ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មជ្ឈ​មណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា​ចេញ​របាយ​ការណ៍​អំពី​ជម្លោះ​ដីធ្លី​ប៉ះពាល់​ជីវភាព​ប្រជាពល​រដ្ឋ


របាយ​ការណ៍​សិក្សា​អំពី​ករណី​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា​ពី​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១១​ បាន​រកឃើញ​ថា ​មាន​ករណី​វិវាទ​ដីធ្លី​២២៣​ករណី​វិវាទ។​​
របាយ​ការណ៍​សិក្សា​អំពី​ករណី​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា​ពី​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១១​ បាន​រកឃើញ​ថា ​មាន​ករណី​វិវាទ​ដីធ្លី​២២៣​ករណី​វិវាទ។​​

នៅ​ថ្ងៃ​ច័ន្ទ​នេះ​ មជ្ឈ​មណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​សិក្សា​មួយ​រកឃើញ​ករណី​ជម្លោះ​ដីធ្លី​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាពល​រដ្ឋច្រើន​រាប់​ម៉ឺន​គ្រួសារ​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​ក្នុង​រយៈពេល​បួន​ឆ្នាំ​ចុង​ក្រោយ​នេះ។

របាយ​ការណ៍​សិក្សា​អំពី​ករណី​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា​ពី​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១១​ បាន​រកឃើញ​ថា ​មាន​ករណី​វិវាទ​ដីធ្លី​២២៣​ករណី​វិវាទ​ដែល​បាន​រាយ​ការណ៍​តាម​បណ្តាញ​សាធារណៈ​នៅក្នុង​រយៈពេល​បួន​ឆ្នាំ​ចុងក្រោយ​នេះ​ ហើយ​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​៤៧៣៤២​គ្រួសារ។

របាយ​ការណ៍​សិក្សា​នេះ​បាន​លើក​ឡើង​ថា ​ក្នុង​ចំណោម​២២៣​ករណី​នេះ​ មាន​៧៩​ករណី​ពាក់ព័ន្ធនឹង​ជម្លោះ​ដីធ្លី​ ពាក់​ព័ន្ធនឹង​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​អាច​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​៣០១៦០​ គ្រួសារ។

របាយ​ការណ៍​សិក្សា​នេះ​បាន​លើក​ឡើង​ថា ​ព័ត៌មាន​ដែល​ផ្តល់​ជូន​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា ​អាច​បង្កើត​ជា​ករណី​សិក្សា​មួយ​ទាក់​ទិន​នឹង​ទិដ្ឋភាព​ផ្នែក​ច្បាប់​ដែល​មិន​ត្រូវ​បាន​អនុលោម​តាម​ ដូចជា​សំណង​គ្រប់គ្រាន់​ និង​សមរម្យ​ ដើម្បី​ផ្តល់​ជូន​សហគមន៍​ និង​ផល​ប៉ះពាល់​មិន​ល្អ​ជាទូទៅ​នៃ​ដី​សម្បទាន​សេដ្ឋកិច្ច​ចំពោះ​ជីវភាព​រស់នៅ​របស់​សហគមន៍​ជាទូទៅ។

លោក​ស្រី​ ជរ​ ច័ន្ទធីតា​ អ្នកសម្រប​សម្រួល​គម្រោង​នៃ​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា ​បានថ្លែង​ថា ​ជម្លោះ​ដីធ្លី​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​៧៩​ករណី​នេះ​បានកើត​មាន​នៅ​ទូទាំង​ប្រទេស​ ប៉ុន្តែ​ខេត្ត​ដែល​មាន​ជម្លោះ​ច្រើន​ជាង​គេ​ គឺ

ខេត្ត​រតនគីរី​ ដែល​មាន១១​ករណី​ ខេត្ត​មណ្ឌល​គីរី​១០​ករណី​ ខេត្ត​ក្រចេះ​៨​ករណី​ ខេត្ត​កំពង់​ស្ពឺ​៧​ករណី។

«យើង​ឃើញ​ថា ​ផលប៉ះពាល់​ប្រជា​ពលរដ្ឋ​ប្រឈម​នឹង​ការ​បាត់បង់​ដី​ក្នុង​ការ​ធើ្វស្រែ​ចម្ការរបស់​គាត់។ គាត់​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ផ្ទាល់​ខ្លួន​របស់​គាត់​ នៅ​ពេល​ដែល​គាត់​ចេញ​មុខ​តវ៉ា​ជាញឹកញយ​ក្នុង​ការការពារ​ដីធ្លី​របស់​ពួកគាត់។ ដូចជា​ការ​គំរាមកំហែង​ និង​ការ​កោះហៅ​ឲ្យ​ឡើង​តុលាការ​ជាដើម។ គាត់​ប្រឈម​នឹង​បញ្ហា​ក្រីក្រ​ ដោយសារ​គាត់​អត់​មាន​ដី​ប្រកបរបរ​ដាំ​ដំណាំ»។

លោក​អ៊ូច​ ឡេង​ មន្រ្តី​កម្មវិធី​ដីធ្លី​នៃ​សមាគម​អាដហុក​ បាន​បញ្ជាក់​ថា​ គិត​ពី​ឆ្នាំ​២០០៥​ រដ្ឋាភិបាល​បានផ្តល់​ដី​សម្បទាន​ប្រមាណ​៧​លាន​ហិចតា​ដល់​ក្រុមហ៊ុន​ឯកជន​ចំនួន​២២២​ ហើយ​ប្រជា​ពលរដ្ឋ​ជាង​១៥០០០០​គ្រួសារ​បាន​ទទួល​រង

ផល​ប៉ះពាល់។

«ក្រុមហ៊ុន​ឯកជន​ ក៏ដូចជា​ខាង​រដ្ឋាភិបាល​មិន​បាន​ផ្តល់​សំណង​សមរម្យ​ជូន​គាត់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ មិន​បាន​យក​ចិត្តទុក​ដាក់ដោះស្រាយ​ជីវភាព​រស់នៅ​របស់​ពួកគាត់។ ​ផ្ទុយ​ទៅ​វិញ​ ធើ្វ​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​ទទួល​រង​ផលប៉ះពាល់​ហ្នឹង​កាន់​តែ​ក្រីក្រ​ ហើយ​ចំណែក​ឯ​ការចូល​មក​អភិវឌ្ឍ​របស់​ខាង​ក្រុមហ៊ុន​ឯកជន​ហ្នឹង​មិន​បាន​ធើ្វ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​រីក​ចម្រើន​ទេ»។

លោក​ឯក​ ថា​ អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ប្រចាំ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ បានថ្លែង​ថា​ រដ្ឋាភិបាល​គិត​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ ហើយ​មិន​ដូច​ការ​បកស្រាយ​របស់​ក្រុម​អ្នករិះគន់​នោះ​ទេ។

«យើង​បាន​ និង​កំពុង​ធើ្វ​ការអភិវឌ្ឍ​ប្រទេស​ដោយ​ចីរភាព។ យើង​អត់​មាន​នយោបាយ​ធើ្វ​បាប​ប្រជា​ពលរដ្ឋ​ទេ។ ​ក៏​ប៉ុន្តែ​ យើង​មាន​នយោបាយ​ជួយ​ប្រជា​ពលរដ្ឋ​ ឲ្យ​ប្រជាពលរដ្ឋ​រីកចម្រើន។ យើង​គិត​ពី​សុខុមាលភាព​ និង​ទុក្ខសោក​របស់​ប្រជា​ពលរដ្ឋ»។

របាយ​ការណ៍​សិក្សា​នេះ​បាន​ផ្តល់​យោបល់​ថា​ យុទ្ធវិធី​ដែល​មាន​ការចូលរួម​ និង​កិច្ច​សហការ ​បាន​ជំរុញ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ និង​សកម្មជន​សហគមន៍​មូលដ្ឋាន​ចែក​រំលែក​ព័ត៌មាន​ដល់​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា​ ​ពង្រឹង​សហគមន៍​មូលដ្ឋាន​តាមរយៈ​ការកសាង​សមត្ថភាព៕

XS
SM
MD
LG