល​ការណ៍​ប្រាំ​ចំណុច​នៃ​ការរួម​រស់​ដោយ​សន្តិភាព ឬ​ហៅ​ថា​គោល​ការណ៍​បញ្ច​សីលា​ក្នុង​ការ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​នានា​លើ​ពិភព​លោក។

នៅ​ក្នុង​សៀវ​ភៅថ្មី​មួយ​ដែល​ទើប​ចេញ​ផ្សាយ​នា​ពេល​ថ្មីៗ​នេះ​បាន​ធ្វើ​ការ​ពិនិត្យ​មើល​ថា​ ​តើ​ការ​អនុវត្ត​គោល​ការណ៍​នេះបាន​ដល់​កម្រិត​ណា​ដែរ​ ​និង​ផ្តល់​ផល​ប្រយោជន៍​អ្វី​ខ្លះ​ក្នុង​ទំនាក់​ទំនង​រវាង​ប្រទេស​ចិន​ ​និង​ប្រទេស​កម្ពុជា។

នេះ​ជា​សេចក្តី​រាយ​ការណ៍ភាគ​ទី​មួយ​នៃ​សេចក្តី​រាយ​ការណ៍​ពីរភាគ​ដែលលោក​ម៉ែន គឹមសេង​នឹង​ផ្តោត​លើ​កត្តា​ដែល​នាំ​ឱ្យ​ប្រទេសចិន​មាន​ការ​ចាប់​អារម្មណ៍​លើ​ប្រទេស​កម្ពុជា​និង​ការ​ចូល​ពាក់​ព័ន្ធ​យ៉ាង​ជ្រៅ​ក្នុង​នយោបាយ​កម្ពុជា។

ជា​គោល​ការណ៍​ ​ប្រទេស​ចិន​ប្រើប្រាស់​នូវ​គោល​នយោបាយ​បញ្ច​សីលា​នេះ​ក្នុង​ទំនាក់​ទំនង​ការ​បរទេស​របស់​ខ្លួន​ជាមួយ​ប្រទេស​នានា​លើ​សកល​លោក​ ​ដោយរួម​ទាំង​ប្រទេស​កម្ពុជា​ផងដែរ​ ចាប់​តាំង​ពី​ការ​ចង​សម្ព័ន្ធភាព​រវាង​ប្រទេស​ទាំង​ពីរតាំង​ពី​ក្នុងអំឡុង​ពាក់​កណ្តាល​ទសវត្សរ៍១៩៥០​មក។​ ​ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ដឹកនាំ​ក្នុង​ប្រទេស​ចិន​ ក្នុង​ពេល​ខ្លះ​ក៏​មាន​ផល​ប៉ះពាល់​មកលើ​ការ​អនុវត្ត​គោល​នយោបាយ​នេះ​ ហើយ​នឹង​មាន​ផល​ប៉ះពាល់​ដល់ការ​ផ្លាស់ប្តូរ​របត់​នយោ​បាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

គោល​ការណ៍​ទាំង​ប្រាំ​ចំណុច​នៃ​ការ​រួម​រស់​ដោយ​សន្តិភាព​ដែល​ចិន​ប្រកាន់​យក​ជាគោល​នោះ​ ​ឬ​ ហៅ​ថា​ ​គោល​ការណ៍​បញ្ច​សីលា​ ​គឺ​ការ​គោរព​បូរណភាព​ទឹកដី​ និងអធិបតី​ភាព​ជាតិ​ទៅ​វិញ​ទៅ​មក​ ការមិន​ចូល​ឈ្លាន​ពាន​គ្នា​ ​ការមិន​ចូល​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​ដទៃ​ ​បណ្តា​ប្រទេស​នានា​មាន​សិទ្ធិ​ស្មើ​គ្នា​និង​ផ្តល់ប្រយោជន៍ឱ្យ​គ្នា​ទៅ​វិញទៅ​មក និង​ការរួម​រស់ជា​មួយ​គ្នាប្រកបដោយសន្តិភាព។

នៅ​ក្នុង​សៀវ​ភៅ​ថ្មី​មួយ​ដែល​មាន​ចំណង​ជើង​ថា​ “ទំនាក់​ទំនង​ចិនកម្ពុជា​និងគោលការណ៍ទាំង​ប្រាំ​នៃ​គោល​ការណ៍​សន្តិ​សហ​វិជ្ជមាន"​ ដែលជាការ​ស្រាវជ្រាវ​របស់​លោក​ស្រី​សូហ្វី​ រីឆាដ​សុន​ ​ពិនិត្យមើល​ការ​អនុវត្ត​នៃ​គោលការណ៍​នេះ​ដោយ​ផ្អែក​លើ​ករណី​នៃ​ប្រទេស​កម្ពុជា​ ​បាន​សន្និដ្ឋានថា​ ​ពេល​ខ្លះ​ចិន​បាន​ដើរ​ចាក​ចេញ​ពី​គោល​ការណ៍​នេះ​ ​ប៉ុន្តែ​ស្ទើរ​តែ​គ្រប់​ពេល​ទាំងអស់ ​គឺ​ចិន​គោរព​តាម​បាន។

លោក​ស្រីសូហ្វី​ រីឆាដសុន​ ដែល​បច្ចុប្បន្ន​ជា​នាយក​ខាង​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ថា​ ​ភាគ​ច្រើន​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​ស្រី ​គឺ​បាន​មក​ពី​ប្រភព​ឯកសារ​កាល​ប្បវត្តិ​នានា​ទាំង​នៅ​បរទេស​និង​ប្រទេស​ចិន ​និង​ការជួប​សម្ភាស​ជាមួយ​មន្ត្រី​ ​អ្នកការ​ទូតចិន​ជា​ច្រើន​រយ​នាក់​ ទាំង​អ្នក​ដែល​បាន​ចូល​និវត្តន៍​ ​និង​អ្នក​ដែល​កំពុង​បំពេញ​ការ​ងារ។

“ខ្ញុំ​គិត​ថា​ ​រដ្ឋាភិ​បាល​ចិន​ទាក់​ទង​ជាមួយ​បណ្តា​ប្រទេស​និង​រដ្ឋាភិបាល​ផ្សេងៗ​ដោយវិធី​ដូចៗ​គ្នា។​ ខ្ញុំ​គិត​ថា​ ​វា​ជា​ផ្នែក​មួយ​នៃ​ជំនឿ​របស់​គេ​ គឺ​មិន​មែន​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​កុម្មុយនិស្ត​ ​ហើយ​មាន​ទំនាក់​ទំនង​មិន​ល្អ​ជាមួយ​ប្រទេស​មិនមែន​កុម្មុយនិស្ត​ទេ​ ​មិន​មែន​មាន​ទំនាក់​ទំនង​តឹងរឹង​ជាមួយ​ប្រទេស​ប្រជាធិប​តេយ្យ​ជាង​ប្រទេស​ផ្តាច់ការ​ទេ។ ​ក៏​មិន​មែន​បញ្ហា​ថា​ ​តើរដ្ឋា​ភិបាល​នោះ​ ស្រប​ច្បាប់​ ​ឬមិន​ស្រប​ច្បាប់​ទេ​ ​ហើយ​ក៏​មិន​ជា​បញ្ហា​ថា​ ​តើ​រដ្ឋា​ភិបាល​នោះជារដ្ឋា​ភិបាល​មាន​ជំនឿ​លើ​សាសនា​ឬមិន​មាន​ឡើយ។ ​ទាំងអស់​គឺ​មិន​មែន​ជា​ផ្នែក​នៃ​ការ​គិត​គូរ​ទេ”។

គោល​ការណ៍​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្ថាបនិក​នៃ​បក្ស​កុម្មុយនិស្ត​ក្នុង​ទសវត្ស​១៩៤០​ ​ហើយ​ផ្សាយ​ឱ្យ​ដឹង​ដោយ​លោក​ប្រធាន​ម៉ៅ សេទុង។

តែង​តែ​មាន​សំណួរ​ដែល​ចោទសួរ​ថា​ ​តើប្រទេស​ដែល​តូច​ ​ដូច​ជា​កម្ពុជា​បាន​ផ្តល់​នូវ​ផល​ប្រយោជន៍អ្វី​ខ្លះដល់​ប្រទេស​ចិន​ ​តាំងពីដំបូង​ទីមក​ ​ដែល​នាំឱ្យ​មាន​ការ​ចង​សម្ព័ន្ធ​ភាព​ជា​មួយ​គ្នានេះ?

ដោយ​ចាប់​ផ្តើម​ពិនិត្យ​មើល​ពីឆ្នាំ​១៩៥៤ ​មកគឺ​ក្រោយ​ពី​ប្រទេស​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេស​បារាំង ​លោក​ស្រី​ រីឆាដសុន​អះអាង​ថា​ ​ជម្រើស​នៃ​គោល​នយោបាយ​ចំពោះ​ប្រទេស​កម្ពុជា ដែលធ្វើ​ឡើងរហូតដល់ចុងទសវត្ស​ឆ្នាំ​១៩៦០ ​គឺ​ផ្អែក​ទៅ​លើ​គោល​ការណ៍​ទាំងអស់​នេះ ​ច្រើន​ជាង​ការព្រួយ​បារម្ភ​ពី​សន្តិសុខ​ ​ទ្រព្យ​សម្បត្តិ​ ឬ​មនោគម​វិជ្ជា។

យ៉ាង​ណា​ក៏​ដោយ ​នៅ​ដំណាក់​កាល​ដំបូង​ ​ប្រទេស​ចិន​មិន​បាន​មើល​ឃើញ​កម្ពុជាថា ជា​ប្រទេស​មួយ​ដោយ​ឡែក​ទេ។​ ឆ្លងតាម​រយៈ​ការ​ជួប​គ្នា​រវាង​គណៈ​ប្រតិភូ​កម្ពុជា​ ​និង​ចិន​នៅទីក្រុង​ហ្សឺណែវនា​ឆ្នាំ​១៩៥៤​ ​ចិន​យល់​ថា​ ​កម្ពុជា​គ្រាន់តែ​ជាផ្នែក​មួយ​នៃ​ឥណ្ឌូចិន​ប៉ុណ្ណោះ​ ​ប៉ុន្តែ​លោក​នាយក​រដ្ឋមន្រ្តី ចិន​ ជូអេនឡាយ ​បាន​ប្តូរទស្សនៈ​នោះ​ វិញ​ភ្លាមៗ​ ​នាពេល​ក្រោយ​មក។ ​ក្រោយពីជំនួប​ដំបូង​រវាង​ សម្តេច​ នរោត្តម​ សីហនុ​ ​និង​លោក​ជូ អេនឡាយនា​សន្និសីទ​ទីក្រុង​បាន​ឌុង​ ក្នុង​ឆ្នាំ​១៩៥៥​ ​បាន​នាំ​ឱ្យ​ប្រទេស​ទាំង​ពីរ​បាន​រឹត​ចំណង​នឹង​គ្នា​រហូត​មក​ ​សូម្បី​ក្រោយពី​លោក​ ជូអេនឡាយ​ ​បាន​ទទួល​មរណ​ភាព​ហើយ​ក៏​ដោយ។ ​នេះ​បើតាម​ការ​បញ្ជាក់​តាម​សៀវភៅរបស់​លោក​ស្រី​សូហ្វី ​រីឆាដសុន។

លោក​ស្រី ​សូហ្វី​ រីឆាដសុន​ ​បាន​បញ្ជាក់​នៅ​ក្នុង​ឱកាស​ចេញ​ផ្សាយ​សៀវភៅ​របស់​លោកស្រីនា​ពេល​ថ្មីៗ​នេះ​ នា​ទីក្រុង​វ៉ាស៊ីនតោន​ថា៖

“ប្រសិន​បើ​សម្តេច​សីហនុ​មិន​មាន​អ្វី​សម្រាប់​ផ្តល់​ឱ្យ​ក្នុង​ទំនាក់​ទំនង​ជាមួយ​រដ្ឋា​ភិបាល​ចិន​ ​ក៏​ការ​គាំទ្រ​តាំង​ពី​ដំបូងទី​និង​ការគាំទ្រ​ជា​សាធារណៈ​ចំពោះ​គោល​នយោបាយ​ចិន​តែមួយ​ និង​ការ​សុំ​ឱ្យ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​ ទទួល​បាន​កៅអី​នៅ​ក្នុង​អង្គការ​សហ​ប្រជា​ជាតិ ​បាន​ធ្វើ​ឱ្យ​មាន​ការខុស​ប្លែក​គ្នា​យ៉ាង​ធំ​សម្បើម។ ​រហូត​មក​ដល់​ថ្ងៃនេះ​ ​លោក​អ្នក​នឹង​ឮ​ប្រជា​ពល​រដ្ឋ​នៅ​ទីក្រុង​ប៉េកាំង​និយាយ​អំពី​ការ​សម្រេច​ចិត្ត​ជាពិសេស​ដែល​ចេញ​មក​ពី​ភាគី​ខាង​សម្តេចសីហនុ”។

ជាការណ៍​ពិត ចាប់​តាំង​ពី​ដំបូង​ទីមក​ ​គឺ​កើត​ឡើង​ពី​ការ​ដែល​ប្រទេស​ចិនព្រួយបារម្ភ​ពី​ការ​ចូល​ពាក់​ព័ន្ធ​របស់​សហ​រដ្ឋ​អាមេរិក​កាន់​តែ​ខ្លាំង​ក្នុង​តំបន់​អាស៊ី​អគ្នេយ៍​ ដែល​អាច​ជាការ​គំរាមកំហែង​សន្តិ​សុខរបស់ប្រទេស​ចិន រី​ឯកម្ពុជាដែលជាប្រទេសទើប​នឹងបានឯករាជ្យ​ថ្មីៗ​ ក៏​ចង់​បាន​ប្រទេស​ធំៗ​ទទួល​ស្គាល់​ជំហរ​អព្យាក្រិត្យ​របស់​ខ្លួន។​ ទាំងនេះ​ជាកត្តាខ្លះៗ ​ដែល​ទាញ​ច្របាច់​បញ្ចូលគ្នា​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​ ​បើទោះ​បី​ជា​ពេល​នោះ​ការ​គិត​ចម្បង​របស់​ចិន ​គឺ​ការ​ជួយ​ដល់​បដិវត្ត​ន៍​នៃ​ក្រុម​វៀតណាម​ខាង​ជើង​ក៏​ដោយ។

សៀវភៅ​នេះ​មាន​កម្រាស់​៣៣២​ទំព័រ ហើយ​មាន​រចនា​ទៅ​ដោយ​ក្រប​ពណ៌​ក្រហម​និង​មាន​រូប​ថត​ដោយ​កម្រ​ចំនួន​ពីរ​នៅ​ក្រប​ខាង​មុ​ខ​ដែល​បង្ហាញ​ពី​ការទទួល​រាក់ទាក់​ដល់​ក្រុម​ប្រតិភូ​ខ្មែរ​ដឹកនាំ​ដោយ​លោកពុង ​ប៉េងចេង​ ដែល​កាល​នោះ​ ជា​រដ្ឋ​លេខា​ធិការ​ក្រសួង​អប់រំ​ដែល​បាន​ទៅ​ទស្សន​កិច្ច​ប្រទេស​ចិន​ក្នុងអំឡុងចុង​ទស​វត្ស​១៩៥០។​ រូបភាព​បង្ហាញថា​ ​ក្នុង​ចំណោមអ្នកដែល​ប្រតិភូ​ខ្មែរចូល​ជួប​ក៏​មានលោក​ម៉ៅ សេទុង​ផង​ដែរ។

លោកស្រី ​ពុង​ ឈីវកេក​ កូនស្រី​របស់​លោក​ពុង ​ប៉េងចេង ​បាន​រំឭក​ឡើង​វិញនូវ​ព្រឹត្តិ​ការណ៍​នោះ​ប្រាប់​ វីអូអេ​ថា​ ​វា​ជា​ទស្សន​កិច្ច​ដំបូងៗ​មួយ ​ដែល​កម្ពុជា​ធ្វើ​ឡើង​ដើម្បី​រឹត​ចំណង​ជាមួយ​ចិន​ តាម​រយៈ​ការ​សម្តែង​សិល្បៈ​របាំ​ដោយ​នៅ​ពុំទាន់​មាន​ខ្លឹម​សារ​នយោ​បាយ​ជ្រាល​ជ្រៅ​ទេ។

“ខ្ញុំ​ចាំថា​ ​ពេល​ហ្នឹង​ ​លោក​ឪពុក​ខ្ញុំ​គឺ​ជា​ប្រធាន​របស់​គណៈ​ប្រតិភូ​ហ្នឹង​ ​ដឹកនាំ​ទៅ​ស្រុក​ចិន​ ​ហើយ​ព្រះ​ករុណា​យើង​សម្តេចឪ​យើង​ពេល​ហ្នឹង​ ​លោក​ជាអ្នក​ចាត់​តាំង​លោក​ឪពុក​ខ្ញុំ​ឱ្យ​ទៅ​ ​ហើយ​ទៅ​ហ្នឹង​មាន​យក​របាំ​យើង​ គឺ​របាំបាឡេ​ក្នុងវាំង ​គឺ​មាន​ព្រះអង្គម្ចាស់​ក្សត្រី​បុប្ជាទេវី​ ​ហើយ​និង​ព្រះ​អង្គម្ចាស់​ច័ក្រពង្ស់​ទៅ​រាំ​ផង​ ​ហើយ​ខ្ញុំថា ដូចជា​គ្មាន​គំនិត​អី​ជជែក​គ្នា​ច្រើន​ដូច​ថា​ ​រឿង​នយោ​បាយឬ​ក៏​រឿង​សេដ្ឋ​កិច្ច​អី​ទេ​ ​ពេល​ហ្នឹង​ ​ខ្ញុំ​ថា​ រឿង​ច្រើន​ជាង​គេ​គឺ​រឿង​ទំនាក់​ទំនង​ចង​មិត្ត​ភាព​ជាមួយ​គ្នា"។

ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ចិន​បាន​ឈាន​មក​ដ​ល់​មាន​ការ​គាំទ្រ​ជាបន្ត​បន្ទាប់​ទៅ​ដល់​ការវិវត្ត​នយោបាយ​តាម​សម័យ​កាល​ផ្សេងៗ​នៅ​ប្រទេស​កម្ពុជា។ ​សម្រាប់​ទំនាក់​ទំនង​ប្រក្រតី​ដែល​ខ្លួន​មាន​ជា​មួយ​កម្ពុជា​គឺ​ចាប់​មាន​តាំង​ពី​សម័យ​សម្តេច​នរោត្តម​ សីហនុ ​នៅ​ជា​ប្រមុខ​រដ្ឋ​កម្ពុជា​ ដោយ​សន្យា​គោរព​បាន​នូវ​ឯករាជ្យ​ភាព​របស់​កម្ពុជា។

យ៉ាង​ណា​ក៏ដោយ​មាន​ហេតុការណ៍​និង​ស្ថានការណ៍​មួយ​ចំនួន​ដែល​ធ្វើឱ្យ​ចិន​ដើរ​ចេញ​ពីគោល​ការណ៍​ដើម​នៃ​គោល​ការណ៍​បញ្ច​សីលា​ ​ហើយ​បាន​ឈាន​ទៅ​ប៉ះ​ពាល់​ដល់​ការ​វិវត្ត​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។​ ក្នុង​នោះ ​គឺ​ក្នុង​អំឡុង​ពេល​បដិវត្ត​ន៍​វប្បធម៌​នៅ​ប្រទេសចិន​ ​ដែល​ក្រុម​ប្រកាន់​នយោបាយ​តឹងរឹង​បាន​កាន់​កាប់​គោល​នយោបាយ​ការ​បរទេស​ដែល​ជា​ក្រុម​ដែល​ជំរុញ​ឱ្យ​មាន​ចលនា​បដិវត្ត​ន៍​ដោយ​គាំទ្រ​ចលនា​តស៊ូ​តាម​លទ្ធិ​ម៉ាក្ស​និយម​ ​ហើយ​គឺ​ក្រុម​នោះជាក្រុម​ដែល​មាន​សមាន​ចិត្ត​ខ្លាំង​ជាមួយ​ក្រុម​ខ្មែរ​ក្រហម​តាំង​ពី​ដើមទី​មក។ ​ ​ការដែល​ចិនងាក​មក​គាំ​ទ្ររដ្ឋាភិបាល​នីរទេស​របស់​សម្តេច​សីហនុ​ ដើម្បី​ឱ្យ​បាន​ជា​សំឡេងទប់​នឹង​បញ្ហា​កោះតៃវ៉ាន់ ​ពេលនោះគឺជារាជរដ្ឋា​ភិបាល​បង្រួប​បង្រួម​ជាតិ​ ដែល​បង្កើត​ឡើង​ដោយ​សម្តេច​សីហនុ​ ក្រោយពីលោក​សេនា​ប្រមុខ​លន់​ នល់​បាន​ទម្លាក់ព្រះអង្គ​ចេញពី​អំណាច​ក្នុងឆ្នាំ​១៩៧០​ និង​ការ​គាំទ្រ​រដ្ឋាភិបាល​ចម្រុះ​ត្រី​ភាគី​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ ថៃក្នុង​ទសវត្ស​១៩៨០​ ​បន្ទាប់ពី​ការ​ដួល​រលំ​ទៅ​នៃ​របប​ខ្មែរ​ក្រហម​ដែល​ប្រទេស​ចិន​បាន​ជួយ​ទំនុក​បម្រុង​យ៉ាង​ខ្លាំង។

បើ​ទោះ​ជា​មាន​ការ​លិច​អណ្តែត​យ៉ាង​ណា​ក៏ដោយ​ ​នៅ​ពេល​បច្ចុប្បន្ន​ប្រទេស​ចិន​បាន​ងាក​មក​ចាប់​ដៃ​ជា​មួយ​រដ្ឋាភិ​បាល​កម្ពុជា​មួយ​ដែល​ដឹកនាំ​ដោយ​លោក​ហ៊ុន សែន ​ដែល​ជា​អតីត​មនុស្ស​ដែល​ចិន​ធ្លាប់​សង្ស័យ​ដោយ​សារ​តែ​ប្រវត្តិនៃ​ការ​ចូលកាន់​តំណែង​មាន​ការ​គាំទ្រ​ពី​រដ្ឋា​ភិបាល​ក្រុង​ហាណូយ៕

XS
SM
MD
LG